សំឡេងសហគមន៍
សហគមន៍អតីតខ្មែរក្រហមរងផលប៉ះពាល់ដោយសារវដ្តនៃមូលធននិយម
នៅភាគពាយព្យនៃប្រទេសកម្ពុជា ការឡើងចុះនៃតម្លៃដំឡូងមីជាសាកលបង្កឲ្យជីវភាពរស់នៅរបស់សហគមន៍អតីតខ្មែរក្រហមប្រឈមនឹងភាពមិនប្រាកដប្រជា និងទុក្ខលំបាក។
ឃុំភ្នំព្រឹក ខេត្តបាត់ដំបង អ្នកស្រី ឃឹម យ៉េង អាយុ៦០ឆ្នាំ ដែលនៅមានកម្លាំងរឹងមាំ អង្គុយកាប់កូនដើមដំឡូងមី ហើយយកទៅដាំនៅនឹងដីក្រហមដ៏មានជីវជាតិដែលជាចម្ការរបស់អ្នកស្រី ស្ថិតនៅក្បែរជើងភ្នំតូចៗជាច្រើនហ៊ុំព័ទ្ធជុំវិញឃុំភ្នំព្រឹក ខេត្តបាត់ដំបង។
ដូចកសិករជាច្រើននាក់ផ្សេងទៀតដែរ អ្នកស្រី ឃឹម យ៉េង ព្រួយបារម្ភខ្លាំងពីបញ្ហាអាកាសធាតុមិនទៀងទាត់ ដែលអាចប៉ះពាល់ដល់ផលដំណាំដំឡូងមីរបស់អ្នកស្រី ពីព្រោះថាកាលពីឆ្នាំមុន ភ្លៀងធ្លាក់ខុសរដូវក្នុងខែប្រាំង បានធ្វើឲ្យខូចផលដំណាំដំឡូងជាច្រើននៅភាគពាយព្យនៃខេត្តបាត់ដំបង។
តាមតួលេខ | ថ្នាក់ជាតិ |
---|
ខណៈពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ ក្នុងពេល VOA សម្ភាសអ្នកស្រីនៅចម្ការទំហំ២ហិកតា កាលពីខែមីនា អ្នក្ស្រីបានលើកឡើងថា៖ «បើសិនជារាំង វាល្អ តែបើមេឃអីចេះៗ [មេឃពេលនោះគឺកំពុងស្រទុំរកភ្លៀង] យើងត្រូវមានការព្រួយបារម្ភ»។
លោក ចាន់ ថា អាយុ៣៧ឆ្នាំ ជាកូនប្រុសរបស់អ្នកស្រី ឃឹម យ៉េង បានឲ្យដឹងថា តម្លៃដំឡូងដែលបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កជាការព្រួយបារម្ភខ្លាំងដល់ប្រជាពលរដ្ឋជាង៧០០០នាក់ នៅក្នុងឃុំភ្នំព្រឹក ដែលពឹងផ្អែកខ្លាំងលើការដាំនិងការនាំដំឡូងចេញទៅលក់នៅប្រទេសថៃ។
ពីអតីតក្រុមកុម្មុយនីស្តទៅជាកសិករដាំដំឡូងមី
ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅនេះ ដំឡូងមីបានក្លាយជាប្រភពសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងសហគមន៍នៅអតីតមូលដ្ឋានខ្មែរក្រហម ដែលឯកោនិងរស់នៅដោយប្រឈមនឹងភាពក្រីក្រ នៅពេលដែលមេបញ្ជាការកងទ័ពខ្មែរក្រហមក្នុងតំបន់ឈ្មោះ ជា ភួងភារម្យ ដែលបានដឹកនាំក្រុមកម្មាភិបាលខ្មែរក្រហមដែលនៅសេសសល់នៅភាគពាយព្យប្រទេស បានសម្រេចផ្តាច់ខ្លួនពីការដឹកនាំរបស់ ប៉ុល ពត នៅឆ្នាំ១៩៩៦ ហើយធ្វើសមារណកម្មចូលរួមជាមួយកងកម្លាំងយោធារបស់រដ្ឋាភិបាលកម្ពុជាថ្មីនៅអំឡុងពេលនោះ។
ប៉ុន្មានឆ្នាំក្រោយមក អតីតកម្មាភិបាលខ្មែរក្រហម និងក្រុមគ្រួសាររបស់ពួកគេ បានចាប់ផ្តើមប្រកបរបរចិញ្ចឹមជីវិត ហើយទាញយកផលប្រយោជន៍ពីទីតាំងភូមិសាស្ត្រដែលពួកគេបានតាំងទីលំនៅ។ នេះបើយោងតាមការលើកឡើងរបស់លោក ចើម ខំ អាយុ៦០ឆ្នាំ ដែលជាអតីតកម្មាភិបាលខ្មែរក្រហម និងជាអតីតមេឃុំភ្នំព្រឹកមកពីគណបក្សសង្គ្រោះជាតិ ដែលគណបក្សនេះត្រូវបានរំលាយដោយសាលក្រមតុលាការកំពូលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។
ពួកគេបាននាំគ្នាឆ្ការគុម្ពព្រៃ និងកាប់ព្រៃឈើ ហើយបានចាប់ផ្តើមដាំដំឡូងមី ដែលជាប្រភេទដំណាំមួយដែលងាយស្រួលដាំ ហើយងាយស្រួលថែទាំដោយប្រើប្រាស់ជី និងថ្នាំសម្លាប់សត្វល្អិតតិចតួច។ ពួកគេបានចាប់ផ្តើមមានទំនាក់ទំនងជាមួយនឹងប្រទេសថៃ ដែលស្ថិតនៅជាប់ព្រំដែនដើម្បីនាំចេញទិន្នផលដំណាំរបស់ពួកគេ។
នៅប្រទេសថៃ ដំឡូងមីត្រូវបានចម្រាញ់ ដើម្បីនាំចេញទៅប្រទេសចិនជាបន្តទៀត ដោយចិនយកដំឡូងទៅផលិតជាម្សៅមី ដែលជាតម្រូវការប្រើប្រាស់នៅក្នុងវិស័យផលិតផលម្ហូបអាហារ និងចំណីសត្វ។
នាពេលបច្ចុប្បន្ននេះ នៅសល់តែឈ្មោះភូមិមួយចំនួនប៉ុណ្ណោះ ដែលឆ្លុះបញ្ចាំងពីតំបន់អតីតខ្មែរក្រហមរស់នៅ មុនពេលដំណាំដំឡូងមីបានស្ទុះឡើង និងមុនពេលខ្មែរក្រហមបានចាប់ដៃជាមួយនឹងឈ្មួញថៃមួយចំនួន ដើម្បីកាប់ព្រៃឈើស្រោងដ៏ក្រាស់ និងមានតម្លៃនៅតាមតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា។ ជាក់ស្តែង នៅក្នុងឃុំភ្នំព្រឹកនេះ មានភូមិប៊េងស្អាត ដែលមានឈ្មោះប្រដូចទៅនឹងប្រភេទឈើដែលមានតម្លៃខ្ពស់និងកម្ររបស់កម្ពុជា ប៉ុន្តែព្រៃឈើល្អប្រណិតនេះត្រូវបានកាប់បំផ្លាញអស់ សល់តែឈ្មោះភូមិតែប៉ុណ្ណោះ។
កាលពីមុន ឈ្មួញថៃ គឺជាអ្នកទិញដំឡូងមីពីកសិករនៅឃុំភ្នំព្រឹក ដោយនាំយកម៉ាស៊ីនមកដល់កសិដ្ឋានដំណាំរបស់កសិករផ្ទាល់ ដើម្បីចម្រាញ់យកផលដំណាំដែលល្អ មុននឹងនាំយកទិន្នផលនោះទៅកាន់ប្រទេសថៃ។ ស្រុកម៉ាឡៃ ដែលជាតំបន់មួយរបស់អតីតកម្មាភិបាលខ្មែរក្រហម ក៏បានចាប់ផ្តើមបង្កើតសហគ្រាសតូចៗដើម្បីចម្រាញ់ដំឡូងមី និងនាំចេញដំឡូងមី ដើម្បីចិញ្ចឹមជីវិតដែរ។
ទិដ្ឋភាពភ្នំដែលហ៊ុំព័ទ្ធជុំវិញឃុំភ្នំព្រឹកនៃខេត្តបាត់ដំបង ដែលប្រជាពលរដ្ឋក្នុងឃុំនេះភាគច្រើនប្រកបរបរដាំដំឡូងមី។ (អូន ឆេងប៉រ | VOA Khmer)
តម្លៃដំឡូងធ្លាក់ចុះបណ្តាលឲ្យមានបំណុលនិងចំណាកស្រុក
ក៏ប៉ុន្តែក្នុងអំឡុងពេល៣ឆ្នាំចុងក្រោយនេះ ការនាំចេញដំឡូងមីនៅឃុំភ្នំព្រឹក បានធ្លាក់ចុះ មួយផ្នែកដោយសារតែការរឹតបន្តឹងពន្ធគយពីរដ្ឋាភិបាលកម្ពុជាលើឈ្មួញថៃ នៅតាមព្រំដែនកម្ពុជាថៃ ស្របពេលដែលតម្លៃផលិតផលក្នុងពិភពលោកក៏បានធ្លាក់ចុះសម្រាប់ដំណាំដំឡូងមី។ នេះបើយោងតាមលោក ចើម ខំ។
តម្លៃដំឡូងមីនៅកម្ពុជាបានធ្លាក់ចុះប្រមាណ៣០ភាគរយ គឺពីតម្លៃប្រមាណ៧០០រៀលក្នុងមួយគីឡូក្រាម នៅឆ្នាំ២០១៤ មកសល់ត្រឹម ៤៥០រៀលក្នុងមួយគីឡូក្រាម នៅឆ្នាំ២០១៧។ ការនាំចេញដំឡូងនៅទូទាំងប្រទេសកម្ពុជា ដែល៩០ភាគរយនាំទៅប្រទេសថៃ បានធ្លាក់ចុះ២១ភាគរយ នៅក្នុងអំឡុងពេល៩ខែដំបូងនៃឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតភ្នំពេញប៉ុស្តិ៍។
ភ្លាមៗនោះ សេដ្ឋកិច្ចក្នុងតំបន់ភ្នំព្រឹកដែលពឹងផ្អែកលើដំឡូងមីបានធ្លាក់ចុះ ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក៏ត្រូវរងផលប៉ះពាល់ដែរ។
