រូបឯកសារ៖ ព័ត៌មានស្តីអំពីការបិទកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកដោយសារការដាក់គំនាបពីរដ្ឋាភិបាលកម្ពុជា ត្រូវបានបោះពុម្ពផ្សាយនៅលើទំព័រមុខនៃកាសែត ឌឹខេមបូឌា ដេលី កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា | VOA Khmer)
សំឡេងសហគមន៍
មុនការបោះឆ្នោត អ្នកកាសែតប្រៀបដូចជា«ដើមឈើខ្ពស់» ត្រូវខ្យល់បក់បោក
ការបង្ក្រាបលើសេរីភាពក្នុងការបញ្ចេញមតិ បានបណ្តាលឲ្យសេរីភាពសារព័ត៌មានខ្ទេចខ្ទាំ ដោយគេឃើញអ្នកសារព័ត៌មានត្រូវបានជាប់ឃុំ ឬក៏រត់ភៀសខ្លួន ខណៈដែលប្រជាពលរដ្ឋកម្ពុជាមានការប្រុងប្រយ័ត្នក្នុងការនិយាយស្តីនៅតាមទីសាធារណៈ មុនការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៩ ខែកក្កដានេះ។
កាលពីមួយឆ្នាំមុន លោក ម៉ម មុនីរតន៍ អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី បានបន្លឺសំឡេងរបស់លោក ក្នុងចំណោមសំឡេងអ្នកល្បីផ្សេងទៀតនៅកម្ពុជា។ សំឡេងរបស់លោកបន្លឺចេញពីវិទ្យុអាស៊ីសេរីរៀងរាល់ការផ្សព្វផ្សាយព័ត៌មានពេលយប់ ខណៈដែលលោកបានរាយការណ៍អំពីបញ្ហារសើបមួយចំនួន រួមមានជម្លោះនៅតាមព្រំដែន បញ្ហានយោបាយ និងបណ្តឹងនៅតុលាការជាដើម។
បច្ចុប្បន្ននេះ លោក ម៉ម មុនីរតន៍ បានក្លាយខ្លួនជាកសិករម្នាក់ ដែលពឹងផ្អែកលើដីទំហំតូចមួយ ដោយលោកដាំដើមស្វាយនិងក្រូចឆ្មារ។ លោកបានស្នើ VOA កុំឲ្យបញ្ចេញព័ត៌មានអំពីទីតាំងចម្ការរបស់លោក ដោយលោកភ័យខ្លាចថា អាជ្ញាធរអាចកំណត់ទីកន្លែងលោកកំពុងរស់នៅជាមុខសញ្ញាអ្វីមួយ។
លោក ម៉ម មុនីរតន៍ មានប្រសាសន៍ថា ការសម្រេចចិត្តចាកចេញពីវិស័យសារព័ត៌មាន ទៅប្រកបរបរកសិកម្ម មិនមែនជាជម្រើសរបស់លោកនោះទេ ប៉ុន្តែវាជាការចាំបាច់មួយ។
ខណៈដែលមានការបង្រ្កាបជាបន្តបន្ទាប់ទៅលើសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា វិទ្យុអាស៊ីសេរីបានក្លាយជាមុខសញ្ញារបស់រដ្ឋាភិបាលកម្ពុជា ដោយការយកលេសអំពីការបង់ពន្ធ។
វិទ្យុអាស៊ីសេរីបានបិទដំណើរការផ្សាយព័ត៌មានរបស់ខ្លួននៅរាជធានី ភ្នំពេញ ដោយលើកឡើងអំពីការគំរាមកំហែងប្រឆាំងនឹងអ្នកយកព័ត៌មាន។ ប៉ុន្តែ ការណ៍នេះមិនបានធ្វើឲ្យរដ្ឋាភិបាលអស់ចិត្តនៅឡើយទេ។ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសថា ការរក្សាទំនាក់ទំនងជាមួយស្ថាប័នវិទ្យុមួយនេះ គឺខុសច្បាប់។
ឥឡូវនេះ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រមាណ៥០នាក់ និងអ្នកបច្ចេកទេសវិទ្យុផងដែរ កំពុងរស់នៅក្នុងភាពភ័យខ្លាច។ អ្នកខ្លះក៏កំពុងលាក់ខ្លួនផងដែរ។ អ្នកផ្សេងទៀតបានឈប់ធ្វើការងារជាអ្នកកាសែត។
អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីចំនួនពីរនាក់ មានវាសនាមិនល្អុ។ ពួកគេត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងត្រូវបានឃុំឃាំងក្នុងពន្ធនាគារ ដោយរងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានទៅឲ្យបរទេស និងផលិតវីដេអូអាសអាភាស។
