សំឡេងសហគមន៍
ភាពច្របូកច្របល់នៃនយោបាយកម្ពុជាបង្កការព្រួយបារម្ភដល់វិស័យកាត់ដេរ
នៅពេលប្រទេសជាម្ចាស់ទីផ្សារនាំចូលផលិតផលកាត់ដេររបស់កម្ពុជា បានព្រមានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជាបានងាកចេញពីការកែទម្រង់ប្រជាធិបតេយ្យនោះ កម្មកររោងចក្រកាត់ដេរមានការព្រួយបារម្ភអំពីការបាត់បង់ការងារធ្វើ។
ភ្នំពេញ ក្នុងចំណោមប្រជាជនកម្ពុជាសរុបជិត ១៦ លាននាក់ មនុស្សចំនួន ៨ សែននាក់ ធ្វើការនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលវិស័យនេះបានផ្ដល់ការងារដល់កម្មកររោងចក្រជាង ៨៥ ភាគរយក្នុងចំណោមកម្មកររោងចក្រទាំងអស់ក្នុងប្រទេសកម្ពុជា។
កម្មកររោងចក្រភាគច្រើនគឺជាស្ត្រីក្មេងៗដែលចាកចេញពីក្រុមគ្រួសាររបស់ពួកគេនៅតាមខេត្តនានា មកធ្វើការរោងចក្រនៅតាមទីក្រុងធំៗ។ ការងាររោងចក្រអាចឲ្យកម្មករទាំងនោះមានលទ្ធភាពផ្ញើប្រាក់ដែលត្រូវការចាំបាច់សម្រាប់ក្រុមគ្រួសាររបស់ពួកគេនៅឯស្រុកកំណើត។
សព្វថ្ងៃនេះ ស្ថិរភាពនៃជីវភាពរបស់កម្មករកាត់ដេរដែលពិបាកនឹងសម្រេចបាននេះកំពុងប្រឈមនឹងបញ្ហា ដោយសារប្រទេសកម្ពុជាបានដើរថយក្រោយពីដំណើរកំណែទម្រង់ប្រជាធិបតេយ្យរយៈពេលជាង ២ ទសវត្សរ៍កន្លងមក ដែលបានរួមចំណែកដល់ការរីកចម្រើនដល់វិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលផ្ដោតលើការនាំចេញ។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងចម្បងបំផុតនៅក្នុងប្រទេសកម្ពុជា បានចាប់លោក កឹម សុខា ដែលជាប្រធានគណបក្សនេះដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ពីបទក្បត់ជាតិ និងបានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា នៅមុនការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ចូលមកដល់នៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ។ លោក ហ៊ុន សែន បានកាន់អំណាចតាំងពីឆ្នាំ ១៩៨៥ មក។
គណបក្សសង្គ្រោះជាតិ ដែលត្រូវបានបង្កើតឡើងដោយការច្របាច់ចូលគ្នារវាងគណបក្ស សម រង្ស៊ី ដែលមានលោក សម រង្ស៊ី ជាមេដឹកនាំ និងគណបក្សសិទ្ធិមនុស្ស ដែលមានលោក កឹម សុខា ជាមេដឹកនាំ បានគាំទ្រឲ្យមានការដំឡើងប្រាក់ខែដល់កម្មកររោងចក្រអស់រយៈពេលជាយូរមកហើយ។
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានប្រឹងប្រែងទាក់ទាញការគាំទ្រពីកម្មកររោងចក្រ ហើយត្រូវគេរំពឹងថានឹងឈ្នះការបោះឆ្នោតខាងមុខនេះ។
នៅក្នុងការឆ្លើយតបទៅនឹងសកម្មភាពនានារបស់លោក ហ៊ុន សែន មុនការបោះឆ្នោត សហភាពអឺរ៉ុបបានគំរាមដកការអនុគ្រោះពន្ធសម្រាប់ទំនិញដែលនាំចូលពីប្រទេសកម្ពុជា។
សហភាពអឺរ៉ុបដែលបានតាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍សិទ្ធិមនុស្ស និងនយោបាយនៅក្នុងប្រទេសកម្ពុជា នៅមុនការបោះឆ្នោត កំពុងនាំចូលផលិតផលកាត់ដេរច្រើនជាង ៤០ ភាគរយនៃផលិតកាត់ដេរសរុបពីប្រទេសកម្ពុជា។ ប្រសិនបើការគំរាមរបស់សហភាពអឺរ៉ុបក្លាយជាការពិតនោះ អ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេមួយក្នុងចំណោមនោះ គឺស្ត្រីដែលពឹងផ្អែកលើលំនឹងប្រាក់ខែដែលបានមកពីវិស័យឧស្សាហកម្មកាត់ដេរ។ ក្នុងចំណោមស្ត្រីទាំងនោះ មានដូចជាអ្នកស្រី ឃុត សម្ផស្ស អាយុ ២៥ ឆ្នាំ អ្នកស្រី លី រស្មី អាយុ ២៣ ឆ្នាំ និងអ្នកស្រី អ៊ុក ដាលីន អាយុ ៣២ ឆ្នាំ និងក្រុមគ្រួសាររបស់ពួកគេជាដើម។
ពួកគេម្នាក់ៗបានចាប់ផ្ដើមធ្វើការជាលើកដំបូង នៅពេលដែលពួកគេមានវ័យជំទង់។
ពួកគេម្នាក់ៗមានកូនតូច ហើយមានកាតព្វកិច្ចផ្គត់ផ្គង់ឪពុកម្ដាយចាស់ជរារបស់ពួកគេ។ ចំណែកអ្នកខ្លះថែមទាំងផ្គត់ផ្គង់កូនតូចៗរបស់ពួកគេនៅឯស្រុកកំណើតទៀតផង។
អ្នកស្រី ឃុត សម្ផស្ស ដែលមានប្រាក់ខែរួមគ្នាជាមួយនឹងប្រាក់ខែស្វាមីរបស់អ្នកស្រីសរុបចំនួន ៤០០ដុល្លារក្នុងមួយខែ បាននិយាយថា៖ «[ខ្ញុំ]ផ្ញើលុយទៅផ្ទះរាល់ខែ។ មួយខែ បើអត់ថែមម៉ោង [ផ្ញើ]មួយខែ ជិត៣០០ដុល្លារ»។
អ្នកស្រី អ៊ុក ដាលីន បានប្រាប់ VOA ថា កម្មករម្នាក់ៗមានការព្រួយបារម្ភ។ អ្នកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិនដឹងថា នឹងមានរឿងអីទៅមុខទៀត»។
អ្នកស្រី ឃុត សម្ផស្ស ធ្វើការជាកម្មករកាត់ដេរនៅរោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ អស់រយៈពេលជាង១០ឆ្នាំហើយ។ អ្នកស្រីបានប្រាប់ VOA ថា អ្នកស្រីនិងស្វាមីត្រូវផ្ញើលុយជាង៣០០ដុល្លារក្នុងមួយខែ ឲ្យម្តាយអ្នកស្រីនៅឯស្រុកកំណើតក្នុងខេត្តស្វាយរៀង សម្រាប់ថ្លៃមើលថែទាំកូនប្រុសរបស់នាងដែលមានអាយុជាង៦ខែ។ (Khan Sokummono | VOA Khmer)
កញ្ញា អ៊ុំ ឌីណា អគ្គលេខាធិការសម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ បានយល់ដឹងខ្លះអំពីអនាគត ដោយកញ្ញាបានបញ្ជាក់ប្រាប់ VOA យ៉ាងដូច្នេះថា៖ «[ការបាត់បង់ការអនុគ្រោះពន្ធ] នាំឲ្យការនាំចេញទៅកាន់ប្រទេសដទៃ ទៅប្រទេសទីបី ត្រូវបង់ពន្ធ។ អីចឹងពួកគាត់ត្រូវធ្វើការកាត់បន្ថយការបញ្ជាទិញ ក៏ដូចជាព្យួរការងារកម្មករកម្មការនីតាមរោងចក្រផ្សេងៗ»។
វិស័យឧស្សាហកម្មកាត់ដេរកម្ពុជាបានរីកចម្រើននៅពាក់កណ្ដាលទសវត្សរ៍ ១៩៩០ បន្ទាប់ពីកងកម្លាំងសេសសល់របស់ពួកខ្មែរក្រហមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅក្នុងឆ្នាំ ១៩៩១។ កិច្ចព្រមព្រៀងសន្តិភាពនេះបានបញ្ចប់សង្គ្រាមស៊ីវិលដ៏វែងអន្លាយរបស់ប្រទេសកម្ពុជា ដែលបានចាប់ផ្ដើមតាំងពីសម័យខ្មែរក្រហមបានដួលរលំមក។ មនុស្សចំនួនប្រហែល១លាន៧សែននាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។
សន្តិភាពបានបង្កើតឲ្យមានស្ថិរភាព ដែលស្ថិរភាពនេះបានរីកដុះដាលឡើង មួយផ្នែកដោយសារតែច្បាប់វិនិយោគឆ្នាំ ១៩៩៤ របស់ប្រទេសកម្ពុជា។ ច្បាប់នេះបានបង្កើតឲ្យមានអ្វីមួយដែលក្រសួងការបរទេសសហរដ្ឋអាមេរិកហៅថា ជា«របបវិនិយោគបរទេសដែលបើកចំហ និងសេរី»។
វិនិយោគិនផ្នែកវិស័យកាត់ដេរមកពីទីក្រុងហុងកុង កោះតៃវ៉ាន់ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានសម្រុកចូលមកធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីទាញផលប្រយោជន៍ពី «លទ្ធភាពរបស់ប្រទេសកម្ពុជានៅក្នុងការចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក និងទីផ្សាររបស់អឺរ៉ុបដោយមិនមានកូតាកំណត់ គួបផ្សំនឹងអត្រាប្រាក់បៀវត្សរ៍ទាបនៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមការបញ្ជាក់របស់លោក Sithong Soeng និងលោក Vijit Supinit នៅក្នុងអត្ថបទស្រាវជ្រាវមួយដែលមានចំណងជើងថា «ការវិភាគលើការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងវិស័យវាយនភណ្ឌ និងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា» ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ ២០១៦ ដោយព្រឹត្តិបត្រស្រាវជ្រាវ International Journal of Thesis Projects and Dissertations។ គិតមកត្រឹមឆ្នាំ ១៩៩៨ ស្របពេលដែលប្រាក់បៀវត្សរ៍ផ្នែកឧស្សាហកម្មនៅក្នុងប្រទេសចិន និងនៅកោះតៃវ៉ាន់ បានកើនឡើងមានអត្រាពីរខ្ទង់ជារៀងរាល់ឆ្នាំ ប្រាក់ខែអប្បបរមារបស់កម្មករនៅក្នុងប្រទេសកម្ពុជាគឺមានចំនួនតែ ៤០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