លោក ចើម ខំ អតីតមេឃុំភ្នំព្រឹក បាននិយាយថា៖ «លទ្ធភាពធ្វើចម្ការ គឺបានផល តែអត់មានទីផ្សារ។ តម្លៃទំនិញ [ដំណាំ] វាថោក។ និយាយរួម បានត្រឹមម៉ាស៊ី ម៉ាសង អត់មានអីបានសល់ទេ»។
លោកបានបន្ថែមថា៖ «អត់ទីផ្សារមកពីអី មកពីឈ្មួញវាមិនឲ្យយើង។ យើងមានដំឡូង យើងត្រូវអង្វរវាឲ្យទិញ។ អត់មានទីផ្សារពិតប្រាកដថា ដំឡូងមួយគីឡូតម្លៃប៉ុន្មាន? មួយគីឡូប្រាំបាត [ប្រហែល ៦០០រៀល] អាខូច [តម្លៃ] ប៉ុន្មានអី អត់មានទេ។ តម្លៃវាស្រេចតែថៅកែគេឲ្យយើងហ្នឹង»។
យោងតាមនាយកដ្ឋានកសិកម្មប្រចាំខេត្តបាត់ដំបង ទំហំដីកសិកម្មដំណាំដំឡូងមីបានធ្លាក់ចុះពាក់កណ្តាលពីឆ្នាំ២០១៦ទៅឆ្នាំ២០១៧ គឺមកត្រឹម៧៤៤០០ហិកតាតែប៉ុណ្ណោះ។
អ្នកនាង រឹម រតនា អាយុ២៨ឆ្នាំ ដែលជាម្ចាស់ភោជនីយដ្ឋានតូចមួយនៅឃុំភ្នំព្រឹក បានឲ្យដឹងថា ការរកស៊ីរបស់អ្នកនាងបានធ្លាក់ចុះ នៅពេលដែលការប្រកបរបរកសិកម្មរបស់កសិករមិនទទួលអំណោយផល។
អ្នកនាងបាននិយាយថា៖ «យើងលក់មិនសូវដាច់ ពេលណាពួកគាត់ប្រមូលផលមិនសូវបាន»។
លោក ចាន់ ថា និងម្តាយរបស់លោក គឺលោកស្រី ឃឹម យ៉េង ធ្លាប់តែរកបានចំណូលប្រមាណ៩៦០ដុល្លារក្នុងមួយឆ្នាំ ពីដីចម្ការដែលមានទំហំជិត២ហិកតារបស់អ្នកទាំងពីរកាលពីប៉ុន្មានឆ្នាំមុន។ ចំណូលនេះគឺសមរម្យល្មមសម្រាប់ជីវិតរស់នៅដោយសាមញ្ញរបស់ពួកគេ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេកំពុងតែជួបការលំបាកនៅក្នុងជីវភាពរស់នៅ។
លោក ចាន់ ថា បានលើកឡើងថា៖ «បើសិនជាគិតទៅ ភាគច្រើនគឺសុទ្ធសឹងតែជាអ្នកជំពាក់គេ ព្រោះអី? ព្រោះដោយសារតម្លៃ [ដំឡូង] វាថោក»។
លោកបានបន្ថែមថា ហេតុដូច្នេះ សម្រាប់លោក និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតនៅឃុំភ្នំព្រឹកនេះ ដំណោះស្រាយគឺមានតែចំណាកស្រុកទៅប្រទេសថៃ ហើយធ្វើការងារជាកម្មករនៅតាមរោងចក្រ និងការដ្ឋានសំណង់របស់ថៃ ដោយមិនមានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់។
លោក ចើម ខំ បានប៉ាន់ស្មានថា យ៉ាងហោចណាស់ កសិករប្រមាណ៣០០នាក់ពីឃុំរបស់លោក កំពុងតែធ្វើការនៅក្នុងប្រទេសថៃទាំងខុសច្បាប់ និងទាំងស្របច្បាប់។
លោក ចើម ខំ បានសួរអំពីសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរឹតបន្តឹងពន្ធគយលើឈ្មួញថៃ ដោយតម្រូវឲ្យមានការបង់ថ្លៃចូលទិញផលិតផលដំណាំរបស់កម្ពុជាថ្លៃជាងមុន។ លោកបានអះអាងថា ការណ៍នេះបានជំរុញឲ្យក្រុមឈ្មួញកណ្តាលកម្ពុជា គ្រប់គ្រងទីផ្សារនាំចេញនិងទិញផលិតផលរបស់កសិករក្នុងតម្លៃថោក ហើយក្រុមកសិករត្រូវបង្ខំចិត្តលក់។
លោក ចើម ខំ បានលើកឡើងថា៖ «ខ្ញុំឮតាមគេ តែមិនច្បាស់ទេណា៎ ឮថាឈ្មួញថៃត្រូវបង់គយ៧.០០០បាត [ប្រហែល២២៤ដុល្លារ] ទើបអាចចូលឡានក្នុងស្រុកទិញដំឡូង។ វាថ្លៃពេក គេធ្វើអីបានចំណេញ?»។
លោកបានបន្ថែមថា លោកមិនដឹងច្បាស់ថា តើនេះគឺជាតម្លៃផ្លូវការ ឬជាការសូកប៉ាន់ដែលមន្ត្រីគយនៅតាមព្រំដែនទាមទារពីឈ្មួញនោះទេ។
លោក ជឿន សុភ័ក្ត្រ មេឃុំភ្នំព្រឹកមកពីគណបក្សប្រជាជនកម្ពុជាដែលត្រូវបានជ្រើសតាំង ក្រោយពេលដែលលោក ចើម ខំ បានបាត់បង់តំណែងរបស់លោក ដោយសារតែគណបក្សសង្គ្រោះជាតិ ត្រូវបានដីកាតុលាការកំពូលសម្រេចរំលាយចោលនោះ បានទទួលស្គាល់ថា ឈ្មួញថៃបានទិញផលិតផលដំណាំរបស់កសិករកម្ពុជាក្នុងតម្លៃខ្ពស់ ប៉ុន្តែលោកបានបដិសេធថា មន្ត្រីគយមិនមែនជាអ្នកបង្កឲ្យតម្លៃដំឡូងរបស់កសិករកម្ពុជាធ្លាក់ចុះនោះទេ។
បន្ថែមលើបញ្ហាសេដ្ឋកិច្ច ការគាបសង្កត់សិទ្ធិនយោបាយ
ការបង្ក្រាបលើសិទ្ធិនយោបាយនៅកម្ពុជានាពេលថ្មីៗនេះ កាន់តែដាក់បន្ទុកបន្ថែមលើពលរដ្ឋនៅឃុំភ្នំព្រឹក ដែលកំពុងតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដោយសារតែតម្លៃដំឡូងធ្លាក់ចុះ។ នៅពេលដែលតុលាការកំពូលនៃរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិមក ឃុំភ្នំព្រឹកបានបាត់បង់មេដឹកនាំឃុំមួយចំនួន ដែលត្រូវបានជ្រើសតាំងតាមដំណើរការបោះឆ្នោតដោយប្រជាធិបតេយ្យកាលពីខែមិថុនា ឆ្នាំ២០១៧។
លោក ចើម ខំ អតីតកម្មាភិបាលខ្មែរក្រហមដែលបានបាត់បង់ភ្នែកម្ខាង ដោយសារតែការប្រយុទ្ធគ្នានៅឆ្នាំ១៩៧៥ ត្រូវបានជ្រើសតាំងជាមេឃុំភ្នំព្រឹក នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧។ ក៏ប៉ុន្តែក្នុងរយៈពេលប្រាំខែក្រោយមក លោកត្រូវបានដកចេញពីមុខតំណែង ហើយជំនួសវិញដោយលោក ជឿន សុភ័ក្ត្រ នៃគណបក្សប្រជាជនកម្ពុជា។
លោក ជឿន សុភ័ក្ត្រ សមាជិកឃុំភ្នំព្រឹកនៃគណបក្សប្រជាជន ត្រូវបានជ្រើសរើសឲ្យក្លាយជាមេឃុំ បន្ទាប់ពីលោក ចើម ខំ បានបាត់បង់តំណែងមេឃុំនេះ ដោយសារតែតុលាការកំពូលកម្ពុជាបានចេញសាលក្រមរំលាយគណបក្សប្រឆាំងនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។លោក ចើម ខំ គឺជាបេក្ខជនម្នាក់នៃបេក្ខជនមួយចំនួនផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិដែលបានបាត់បង់តំណែង នៅតំបន់ភាគពាយព្យប្រទេស ដែលជាតំបន់គ្រប់គ្រងដោយអតីតកម្មាភិបាលខ្មែរក្រហម និងជាទីដែលគណបក្សប្រឆាំងមានប្រជាប្រិយភាពគួរសម។ តំបន់អតីតកម្មាភិបាលខ្មែរក្រហមទាំងនេះ នឹងមិនមានជម្រើសបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុខនេះឡើយ ពីព្រោះគណបក្សនេះត្រូវបានរំលាយដោយសាលក្រមរបស់តុលាការកំពូល។
លោក ចើម ខំ បានឲ្យដឹងថា មានការមិនពេញចិត្តពីសំណាកប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំភ្នំព្រឹកនេះ ចំពោះការរំលាយគណបក្សប្រឆាំង ប៉ុន្តែពួកគេមិនហ៊ានបញ្ចេញមតិ «បើមិនដូច្នោះទេ ពួកគេនឹងត្រូវបង្ក្រាប»។ ទោះជាយ៉ាងណាក្តី លោក ចើម ខំ សង្ឃឹមថា គណបក្សសង្គ្រោះជាតិអាចនឹងវិលចូលនយោបាយវិញ ហើយអាចនឹងមានឱកាសប្រកួតប្រជែងនៅក្នុងការបោះឆ្នោតខាងមុខនេះ។
លោកបាននិយាយថា៖ «វាអាចទៅរួច!»