លោក ម៉ម មុនីរតន៍ មានប្រសាសន៍ថា៖ «ខ្ញុំបូជាជីវិតរបស់ខ្ញុំដើម្បីការងារ។ ឥឡូវនេះខ្ញុំចង់នៅស្ងៀមស្ងាត់ និងរស់ជាប្រជាពលរដ្ឋសាមញ្ញ។ ការដែលយើងល្បី ដូចជាដើមឈើមួយដើមដែលខ្ពស់ គឺតែងតែត្រូវខ្យល់បក់បោក»។
ដើមឈើខ្ពស់ត្រូវរងខ្យល់បក់បោក
មិនត្រឹមតែវិទ្យុអាស៊ីសេរីប៉ុណ្ណោះទេ ដែលត្រូវរងការបង្រ្កាបនោះ។ នៅមុនការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា សេរីភាពសារព័ត៌មានត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង។ អ្នកកាសែត និងអ្នកតស៊ូមតិលើផ្នែកប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ស្ថានភាពបច្ចុប្បន្ន គឺអាក្រក់បំផុតក្នុងប្រវត្តិការងាររបស់ពួកគេ ដោយសារអ្នកសារព័ត៌មានជាច្រើននាក់បានចាប់ផ្តើមរឹតត្បិតការសរសេរព័ត៌មានរបស់ខ្លួន (Self-censorship) ហើយអ្នកខ្លះទៀតត្រូវលាឈប់ពីអាជីពមួយនេះ។ ក្នុងករណីផ្សេងទៀត ពួកគេត្រូវបង្ខំចិត្តចាកចេញពីប្រទេស។
កាសែតភាសាអង់គ្លេសដ៏ល្បីមួយឈ្មោះ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ត្រូវបានបង្ខំឲ្យបិទទ្វារ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយសាររដ្ឋាភិបាលតម្រូវឲ្យបង់ពន្ធចំនួន៦,៣លានដុល្លារ។ បន្ទាប់មកកាសែតដ៏ល្បីមួយទៀតគឺកាសែតភ្នំពេញប៉ុស្តិ៍ ក៏បានប្រឈមនឹងការបង់ពន្ធដូចគ្នាដែរ។ កាលពីខែឧសភា ម្ចាស់កាសែតនេះ ដែលជាជនជាតិអូស្រ្តាលី បានលក់កាសែតមួយនេះ ទៅឲ្យម្ចាស់ក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយ ដែលធ្លាប់បានបំពេញការងារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
កាសែត ឌឹខេមបូឌា ដេលី បោះពុម្ពផ្សាយជាលើកចុងក្រោយរបស់ខ្លួន ដោយដាក់ចំណងជើងអត្ថបទនៅទំព័រមុខថា «កម្ពុជាធ្លាក់ក្នុងអំណាចផ្តាច់ការ»។ (រូបភាពដោយកាសែត ឌឹខេមបូឌា ដេលី)
របាយការណ៍ថ្មីរបស់អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលត្រូវបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បង្ហាញថា ប្រទេសកម្ពុជាជាប់លំដាប់ថ្នាក់លេខ១៤២ ក្នុងចំណោម១៨០ប្រទេស ដែលមានសេរីភាពសារព័ត៌មានធ្លាក់ចុះយ៉ាងខ្លាំង។ សេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ១០ថ្នាក់ ដែលជាការធ្លាក់ចុះដ៏ច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
របាយការណ៍នេះបានបញ្ជាក់ថា ប្រទេសកម្ពុជាហាក់ដូចជាមានទំនោរទៅកាន់មាគ៌ាដូចគ្នា នឹងប្រទេសចិន បន្ទាប់ពីមានការបិទសារព័ត៌មានឯករាជ្យមួយចំនួន។ របាយការណ៍នេះបានឲ្យដឹងក្នុងន័យដើមថា៖ «ប្រទេសកម្ពុជាទំនងជាធ្លាក់ចុះដែលគួរឲ្យគ្រោះថ្នាក់បំផុត គឺដូចនឹងប្រទេសចិន បន្ទាប់ពីមានការបិទសារព័ត៌មានឯករាជ្យជាច្រើន»។
អ្នកយកព័ត៌មានម្នាក់របស់កាសែតភ្នំពេញប៉ុស្តិ៍ លោក ផាក់ ស៊ាងលី បានលើកឡើងថា ស្ថានភាពនយោបាយ និងសារព័ត៌មានពាក់ព័ន្ធគ្នា។