ឧស្សាហកម្មកាត់ដេរមានចំណែកស្មើនឹង ៤៦,៦ ភាគរយ នៃការនាំចេញសរុបរបស់ប្រទេសកម្ពុជានៅត្រឹមឆ្នាំ ២០១៧ ស្របពេលដែលឧស្សាហកម្មនេះបានក្លាយជាសមរភូមិប្រយុទ្ធផ្នែកនយោបាយនៅពេលបច្ចុប្បន្ននេះ។
អស់រយៈពេលជាយូរមកហើយ សំឡេងបោះឆ្នោតរបស់កម្មករកាត់ដេរគឺជាឧបសគ្គសម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ចំណែកឯគណបក្ស សម រង្ស៊ី ដែលជាគណបក្សយកឈ្មោះតាមលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្នុងប្រទេសបារាំងវិញ បានគាំទ្រកម្មករកាត់ដេរអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដើម្បីតវ៉ាឲ្យមានការដំឡើងប្រាក់ខែ និងឲ្យមានការទទួលស្គាល់សិទ្ធិរបស់កម្មករទាំងនោះ។
ការគាំទ្រនេះធ្វើឲ្យគណបក្ស សម រង្ស៊ី ទទួលបានលទ្ធផលល្អ ដោយគណបក្សនេះបានឈ្នះអាសនៈចំនួន ១៥ ក្នុងចំណោមអាសនៈសរុបចំនួន ១២៣ នៅក្នុងរដ្ឋសភាជាតិ នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩៨ និងទទួលបានអាសនៈចំនួន ២៤ នៅក្នុងការបោះឆ្នោតឆ្នាំ ២០០៣ និងចំនួន ២៦ អាសនៈ នៅក្នុងការបោះឆ្នោតឆ្នាំ ២០០៨។ បន្ថែមពីនេះទៀត គណបក្ស សម រង្ស៊ី ទទួលបានអាសនៈចំនួន ២ នៅក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ ២០០៦ និងទទួលបានអាសនៈព្រឹទ្ធសភានេះចំនួន ៩ នៅក្នុងឆ្នាំ ២០១២។
គិតមកត្រឹមការបោះឆ្នោតថ្នាក់ជាតិខែ កក្កដា ឆ្នាំ ២០១៣ បន្ទាប់ពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិមក គណបក្សសង្គ្រោះជាតិនេះទទួលបានអាសនៈចំនួន ៥៥ ក្នុងចំណោមអាសនៈសរុបចំនួន ១២៣ នៅក្នុងរដ្ឋសភាជាតិ។
ការបាត់បង់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន មួយផ្នែកគឺបណ្ដាលមកពីការប្រឹងប្រែងជាបន្តបន្ទាប់របស់គណបក្សប្រឆាំងនៅក្នុងការជំរុញឲ្យមានការដំឡើងប្រាក់ខែអប្បបរមាដល់កម្មកររោងចក្រ។
ការគាំទ្ររបស់គណបក្សប្រឆាំងចំពោះកម្មករកាត់ដេរដូចនេះ ក៏ត្រូវបានបង្ហាញឲ្យដឹងជាសាធារណៈផងដែរតាមរយៈការធ្វើបាតុកម្មតាមដងផ្លូវនានា។
កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៤ នៅក្នុងការតវ៉ាឲ្យមានការដំឡើងប្រាក់ខែអប្បបរមានៅក្នុងរាជធានី ភ្នំពេញ កងរាជអាវុធហត្ថបានបាញ់រះលើក្រុមកម្មកររោងចក្រដែលធ្វើការតវ៉ានៅតាមដងផ្លូវវេងស្រេង ដែលបណ្តាលឲ្យកម្មករយ៉ាងតិច ៥ នាក់បានស្លាប់ និងជាង ២០ នាក់ផ្សេងទៀតរងរបួស។
អ្នកស្រី ឃុត សម្ផស្ស បានប្រាប់ VOA ថា អ្នកស្រីបានឃើញការធ្វើបាតុកម្មនេះដោយផ្ទាល់ភ្នែក ប៉ុន្តែ «មិនបានចូលរួមនៅក្នុងបាតុកម្មនេះទេ»។
ប្រាក់ខែអប្បបរមាបានកើនឡើងពី ៦១ ដុល្លារ នៅក្នុងឆ្នាំ ២០១២ ដល់ ១៧០ ដុល្លារនៅក្នុងឆ្នាំ ២០១៨ នេះ ហើយលោក ហ៊ុន សែន បានចុះទៅជួបកម្មករជាញឹកញាប់នៅតាមរោងចក្រកាត់ដេរនានា ដោយលោកបានថ្លែងសន្យាថា ប្រាក់ខែអប្បបរមារបស់កម្មករនឹងកើនរហូតដល់ ២៣០ ដុល្លារ នៅត្រឹមឆ្នាំ ២០២៣។
រូបថតខាងលើ៖ កម្មកររោងចក្រកាត់ដេរជាច្រើននាក់បាននាំគ្នាគប់ដុំថ្មដាក់កងរាជអាវុធហត្ថដែលប្រដាប់ដោយកាំភ្លើង នៅក្នុងការធ្វើបាតុកម្មតវ៉ាមួយនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ រូបថតខាងក្រោម៖ បុរសម្នាក់ត្រូវបានសន្តិសុខខណ្ឌ៧មករា វាយនឹងដំបងដែក នៅក្នុងអំឡុងពេលដែលលោកចូលរួមដង្ហែក្បួនប្រារព្ធទិវាពលកម្មអន្តរជាតិ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤។ (Reuters)
ក្នុងមួយថ្ងៃៗ អ្នកស្រី ឃុត សម្ផស្ស អាចដេរភ្ជាប់សាច់ក្រណាត់បានប្រហែល១ ពាន់។ អ្នកស្រីធ្វើការនៅក្នុងផ្នែកផលិតសម្លៀកបំពាក់ទារករបស់រោងចក្រ U.D.S. Garment Co., Ltd។
សម្លៀកបំពាក់ដែលផលិតមានតម្លៃពី ៧០ ទៅ ៨០ ដុល្លារ ក្នុងមួយឈុត បើលក់នៅបរទេស។ នេះបើយោងតាមស្លាកតម្លៃដែលភ្ជាប់នឹងសម្លៀកបំពាក់ទាំងនោះមុនពេលបញ្ជូនចេញពីកម្ពុជាទៅលក់នៅបរទេស។
អ្នកស្រី ឃុត សម្ផស្ស ទទួលបានប្រាក់ខែប្រហែល ២០០ដុល្លារក្នុងមួយខែ ដោយមិនគិតប្រាក់ឈ្នួលធ្វើការថែមម៉ោង។
នៅក្រោមបេឡាជាតិរបបសន្តិសុខសង្គមនៃប្រទេសកម្ពុជា អ្នកស្រី ឃុត សម្ផស្ស និងកម្មករកាត់ដេរដទៃទៀតដែលធ្វើការជាមួយអ្នកស្រី មានសិទ្ធិឈប់សម្រាកមាតុភាពចំនួន ៣ ខែ ឈប់សម្រាកថ្ងៃបុណ្យជាតិចំនួន ២៨ ថ្ងៃ និងឈប់សម្រាកព្យាបាលជំងឺរហូតដល់ ៦ ខែ ដោយមិនមានកាត់ប្រាក់ខែ ប្រសិនបើមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានតម្រូវឲ្យវិនិយោគបង្កើនវិភាគទានបន្ថែមទៀតសម្រាប់និយោជិករបស់ពួកគេ ដោយបង់ចូលទៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម។
ទោះបីជាផលប្រយោជន៍ទាំងនោះមានន័យថា អ្នកស្រី ឃុត សម្ផស្ស អាចឈប់សម្រាកមាតុភាព ៣ ខែ ក្រោយពីកូនប្រុសរបស់អ្នកស្រីបានកើតរួចហើយក៏ដោយ ក៏កម្មករកាត់ដេរទូទៅចង់ឲ្យមានការអនុវត្តប្រសើរជាងនេះ ដោយសារតែពួកគេមិនទទួលបានផលប្រយោជន៍ ដែលមើលទៅឃើញល្អតែក្នុងក្រដាសនោះទេ។
អ្នកស្រី លី រស្មី ដែលជាកម្មករកាត់ដេរនៅក្នុងខេត្តកំពង់ស្ពឺ នៅតែធ្វើការក្នុងអំឡុងពេលអ្នកស្រីមានផ្ទៃពោះរហូតដល់ពេលដែលកូនដំបូងរបស់អ្នកស្រីជិតកើត ដែលកូននោះបានកើតកាលពីខែ មីនា កន្លងទៅនេះ។
អ្នកស្រីបាននិយាយថា អ្នកស្រីមិនហ៊ានឈប់សម្រាកញឹកញាប់ទេ ដោយសារតែអ្នកស្រី រួមជាមួយនឹងប្ដីរបស់អ្នកស្រី និងប្អូនស្រីរបស់អ្នកស្រី ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។ ពួកគេបានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះដើម្បីទិញម៉ូតូ និងកែកុនផ្ទះរបស់ពួកគេ ពីផ្ទះឈើដំបូលប្រក់ស្បូវទៅជាផ្ទះថ្ម។
អ្នកស្រីបានបន្ថែមថា ប្រសិនបើអ្នកស្រីបាត់បង់ការងារ និងមិនអាចជួយសងបំណុលបាន នោះអ្នកស្រី «នឹងបាត់បង់អ្វីៗទាំងអស់»។
អ្នកស្រី អ៊ុក ដាលីន ដែលធ្វើការនៅរោងចក្រស្បែកជើងកីឡា Can Sports Shoes នៅក្នុងខេត្តកំពង់ឆ្នាំង មានកូនប្រុសម្នាក់ទើបនឹងកើត ដែលជាកូនទីពីររបស់អ្នកស្រី។