ការបង្ក្រាបជាលក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេសរបស់រដ្ឋាភិបាលកម្ពុជា ទៅលើក្រុមគណបក្សប្រឆាំង ក៏បានរាលដាលដល់ក្រុមអង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យផងដែរ ហើយការបង្ក្រាបនេះ ក៏បានកើតឡើងនៅតាមតំបន់ជនបទ ដូចជានៅឃុំភ្នំព្រឹកនេះជាដើម។ នៅពេលដែលអ្នកយកព័ត៌មាន VOA មានវត្តមាន និងសម្ភាសប្រជាពលរដ្ឋក្នុងឃុំនេះ មន្ត្រីយោធាប្រមាណពីប្រាំនាក់ទៅ១០នាក់ បានតាមដាន និងថតវីដេអូសកម្មភាពរបស់អ្នកយកព័ត៌មាន VOA ដោយប្រើប្រាស់ទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់ពួកគេ។
ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់ លោក ចាន់ ថា ជាកសិករដាំដំឡូង បាននិយាយសង្កត់ធ្ងន់ជាសាធារណៈថា ឃុំភ្នំព្រឹក ត្រូវការមេដឹកនាំ ដែលប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសតាំងដើម្បីដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ចនៅក្នុងឃុំនាពេលបច្ចុប្បន្ននេះ។
លោក ចាន់ ថា បាននិយាយថា៖ «ខ្ញុំគិតថា វាប៉ះពាល់ដែរ [ការរំលាយគណបក្សប្រឆាំង] ព្រោះវាពាក់ព័ន្ធនឹងថ្នាក់ដឹកនាំឃុំ។ យើងត្រូវការមេដឹកនាំដែលជួយដោះស្រាយជីវភាពយើង»៕
កម្ពុជា (១៩៥៣ - ២០១៨)
[x]
ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨
សហគមន៍អន្តរជាតិថ្កោលទោសការបោះឆ្នោតថា «មិនសេរីឬយុត្តិធម៌»
អ្នកនាំពាក្យរបស់សេតវិមាននៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថាខ្លួននឹងចាត់វិធានការថែមទៀតលើរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោត ដែលខ្លួនចាត់ទុកថាមិនបានរៀបចំមានលក្ខណៈ សេរីនិង យុត្តិធម៌ និង មិនបានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយបានចូលរួម។
ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨
គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះអាសនៈទាំងអស់នៃរដ្ឋសភា
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ខ្លួនឈ្នះអាសនៈរដ្ឋសភាទាំង ១២៥ អាសនៈ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ដែលជាការបោះឆ្នោតមួយដែលអ្នករិះគន់ថាគ្មានភាពសេរី និងយុត្តិធម៌ ដោយសារគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ចម្បងបំផុតត្រូវបានរារាំងមិនឲ្យចូលរួម។
ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨
កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានរដ្ឋាភិបាលឯកបក្ស
គណបក្សប្រជាជនកម្ពុជាបាននិយាយថា ខ្លួនទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋសភាជាតិ នៅក្នុងការបោះឆ្នោតដែលរងការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្សថា ជាការបោះឆ្នោតដ៏គួរឲ្យអាម៉ាស ពីព្រោះគណបក្សប្រឆាំងដ៏ធំត្រូវបានរារាំងមិនឲ្យចូលរួមក្នុងការបោះឆ្នោតនេះ។
ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨
ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកទ្វារដោយគ្មានវត្តមានគណបក្សសង្គ្រោះជាតិ
ការិយាល័យបោះឆ្នោតជិត២ម៉ឺន៣ពាន់ការិយាល័យក្នុងប្រទេសកម្ពុជា បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីឲ្យអ្នកបោះឆ្នោតរាប់លាននាក់ បានជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តដើម្បីដឹកនាំស្ថាប័ននីតិបញ្ញត្តិ ឬសភា និងស្ថាប័ននីតិប្រតិបត្តិ ឬរដ្ឋាភិបាល។
ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨
រដ្ឋាភិបាលរាំងខ្ទប់វេបសាយរបស់ស្ថាប័នព័ត៌មានមួយចំនួន
មន្ត្រីរដ្ឋាភិបាល បានបញ្ជាក់ថា ខ្លួនបានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត និងបណ្ដាញទូរស័ព្ទទាំងអស់នៅក្នុងប្រទេស បិទការចូលអានវេបសាយព័ត៌មានយ៉ាងហោចចំនួន១៥ ដែលរិះគន់រដ្ឋាភិបាល អំឡុងថ្ងៃស និងថ្ងៃបោះឆ្នោត ក្រោមហេតុផលថា«រំខានដល់ការបោះឆ្នោត»។
ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨
សមាជិកបក្សប្រឆាំង៥រូបរងការផាកពិន័យម្នាក់ៗចំនួន១០លានរៀលដោយសារបង្ហោះរូបម្រាមដៃស្អាត
សមាជិកគណបក្សសង្គ្រោះជាតិចំនួន៥នាក់ ក្នុងខេត្តបាត់ដំបង ត្រូវបានផាកពិន័យក្នុងម្នាក់ចំនួន១០លានរៀល ដោយរងការចោទថាបានបង្ហោះសារម្រាមដៃស្អាតមិនទៅបោះឆ្នោត។
ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨
ពលរដ្ឋខ្មែរយល់ឃើញខុសគ្នាចំពោះការបោះឆ្នោត ខណៈយុទ្ធនាការឃោសនាបានបញ្ចប់
យុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល២១ថ្ងៃ បានបិទបញ្ចប់ហើយនៅថ្ងៃសុក្រនេះ ជាមួយទស្សនៈយល់ឃើញផ្សេងគ្នារបស់អ្នកគាំទ្រ សមាជិកបក្ស និងពលរដ្ឋសាមញ្ញទូទៅ ចំពោះបរិយាកាសនៅថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨
សហរដ្ឋអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា
រដ្ឋសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ (Cambodia Democracy Act of 2018) ដែលនឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨
ប្រទេសជប៉ុនមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជាទេ
ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកសង្កេតការណ៍បោះឆ្នោតទេ ទោះបីជារដ្ឋាភិបាលទីក្រុងតូក្យូដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាធ្លាប់បានបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាច្រើនលើកកន្លងមកហើយក៏ដោយ។
ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៨
រដ្ឋាភិបាលបញ្ជាឱ្យផាកពិន័យអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតមិនទៅបោះឆ្នោត
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរចាប់អ្នកបង្ហោះសារម្រាមដៃស្អាតលើបណ្តាញអ៊ីនធឺណិត ដែលបង្ហាញពីការមិនទៅបោះឆ្នោត ឲ្យបង់ពិន័យជាប្រាក់ពី៥លានរៀលទៅ២០លានរៀល។
ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ស្ថាប័នរដ្ឋនៃប្រទេសកម្ពុជាប្រឈមនឹងការវាយប្រហារតាមអ៊ីនធឺណិតពីចិន
ក្រុមអ្នកលួចចូលប្រព័ន្ធអ៊ីនធឺណិត (hackers) ត្រូវបានគេរកឃើញថា បានលួចចូលប្រព័ន្ធអ៊ីនធឺណិតនិងកុំព្យូទ័រនៃស្ថាប័នរដ្ឋសំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជា ដែលអ្នកជំនាញជឿថា ជាការវាយប្រហារតាមអ៊ីនធឺណិតដែលរៀបចំដោយរដ្ឋាភិបាលចិន នៅមុនការបោះឆ្នោតជាតិនៅចុងខែកក្កដានេះ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតមួយឈ្មោះ FireEye Inc. របស់សហរដ្ឋអាមេរិក។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨
យុទ្ធនាការឃោសនាបោះឆ្នោតជាតិចាប់ផ្តើម
យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ចាប់ផ្តើម។ គណបក្សនយោបាយចំនួន២០បានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨
អ្នកសង្កេតការណ៍៥០០០០នាក់នឹងសង្កេតមើលការបោះឆ្នោតនៅខែកក្កដា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា អ្នកសង្កេតការណ៍៥០០០០នាក់ ដែលខ្លះមកពីចិន មីយ៉ាន់ម៉ា និងសិង្ហបុរី នឹងសង្កេតមើលការបោះឆ្នោតនៅថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨
UN ថាបរិយាកាសនយោបាយនៅកម្ពុជាមិនធ្វើឲ្យការបោះឆ្នោតសេរីទេ
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសនូវែលហ្សឺឡង់និងប្រទេសជាសមាជិកដទៃទៀតបានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាត្រឡប់មករកប្រជាធិបតេយ្យដើម្បីរៀបចំការបោះឆ្នោតជាតិប្រកបដោយសេរីនិងយុត្តិធម៌ ដោយហៅបរិយាកាសនយោបាយបច្ចុប្បន្ននៅកម្ពុជាថា«មិនសមស្របសម្រាប់ការបោះឆ្នោតមួយដែលមានលក្ខណៈសេរី យុត្តិធម៌ និងពិតប្រាកដនោះទេ»។
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨
អាមេរិកដាក់ទណ្ឌកម្មប្រធានកងអង្គរក្សលោក ហ៊ុន សែន
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការបំពានសិទ្ធិមនុស្ស។
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨
កងកម្លាំងពិសេសត្រូវបានបង្កើតឡើងដើម្បីឃ្លាំមើលព័ត៌មានលើអ៊ីនធឺណិត
រដ្ឋាភិបាលចេញសេចក្តីបង្គាប់មួយ ថាខ្លួននឹងធ្វើការជាមួយនឹងក្រុមហ៊ុនប្រិយសណីយ៍ ដើម្បីតាមដាននិងត្រួតពិនិត្យមើលព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិត ដែលទំនងជាអាចបង្កឲ្យមាន«អស្ថិរភាព» ដែលនេះគឺជាផ្នែកមួយនៃការបង្ក្រាបដែលមិនធ្លាប់មានពីមុនរបស់រដ្ឋាភិបាល នៅមុនការបោះឆ្នោតថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ។
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨
គ.ជ.ប បង្កើតក្រមសីលធម៌សម្រាប់អ្នកកាសែត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្កើតក្រមសីលធម៌ដ៏ចម្រូងចម្រាសមួយសម្រាប់អ្នកកាសែត ដែលយកព័ត៌មាននៅថ្ងៃបោះឆ្នោត ក្នុងនោះក៏រួមមានការហាមឃាត់មិនឲ្យអ្នកកាសែតសួរព័ត៌មានលម្អិតអំពីលទ្ធផលនៃការបោះឆ្នោតផងដែរ។
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨
គណនបក្ស២០បានចុះឈ្មោះ
ទោះជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ គណបក្សនយោបាយចំនួន២០រួមទាំងគណបក្សប្រជាជនកម្ពុជា បានចុះឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា។
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨
Comfrel ដកខ្លួនមិនសង្កេតមើលការបោះឆ្នោត
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលហៅកាត់ថាខុមហ្វ្រែល បានឲ្យដឹងថា ខ្លួនមិនចូលរួមសង្កេតមើលការបោះឆ្នោតនៅខែកក្កដានេះទេ ដោយយោងលើការចោទប្រកាន់របស់រដ្ឋាភិបាលទៅលើអង្គការនេះនិងអង្គការដទៃទៀតថាចូលរួមលើកស្ទួយការធ្វើ«បដិវត្តន៍ពណ៌» នៅកម្ពុជា។
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨
UN អំពាវនាវឲ្យដោះលែងលោក កឹម សុខា
អង្គការឃ្លាំមើលការឃុំឃាំងតាមទំនើងចិត្តនិងសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយបានហៅការចាប់លោកដាក់ពន្ធនាគារថា «មិនមានលក្ខណៈមនុស្សធម៌»និង«គួរឲ្យអាម៉ាស់»។
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨
កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានលក់
កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាកាសែតឯករាជ្យចុងក្រោយបង្អស់នៅកម្ពុជានិងដែលបោះពុម្ពផ្សាយជាភាសាអង់គ្លេស ត្រូវបានលក់ឲ្យអ្នកវិនិយោគម៉ាឡេស៊ី ដែលក្រុមហ៊ុនរបស់លោកមានជាប់ពាក់ព័ន្ធនឹងលោក ហ៊ុន សែន។
ខែមករា ឆ្នាំ២០១៨
លោក សម រង្ស៊ី បង្កើតចលនា CNRM
លោក សម រង្ស៊ី អតីតប្រធានគណបក្ស CNRP បង្កើតចលនាសង្រ្គោះជាតិ (CNRM) ដែលលោកអះអាងថាដើម្បីធ្វើឲ្យគណបក្ស CNRP នៅតែ«រស់រានមានជីវិត» និង«មិនអាចត្រូវរំលាយបាន» ដោយសារតែចលនានេះមិនត្រូវចុះបញ្ជីជាមួយនឹងរដ្ឋាភិបាលកម្ពុជានោះទេ។ លោក សម រង្ស៊ី បាននិយាយថា ចលនានេះមានផែនការសកម្មភាពរបស់ខ្លួន ដែលរួមទាំងធានាថា ធ្វើឲ្យការបោះឆ្នោតនៅកម្ពុជានៅក្នុងកក្កដាខាងមុខនេះ មានលក្ខណៈសេរីនិងយុត្តិធម៌ផងដែរ។
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧
តុលាការកំពូលរំលាយគណបក្ស CNRP
តុលាការកំពូលនៃប្រទេសកម្ពុជាចេញសាលក្រមឲ្យរំលាយគណបក្ស CNRP។ សមាជិកគណបក្សប្រឆាំងមួយចំនួនបានស្ម័គ្រចិត្តចូលរួមជាមួយនឹងគណបក្ស CPP ខណៈដែលសមាជិកជាច្រើនទៀតរត់ភៀសខ្លួនទៅក្រៅប្រទេសឬត្រូវបង្ខំឲ្យឈប់ធ្វើនយោបាយ។
ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧
អ្នកស្រី មូរ សុខហួរ រត់ភៀសខ្លួន
លោកស្រី មូរ សុខហួរ រត់ភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមចាប់ខ្លួនអ្នកនយោបាយខាងគណបក្សប្រឆាំងបន្ថែមទៀត។
ខែកញ្ញា ឆ្នាំ២០១៧
វិទ្យុអាស៊ីសេរីបិទការិយាល័យនៅកម្ពុជា
វិទ្យុអាស៊ីសេរី (RFA) បញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា បន្ទាប់ពីដំណើរការជិត២០ឆ្នាំ ដោយផ្អែកលើហេតុផលនៃការបង្ក្រាបរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយ។ វិទ្យុក្នុងស្រុកជាច្រើននៅកម្ពុជាដែលលក់ម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ត្រូវបិទទ្វារ ដោយផ្អែកលើហេតុផលគ្មានអាជ្ញាប័ណ្ណដើម្បីដំណើរការ។ វិទ្យុដទៃទៀតដែលនៅដំណើរការឈប់ផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)។
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧
កាសែត Cambodia Daily បិទទ្វារ
កាសែតឯករាជ្យ Cambodia Daily ប្រកាសថានឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្រោយពីដំណើរការអស់រយៈពេល២៤ឆ្នាំ នៅពេលដែលកាសែតនេះពាក់ព័ន្ធនឹងការមិនបង់ពន្ធ៦,៣លានដុល្លារ ប៉ុន្តែបណ្ណាធិការកាសែតនេះនិយាយថា រឿងនេះពាក់ព័ន្ធនឹងនយោបាយ ហើយខ្លួនមិនមានលទ្ធភាពបង់ពន្ធនោះទេ។
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧
លោក កឹម សុខា ត្រូវចាប់ខ្លួន
លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងត្រូវបានចាប់ខ្លួនទាំងកណ្តាលអាធ្រាត្រនៅក្នុងផ្ទះរបស់លោកនៅរាជធានី ភ្នំពេញ ពីបទក្បត់ជាតិ ដោយរដ្ឋាភិបាលចោទប្រកាន់លោកថាឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ហ៊ុន សែន បានព្រមានកុំឲ្យគណបក្ស CNRP ការពារលោក កឹម សុខា បើមិនដូច្នោះទេ អាចប្រឈមនឹងការរំលាយគណបក្ស។
ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧
វិទ្យាស្ថានជាតិប្រជាធិបតេយ្យត្រូវបង្ខំឲ្យបិទទ្វារ
វិទ្យាស្ថានជាតិប្រជាធិបតេយ្យដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកត្រូវបានរដ្ឋាភិបាលកម្ពុជាបង្ខំឲ្យបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាចំពោះការមិនចុះបញ្ជីតាមច្បាប់។