លោកមានប្រសាសន៍ថា៖ «បញ្ហានយោបាយ គឺដូចជាកម្តៅ ហើយប្រព័ន្ធផ្សព្វផ្សាយគឺដូចជាទឹកកក»។
លោក ផាក់ ស៊ាងលី បានធ្វើការនៅកាសែតភ្នំពេញប៉ុស្តិ៍រយៈពេល៨ឆ្នាំហើយ រហូតមកដល់ពេលនេះ។ លោកបញ្ជាក់ថា ស្ថានភាពនយោបាយបច្ចុប្បន្ន គឺលំបាកបំផុតសម្រាប់អាជីពរបស់លោក។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមានរឿងជាច្រើនក្នុងដៃ តែការបោះឆ្នោតខិតជិតមកដល់ ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្ន និងគិតពីសុវត្ថិភាព។ ក្នុងពេលហ្នឹង វាអត់មានអ្នកណា មកហាមឃាត់យើងមិនឲ្យរាយការណ៍ពីព័ត៌មានរបស់យើងទេ។ ប៉ុន្តែដោយសារតែមើលឃើញស្ថានភាពអីចឹង។ យើងខ្លួនឯង ដូចជាមានអារម្មណ៍ថា ដូចជាដកដៃ ឬមួយក៏មិនសូវរាយការណ៍រិះគន់ខ្លាំងៗ ដូចអស់ពីទំហឹងចិត្តរបស់យើងណា៎»។
លោកបានបន្តថា ដោយសារស្ថានភាពបែបនេះ លោកក៏បានកាត់បន្ថយការចុះទៅយកព័ត៌មាននៅតាមបណ្តាខេត្ត ដែលភាគច្រើនលោករាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ និងការនាំចេញឈើទៅក្រៅប្រទេស។
ភរិយារបស់លោក គឺអ្នកស្រី ឈីវ ហុង បានទទូចឲ្យលោកឈប់ធ្វើជាអ្នកកាសែត ដោយសារអ្នកស្រីព្រួយបារម្ភអំពីសុវត្ថិភាពរបស់ស្វាមីនិងកូនប្រុសអាយុ៩ឆ្នាំ និងកូនស្រីអាយុ៦ឆ្នាំរបស់អ្នកស្រី។ បើទោះជាលោក ផាក់ ស៊ាងលី ចង់បន្តអាជីពមួយនេះក៏ដោយ ក៏លោកមិនច្បាស់ថា លោកនឹងបន្តផ្សព្វផ្សាយព័ត៌មានរសើបទៀតឬយ៉ាងណាទេ។
អ្នកយកព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (Voice of Democracy) គឺលោក ពៅ មេត្តា មានប្រសាសន៍ថា ការរាយការណ៍គឺមិនដូចមុននោះទេ ដោយសាររឿងរសើបមួយចំនួន ត្រូវរក្សាទុកសិន មិនទាន់អាចរាយការណ៍នៅពេលនេះបានទេ។
លោក ពៅ មេត្តា អាយុ៣៤ឆ្នាំ បានបម្រើការឲ្យស្ថាប័នវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ជិត១០ឆ្នាំមកហើយ។ លោកមានប្រសាសន៍ថា៖ «ការពិតបារម្ភដែរ គិតថាស្ថាប័នមានហានិភ័យច្រើន ព្រោះយើងមើលផ្លូវច្បាប់ ហាក់ដូចជាគិតថា វាមិនប៉ះពាល់អីចឹងទេ។ គិតថា វាអាចមានហេតុផលនយោបាយ អីខ្លះ។ យើងបារម្ភខ្លាចប៉ះពាល់ស្ថាប័ន»។
កាលពីខែសីហា វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលតែងតែរិះគន់រដ្ឋាភិបាល ក៏ត្រូវបានស្ថានីយ៍វិទ្យុតូចៗឈប់ជួលម៉ោងឲ្យផ្សព្វផ្សាយផងដែរ ដោយពុំមានបញ្ជាក់មូលហេតុ។ វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ក៏ជួបនឹងបញ្ហាដូចគ្នានេះដែរ។ ការណ៍នេះបណ្តាលឲ្យស្ថាប័នព័ត៌មាន VOD អាចផ្សាយបានតែតាមទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមានអ្នកចុច Likes ប្រមាណ៩សែននាក់។
ស្ថិតក្នុងស្ថានភាពបែបនេះ លោក ពៅ មេត្តា ក៏ត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិ ណែនាំឲ្យប្រុងប្រយ័ត្នក្នុងការសរសេរ ហើយអ្នកខ្លះទៀតជំរុញឲ្យលោកដូរការងារតែម្តង។