ឥឡូវនេះ អ្នកស្រីកំពុងឈប់សម្រាកមាតុភាពរយៈពេល ៣ ខែ ដែលទទួលបានប្រាក់បៀវត្សរ៍តែម្តងប៉ុណ្ណោះចំនួន ៣៦០ ដុល្លារ ពីថៅកែរបស់អ្នកស្រី។
ប្ដីរបស់អ្នកស្រីក៏ធ្វើការនៅក្នុងផ្នែកកាត់ដេរដែរ។ អ្នកស្រីបាននិយាយថា ក្រុមគ្រួសាររបស់អ្នកស្រីមិនមានបញ្ហាអ្វីនោះទេផ្នែកហិរញ្ញវត្ថុ។ ពួកគេមិនជំពាក់បំណុលគេទេ ហើយពួកគេបានធ្វើស្រែ ដែលអាចឲ្យពួកគេមានអង្ករគ្រប់គ្រាន់សម្រាប់ការហូបចុកក្នុងគ្រួសារ។
ដូចអ្នកស្រី ឃុត សម្ផស្ស និងអ្នកស្រី លី រស្មី ដែរ អ្នកស្រី អ៊ុក ដាលីន បាននិយាយថា អ្នកស្រី «ពេញចិត្ត» នឹងការដំឡើងប្រាក់ខែអប្បបរមានេះ និងពេញចិត្តនឹងការជំរុញរបស់លោក ហ៊ុន សែន ឲ្យមានការធ្វើកំណែទម្រង់លើវិស័យឧស្សាហកម្មកាត់ដេរនេះ។
ស្ត្រីទាំង ៣ រូប បានបញ្ជាក់ថា ពួកគេដឹងថា នៅមានភាពចាំបាច់នៅក្នុងការធ្វើឲ្យច្បាប់ និងបទប្បញ្ញត្តិនានាកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយជាងនេះ ដើម្បីឲ្យថៅកែមានការទទួលខុសត្រូវចំពោះការរំលោភបំពានផ្សេងៗ។
ប្រសិនបើរដ្ឋាភិបាលនៅតែបន្តធ្វើកំណែទម្រង់លើវិស័យកាត់ដេរ អ្នកស្រី អ៊ុក ដាលីន ជឿថា «ជីវភាពរបស់កម្មករប្រាកដជានឹងបានប្រសើរជាងនេះ»។
ប៉ុន្តែ ពួកគេបានឃើញផលប៉ះពាល់នៃការគំរាមកំហែងដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើវិស័យឧស្សាហកម្មកាត់ដេរ ដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនូវតម្រូវការផ្នែកលក់រាយ និងការកើនឡើងនូវការប្រកួតប្រជែងនៅក្នុងតំបន់។
គិតមកទល់ខែមេសា ឆ្នាំនេះ យ៉ាងហោចណាស់មានរោងចក្រចំនួន ២០ ត្រូវបានបិទទ្វារ ឬក៏ចាកចេញពីប្រទេសកម្ពុជារួចទៅហើយ។ នេះបើតាមការបញ្ជាក់របស់កញ្ញា អ៊ុំ ឌីណា អគ្គលេខាធិការសម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ ដែលសម្រេចមិនចូលរួមនៅក្នុងពិធីជួបជុំនានារបស់លោក ហ៊ុន សែន ជាមួយនឹងកម្មករកន្លងមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្តាល) ឈរមើលកម្មករកាត់ដេរម្នាក់ធ្វើការ ក្នុងអំឡុងពេលដែលលោកបានចុះទៅសំណេះសំណាលជាមួយកម្មករនៅរោងចក្រមួយនៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ (Heng Sinith | AP)
កាលពីចុងខែ មីនា កន្លងទៅនេះ សមាគមសម្លៀកបំពាក់និងស្បែកជើងអាមេរិក (American Apparel & Footwear Association) និងអង្គការគំនិតផ្ដួចផ្ដើមការធ្វើពាណិជ្ជកម្មប្រកបដោយសីលធម៌ (Ethical Trading Initiative) របស់ចក្រភពអង់គ្លេស បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោក ហ៊ុន សែន ដោយព្រមានថា ច្បាប់សហជីពពាណិជ្ជកម្មឆ្នាំ ២០១៦ របស់ប្រទេសកម្ពុជា ដែលដាក់កំហិតលើសេរីភាពនៃការជួបជុំ និងសិទ្ធិបង្កើតសមាគម បានធ្វើឲ្យ «ប្រទេសកម្ពុជាក្លាយទៅជាកន្លែងដែលមិនគួរឲ្យទាក់ទាញ និងជាកន្លែងមួយដែលត្រូវចំណាយខ្ពស់សម្រាប់ការធ្វើអាជីវកម្ម»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍។
ទោះបីជាកញ្ញា អ៊ុំ ឌីណា នៃសម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ និយាយថា កញ្ញា «គាំទ្រអ្វីដែលរដ្ឋាភិបាលបានធ្វើ» និងគាំទ្រអ្វីដែលរដ្ឋាភិបាលបានបញ្ជាក់ថា រដ្ឋាភិបាលមានគោលបំណងធ្វើឲ្យជីវភាពរស់នៅរបស់កម្មករមានភាពប្រសើរឡើងក៏ដោយ ក៏កញ្ញានិយាយថា៖ «វានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ»។
ថវិការដ្ឋាភិបាលចំនួន ៤លាន៦សែនដុល្លារអាមេរិក សម្រាប់បង់ឲ្យកម្មករមកពីរោងចក្រដែលបានបិទទ្វារចំនួន ៩ ត្រូវបានប្រគល់ឲ្យកម្មករម្នាក់ៗចំនួន ៤១ ដុល្លារ។ នេះជាប្រាក់ដែលទទួលបានក្រោយឈប់ពីការងារ បន្ទាប់ពីកម្មករទាំងនេះបានធ្វើការអស់រយៈពេល ៩ ឆ្នាំ កន្លងមក។
គេនៅមិនទាន់ច្បាស់ទេថាតើការបិទទ្វាររបស់រោងចក្រទាំងនេះមានទំនាក់ទំនងជាមួយនឹងការគំរាមដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ឬយ៉ាងណា។ ប៉ុន្តែកញ្ញា អ៊ុំ ឌីណា នៅតែជឿជាក់ថា បរិយាកាសនយោបាយនៅក្នុងប្រទេសកម្ពុជាគឺប៉ះពាល់ដល់វិស័យឧស្សាហកម្មកាត់ដេរ និងប៉ះពាល់ដល់កម្មកររាប់សែននាក់ដែលពឹងផ្អែកលើវិស័យនេះ។
កញ្ញាបាននិយាយថា៖ «ស្ថានភាពនយោបាយមិនមានស្ថិរភាព ធ្វើឲ្យបញ្ហារោងចក្របិទ។ បើសិនជារដ្ឋាភិបាលអាចកែប្រែស្ថានភាពនយោបាយបានល្អ ខ្ញុំសង្ឃឹមថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជានឹងមានការកើនឡើងដែរ»៕
កម្ពុជា (១៩៥៣ - ២០១៨)
[x]
ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨
សហគមន៍អន្តរជាតិថ្កោលទោសការបោះឆ្នោតថា «មិនសេរីឬយុត្តិធម៌»
អ្នកនាំពាក្យរបស់សេតវិមាននៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថាខ្លួននឹងចាត់វិធានការថែមទៀតលើរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោត ដែលខ្លួនចាត់ទុកថាមិនបានរៀបចំមានលក្ខណៈ សេរីនិង យុត្តិធម៌ និង មិនបានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយបានចូលរួម។
ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨
គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះអាសនៈទាំងអស់នៃរដ្ឋសភា
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ខ្លួនឈ្នះអាសនៈរដ្ឋសភាទាំង ១២៥ អាសនៈ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ដែលជាការបោះឆ្នោតមួយដែលអ្នករិះគន់ថាគ្មានភាពសេរី និងយុត្តិធម៌ ដោយសារគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ចម្បងបំផុតត្រូវបានរារាំងមិនឲ្យចូលរួម។
ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨
កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានរដ្ឋាភិបាលឯកបក្ស
គណបក្សប្រជាជនកម្ពុជាបាននិយាយថា ខ្លួនទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋសភាជាតិ នៅក្នុងការបោះឆ្នោតដែលរងការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្សថា ជាការបោះឆ្នោតដ៏គួរឲ្យអាម៉ាស ពីព្រោះគណបក្សប្រឆាំងដ៏ធំត្រូវបានរារាំងមិនឲ្យចូលរួមក្នុងការបោះឆ្នោតនេះ។
ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨
ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកទ្វារដោយគ្មានវត្តមានគណបក្សសង្គ្រោះជាតិ
ការិយាល័យបោះឆ្នោតជិត២ម៉ឺន៣ពាន់ការិយាល័យក្នុងប្រទេសកម្ពុជា បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីឲ្យអ្នកបោះឆ្នោតរាប់លាននាក់ បានជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តដើម្បីដឹកនាំស្ថាប័ននីតិបញ្ញត្តិ ឬសភា និងស្ថាប័ននីតិប្រតិបត្តិ ឬរដ្ឋាភិបាល។
ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨
រដ្ឋាភិបាលរាំងខ្ទប់វេបសាយរបស់ស្ថាប័នព័ត៌មានមួយចំនួន
មន្ត្រីរដ្ឋាភិបាល បានបញ្ជាក់ថា ខ្លួនបានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត និងបណ្ដាញទូរស័ព្ទទាំងអស់នៅក្នុងប្រទេស បិទការចូលអានវេបសាយព័ត៌មានយ៉ាងហោចចំនួន១៥ ដែលរិះគន់រដ្ឋាភិបាល អំឡុងថ្ងៃស និងថ្ងៃបោះឆ្នោត ក្រោមហេតុផលថា«រំខានដល់ការបោះឆ្នោត»។
ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨
សមាជិកបក្សប្រឆាំង៥រូបរងការផាកពិន័យម្នាក់ៗចំនួន១០លានរៀលដោយសារបង្ហោះរូបម្រាមដៃស្អាត
សមាជិកគណបក្សសង្គ្រោះជាតិចំនួន៥នាក់ ក្នុងខេត្តបាត់ដំបង ត្រូវបានផាកពិន័យក្នុងម្នាក់ចំនួន១០លានរៀល ដោយរងការចោទថាបានបង្ហោះសារម្រាមដៃស្អាតមិនទៅបោះឆ្នោត។
ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨
ពលរដ្ឋខ្មែរយល់ឃើញខុសគ្នាចំពោះការបោះឆ្នោត ខណៈយុទ្ធនាការឃោសនាបានបញ្ចប់
យុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល២១ថ្ងៃ បានបិទបញ្ចប់ហើយនៅថ្ងៃសុក្រនេះ ជាមួយទស្សនៈយល់ឃើញផ្សេងគ្នារបស់អ្នកគាំទ្រ សមាជិកបក្ស និងពលរដ្ឋសាមញ្ញទូទៅ ចំពោះបរិយាកាសនៅថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨
សហរដ្ឋអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា
រដ្ឋសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ (Cambodia Democracy Act of 2018) ដែលនឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨
ប្រទេសជប៉ុនមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជាទេ
ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកសង្កេតការណ៍បោះឆ្នោតទេ ទោះបីជារដ្ឋាភិបាលទីក្រុងតូក្យូដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាធ្លាប់បានបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាច្រើនលើកកន្លងមកហើយក៏ដោយ។
ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៨
រដ្ឋាភិបាលបញ្ជាឱ្យផាកពិន័យអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតមិនទៅបោះឆ្នោត
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរចាប់អ្នកបង្ហោះសារម្រាមដៃស្អាតលើបណ្តាញអ៊ីនធឺណិត ដែលបង្ហាញពីការមិនទៅបោះឆ្នោត ឲ្យបង់ពិន័យជាប្រាក់ពី៥លានរៀលទៅ២០លានរៀល។
ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ស្ថាប័នរដ្ឋនៃប្រទេសកម្ពុជាប្រឈមនឹងការវាយប្រហារតាមអ៊ីនធឺណិតពីចិន
ក្រុមអ្នកលួចចូលប្រព័ន្ធអ៊ីនធឺណិត (hackers) ត្រូវបានគេរកឃើញថា បានលួចចូលប្រព័ន្ធអ៊ីនធឺណិតនិងកុំព្យូទ័រនៃស្ថាប័នរដ្ឋសំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជា ដែលអ្នកជំនាញជឿថា ជាការវាយប្រហារតាមអ៊ីនធឺណិតដែលរៀបចំដោយរដ្ឋាភិបាលចិន នៅមុនការបោះឆ្នោតជាតិនៅចុងខែកក្កដានេះ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតមួយឈ្មោះ FireEye Inc. របស់សហរដ្ឋអាមេរិក។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨
យុទ្ធនាការឃោសនាបោះឆ្នោតជាតិចាប់ផ្តើម
យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ចាប់ផ្តើម។ គណបក្សនយោបាយចំនួន២០បានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨
អ្នកសង្កេតការណ៍៥០០០០នាក់នឹងសង្កេតមើលការបោះឆ្នោតនៅខែកក្កដា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា អ្នកសង្កេតការណ៍៥០០០០នាក់ ដែលខ្លះមកពីចិន មីយ៉ាន់ម៉ា និងសិង្ហបុរី នឹងសង្កេតមើលការបោះឆ្នោតនៅថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨
UN ថាបរិយាកាសនយោបាយនៅកម្ពុជាមិនធ្វើឲ្យការបោះឆ្នោតសេរីទេ
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសនូវែលហ្សឺឡង់និងប្រទេសជាសមាជិកដទៃទៀតបានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាត្រឡប់មករកប្រជាធិបតេយ្យដើម្បីរៀបចំការបោះឆ្នោតជាតិប្រកបដោយសេរីនិងយុត្តិធម៌ ដោយហៅបរិយាកាសនយោបាយបច្ចុប្បន្ននៅកម្ពុជាថា«មិនសមស្របសម្រាប់ការបោះឆ្នោតមួយដែលមានលក្ខណៈសេរី យុត្តិធម៌ និងពិតប្រាកដនោះទេ»។
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨
អាមេរិកដាក់ទណ្ឌកម្មប្រធានកងអង្គរក្សលោក ហ៊ុន សែន
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការបំពានសិទ្ធិមនុស្ស។
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨
កងកម្លាំងពិសេសត្រូវបានបង្កើតឡើងដើម្បីឃ្លាំមើលព័ត៌មានលើអ៊ីនធឺណិត
រដ្ឋាភិបាលចេញសេចក្តីបង្គាប់មួយ ថាខ្លួននឹងធ្វើការជាមួយនឹងក្រុមហ៊ុនប្រិយសណីយ៍ ដើម្បីតាមដាននិងត្រួតពិនិត្យមើលព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិត ដែលទំនងជាអាចបង្កឲ្យមាន«អស្ថិរភាព» ដែលនេះគឺជាផ្នែកមួយនៃការបង្ក្រាបដែលមិនធ្លាប់មានពីមុនរបស់រដ្ឋាភិបាល នៅមុនការបោះឆ្នោតថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ។
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨
គ.ជ.ប បង្កើតក្រមសីលធម៌សម្រាប់អ្នកកាសែត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្កើតក្រមសីលធម៌ដ៏ចម្រូងចម្រាសមួយសម្រាប់អ្នកកាសែត ដែលយកព័ត៌មាននៅថ្ងៃបោះឆ្នោត ក្នុងនោះក៏រួមមានការហាមឃាត់មិនឲ្យអ្នកកាសែតសួរព័ត៌មានលម្អិតអំពីលទ្ធផលនៃការបោះឆ្នោតផងដែរ។
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨
គណនបក្ស២០បានចុះឈ្មោះ
ទោះជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ គណបក្សនយោបាយចំនួន២០រួមទាំងគណបក្សប្រជាជនកម្ពុជា បានចុះឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា។
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨
Comfrel ដកខ្លួនមិនសង្កេតមើលការបោះឆ្នោត
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលហៅកាត់ថាខុមហ្វ្រែល បានឲ្យដឹងថា ខ្លួនមិនចូលរួមសង្កេតមើលការបោះឆ្នោតនៅខែកក្កដានេះទេ ដោយយោងលើការចោទប្រកាន់របស់រដ្ឋាភិបាលទៅលើអង្គការនេះនិងអង្គការដទៃទៀតថាចូលរួមលើកស្ទួយការធ្វើ«បដិវត្តន៍ពណ៌» នៅកម្ពុជា។