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧
រដ្ឋសភាអនុម័តច្បាប់ហាមឃាត់គណបក្សនយោបាយ
រដ្ឋសភាជាតិបានអនុម័តលើច្បាប់មួយដែលហាមឃាត់គណបក្សនយោបាយមិនឲ្យពាក់ព័ន្ធជាផ្លូវការជាមួយនឹងឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់ជាផ្លូវការ។
ខែមិថុនា ឆ្នាំ២០១៧
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកទីបួន
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់ជាលើកទីបួន។ គណបក្ស CPP ឈ្នះបានសំឡេងភាគច្រើន ប៉ុន្តែបាត់បង់សំឡេងគាំទ្រយ៉ាងច្រើនទៅគណបក្ស CNRP។
ខែមីនា ឆ្នាំ២០១៧
លោក កឹម សុខា ក្លាយជាប្រធានគណបក្ស CNRP
លោក កឹម សុខា ជំនួសតំណែងលោក សម រង្ស៊ី ជាប្រធានគណបក្ស CNRP។
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧
លោក សម រង្ស៊ី លាលែងពីតំណែងប្រធាន CNRP
លោក សម រង្ស៊ី ដែលជាមេដឹកនាំនិរទេសខ្លួនរបស់គណបក្សCNRPលាលែងពីតំណែង ដើម្បីព្យាយាមរក្សាគណបក្សកុំឲ្យត្រូវបានគេរំលាយ បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមប្ដូរច្បាប់ថ្មីមួយ ដើម្បីឲ្យរដ្ឋាភិបាលអាចរំលាយគណបក្សណាដែលមានមន្ត្រីប្រព្រឹត្តបទឧក្រិដ្ឋ។
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦
ព្រះមហាក្សត្រព្រះរាជទានលើកលែងទោសលោក កឹម សុខា
ព្រះមហាក្សត្រ សីហមុនី ព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា តាមសំណើរបស់លោក ហ៊ុន សែន។
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦
លោក កឹម សុុខា ត្រូវបានកាត់ទោស
តុលាការរាជធានី ភ្នំពេញ កាត់ទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ ជុំវិញករណីសំណុំរឿងស្នេហាលួចលាក់របស់លោក ដែលគេជឿថាពាក់ព័ន្ធនឹងនយោបាយ។ លោក កឹម សុខា មិនបានបង្ហាញខ្លួននៅតុលាការតាមដីកាកោះនោះទេ។
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦
លោក កែម ឡី ត្រូវបានគេបាញ់សម្លាប់
លោក កែម ឡី ដែលជាសកម្មជននយោបាយដ៏ល្បីឈ្មោះម្នាក់និងជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ម្នាក់ ត្រូវបានគេបាញ់សម្លាប់នៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយកណ្តាលរាជធានី ភ្នំពេញ ទាំងកណ្តាលថ្ងៃ ដែលប៉ូលិសនិយាយថាពាក់ព័ន្ធនឹងជម្លោះប្រាក់កម្ចី៣០០០ដុល្លារ ប៉ុន្តែភរិយារបស់លោក កែម ឡី បានបដិសេធ។
ខែមិថុនា ឆ្នាំ២០១៦
លោក កឹម សុខា លាក់ខ្លួន
លោក កឹម សុខា ចាប់ផ្តើមលាក់ខ្លួននៅទីស្នាក់ការរបស់គណបក្ស CNRP ដើម្បីចៀសវាងការចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោក។
ខែមេសា ឆ្នាំ២០១៦
មន្ត្រី៥នាក់ត្រូវបានចាប់ខ្លួន
មន្ត្រី៤នាក់នៃអង្គការការពារសិទ្ធិមនុស្ស អាដហុក និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសូកប៉ាន់សាក្សី ក្នុងសំណុំរឿងស្នេហាលួចលាក់របស់លោក កឹម សុខា។
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥
លោក សម រង្ស៊ី ត្រូវបានដកតំណែង
ខណៈធ្វើទស្សនកិច្ចទៅបរទេស លោក សម រង្ស៊ី ត្រូវបានដកតំណែងជាសមាជិកសភានិងអភ័យឯកសិទ្ធិសភា ដែលត្រួសត្រាយផ្លូវសម្រាប់ការចាប់ខ្លួនពាក់ព័ន្ធនឹងករណីបរិហាកេរ្តិ៍។
ខែតុលា ឆ្នាំ២០១៥
សមាជិកសភា CNRP ពីរនាក់ត្រូវបានគេវាយដំ
សមាជិកសភាពីរនាក់របស់គណបក្ស CNRP ត្រូវបានហ្វូងបាតុករដែលគាំទ្ររដ្ឋាភិបាល វាយដំនៅមុខរដ្ឋសភាជាតិ ដើម្បីទាមទារឲ្យលោក កឹម សុខា លាលែងពីតំណែងជាអនុប្រធានសភា។
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥
រដ្ឋសភាអនុម័តច្បាប់ដែលអាចបង្ក្រាបសង្គមស៊ីវិល
រដ្ឋសភាជាតិកម្ពុជាអនុម័តលើច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលអ្នករិះគន់និយាយថា ផ្តល់អំណាចពេញលេញដល់អាជ្ញាធរក្នុងការបង្ក្រាបអង្គការសង្គមស៊ីវិលណា ដែលប្រឆាំងនឹងរដ្ឋាភិបាល។
ខែមេសា ឆ្នាំ២០១៥
គ.ជ.ប ត្រូវបានរុះរើឡើងវិញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានរុះរើឡើងវិញ ដោយកិច្ចព្រមព្រៀងរវាងគណបក្សនយោបាយទាំងពីរ ដើម្បីធ្វើកំណែទម្រង់ការបោះឆ្នោត។
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤
CNRP ឈប់ធ្វើពហិការរដ្ឋសភា
គណបក្ស CNRP ព្រមព្រៀងជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបញ្ចប់ការធ្វើពហិការរដ្ឋសភាដែលមានរយៈពេលមួយឆ្នាំ។
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤
សមាជិក CNRP ត្រូវបានចោទប្រកាន់
អ្នកនយោបាយរបស់គណបក្សប្រឆាំង៦នាក់ត្រូវបានចោទប្រកាន់ពីបទដឹកនាំការធ្វើ«កុប្បកម្ម»មួយ បន្ទាប់ពីប៉ះទង្គិចជាមួយនឹងកងកម្លាំងសន្តិសុខ ដែលទប់ស្កាត់អ្នកគាំទ្ររបស់ពួកគេមិនឲ្យប្រមូលផ្តុំគ្នានៅសួនប្រជាធិបតេយ្យ។
ខែមករា ឆ្នាំ២០១៤
កងរាជអាវុធហត្ថបង្ក្រាបការតវ៉ា
កងរាជអាវុធហត្ថបង្ក្រាបការតវ៉ារបស់គណបក្ស CNRP និងកម្មកររោងចក្រ ដែលបានបញ្ចប់ការធ្វើបាតុកម្មនៅតាមដងផ្លូវ និងសម្លាប់មនុស្សអស់យ៉ាងហោចណាស់៤នាក់។
ខែកញ្ញាដល់ធ្នូ ឆ្នាំ២០១៣
អ្នកគាំទ្រ CNRP តវ៉ាលទ្ធផលបោះឆ្នោត
គណបក្ស CNRP និងអ្នកគាំទ្រ ធ្វើការតវ៉ាទ្រង់ទ្រាយធំនៅក្នុងរាជធានី ភ្នំពេញ ជុំវិញលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាស ដោយទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ។
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
កម្ពុជាបោះឆ្នោតជាតិលើកទីបួន
កម្ពុជារៀបចំការបោះឆ្នោតជាតិលើកទីបួន។ គណបក្ស CNRP ឈ្នះបាន៥៥អាសនៈពីសភាដែលមាន១២៣អាសនៈ ហើយគណបក្ស CPP ឈ្នះអាសនៈដែលនៅសេសសល់ទាំងអស់។ គណបក្ស CNRP បដិសេធមិនព្រមទទួលយកលទ្ធផលឆ្នោតនិងបានធ្វើពហិការមិនចូលរួមក្នុងសភា។
ខែកក្កដា ឆ្នាំ២០១៣
លោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ
លោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញនៅមុនការបោះឆ្នោតជាតិប៉ុន្មានថ្ងៃ ក្រោយពីព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោសដល់លោក តាមសំណើរបស់លោក ហ៊ុន សែន។
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
ព្រះបាទ សីហនុ សោយទិវង្គត
ព្រះបាទ សីហនុ សោយទិវង្គតដោយសារជំងឺបេះដូង ក្នុងព្រះជន្មាយុ ៨៩ ព្រះវស្សា។
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២
CNRP ត្រូវបានបង្កើតឡើង
មន្ត្រីកំពូលៗពីគណបក្ស SRP និងគណបក្ស HRP ជួបប្រជុំគ្នានៅទីក្រុង ម៉ានីល ដើម្បីសម្រេចបញ្ចូលគណបក្សទាំងពីរចូលគ្នាជាគណបក្សថ្មីមួយ គឺគណបក្សសង្គ្រោះជាតិ CNRP។
ខែមិថុនា ឆ្នាំ២០១២
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកទីបី
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់លើកទីបី ដោយគណបក្ស CPP ឈ្នះបាន៦១,៨ភាគរយ។
ខែកញ្ញា ឆ្នាំ២០១០
លោក សម រង្ស៊ី រត់ភៀសខ្លួន