លោកបានថ្លែងប្រាប់ VOA ថា៖ «ឪពុកក្មេកខ្ញុំគាត់ប្រាប់ថា សរសេរហ្នឹង សូមឲ្យប្រយ័ត្នប្រយែងខ្លួន។ ទាំងមិត្តភក្តិ ក៏លើកឡើងប្រហាក់ប្រហែលគ្នាដែរ។ ហើយអ្នកខ្លះទៀត ក៏ស្នើឲ្យយើងឈប់តែម្តង។ គាត់ថា គួរតែរើសជម្រើសការងារអីផ្សេង»។
លោក ពៅ មេត្តា បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ប្រភពព័ត៌មាន ជាពិសេសអ្នកវិភាគ អ្នកស្រាវជ្រាវ និងមន្រ្តីសង្គមស៊ីវិល លែងផ្តល់បទសម្ភាសន៍ដូចមុនទៀតហើយ ដោយសារពួកគេមានភាពភ័យខ្លាច។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមើលទៅស្ថានភាពហ្នឹង ប្រហែលជាមិនមានអីប្រែប្រួលទេ តាំងពីមានការបិទមក ដូចជានៅមានលក្ខណៈប្រហាក់ប្រហែលហ្នឹងដដែល នៅតែមានការប្រុងប្រយ័ត្ន។ ខ្ញុំមើលភាពប្រសើរដូចជាអត់មានទេ បារម្ភខ្លាចអាចនឹងប៉ះពាល់ថែមទៀត»។
នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅខែមិថុនា អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានលើកឡើងថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពប្រព័ន្ធផ្សព្វផ្សាយ នៅមុនការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ដោយលើកឡើងអំពីក្រមប្រតិបត្តិថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលពួកគេចាត់ទុកថា មានលក្ខណៈរឹតបន្តឹងខ្លាំងលើអ្នកកាសែត។
នៅក្នុងចំណោមការរឹតបន្តឹងទាំងនោះ ចំណុចមួយបានលើកឡើងថា អ្នកកាសែតមិនអាចបង្កើតនូវ«ការភ័ន្តច្រឡំ និងការបាត់បង់ទំនុកចិត្ត» និងមិនត្រូវអនុញ្ញាតឲ្យបញ្ចេញនូវ«មតិផ្ទាល់ខ្លួន ឬក៏បុរេវិនិច្ឆ័យ»ឡើយ។
លោក អូន ភាព អតីតអ្នកសារព័ត៌មានឲ្យកាសែត ឌឹខេមបូឌា ដេលី បានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ (រូបភាពដោយកាសែត ឌឹខេមបូឌា ដេលី)
ជាប់ពន្ធនាគារនិងរត់ភៀសខ្លួន
ដូចអ្នកកាសែតនៅវិទ្យុអាស៊ីសេរីដែរ អតីតអ្នកយកព័ត៌មានរបស់កាសែត ឌឹខេមបូឌា ដេលី ម្នាក់ គឺលោក អូន ភាព ក៏ប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការមួយដែរ កាលពីឆ្នាំមុន។ អ្នកកាសែតជើងចាស់ វ័យ៥៤ឆ្នាំរូបនោះ បានលើកឡើងថា លោកតែងតែរាយការណ៍អំពីការកាប់បំផ្លាញឈើខុសច្បាប់ ទំនាស់ដីធ្លី និងបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិច។
នៅមុនការបោះឆ្នោតឃុំសង្កាត់ ដែលបានប្រព្រឹត្តទៅកាលពីខែមិថុនា ឆ្នាំ២០១៧ លោក អូន ភាព និងអ្នកកាសែតបរទេសម្នាក់ដែលជាសហការីរបស់លោក បានចុះទៅខេត្តរតនគិរី ហើយបានសាកសួរប្រជាពលរដ្ឋអំពីការបោះឆ្នោត។ ពួកគេត្រូវបាននគរបាលឃាត់ខ្លួន ដោយគ្រាន់តែសួរសំណួរសាមញ្ញអំពីនិន្នាការនយោបាយរបស់ប្រជាពលរដ្ឋ។
បើតាមលោក អូន ភាព លោកត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ ដែលលោកអាចប្រឈមនឹងការជាប់ទោសពី៦ខែដល់២ឆ្នាំ ប្រសិនបើរកឃើញកំហុស។ លោក អូន ភាព បានចាកចេញពីប្រទេសកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៧ ហើយបន្ទាប់មកទទួលបានសិទ្ធិជ្រកកោនទៅរស់នៅសហរដ្ឋអាមេរិក។ ចំណែកសហការីរបស់លោក គឺលោក Zsombor Peter ក៏បានចាកចេញពីប្រទេសកម្ពុជាដែររហូតមកដល់ពេលនេះ។