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨
UN អំពាវនាវឲ្យដោះលែងលោក កឹម សុខា
អង្គការឃ្លាំមើលការឃុំឃាំងតាមទំនើងចិត្តនិងសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយបានហៅការចាប់លោកដាក់ពន្ធនាគារថា «មិនមានលក្ខណៈមនុស្សធម៌»និង«គួរឲ្យអាម៉ាស់»។
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨
កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានលក់
កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាកាសែតឯករាជ្យចុងក្រោយបង្អស់នៅកម្ពុជានិងដែលបោះពុម្ពផ្សាយជាភាសាអង់គ្លេស ត្រូវបានលក់ឲ្យអ្នកវិនិយោគម៉ាឡេស៊ី ដែលក្រុមហ៊ុនរបស់លោកមានជាប់ពាក់ព័ន្ធនឹងលោក ហ៊ុន សែន។
ខែមករា ឆ្នាំ២០១៨
លោក សម រង្ស៊ី បង្កើតចលនា CNRM
លោក សម រង្ស៊ី អតីតប្រធានគណបក្ស CNRP បង្កើតចលនាសង្រ្គោះជាតិ (CNRM) ដែលលោកអះអាងថាដើម្បីធ្វើឲ្យគណបក្ស CNRP នៅតែ«រស់រានមានជីវិត» និង«មិនអាចត្រូវរំលាយបាន» ដោយសារតែចលនានេះមិនត្រូវចុះបញ្ជីជាមួយនឹងរដ្ឋាភិបាលកម្ពុជានោះទេ។ លោក សម រង្ស៊ី បាននិយាយថា ចលនានេះមានផែនការសកម្មភាពរបស់ខ្លួន ដែលរួមទាំងធានាថា ធ្វើឲ្យការបោះឆ្នោតនៅកម្ពុជានៅក្នុងកក្កដាខាងមុខនេះ មានលក្ខណៈសេរីនិងយុត្តិធម៌ផងដែរ។
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧
តុលាការកំពូលរំលាយគណបក្ស CNRP
តុលាការកំពូលនៃប្រទេសកម្ពុជាចេញសាលក្រមឲ្យរំលាយគណបក្ស CNRP។ សមាជិកគណបក្សប្រឆាំងមួយចំនួនបានស្ម័គ្រចិត្តចូលរួមជាមួយនឹងគណបក្ស CPP ខណៈដែលសមាជិកជាច្រើនទៀតរត់ភៀសខ្លួនទៅក្រៅប្រទេសឬត្រូវបង្ខំឲ្យឈប់ធ្វើនយោបាយ។
ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧
អ្នកស្រី មូរ សុខហួរ រត់ភៀសខ្លួន
លោកស្រី មូរ សុខហួរ រត់ភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមចាប់ខ្លួនអ្នកនយោបាយខាងគណបក្សប្រឆាំងបន្ថែមទៀត។
ខែកញ្ញា ឆ្នាំ២០១៧
វិទ្យុអាស៊ីសេរីបិទការិយាល័យនៅកម្ពុជា
វិទ្យុអាស៊ីសេរី (RFA) បញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា បន្ទាប់ពីដំណើរការជិត២០ឆ្នាំ ដោយផ្អែកលើហេតុផលនៃការបង្ក្រាបរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយ។ វិទ្យុក្នុងស្រុកជាច្រើននៅកម្ពុជាដែលលក់ម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ត្រូវបិទទ្វារ ដោយផ្អែកលើហេតុផលគ្មានអាជ្ញាប័ណ្ណដើម្បីដំណើរការ។ វិទ្យុដទៃទៀតដែលនៅដំណើរការឈប់ផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)។
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧
កាសែត Cambodia Daily បិទទ្វារ
កាសែតឯករាជ្យ Cambodia Daily ប្រកាសថានឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្រោយពីដំណើរការអស់រយៈពេល២៤ឆ្នាំ នៅពេលដែលកាសែតនេះពាក់ព័ន្ធនឹងការមិនបង់ពន្ធ៦,៣លានដុល្លារ ប៉ុន្តែបណ្ណាធិការកាសែតនេះនិយាយថា រឿងនេះពាក់ព័ន្ធនឹងនយោបាយ ហើយខ្លួនមិនមានលទ្ធភាពបង់ពន្ធនោះទេ។
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧
លោក កឹម សុខា ត្រូវចាប់ខ្លួន
លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងត្រូវបានចាប់ខ្លួនទាំងកណ្តាលអាធ្រាត្រនៅក្នុងផ្ទះរបស់លោកនៅរាជធានី ភ្នំពេញ ពីបទក្បត់ជាតិ ដោយរដ្ឋាភិបាលចោទប្រកាន់លោកថាឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ហ៊ុន សែន បានព្រមានកុំឲ្យគណបក្ស CNRP ការពារលោក កឹម សុខា បើមិនដូច្នោះទេ អាចប្រឈមនឹងការរំលាយគណបក្ស។
ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧
វិទ្យាស្ថានជាតិប្រជាធិបតេយ្យត្រូវបង្ខំឲ្យបិទទ្វារ
វិទ្យាស្ថានជាតិប្រជាធិបតេយ្យដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកត្រូវបានរដ្ឋាភិបាលកម្ពុជាបង្ខំឲ្យបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាចំពោះការមិនចុះបញ្ជីតាមច្បាប់។
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧
រដ្ឋសភាអនុម័តច្បាប់ហាមឃាត់គណបក្សនយោបាយ
រដ្ឋសភាជាតិបានអនុម័តលើច្បាប់មួយដែលហាមឃាត់គណបក្សនយោបាយមិនឲ្យពាក់ព័ន្ធជាផ្លូវការជាមួយនឹងឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់ជាផ្លូវការ។
ខែមិថុនា ឆ្នាំ២០១៧
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកទីបួន
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់ជាលើកទីបួន។ គណបក្ស CPP ឈ្នះបានសំឡេងភាគច្រើន ប៉ុន្តែបាត់បង់សំឡេងគាំទ្រយ៉ាងច្រើនទៅគណបក្ស CNRP។
ខែមីនា ឆ្នាំ២០១៧
លោក កឹម សុខា ក្លាយជាប្រធានគណបក្ស CNRP
លោក កឹម សុខា ជំនួសតំណែងលោក សម រង្ស៊ី ជាប្រធានគណបក្ស CNRP។
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧
លោក សម រង្ស៊ី លាលែងពីតំណែងប្រធាន CNRP
លោក សម រង្ស៊ី ដែលជាមេដឹកនាំនិរទេសខ្លួនរបស់គណបក្សCNRPលាលែងពីតំណែង ដើម្បីព្យាយាមរក្សាគណបក្សកុំឲ្យត្រូវបានគេរំលាយ បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមប្ដូរច្បាប់ថ្មីមួយ ដើម្បីឲ្យរដ្ឋាភិបាលអាចរំលាយគណបក្សណាដែលមានមន្ត្រីប្រព្រឹត្តបទឧក្រិដ្ឋ។
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦
ព្រះមហាក្សត្រព្រះរាជទានលើកលែងទោសលោក កឹម សុខា
ព្រះមហាក្សត្រ សីហមុនី ព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា តាមសំណើរបស់លោក ហ៊ុន សែន។
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦
លោក កឹម សុុខា ត្រូវបានកាត់ទោស
តុលាការរាជធានី ភ្នំពេញ កាត់ទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ ជុំវិញករណីសំណុំរឿងស្នេហាលួចលាក់របស់លោក ដែលគេជឿថាពាក់ព័ន្ធនឹងនយោបាយ។ លោក កឹម សុខា មិនបានបង្ហាញខ្លួននៅតុលាការតាមដីកាកោះនោះទេ។
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦
លោក កែម ឡី ត្រូវបានគេបាញ់សម្លាប់
លោក កែម ឡី ដែលជាសកម្មជននយោបាយដ៏ល្បីឈ្មោះម្នាក់និងជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ម្នាក់ ត្រូវបានគេបាញ់សម្លាប់នៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយកណ្តាលរាជធានី ភ្នំពេញ ទាំងកណ្តាលថ្ងៃ ដែលប៉ូលិសនិយាយថាពាក់ព័ន្ធនឹងជម្លោះប្រាក់កម្ចី៣០០០ដុល្លារ ប៉ុន្តែភរិយារបស់លោក កែម ឡី បានបដិសេធ។
ខែមិថុនា ឆ្នាំ២០១៦
លោក កឹម សុខា លាក់ខ្លួន