លោក សម រង្ស៊ី រត់ភៀសខ្លួនចេញពីប្រទេសម្តងទៀត ដោយប្រឈមនឹងការចោទប្រកាន់អំពីការផ្តល់ព័ត៌មានមិនពិតនិងបន្លំផែនទី បន្ទាប់ពីលោករិះគន់រដ្ឋាភិបាលចំពោះការដាំបង្គោលព្រំដែន។
ខែកក្កដា ឆ្នាំ២០០៨
CPP ឈ្នះការបោះឆ្នោតជាតិ
គណបក្ស CPP របស់លោក ហ៊ុន សែន ឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជាតិ។
ខែកក្កដា ឆ្នាំ២០០៧
លោក កឹម សុខា បង្កើតគណបក្ស HRP
លោក កឹម សុខា ស្ថាបនិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បង្កើតគណបក្សសិទ្ធិមនុស្ស (HRP)។
ខែមេសា ឆ្នាំ២០០៧
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកទីពីរ
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់លើកទីពីរ។ គណបក្ស CPP ឈ្នះបាន ៩៨,២ភាគរយនៃឃុំសង្កាត់សរុប ខណៈដែលគណបក្ស SRP ឈ្នះត្រឹមតែ១,៧ភាគរយតែប៉ុណ្ណោះ។
ខែតុលា ឆ្នាំ២០០៦
គណបក្សហ៊្វុនស៊ីនប៉ិចទម្លាក់ព្រះអង្គម្ចាស់ រណឫទ្ធិ
គណបក្សហ៊្វុនស៊ីនប៉ិចទម្លាក់ព្រះអង្គម្ចាស់ រណឫទ្ធិ ពីតំណែងជាប្រធានគណបក្ស បន្ទាប់ពីលោក ហ៊ុន សែន បានចោទប្រកាន់ព្រះអង្គម្ចាស់ រណឫទ្ធិ ថាតែងតាំងបុគ្គលមិនមានសមត្ថភាពឲ្យកាន់តំណែងនយោបាយ និងនិយាយថា ការដែលព្រះអង្គយកអ្នកស្រី អ៊ុក ផល្លា ធ្វើជាស្រីកំណាន់គឺជារឿងដ៏អាម៉ាស់មួយ។ បន្តិចក្រោយមក ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ ១៥០.០០០ដុល្លារ ពីបទរំលោភសេចក្តីទុកចិត្ត ដោយទិញដីពីប្រាក់ដែលបានពីការលក់ទីស្នាក់ការនានារបស់គណបក្សហ៊្វុនស៊ីនប៉ិចតម្លៃ ៣,៦លានដុល្លារ។
ខែមីនា ឆ្នាំ២០០៦
ព្រះអង្គម្ចាស់ រណឫទ្ធិ លាលែងពីប្រធានសភា
ព្រះអង្គម្ចាស់ រណឫទ្ធិ លាលែងពីតំណែងជាប្រធានសភាជាតិ បន្ទាប់ពីលោក ហ៊ុន សែន បានដកតំណែងសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍន៍ និងសហរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ញឹក ប៊ុនឆៃ។ ព្រះអង្គម្ចាស់ រណឫទ្ធិ រត់ភៀសខ្លួនទៅប្រទេសបារាំង។
ខែកុម្ភៈ ឆ្នាំ២០០៦
លោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ
លោក សម រង្ស៊ី ទទួលបានព្រះរាជទានលើកលែងទោស និងត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជាច្រើនខែ ដើម្បីចៀសវាងការចាប់ដាក់ពន្ធនាគារលើករណីបរិហាកេរ្តិ៍ ជុំវិញការរិះគន់ទៅលើគោលនយោបាយព្រំដែនរបស់រដ្ឋាភិបាលជាមួយនឹងវៀតណាម។ ក្រោយមក លោកបានចូលរួមជាមួយនឹងគណបក្ស CPP ដើម្បីកែប្រែច្បាប់បោះឆ្នោតពីគោលការណ៍ពីរភាគបី ទៅជាគោលការណ៍សំឡេងភាគច្រើនវិញ។ ការណ៍នេះបានធ្វើឲ្យគណបក្សហ៊្វុនស៊ីនប៉ិចលែងសូវសំខាន់សម្រាប់រដ្ឋាភិបាលចម្រុះ។
ខែតុលា ឆ្នា២០០៥
ព្រះមហាក្សត្រចុះព្រះហស្ថលេខាលើសន្ធិសញ្ញាព្រំដែន
លោក ហ៊ុន សែន គំរាមរំលាយរបបរាជានិយមកម្ពុជា ចំពោះការដែលព្រះករុណា សីហមុនី ពន្យារពេលចុះព្រះហស្ថលេខាលើសន្ធិសញ្ញាព្រំដែនដ៏ចម្រូងចម្រាសមួយជាមួយនឹងវៀតណាម។ ក្រោយមកព្រះអង្គក៏យល់ព្រមចុះព្រះហស្ថលេខា។
ខែតុលា ឆ្នាំ២០០៤
ព្រះករុណា នរោត្តម សីហមុនី ឡើងគ្រងរាជ្យ
ព្រះករុណា នរោត្តម សីហមុនី ឡើងគ្រងរាជ្យបន្តពីព្រះបិតាព្រះបាទ នរោត្តម សីហនុ។
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣
CPP ឈ្នះការបោះឆ្នោតជាតិ
គណបក្ស CPP ឈ្នះការបោះឆ្នោតជាតិ ហើយលោក ហ៊ុន សែន បន្តកាន់អំណាចជានាយករដ្ឋមន្ត្រី។
ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០២
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកដំបូង
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់ដំបូងបង្អស់របស់ខ្លួន។ គណបក្ស CPP ឈ្នះបានអាសនៈភាគច្រើននៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ និងអាចតែងតាំងប្រធានឃុំសង្កាត់ភាគច្រើននៅក្នុងប្រទេស។
ខែវិច្ឆិកា ឆ្នាំ១៩៩៨
ព្រះអង្គម្ចាស់ រណឫទ្ធិ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី
លោក ហ៊ុន សែន និងព្រះអង្គម្ចាស់ រណឫទ្ធិ ឯកភាពគ្នាបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុញ្ញាតឲ្យលោក ហ៊ុន សែន បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយព្រះអង្គម្ចាស់ រណឫទ្ធិ ក្លាយជាប្រធានរដ្ឋសភាជាតិ។ ការព្រមព្រៀងគ្នារបស់គណបក្សហ៊្វុនស៊ីនប៉ិច ជាមួយនឹងគណបក្ស CPP ធ្វើឲ្យគណបក្ស SRP ក្លាយជាគណបក្សប្រឆាំងតែមួយគត់នៅក្នុងប្រទេស។
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨
CPP ឈ្នះការបោះឆ្នោតជាតិ
គណបក្ស CPP របស់លោក ហ៊ុន សែន ឈ្នះអាសនៈសភាភាគច្រើននៅក្នុងការបោះឆ្នោតជាតិ ហើយគណបក្សហ៊្វុនស៊ីនប៉ិច ឈ្នះបានអាសនៈច្រើនទីពីរ និងគណបក្ស SRP ឈ្នះបានអាសនៈច្រើនទីបី។
ខែមីនា ឆ្នាំ១៩៩៨
ព្រះអង្គម្ចាស់ រណឫទ្ធិ យាងមកកម្ពុជាវិញ
ព្រះអង្គម្ចាស់ រណឫទ្ធិ យាងមកកម្ពុជាវិញដើម្បីប្រជែងនៅក្នុងការបោះឆ្នោតជាតិ។
ខែកក្កដា ឆ្នាំ១៩៩៧
ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវទម្លាក់ពីតំណែង
ការប៉ះទង្គិចគ្នាដ៏ធំមួយរវាងកងកម្លាំងរបស់គណបក្ស CPP និងគណបក្សហ៊្វុនស៊ីនប៉ិច កើតឡើង។ ព្រះអង្គម្ចាស់ រណឫទ្ធិ និរទេសខ្លួននៅក្រៅប្រទេស ហើយមួយខែក្រោយមក ព្រះអង្គត្រូវបានទម្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីទីមួយ។
ឆ្នាំ១៩៩៥
លោក សម រង្ស៊ី បង្កើតគណបក្សនយោបាយ
លោក សម រង្ស៊ី បង្កើតគណបក្សជាតិខ្មែរ។
ខែមិថុនា ឆ្នាំ១៩៩៣
ហ៊្វុនស៊ីនប៉ិចនិងCPP បង្កើតរដ្ឋាភិបាលចម្រុះ
ដោយមានអន្តរាគមន៍ពីព្រះបាទ នរោត្តម សីហនុ គណបក្សហ៊្វុនស៊ីនប៉ិចនិងគណបក្ស CPP ព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយព្រះអង្គម្ចាស់ រណឫទ្ធិ ធ្វើជានាយករដ្ឋមន្ត្រីទីមួយ ហើយលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទីពីរ។
ថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣
កម្ពុជាបោះឆ្នោតលើកដំបូង
ក្រោយពីមានការការពារពីអង្គការសហប្រជាជាតិអស់រយៈពេលពីរឆ្នាំ កម្ពុជារៀបចំការបោះឆ្នោតដំបូងបង្អស់របស់ខ្លួនក្រោយសង្គ្រាមបញ្ចប់ ដោយមានការត្រួតពិនិត្យពីអង្គការនេះ។ គណបក្ស CPP របស់លោក ហ៊ុន សែន បានចាញ់គណបក្សហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
សន្ធិសញ្ញាសន្តិភាពទីក្រុង ប៉ារីស ត្រូវបានចុះហត្ថលេខា
ប្រទេសចំនួន១៩ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុង ប៉ារីស ដើម្បីបញ្ចប់ជាផ្លូវការនូវសង្គ្រាមស៊ីវិលនៅកម្ពុជា។
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៨៩
កងទ័ពវៀតណាមត្រូវបានដកចេញពីកម្ពុជា
កងទ័ពវៀតណាមចុងក្រោយបង្អស់ត្រូវបានដកចេញពីកម្ពុជា បន្ទាប់ពីកាន់កាប់កម្ពុជាអស់មួយទសវត្សរ៍។
ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥
លោក ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រី
លោក ហ៊ុន សែន ត្រូវបានរដ្ឋសភាជាតិតែងតាំងជានាយករដ្ឋមន្ត្រី។