អ្នកសារព័ត៌មានពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ដែលធ្លាប់បម្រើការឲ្យវិទ្យុអាស៊ីសេរី ត្រូវបាននាំខ្លួនតាមរថយន្តមកកាន់សាលាឧទ្ធរណ៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។ (Samrang Pring | Reuters)
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទប្រគល់ព័ត៌មានឲ្យរដ្ឋាភិបាលបរទេស។ ពួកគេត្រូវបានចោទថា បានធ្វើសកម្មភាពលួចផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី ក្រោយពីវិទ្យុនេះ បានប្រកាសបិទការិយាល័យរបស់ខ្លួននៅរាជធានី ភ្នំពេញ ដោយសារតែការគាបសង្កត់ពីរដ្ឋាភិបាលកម្ពុជា កាលពីខែកញ្ញា ឆ្នាំមុន។ អ្នកទាំងពីរ អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលពី៧ឆ្នាំដល់១៥ឆ្នាំ។
ភរិយារបស់លោក យាង សុធារិន គឺអ្នកស្រី ឡាំ ចាន់ថា មានប្រសាសន៍ថា ស្វាមីរបស់អ្នកស្រីបានឈប់បម្រើការឲ្យវិទ្យុអាស៊ីសេរីភ្លាមៗ បន្ទាប់ពីវិទ្យុនេះបានបិទការិយាល័យរបស់ខ្លួននៅរាជធានី ភ្នំពេញ ហើយអ្នកស្រីមិនយល់ថា ហេតុអ្វីបានជាលោកត្រូវជាប់ពន្ធនាគារទេ។ អ្នកស្រីយល់ថា ការឃុំខ្លួនស្វាមីរបស់អ្នកស្រី គឺជាការសងសឹក ដោយសារតែការងារជាអ្នកកាសែតរបស់ស្វាមីអ្នកស្រីកាលពីមុន។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំគិតថា គាត់រាយការណ៍ពិត ហើយវាប៉ះពាល់គេ។ ចាប់តាំងពីប្តីរបស់ខ្ញុំមានរឿងមក ខ្ញុំមិនបានគេងទេ។ ខ្ញុំបារម្ភអំពីគាត់ និងមិនដឹងថានរណាអាចជួយគាត់បាន។ ខ្ញុំមិនបានរៀនសូត្រ ហើយគាត់ត្រូវបានចោទប្រកាន់អីចឹង ហើយខ្ញុំមិនដឹងថាពេលណា គាត់នឹងត្រូវបានដោះលែង»។
អ្នកកាសែតក្នុងស្រុកមានការព្រួយបារម្ភខ្លាំង ក្រោយមានការចាប់ខ្លួនអតីតអ្នកកាសែតរបស់វិទ្យុអាស៊ីសេរីយ៉ាងដូច្នេះ។ ហើយការចាប់ពួកគេដាក់ពន្ធនាគារ បានធ្វើឲ្យក្រុមគ្រួសារកាន់តែព្រួយបារម្ភអំពីសុវត្ថិភាពរបស់សមាជិកគ្រួសារជាអ្នកកាសែត។ អ្នកស្រី ឈីវ ហុង ភរិយារបស់លោក ផាក់ ស៊ាងលី អ្នកកាសែតភ្នំពេញប៉ុស្តិ៍ មានប្រសាសន៍ថា ស្ថានភាពបែបនេះបានធ្វើឲ្យអ្នកស្រីកាន់តែព្រួយបារម្ភអំពីសុវត្ថិភាពស្វាមី។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖ «បារម្ភសព្វគ្រប់ហ្មង មិនមែនថា បារម្ភតិចតួចទេ ព្រោះគាត់មកយប់ក៏យើងភ័យ។ ណាសុវត្ថិភាព ណាមិនដឹងសរសេរទៅ មិនដឹងគាត់សរសេរប៉ះអីខ្លះ។ បើសិនជាគាត់ទៅខេត្តទៀត កាន់តែគេងមិនលក់បក់មិនល្ហើយ អង្គុយតែចាំ ថ្ងៃណាមកវិញ ថ្មើរណាមកដល់»។
លោក ពៅ មេត្តា ជាអ្នកយកព័ត៌មាន VOD បាននិយាយថា ការចាប់អ្នកកាសែតដាក់ពន្ធនាគារបានធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ក្រុមលោកផងដែរ។ លោកមានប្រសាសន៍ថា៖ «អ្នកកាសែតខ្លាចពេលរាយការណ៍ព័ត៌មានរសើប»។