លោក កឹម សុខា ចាប់ផ្តើមលាក់ខ្លួននៅទីស្នាក់ការរបស់គណបក្ស CNRP ដើម្បីចៀសវាងការចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោក។
ខែមេសា ឆ្នាំ២០១៦
មន្ត្រី៥នាក់ត្រូវបានចាប់ខ្លួន
មន្ត្រី៤នាក់នៃអង្គការការពារសិទ្ធិមនុស្ស អាដហុក និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសូកប៉ាន់សាក្សី ក្នុងសំណុំរឿងស្នេហាលួចលាក់របស់លោក កឹម សុខា។
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥
លោក សម រង្ស៊ី ត្រូវបានដកតំណែង
ខណៈធ្វើទស្សនកិច្ចទៅបរទេស លោក សម រង្ស៊ី ត្រូវបានដកតំណែងជាសមាជិកសភានិងអភ័យឯកសិទ្ធិសភា ដែលត្រួសត្រាយផ្លូវសម្រាប់ការចាប់ខ្លួនពាក់ព័ន្ធនឹងករណីបរិហាកេរ្តិ៍។
ខែតុលា ឆ្នាំ២០១៥
សមាជិកសភា CNRP ពីរនាក់ត្រូវបានគេវាយដំ
សមាជិកសភាពីរនាក់របស់គណបក្ស CNRP ត្រូវបានហ្វូងបាតុករដែលគាំទ្ររដ្ឋាភិបាល វាយដំនៅមុខរដ្ឋសភាជាតិ ដើម្បីទាមទារឲ្យលោក កឹម សុខា លាលែងពីតំណែងជាអនុប្រធានសភា។
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥
រដ្ឋសភាអនុម័តច្បាប់ដែលអាចបង្ក្រាបសង្គមស៊ីវិល
រដ្ឋសភាជាតិកម្ពុជាអនុម័តលើច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលអ្នករិះគន់និយាយថា ផ្តល់អំណាចពេញលេញដល់អាជ្ញាធរក្នុងការបង្ក្រាបអង្គការសង្គមស៊ីវិលណា ដែលប្រឆាំងនឹងរដ្ឋាភិបាល។
ខែមេសា ឆ្នាំ២០១៥
គ.ជ.ប ត្រូវបានរុះរើឡើងវិញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានរុះរើឡើងវិញ ដោយកិច្ចព្រមព្រៀងរវាងគណបក្សនយោបាយទាំងពីរ ដើម្បីធ្វើកំណែទម្រង់ការបោះឆ្នោត។
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤
CNRP ឈប់ធ្វើពហិការរដ្ឋសភា
គណបក្ស CNRP ព្រមព្រៀងជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបញ្ចប់ការធ្វើពហិការរដ្ឋសភាដែលមានរយៈពេលមួយឆ្នាំ។
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤
សមាជិក CNRP ត្រូវបានចោទប្រកាន់
អ្នកនយោបាយរបស់គណបក្សប្រឆាំង៦នាក់ត្រូវបានចោទប្រកាន់ពីបទដឹកនាំការធ្វើ«កុប្បកម្ម»មួយ បន្ទាប់ពីប៉ះទង្គិចជាមួយនឹងកងកម្លាំងសន្តិសុខ ដែលទប់ស្កាត់អ្នកគាំទ្ររបស់ពួកគេមិនឲ្យប្រមូលផ្តុំគ្នានៅសួនប្រជាធិបតេយ្យ។
ខែមករា ឆ្នាំ២០១៤
កងរាជអាវុធហត្ថបង្ក្រាបការតវ៉ា
កងរាជអាវុធហត្ថបង្ក្រាបការតវ៉ារបស់គណបក្ស CNRP និងកម្មកររោងចក្រ ដែលបានបញ្ចប់ការធ្វើបាតុកម្មនៅតាមដងផ្លូវ និងសម្លាប់មនុស្សអស់យ៉ាងហោចណាស់៤នាក់។
ខែកញ្ញាដល់ធ្នូ ឆ្នាំ២០១៣
អ្នកគាំទ្រ CNRP តវ៉ាលទ្ធផលបោះឆ្នោត
គណបក្ស CNRP និងអ្នកគាំទ្រ ធ្វើការតវ៉ាទ្រង់ទ្រាយធំនៅក្នុងរាជធានី ភ្នំពេញ ជុំវិញលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាស ដោយទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ។
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
កម្ពុជាបោះឆ្នោតជាតិលើកទីបួន
កម្ពុជារៀបចំការបោះឆ្នោតជាតិលើកទីបួន។ គណបក្ស CNRP ឈ្នះបាន៥៥អាសនៈពីសភាដែលមាន១២៣អាសនៈ ហើយគណបក្ស CPP ឈ្នះអាសនៈដែលនៅសេសសល់ទាំងអស់។ គណបក្ស CNRP បដិសេធមិនព្រមទទួលយកលទ្ធផលឆ្នោតនិងបានធ្វើពហិការមិនចូលរួមក្នុងសភា។
ខែកក្កដា ឆ្នាំ២០១៣
លោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ
លោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញនៅមុនការបោះឆ្នោតជាតិប៉ុន្មានថ្ងៃ ក្រោយពីព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោសដល់លោក តាមសំណើរបស់លោក ហ៊ុន សែន។
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
ព្រះបាទ សីហនុ សោយទិវង្គត
ព្រះបាទ សីហនុ សោយទិវង្គតដោយសារជំងឺបេះដូង ក្នុងព្រះជន្មាយុ ៨៩ ព្រះវស្សា។
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២
CNRP ត្រូវបានបង្កើតឡើង
មន្ត្រីកំពូលៗពីគណបក្ស SRP និងគណបក្ស HRP ជួបប្រជុំគ្នានៅទីក្រុង ម៉ានីល ដើម្បីសម្រេចបញ្ចូលគណបក្សទាំងពីរចូលគ្នាជាគណបក្សថ្មីមួយ គឺគណបក្សសង្គ្រោះជាតិ CNRP។
ខែមិថុនា ឆ្នាំ២០១២
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកទីបី
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់លើកទីបី ដោយគណបក្ស CPP ឈ្នះបាន៦១,៨ភាគរយ។
ខែកញ្ញា ឆ្នាំ២០១០
លោក សម រង្ស៊ី រត់ភៀសខ្លួន
លោក សម រង្ស៊ី រត់ភៀសខ្លួនចេញពីប្រទេសម្តងទៀត ដោយប្រឈមនឹងការចោទប្រកាន់អំពីការផ្តល់ព័ត៌មានមិនពិតនិងបន្លំផែនទី បន្ទាប់ពីលោករិះគន់រដ្ឋាភិបាលចំពោះការដាំបង្គោលព្រំដែន។
ខែកក្កដា ឆ្នាំ២០០៨
CPP ឈ្នះការបោះឆ្នោតជាតិ
គណបក្ស CPP របស់លោក ហ៊ុន សែន ឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជាតិ។
ខែកក្កដា ឆ្នាំ២០០៧
លោក កឹម សុខា បង្កើតគណបក្ស HRP
លោក កឹម សុខា ស្ថាបនិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បង្កើតគណបក្សសិទ្ធិមនុស្ស (HRP)។
ខែមេសា ឆ្នាំ២០០៧
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកទីពីរ
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់លើកទីពីរ។ គណបក្ស CPP ឈ្នះបាន ៩៨,២ភាគរយនៃឃុំសង្កាត់សរុប ខណៈដែលគណបក្ស SRP ឈ្នះត្រឹមតែ១,៧ភាគរយតែប៉ុណ្ណោះ។
ខែតុលា ឆ្នាំ២០០៦
គណបក្សហ៊្វុនស៊ីនប៉ិចទម្លាក់ព្រះអង្គម្ចាស់ រណឫទ្ធិ
គណបក្សហ៊្វុនស៊ីនប៉ិចទម្លាក់ព្រះអង្គម្ចាស់ រណឫទ្ធិ ពីតំណែងជាប្រធានគណបក្ស បន្ទាប់ពីលោក ហ៊ុន សែន បានចោទប្រកាន់ព្រះអង្គម្ចាស់ រណឫទ្ធិ ថាតែងតាំងបុគ្គលមិនមានសមត្ថភាពឲ្យកាន់តំណែងនយោបាយ និងនិយាយថា ការដែលព្រះអង្គយកអ្នកស្រី អ៊ុក ផល្លា ធ្វើជាស្រីកំណាន់គឺជារឿងដ៏អាម៉ាស់មួយ។ បន្តិចក្រោយមក ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ ១៥០.០០០ដុល្លារ ពីបទរំលោភសេចក្តីទុកចិត្ត ដោយទិញដីពីប្រាក់ដែលបានពីការលក់ទីស្នាក់ការនានារបស់គណបក្សហ៊្វុនស៊ីនប៉ិចតម្លៃ ៣,៦លានដុល្លារ។
ខែមីនា ឆ្នាំ២០០៦
ព្រះអង្គម្ចាស់ រណឫទ្ធិ លាលែងពីប្រធានសភា
ព្រះអង្គម្ចាស់ រណឫទ្ធិ លាលែងពីតំណែងជាប្រធានសភាជាតិ បន្ទាប់ពីលោក ហ៊ុន សែន បានដកតំណែងសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍន៍ និងសហរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ញឹក ប៊ុនឆៃ។ ព្រះអង្គម្ចាស់ រណឫទ្ធិ រត់ភៀសខ្លួនទៅប្រទេសបារាំង។
ខែកុម្ភៈ ឆ្នាំ២០០៦
លោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ
លោក សម រង្ស៊ី ទទួលបានព្រះរាជទានលើកលែងទោស និងត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជាច្រើនខែ ដើម្បីចៀសវាងការចាប់ដាក់ពន្ធនាគារលើករណីបរិហាកេរ្តិ៍ ជុំវិញការរិះគន់ទៅលើគោលនយោបាយព្រំដែនរបស់រដ្ឋាភិបាលជាមួយនឹងវៀតណាម។ ក្រោយមក លោកបានចូលរួមជាមួយនឹងគណបក្ស CPP ដើម្បីកែប្រែច្បាប់បោះឆ្នោតពីគោលការណ៍ពីរភាគបី ទៅជាគោលការណ៍សំឡេងភាគច្រើនវិញ។ ការណ៍នេះបានធ្វើឲ្យគណបក្សហ៊្វុនស៊ីនប៉ិចលែងសូវសំខាន់សម្រាប់រដ្ឋាភិបាលចម្រុះ។
ខែតុលា ឆ្នា២០០៥
ព្រះមហាក្សត្រចុះព្រះហស្ថលេខាលើសន្ធិសញ្ញាព្រំដែន
លោក ហ៊ុន សែន គំរាមរំលាយរបបរាជានិយមកម្ពុជា ចំពោះការដែលព្រះករុណា សីហមុនី ពន្យារពេលចុះព្រះហស្ថលេខាលើសន្ធិសញ្ញាព្រំដែនដ៏ចម្រូងចម្រាសមួយជាមួយនឹងវៀតណាម។ ក្រោយមកព្រះអង្គក៏យល់ព្រមចុះព្រះហស្ថលេខា។
ខែតុលា ឆ្នាំ២០០៤
ព្រះករុណា នរោត្តម សីហមុនី ឡើងគ្រងរាជ្យ
ព្រះករុណា នរោត្តម សីហមុនី ឡើងគ្រងរាជ្យបន្តពីព្រះបិតាព្រះបាទ នរោត្តម សីហនុ។
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣
CPP ឈ្នះការបោះឆ្នោតជាតិ
គណបក្ស CPP ឈ្នះការបោះឆ្នោតជាតិ ហើយលោក ហ៊ុន សែន បន្តកាន់អំណាចជានាយករដ្ឋមន្ត្រី។
ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០២
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកដំបូង
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់ដំបូងបង្អស់របស់ខ្លួន។ គណបក្ស CPP ឈ្នះបានអាសនៈភាគច្រើននៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ និងអាចតែងតាំងប្រធានឃុំសង្កាត់ភាគច្រើននៅក្នុងប្រទេស។
ខែវិច្ឆិកា ឆ្នាំ១៩៩៨
ព្រះអង្គម្ចាស់ រណឫទ្ធិ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី
លោក ហ៊ុន សែន និងព្រះអង្គម្ចាស់ រណឫទ្ធិ ឯកភាពគ្នាបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុញ្ញាតឲ្យលោក ហ៊ុន សែន បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយព្រះអង្គម្ចាស់ រណឫទ្ធិ ក្លាយជាប្រធានរដ្ឋសភាជាតិ។ ការព្រមព្រៀងគ្នារបស់គណបក្សហ៊្វុនស៊ីនប៉ិច ជាមួយនឹងគណបក្ស CPP ធ្វើឲ្យគណបក្ស SRP ក្លាយជាគណបក្សប្រឆាំងតែមួយគត់នៅក្នុងប្រទេស។
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨
CPP ឈ្នះការបោះឆ្នោតជាតិ
គណបក្ស CPP របស់លោក ហ៊ុន សែន ឈ្នះអាសនៈសភាភាគច្រើននៅក្នុងការបោះឆ្នោតជាតិ ហើយគណបក្សហ៊្វុនស៊ីនប៉ិច ឈ្នះបានអាសនៈច្រើនទីពីរ និងគណបក្ស SRP ឈ្នះបានអាសនៈច្រើនទីបី។
ខែមីនា ឆ្នាំ១៩៩៨
ព្រះអង្គម្ចាស់ រណឫទ្ធិ យាងមកកម្ពុជាវិញ
ព្រះអង្គម្ចាស់ រណឫទ្ធិ យាងមកកម្ពុជាវិញដើម្បីប្រជែងនៅក្នុងការបោះឆ្នោតជាតិ។
ខែកក្កដា ឆ្នាំ១៩៩៧
ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវទម្លាក់ពីតំណែង
ការប៉ះទង្គិចគ្នាដ៏ធំមួយរវាងកងកម្លាំងរបស់គណបក្ស CPP និងគណបក្សហ៊្វុនស៊ីនប៉ិច កើតឡើង។ ព្រះអង្គម្ចាស់ រណឫទ្ធិ និរទេសខ្លួននៅក្រៅប្រទេស ហើយមួយខែក្រោយមក ព្រះអង្គត្រូវបានទម្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីទីមួយ។
ឆ្នាំ១៩៩៥
លោក សម រង្ស៊ី បង្កើតគណបក្សនយោបាយ
លោក សម រង្ស៊ី បង្កើតគណបក្សជាតិខ្មែរ។
ខែមិថុនា ឆ្នាំ១៩៩៣
ហ៊្វុនស៊ីនប៉ិចនិងCPP បង្កើតរដ្ឋាភិបាលចម្រុះ
ដោយមានអន្តរាគមន៍ពីព្រះបាទ នរោត្តម សីហនុ គណបក្សហ៊្វុនស៊ីនប៉ិចនិងគណបក្ស CPP ព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយព្រះអង្គម្ចាស់ រណឫទ្ធិ ធ្វើជានាយករដ្ឋមន្ត្រីទីមួយ ហើយលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទីពីរ។
ថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣
កម្ពុជាបោះឆ្នោតលើកដំបូង
ក្រោយពីមានការការពារពីអង្គការសហប្រជាជាតិអស់រយៈពេលពីរឆ្នាំ កម្ពុជារៀបចំការបោះឆ្នោតដំបូងបង្អស់របស់ខ្លួនក្រោយសង្គ្រាមបញ្ចប់ ដោយមានការត្រួតពិនិត្យពីអង្គការនេះ។ គណបក្ស CPP របស់លោក ហ៊ុន សែន បានចាញ់គណបក្សហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
សន្ធិសញ្ញាសន្តិភាពទីក្រុង ប៉ារីស ត្រូវបានចុះហត្ថលេខា
ប្រទេសចំនួន១៩ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុង ប៉ារីស ដើម្បីបញ្ចប់ជាផ្លូវការនូវសង្គ្រាមស៊ីវិលនៅកម្ពុជា។
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៨៩
កងទ័ពវៀតណាមត្រូវបានដកចេញពីកម្ពុជា
កងទ័ពវៀតណាមចុងក្រោយបង្អស់ត្រូវបានដកចេញពីកម្ពុជា បន្ទាប់ពីកាន់កាប់កម្ពុជាអស់មួយទសវត្សរ៍។
ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥
លោក ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រី
លោក ហ៊ុន សែន ត្រូវបានរដ្ឋសភាជាតិតែងតាំងជានាយករដ្ឋមន្ត្រី។
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩
របបខ្មែរក្រហមបញ្ចប់
អតីតទាហានខ្មែរក្រហមមួយក្រុមដែលគាំទ្រដោយយោធាវៀតណាម ផ្តួលរំលំរដ្ឋាភិបាលខ្មែរក្រហមនិងរំដោះកម្ពុជា។ ក្រោយមកវៀតណាមបានគាំទ្រដល់ការបង្កើតរដ្ឋាភិបាលកម្ពុជាថ្មីមួយ។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
ខ្មែរក្រហមកាន់កាប់កម្ពុជា
ខ្មែរក្រហមដែលគាំទ្រដោយចិន កាន់កាប់កម្ពុជានិងសម្លាប់មនុស្សអស់យ៉ាងហោចណាស់១លាន៧សែននាក់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ខែមីនា ឆ្នាំ១៩៧០
លន់ នល់ ធ្វើរដ្ឋប្រហារ
ឧត្តមសេនីយ៍ លន់ នល់ ដែលគាំទ្រដោយអាមេរិក ធ្វើរដ្ឋប្រហារផ្តួលរំលំព្រះបាទ សីហនុ។
ខែមេសា ឆ្នាំ១៩៦០
ព្រះបាទ សីហនុ ក្លាយជាប្រមុខរដ្ឋ
ព្រះបាទ សុរាម្រិត សោយទិវង្គត។ ព្រះបាទ សីហនុ យល់ព្រមទទួលតំណែងជាប្រមុខរដ្ឋ។
ខែកញ្ញា ឆ្នាំ១៩៥៥
ព្រះបាទ សីហនុ ក្លាយជានាយករដ្ឋមន្ត្រី
ព្រះបាទ សីហនុ ក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះអង្គដាក់រាជថ្វាយព្រះបិតា ព្រះបាទ សុរាម្រិត។
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣
កម្ពុជាទទួលបានឯករាជ្យ
ព្រះបាទ នរោត្តម សីហនុ ដឹកនាំទាមទារបានឯករាជ្យពីបារាំង។

ឯកសារយោង
[x]
ខ្មែរក្រហម