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩
របបខ្មែរក្រហមបញ្ចប់
អតីតទាហានខ្មែរក្រហមមួយក្រុមដែលគាំទ្រដោយយោធាវៀតណាម ផ្តួលរំលំរដ្ឋាភិបាលខ្មែរក្រហមនិងរំដោះកម្ពុជា។ ក្រោយមកវៀតណាមបានគាំទ្រដល់ការបង្កើតរដ្ឋាភិបាលកម្ពុជាថ្មីមួយ។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
ខ្មែរក្រហមកាន់កាប់កម្ពុជា
ខ្មែរក្រហមដែលគាំទ្រដោយចិន កាន់កាប់កម្ពុជានិងសម្លាប់មនុស្សអស់យ៉ាងហោចណាស់១លាន៧សែននាក់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ខែមីនា ឆ្នាំ១៩៧០
លន់ នល់ ធ្វើរដ្ឋប្រហារ
ឧត្តមសេនីយ៍ លន់ នល់ ដែលគាំទ្រដោយអាមេរិក ធ្វើរដ្ឋប្រហារផ្តួលរំលំព្រះបាទ សីហនុ។
ខែមេសា ឆ្នាំ១៩៦០
ព្រះបាទ សីហនុ ក្លាយជាប្រមុខរដ្ឋ
ព្រះបាទ សុរាម្រិត សោយទិវង្គត។ ព្រះបាទ សីហនុ យល់ព្រមទទួលតំណែងជាប្រមុខរដ្ឋ។
ខែកញ្ញា ឆ្នាំ១៩៥៥
ព្រះបាទ សីហនុ ក្លាយជានាយករដ្ឋមន្ត្រី
ព្រះបាទ សីហនុ ក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះអង្គដាក់រាជថ្វាយព្រះបិតា ព្រះបាទ សុរាម្រិត។
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣
កម្ពុជាទទួលបានឯករាជ្យ
ព្រះបាទ នរោត្តម សីហនុ ដឹកនាំទាមទារបានឯករាជ្យពីបារាំង។

ឯកសារយោង
[x]
ខ្មែរក្រហម
ខ្មែរក្រហម ដែលត្រូវបានគេស្គាល់ថាជា បក្សប្រជាជនបដិវត្តន៍កម្ពុជា បានត្រួតត្រាប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥។ ក្រោមការដឹកនាំរបស់ ប៉ុល ពត ពួកគេប្រើប្រាស់មនោគមវិជ្ជាម៉ៅជ្រុលនិយមនិងម៉ាក្សលេនីនជ្រុលនិយម ដើម្បីចង់ផ្លាស់ប្ដូរកម្ពុជាឲ្យទៅជាប្រទេសកសិកម្មមួយដែលអាចផ្គត់ផ្គង់ខ្លួនឯងបាននិងមិនមានវណ្ណៈ។ របបនេះសម្លាប់អ្នកចេះដឹងនិងបញ្ញវន្ត ដូចជា គ្រូបង្រៀន ព្រះសង្ឃ សិល្បករ និងបុគ្គលណាដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជាសម័យមុនឬរដ្ឋាភិបាលបរទេស។ របបប្រល័យពូជសាសន៍ខ្មែរក្រហមនេះបានបង្ខំប្រជាជនឲ្យចាកចេញពីទីក្រុងទៅរស់នៅជនបទ និងបានបង្ខំប្រជាជនឲ្យធ្វើការងារធ្ងន់ ឲ្យពួកគេទទួលទានអាហារមិនគ្រប់គ្រាន់ រងទារុណកម្ម និងរងការកាប់សម្លាប់។ របបខ្មែរក្រហមបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ១,៧លាននាក់ ឬស្មើនឹងមួយភាគបួននៃចំនួនប្រជាជនសរុប រហូតទាល់តែកងកម្លាំងវៀតណាមមករំដោះកម្ពុជា និងបានផ្តួលរំលំខ្មែរក្រហមនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩៕
ប្រភពព័ត៌មាន
គណបក្សសិទ្ធិមនុស្ស (HRP)
គណបក្សសិទ្ធិមនុស្ស (HRP) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០០៧ ដោយលោក កឹម សុខា។ គណបក្សនេះបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិដំបូងបង្អស់នៅឆ្នាំ២០០៨ ហើយឈ្នះបានអាសនៈចំនួនបីពីក្នុងអាសនៈសរុបទាំងអស់១២៣នៅក្នុងរដ្ឋសភាជាតិ៕
ប្រភពព័ត៌មាន
គណបក្ស សម រង្ស៊ី (SRP)
គណបក្ស សម រង្ស៊ី (SRP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោក សម រង្ស៊ី និងមានឈ្មោះដើមថា គណបក្សជាតិខ្មែរ។ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ១៩៩៨ គណបក្ស SRP ឈ្នះបានអាសនៈចំនួន១៥នៅក្នុងរដ្ឋសភាជាតិ ហើយនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៣ គណបក្សនេះទទួលបានសំឡេងឆ្នោតគាំទ្រ២២ភាគរយ និងបានក្លាយជាគណបក្សដែលមានប្រជាប្រិយភាពបំផុតទីពីរនៅក្នុងប្រទេស បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
ប្រភពព័ត៌មាន
ការបោះឆ្នោតជាតិ
ចាប់តាំងពីឆ្នាំ ១៩៩៣ មក កម្ពុជាបានរៀបចំការបោះឆ្នោតជាតិជារៀងរាល់៥ឆ្នាំម្តង។ ប្រជាពលរដ្ឋកម្ពុជាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចទៅបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយដែលពួកគេពេញចិត្ត។ គណបក្សនយោបាយណាដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេអាចតែងតាំងសមាជិករបស់ខ្លួនជាសមាជិករដ្ឋសភាជាតិ។ បច្ចុប្បន្ននេះ មានអាសនៈចំនួន១២៣នៅក្នុងរដ្ឋសភាជាតិ ដែលតំណាងឲ្យ២៤ខេត្តនិងរាជធានី ភ្នំពេញ។ គណបក្សដែលឈ្នះឆ្នោតបង្កើតរដ្ឋាភិបាលថ្នាក់ជាតិ រដ្ឋាភិបាលថ្នាក់ខេត្ត ឧទ្ទេសនាមនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីតាមក្រសួងនានា។ ព្រះមហាក្សត្រត្រូវឡាយព្រះហស្ថលេខាលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីទាំងអស់។ ចាប់តាំងពីឆ្នាំ ១៩៩៨ មក គណបក្ស CPP បានឈ្នះរាល់ការបោះឆ្នោតជាតិទាំងអស់៕
ការបោះឆ្នោតឃុំសង្កាត់
ខណៈដែលមានភាពស្ថិរភាពជាងមុននិងផ្តោតទៅលើការពង្រឹងស្ថាប័នរដ្ឋ កម្ពុជាបានរៀបចំការបោះឆ្នោតឃុំសង្កាត់ដំបូងបង្អស់នៅឆ្នាំ២០០២។ ការបោះឆ្នោតឃុំសង្កាត់ត្រូវបានរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង ហើយគណបក្សនយោបាយដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនបំផុតតែងតាំងមេឃុំឬចៅសង្កាត់នៅក្នុងឃុំឬសង្កាត់នោះ។
មេឃុំឬចៅសង្កាត់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអភិបាលខណ្ឌឬចៅហ្វាយស្រុក ដើម្បីដោះស្រាយបញ្ហានានាក្នុងមូលដ្ឋាន ដូចជាសាងសង់ប្រព័ន្ធលូបង្ហូរទឹកស្អុយ សាងសង់ផ្លូវថ្នល់ បង្ក្រាបបទឧក្រិដ្ឋ បង្កើតប្រភពទឹកស្អាតនិងអគ្គិសនីជាដើម។ គណបក្ស CPP ដែលជាគណបក្សកាន់អំណាចបានឈ្នះអាសនៈនៅក្នុងឃុំសង្កាត់ភាគច្រើននៅទូទាំងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០២មក៕
គណបក្សសង្គ្រោះជាតិ (CNRP)
គណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១២ នៅពេលដែលគណបក្សសិទ្ធិមនុស្ស (HRP) របស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី (SRP) របស់លោក សម រង្ស៊ី បានរួបរួមគ្នាតែមួយ។ លោក សម រង្ស៊ី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលបានបង្កើតគណបក្សប្រឆាំងក្នុងឆ្នាំ១៩៩៥ ធ្វើជាប្រធានគណបក្ស CNRP ហើយលោក កឹម សុខា ដែលជាសកម្មជនសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ធ្វើជាអនុប្រធានគណបក្ស CNRP។
គណបក្ស CNRP ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិលើកដំបូងនៅឆ្នាំ២០១៣ ហើយទទួលបានអាសនៈចំនួន៥៥ពីអាសនៈទាំង១២៣នៅក្នុងរដ្ឋសភាជាតិកម្ពុជា។
កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧ លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស CNRP និងកំពុងនិរទេសខ្លួននៅបរទេស បានលាលែងពីតំណែងដើម្បីសង្គ្រោះគណបក្សនេះឲ្យរួចផុតពីការរំលាយ បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមធ្វើវិសោធនកម្មច្បាប់ ដើម្បីឲ្យរដ្ឋាភិបាលអាចរំលាយគណបក្សនយោបាយណា ដែលមានមន្ត្រីប្រព្រឹត្តបទល្មើសបាន។ លោក សម រង្ស៊ី ត្រូវបានកាត់ទោសដោយកំបាំងមុខកាលពីឆ្នាំ២០១០ ចំពោះអ្វីដែលរដ្ឋាភិបាលហៅថាជាការផ្សាយព័ត៌មានមិនពិត។