លោក យាង សុធារិន (ឆ្វេង) និងលោក អ៊ួន ឈិន (ស្តាំ) អ្នកសារព័ត៌មានដែលធ្លាប់បម្រើការឲ្យវិទ្យុអាស៊ីសេរី កំពុងជាប់ឃុំ។ (រូបភាពដោយវិទ្យុ អាស៊ីសេរី)
ការលើកខ្លួនឲ្យក្លាយជា «សេ្តចហ្វេសប៊ុក»
កាលពីខែឧសភា ឆ្នាំ២០១៧ នៅពេលដែលមេដឹកនាំអាស៊ានបានជួបជុំគ្នាជាមួយអ្នកវិនិយោគបរទេស អ្នកធ្វើការលើផ្នែកធនាគារ និងអ្នកជំនាញខាងហិរញ្ញវត្ថុនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលត្រូវបានធ្វើឡើងនៅរាជធានី ភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅអ្នកកាសែត ឌឹខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី ថា ជាក្រុមរិះគន់រូបលោក និងរដ្ឋាភិបាលរបស់លោកខ្លាំងៗ។
លោកមានប្រសាសន៍ថា កាសែត ឌឹខេមបូឌា ដេលី «ប្រឆាំងខ្ញុំគ្រប់ពេល» ខណៈវិទ្យុអាស៊ីសេរី គឺជា«វិទ្យុប្រឆាំងនឹងរដ្ឋាភិបាល»។ ក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅនេះ នៅមុនការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ កាសែត ឌឹខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី ត្រូវបានបង្ខំឲ្យបិទ។ អ្នកជំនាញខាងសេរីភាពសារព័ត៌មានបានលើកឡើងថា ការបិទនេះមិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេ។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទំនោរតាំងពីយូរមកហើយ ក្នុងការចាត់ទុកសារព័ត៌មានឯករាជ្យជា «ដៃគូរបស់ក្រុមប្រឆាំង»។ នេះបើយោងតាមការលើកឡើងរបស់លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» (Hun Sen’s Cambodia) ដែលកាលពីមុនលោកបានចំណាយពេលជាច្រើនឆ្នាំធ្វើការជាអ្នកសារព័ត៌មាននៅប្រទេសកម្ពុជា។
លោក Sebastian Strangio បានលើកឡើងថា ការដាក់គំនាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ទំនងជាដើម្បីបំបាត់ប្រភពព័ត៌មាននៅមុនការបោះឆ្នោតខែកក្កដា ដែលគណបក្សប្រជាជនកម្ពុជានឹងឈ្នះដោយងាយស្រួល ខណៈគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល ហើយមិនបានចូលរួមការបោះឆ្នោតនោះ។
ការបង្ក្រាបលើសារព័ត៌មានបានចាប់ផ្តើមមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ដែលគេឃើញគណបក្សសង្គ្រោះជាតិបានទទួលការគាំទ្រជាសំឡេងឆ្នោតដល់ទៅ៤៦ភាគរយ។ ទោះជាយ៉ាងណាក្តី គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ភាគច្រើន ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតនេះ ក៏បានបញ្ជាក់ឲ្យឃើញថា គណបក្សប្រឆាំងមួយនេះ អាចជាគូប្រជែងដ៏ខ្លាំងមួយរបស់គណបក្សប្រជាជននៅក្នុងការបោះឆ្នោតថ្នាក់ជាតិ។
លោក Sebastian Strangio បានលើកឡើងថា៖ «ខ្ញុំយល់ថា ការបង្ក្រាបទាំងនេះ បង្ហាញពីការព្រួយបារម្ភជ្រុលរបស់រដ្ឋាភិបាលកម្ពុជា អំពីលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៩នេះ បើទោះបីជាមិនមានវត្តមានគណបក្សសង្គ្រោះជាតិក៏ដោយ។ ហើយវាក៏បង្ហាញថា រដ្ឋាភិបាលកម្ពុជាបានបោះបង់ចោលមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានចែងក្នុងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស កាលពីដើមទសវត្សរ៍១៩៩០»។
ក្រៅពីការបង្ក្រាបលើសារព័ត៌មានដែលមិនកាន់ជើងរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានបង្កើនកិច្ចខំប្រឹងប្រែងរបស់ខ្លួនក្នុងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ដែលគណបក្សសង្គ្រោះជាតិបានប្រើប្រាស់ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋវ័យក្មេងៗជាច្រើននាក់ ក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣ ដែលបានធ្វើឲ្យទំព័រហ្វេសប៊ុករបស់គណបក្សនេះមានសន្ទុះខ្លាំង។
បន្ថែមលើនេះ រដ្ឋាភិបាលបានបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា បិទគេហទំព័ររបស់កាសែត ឌឹខេមបូឌា ដេលី ហើយកាលពីខែឧសភា រដ្ឋាភិបាលក៏បានចេញសេចក្តីប្រកាសបង្កើតក្រុមការងារពិសេសអន្តរក្រសួង «ដើម្បីបង្ក្រាបការចែកចាយព័ត៌មានណាដែលអាចបង្កអសន្តិសុខក្នុងសង្គម និងគំរាមកំហែងដល់សន្តិសុខជាតិ»។
ប្រជាជនកម្ពុជាមួយចំនួនត្រូវបានចាប់ខ្លួន ឬក៏ឃាត់ខ្លួន ដោយសារតែការបញ្ចេញមតិនយោបាយរបស់ពួកគេនៅលើហ្វេសប៊ុក រួមទាំងអ្នកដែលត្រូវបានចាប់ខ្លួនដោយសារច្បាប់ស្តីអំពីការប្រមាថព្រះមហាក្សត្រផងដែរ។ ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិឲ្យប្រជាពលរដ្ឋធ្វើពហិការមិនទៅចូលរួមការបោះឆ្នោត ត្រូវបានប្រកាសថា ជាទង្វើខុសច្បាប់ទៀតផង។
ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ កំពុងរីករាយនឹងការថ្លែងរបស់លោកនៅតាមវេទិកាសាធារណៈនានា ដែលជាធម្មតាត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោក បន្ថែមពីលើការផ្សាយតាមទូរទស្សន៍ និងវិទ្យុស្ទើរគ្រប់ប៉ុស្តិ៍។ នៅពេលលោកថ្លែងសុន្ទរកថាម្តងៗ លោកតែងតែធ្វើការសន្យានានាជាមួយប្រជាពលរដ្ឋ និងវាយប្រហារគណបក្សប្រឆាំង។
នៅលើទំព័រហ្វេសប៊ុករបស់លោក មានបង្ហោះរូបថតរបស់លោកថតជាមួយកម្មករ និងនិស្សិតយ៉ាងស្និទ្ធស្នាល ឬក៏រូបថតនៅពេលដែលលោកសម្រាកពីការងារនៅផ្ទះជាមួយចៅៗ។ ការបង្ហាញពីសកម្មភាពរបស់លោកតាមបណ្តាញសង្គមនេះ ត្រូវបានគេមើលឃើញថា ជាការប្រឹងប្រែងមួយដើម្បីធ្វើឲ្យរូបលោកកាន់តែនៅកៀកជាមួយយុវជនកម្ពុជា ដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
អ្នកស្រី Astrid Noren-Nilsson សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Lund នៅប្រទេសស៊ុយអ៊ែត ដែលសិក្សាស្រាវជ្រាវអំពីនយោបាយនៅកម្ពុជា បានលើកឡើងថា៖ «ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្តោបក្តាប់អំណាចដឹកនាំប្រទេស ក្នុងរយៈពេលជាង៨ខែចុងក្រោយនេះ យើងឃើញថា លោក ហ៊ុន សែន ក៏ព្យាយាមធ្វើយ៉ាងណាឲ្យរូបលោកក្លាយជាស្តេចហ្វេសប៊ុកម្នាក់នៅកម្ពុជាផងដែរ»។