កាលពីខែ មីនា ឆ្នាំ ២០១៧ លោក កឹម សុខា បានបន្តតំណែងពីលោក សម រង្ស៊ី ធ្វើជាប្រធានគណបក្ស CNRP។ កាលពីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅឯគេហដ្ឋានរបស់លោកក្នុងរាជធានី ភ្នំពេញ ចំពោះការចោទប្រកាន់ថាក្បត់ជាតិ ដោយត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថាឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូលកម្ពុជាបានចេញសាលក្រមឲ្យរំលាយគណបក្ស CNRP។ មន្ត្រីគណបក្សប្រឆាំងមួយចំនួនបានចុះចូលជាមួយនឹងគណបក្ស CPP ខណៈដែលមន្ត្រីជាច្រើនទៀតរត់ភៀសខ្លួនចេញពីប្រទេស ឬត្រូវបានបង្ខំឲ្យឈប់ធ្វើនយោបាយរយៈពេល៥ឆ្នាំ៕
ប្រភពព័ត៌មាន
ហ៊្វុនស៊ីនប៉ិច (FUNCINPEC)
គណបក្សហ៊្វុនស៊ីនប៉ិច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ដោយព្រះបាទ នរោត្តម សីហនុ ជាចលនាតស៊ូមួយដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគាំទ្រដោយវៀតណាម។ នៅឆ្នាំ១៩៩១ ព្រះបាទ នរោត្តម សីហនុ បានប្រគល់ចលនានោះឲ្យព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដឹកនាំ។ គណបក្សហ៊្វុនស៊ីនប៉ិច ដែលជាអក្សរកាត់ជាភាសាបារាំង បានក្លាយជាគណបក្សនយោបាយនៅឆ្នាំ១៩៩២។ គណបក្សហ៊្វុនស៊ីនប៉ិចបានចូលរួមនៅក្នុងការបោះឆ្នោតជាតិដែលគាំទ្រដោយ UNTAC ក្នុងឆ្នាំ១៩៩៣។ គណបក្សនេះបានឈ្នះឆ្នោត ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធមិនព្រមចុះចេញពីតំណែង។ ដោយមានអន្តរាគមន៍ពីព្រះបាទ នរោត្តម សីហនុ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក ហ៊ុន សែន បានព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលមាននាយករដ្ឋមន្ត្រីពីរ រហូតដល់ឆ្នាំ ១៩៩៧ នៅពេលដែលកងកម្លាំងដែលស្មោះស្ម័គ្រនឹងនាយករដ្ឋមន្ត្រីទាំងពីរបានប្រយុទ្ធគ្នា នៅខែកក្កដា ឆ្នាំដដែល។ កងកម្លាំងរបស់លោក ហ៊ុន សែន បានទទួលជ័យជម្នះ ហើយព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវនិរទេសខ្លួនទៅនៅបរទេស និងត្រូវបានទម្លាក់ពីតំណែង៕
ប្រភពព័ត៌មាន
មីក្រូហិរញ្ញវត្ថុ
ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ យ៉ាងហោចណាស់មានគ្រួសារកម្ពុជាពីរលាននាក់នៅក្នុងខេត្តចំនួន២២នៅកម្ពុជា ខ្ចីប្រាក់ក្នុងបរិមាណតិចតួចពីស្ថាប័នមីក្រូហិរញ្ញវត្ថុដែលផ្តល់ប្រាក់កម្ចីដល់កសិករ អ្នកនេសាទ និងអ្នកដទៃទៀតដែលត្រូវការប្រាក់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ បើគ្មានស្ថាប័នមីក្រូហិរញ្ញវត្ថុទេនោះ ពលរដ្ឋកម្ពុជានឹងមិនអាចទទួលបានឥណទាននោះឡើយ។
ឥណទានខ្នាតតូចមិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ។ លោក Muhammad Yunus បានបង្កើតធនាគារ Grameen ក្នុងប្រទេសបង់ក្លាដេស ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចដល់ស្ត្រីក្រីក្រ ដែលត្រូវទិញវត្ថុធាតុដើមសម្រាប់ផលិតផលដែលពួកគេផលិតដើម្បីលក់។ លោក Yunus យកអត្រាការប្រាក់យ៉ាងទាបពីអ្នកខ្ចីប្រាក់ ហើយអ្នកខ្ចីប្រាក់ត្រូវសងវិញក្នុងអត្រាមួយដែលបានព្រមព្រៀងគ្នា។ ជាឧទាហរណ៍នៅឆ្នាំ ២០១៦ ស្ថាប័នមីក្រូហិរញ្ញវត្ថុ Opportunity International បានចេញរបាយការណ៍ថា ខ្លួនបានទទួលអត្រាប្រាក់សំណងវិញប្រមាណ៩៨,៩ភាគរយ។
លោក Yunus និងធនាគារនោះបានឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០៦ ចំពោះការបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុនិង«កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅថ្នាក់មូលដ្ឋាន»។ សហគ្រាសហិរញ្ញវត្ថុអន្តរជាតិ ដែលជាផ្នែកមួយនៃធនាគារពិភពលោក បានប៉ាន់ស្មានថា ត្រឹមឆ្នាំ២០១៤ មនុស្សជាង១៣០លាននាក់បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីប្រតិបត្តិការដែលពាក់ព័ន្ធនឹងមីក្រូហិរញ្ញវត្ថុ។
នៅកម្ពុជា ស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើនត្រូវបានបង្កើតឡើងដើម្បីស្វែងរកប្រាក់ចំណេញ ទោះបីជាពលរដ្ឋកម្ពុជាភាគច្រើនយល់ឃើញថា ស្ថាប័នមីក្រូហិរញ្ញវត្ថុគឺជារបស់រដ្ឋាភិបាលក៏ដោយ ហើយអ្នកខ្ចីប្រាក់ជាច្រើនយល់ឃើញថាការសងប្រាក់កម្ចីវិញគឺជាពិបាកណាស់សម្រាប់ពួកគេ។ ជាឧទាហរណ៍ ក្នុងទំហំប្រាក់កម្ចី១០០០ដុល្លារ អ្នកខ្ចីប្រាក់ត្រូវបង់ការប្រាក់៣,៥ភាគរយជារៀងរាល់ខែ។ ការសងប្រាក់កម្ចីវិញពិបាកណាស់សម្រាប់កសិករដែលទទួលបានប្រាក់ចំណេញដោយពឹងផ្អែកលើតម្លៃទីផ្សារពិភពលោក។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក នៅចុងឆ្នាំ ២០១៦ ពលរដ្ឋកម្ពុជាទាំងអស់ជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន៣,១ពាន់លានដុល្លារ ហើយ៨៨ភាគរយនៃអ្នកខ្ចីប្រាក់រស់នៅក្នុងតំបន់ជនបទក្រីក្រ។
របាយការណ៍ពិសេសមួយឆ្នាំ២០១៧ ដែលធ្វើឡើងដោយគម្រោង Mimosa សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលសិក្សាអំពីបំណុលជំពាក់មីក្រូហិរញ្ញវត្ថុច្រើនហួសហេតុនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បានរកឃើញថា «ទំហំនៃប្រាក់កម្ចីដែលត្រូវបានផ្តល់ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៤ បានកើនឡើង៤ដងនៃកំណើនប្រាក់ចំណូលរបស់អ្នកខ្ចីប្រាក់។ ការណ៍នេះត្រូវបានពណ៌នាថាជាគ្រោះថ្នាក់នៅកម្ពុជានិងមិនមានប្រទេសណាដូច នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត ភ្នំពេញប៉ុស្តិ៍។
ស្ថានភាពមានការធូរស្រាលបន្តិចនៅខែ មេសា ឆ្នាំ ២០១៧ នៅពេលដែលរដ្ឋាភិបាលបានកំណត់អត្រាការប្រាក់ប្រចាំត្រឹមតែ១៨ភាគរយ។ ប៉ុន្តែការដាក់កម្រិតនេះធ្វើអ្នកខ្ចីប្រាក់ក្នុងបរិមាណតិចតួចមិនអាចខ្ចីបាន ដោយសារតែស្ថាប័នមីក្រូហិរញ្ញវត្ថុបានរកឃើញថា កម្ចីខ្នាតតូចផ្តល់ប្រាក់ចំណេញតិចតួច ឬមិនបានផ្តល់ប្រាក់ចំណេញទាល់តែសោះ ដោយសារត្រូវចំណាយទៅលើសេវារដ្ឋបាល៕
គណបក្សប្រជាជនកម្ពុជា (CPP)
គណបក្សប្រជាជនកម្ពុជា (CPP) ត្រូវបានបង្កើតឡើងដំបូងជាបក្សប្រជាជនបដិវត្តន៍កម្ពុជា នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៩៥១ ដោយប្រើប្រាស់មនោគមវិជ្ជាម៉ាក្សឡេនីនជ្រុលនិយម។ គណបក្ស CPP បានដឹកនាំកម្ពុជាចាប់តាំងពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានដួលរលំនៅថ្ងៃទី៧ ខែ មករា ឆ្នាំ ១៩៧៩។ គណបក្ស CPP បានចូលរួមក្នុងការបោះឆ្នោតជាតិលើកដំបូងបង្អស់ដែលគាំទ្រដោយ (UNTAC) ក្នុងឆ្នាំ១៩៩៣ ប៉ុន្តែគណបក្សនេះបានចាញ់គណបក្សហ៊្វុនស៊ីនប៉ិច។ ដោយមានអន្តរាគមន៍ពីព្រះបាទ នរោត្តម សីហនុ គណបក្សហ្វ៊ុនស៊ីនប៉ិចនិងគណបក្ស CPP បានព្រមព្រៀងគ្នាបង្កើតជារដ្ឋាភិបាលចម្រុះមួយក្នុងឆ្នាំ១៩៩៣ ហើយលោក ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីទីពីរ។ លោក ហ៊ុន សែន ក្លាយជាប្រធានគណបក្ស CPP នៅខែមិថុនា ឆ្នាំ ២០១៥៕
ប្រភពព័ត៌មាន
“CPP today marks 59 years since founding,” The Cambodian Daily