ក៏ប៉ុន្តែ អ្វីដែលនៅមិនទាន់ច្បាស់នៅឡើយនោះគឺថា តើសកម្មភាពដែលលោកបានចែកចាយនៅតាមបណ្តាញហ្វេសប៊ុកនេះ នឹងជួយធ្វើឲ្យលោកមានប្រជាប្រិយភាពកាន់តែខ្លាំងឬក៏យ៉ាងណា។
ដោយថ្លែងយោងតាមលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ លោក Sebastian Strangio បាននិយាយថា៖ «ការខំចែករំលែកសកម្មភាពតាមហ្វេសប៊ុកនេះហុចជាផលចំណេញតិចតួចទៅវិញទេ»។ លោកបានបញ្ជាក់បន្ថែមថា៖ «ការខំបង្ហាញសកម្មភាពផ្សេងៗរបស់លោក ហ៊ុន សែន នៅតាមបណ្តាញសង្គមហ្វេសប៊ុក មិនអាចជំនួសកិច្ចការជាក់ស្តែងនៃការកែទម្រង់វិស័យសេដ្ឋកិច្ច និងនយោបាយ ដែលចាំបាច់ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាបានទេ»។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ គឺអ្នកស្រី ឃឹម ស្រីមុំ អាយុ៣៨ឆ្នាំ ដែលជាអតីតកម្មការិនីរោងច្រកកាត់ដេរម្នាក់នៅរាជធានី ភ្នំពេញ មានប្រសាសន៍ថា អ្នកស្រីមិនចាប់អារម្មណ៍នឹងការតាមដានលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីនោះទេ។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីតែងតែចង់ស្តាប់ព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងសារព័ត៌មានមួយចំនួនទៀត ដែលត្រូវបានបិទ។
អ្នកស្រីមានប្រសាសន៍ថា៖ «កាលនៅមានវិទ្យុ ខ្ញុំអាចស្តាប់បាន។ វាងាយស្រួលបើក។ ខ្ញុំមិនបានតាមដានព័ត៌មានដូចមុន ហើយឥឡូវនេះវានៅលើហ្វេសប៊ុក។ ពេលខ្លះ ខ្ញុំមិនបានស្តាប់កម្មវិធីទេ។ នៅពេលខ្ញុំស្តាប់វិទ្យុអាស៊ីសេរី ខ្ញុំដឹងអំពីបញ្ហាសង្គម អយុត្តិធម៌ ការរំលោភបំពានច្បាប់។ ព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលមិនរាយការណ៍អាស៊ីសេរីរាយការណ៍»។
លោក សាន សែល អតីតអ្នកសារព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ប្រចាំរាជធានីភ្នំពេញ។ សព្វថ្ងៃនេះ លោកកំពុងធ្វើការងារផ្នែកទីផ្សារ ប៉ុន្តែលោកក៏ព្រួយបារម្ភថា ការបង្ក្រាបលើសារព័ត៌មានឯករាជ្យនឹងបណ្តាលឲ្យពលរដ្ឋកម្ពុជាខ្វះជម្រើសក្នុងការទទួលបានព័ត៌មាន។ (ខាន់ សុគុំមនោ | VOA Khmer)
លោក សាន សែល អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ បានសម្រេចចិត្តធ្វើការផ្នែកទីផ្សារវិញ បន្ទាប់ពីមានការបង្ក្រាបរបស់រដ្ឋាភិបាលលើសារព័ត៌មានឯករាជ្យ។ លោកមិនច្បាស់ថា លោកនឹងអាចវិលត្រឡប់ទៅធ្វើការក្នុងវិស័យសារព័ត៌មានវិញឬក៏យ៉ាងណានោះទេ។
ទោះបីលោកបានបាត់បង់ការងារជាអ្នកសារព័ត៌មានដែលលោកចូលចិត្តក្តី ក៏ការព្រួយបារម្ភធំបំផុតរបស់លោកនោះគឺថា ការបង្ក្រាបលើសារព័ត៌មាន នឹងបង្កឲ្យខាតបង់គំនិតថ្មី ដែលចាំបាច់ក្នុងការចែករំលែក ដើម្បីជួយដល់ការអភិវឌ្ឍសង្គមក្នុងប្រទេសកម្ពុជា។
លោក សាន សែល បានលើកឡើងថា៖ «នៅពេលដែលមានព័ត៌មាន [ឯករាជ្យ]តិច គំនិតក៏មានតូច អីចឹង លំហូរគំនិតវាក៏រួមតូច។ គំនិតរួមតូច ការគិតរបស់អ្នកទទួលបានព័ត៌មានក៏តិចទៅតាមហ្នឹង។ អីចឹង វាជារឿងល្អ ឬក៏យ៉ាងណា?»