ខ្មែរក្រហម ដែលត្រូវបានគេស្គាល់ថាជា បក្សប្រជាជនបដិវត្តន៍កម្ពុជា បានត្រួតត្រាប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥។ ក្រោមការដឹកនាំរបស់ ប៉ុល ពត ពួកគេប្រើប្រាស់មនោគមវិជ្ជាម៉ៅជ្រុលនិយមនិងម៉ាក្សលេនីនជ្រុលនិយម ដើម្បីចង់ផ្លាស់ប្ដូរកម្ពុជាឲ្យទៅជាប្រទេសកសិកម្មមួយដែលអាចផ្គត់ផ្គង់ខ្លួនឯងបាននិងមិនមានវណ្ណៈ។ របបនេះសម្លាប់អ្នកចេះដឹងនិងបញ្ញវន្ត ដូចជា គ្រូបង្រៀន ព្រះសង្ឃ សិល្បករ និងបុគ្គលណាដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជាសម័យមុនឬរដ្ឋាភិបាលបរទេស។ របបប្រល័យពូជសាសន៍ខ្មែរក្រហមនេះបានបង្ខំប្រជាជនឲ្យចាកចេញពីទីក្រុងទៅរស់នៅជនបទ និងបានបង្ខំប្រជាជនឲ្យធ្វើការងារធ្ងន់ ឲ្យពួកគេទទួលទានអាហារមិនគ្រប់គ្រាន់ រងទារុណកម្ម និងរងការកាប់សម្លាប់។ របបខ្មែរក្រហមបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ១,៧លាននាក់ ឬស្មើនឹងមួយភាគបួននៃចំនួនប្រជាជនសរុប រហូតទាល់តែកងកម្លាំងវៀតណាមមករំដោះកម្ពុជា និងបានផ្តួលរំលំខ្មែរក្រហមនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩៕
ប្រភពព័ត៌មាន
គណបក្សសិទ្ធិមនុស្ស (HRP)
គណបក្សសិទ្ធិមនុស្ស (HRP) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០០៧ ដោយលោក កឹម សុខា។ គណបក្សនេះបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិដំបូងបង្អស់នៅឆ្នាំ២០០៨ ហើយឈ្នះបានអាសនៈចំនួនបីពីក្នុងអាសនៈសរុបទាំងអស់១២៣នៅក្នុងរដ្ឋសភាជាតិ៕
ប្រភពព័ត៌មាន
គណបក្ស សម រង្ស៊ី (SRP)
គណបក្ស សម រង្ស៊ី (SRP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោក សម រង្ស៊ី និងមានឈ្មោះដើមថា គណបក្សជាតិខ្មែរ។ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ១៩៩៨ គណបក្ស SRP ឈ្នះបានអាសនៈចំនួន១៥នៅក្នុងរដ្ឋសភាជាតិ ហើយនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៣ គណបក្សនេះទទួលបានសំឡេងឆ្នោតគាំទ្រ២២ភាគរយ និងបានក្លាយជាគណបក្សដែលមានប្រជាប្រិយភាពបំផុតទីពីរនៅក្នុងប្រទេស បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
ប្រភពព័ត៌មាន
ការបោះឆ្នោតជាតិ
ចាប់តាំងពីឆ្នាំ ១៩៩៣ មក កម្ពុជាបានរៀបចំការបោះឆ្នោតជាតិជារៀងរាល់៥ឆ្នាំម្តង។ ប្រជាពលរដ្ឋកម្ពុជាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចទៅបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយដែលពួកគេពេញចិត្ត។ គណបក្សនយោបាយណាដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេអាចតែងតាំងសមាជិករបស់ខ្លួនជាសមាជិករដ្ឋសភាជាតិ។ បច្ចុប្បន្ននេះ មានអាសនៈចំនួន១២៣នៅក្នុងរដ្ឋសភាជាតិ ដែលតំណាងឲ្យ២៤ខេត្តនិងរាជធានី ភ្នំពេញ។ គណបក្សដែលឈ្នះឆ្នោតបង្កើតរដ្ឋាភិបាលថ្នាក់ជាតិ រដ្ឋាភិបាលថ្នាក់ខេត្ត ឧទ្ទេសនាមនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីតាមក្រសួងនានា។ ព្រះមហាក្សត្រត្រូវឡាយព្រះហស្ថលេខាលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីទាំងអស់។ ចាប់តាំងពីឆ្នាំ ១៩៩៨ មក គណបក្ស CPP បានឈ្នះរាល់ការបោះឆ្នោតជាតិទាំងអស់៕
ការបោះឆ្នោតឃុំសង្កាត់
ខណៈដែលមានភាពស្ថិរភាពជាងមុននិងផ្តោតទៅលើការពង្រឹងស្ថាប័នរដ្ឋ កម្ពុជាបានរៀបចំការបោះឆ្នោតឃុំសង្កាត់ដំបូងបង្អស់នៅឆ្នាំ២០០២។ ការបោះឆ្នោតឃុំសង្កាត់ត្រូវបានរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង ហើយគណបក្សនយោបាយដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនបំផុតតែងតាំងមេឃុំឬចៅសង្កាត់នៅក្នុងឃុំឬសង្កាត់នោះ។
មេឃុំឬចៅសង្កាត់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអភិបាលខណ្ឌឬចៅហ្វាយស្រុក ដើម្បីដោះស្រាយបញ្ហានានាក្នុងមូលដ្ឋាន ដូចជាសាងសង់ប្រព័ន្ធលូបង្ហូរទឹកស្អុយ សាងសង់ផ្លូវថ្នល់ បង្ក្រាបបទឧក្រិដ្ឋ បង្កើតប្រភពទឹកស្អាតនិងអគ្គិសនីជាដើម។ គណបក្ស CPP ដែលជាគណបក្សកាន់អំណាចបានឈ្នះអាសនៈនៅក្នុងឃុំសង្កាត់ភាគច្រើននៅទូទាំងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០២មក៕
គណបក្សសង្គ្រោះជាតិ (CNRP)
គណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១២ នៅពេលដែលគណបក្សសិទ្ធិមនុស្ស (HRP) របស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី (SRP) របស់លោក សម រង្ស៊ី បានរួបរួមគ្នាតែមួយ។ លោក សម រង្ស៊ី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលបានបង្កើតគណបក្សប្រឆាំងក្នុងឆ្នាំ១៩៩៥ ធ្វើជាប្រធានគណបក្ស CNRP ហើយលោក កឹម សុខា ដែលជាសកម្មជនសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ធ្វើជាអនុប្រធានគណបក្ស CNRP។
គណបក្ស CNRP ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិលើកដំបូងនៅឆ្នាំ២០១៣ ហើយទទួលបានអាសនៈចំនួន៥៥ពីអាសនៈទាំង១២៣នៅក្នុងរដ្ឋសភាជាតិកម្ពុជា។
កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧ លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស CNRP និងកំពុងនិរទេសខ្លួននៅបរទេស បានលាលែងពីតំណែងដើម្បីសង្គ្រោះគណបក្សនេះឲ្យរួចផុតពីការរំលាយ បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមធ្វើវិសោធនកម្មច្បាប់ ដើម្បីឲ្យរដ្ឋាភិបាលអាចរំលាយគណបក្សនយោបាយណា ដែលមានមន្ត្រីប្រព្រឹត្តបទល្មើសបាន។ លោក សម រង្ស៊ី ត្រូវបានកាត់ទោសដោយកំបាំងមុខកាលពីឆ្នាំ២០១០ ចំពោះអ្វីដែលរដ្ឋាភិបាលហៅថាជាការផ្សាយព័ត៌មានមិនពិត។
កាលពីខែ មីនា ឆ្នាំ ២០១៧ លោក កឹម សុខា បានបន្តតំណែងពីលោក សម រង្ស៊ី ធ្វើជាប្រធានគណបក្ស CNRP។ កាលពីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅឯគេហដ្ឋានរបស់លោកក្នុងរាជធានី ភ្នំពេញ ចំពោះការចោទប្រកាន់ថាក្បត់ជាតិ ដោយត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថាឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូលកម្ពុជាបានចេញសាលក្រមឲ្យរំលាយគណបក្ស CNRP។ មន្ត្រីគណបក្សប្រឆាំងមួយចំនួនបានចុះចូលជាមួយនឹងគណបក្ស CPP ខណៈដែលមន្ត្រីជាច្រើនទៀតរត់ភៀសខ្លួនចេញពីប្រទេស ឬត្រូវបានបង្ខំឲ្យឈប់ធ្វើនយោបាយរយៈពេល៥ឆ្នាំ៕
ប្រភពព័ត៌មាន
ហ៊្វុនស៊ីនប៉ិច (FUNCINPEC)
គណបក្សហ៊្វុនស៊ីនប៉ិច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ដោយព្រះបាទ នរោត្តម សីហនុ ជាចលនាតស៊ូមួយដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគាំទ្រដោយវៀតណាម។ នៅឆ្នាំ១៩៩១ ព្រះបាទ នរោត្តម សីហនុ បានប្រគល់ចលនានោះឲ្យព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដឹកនាំ។ គណបក្សហ៊្វុនស៊ីនប៉ិច ដែលជាអក្សរកាត់ជាភាសាបារាំង បានក្លាយជាគណបក្សនយោបាយនៅឆ្នាំ១៩៩២។ គណបក្សហ៊្វុនស៊ីនប៉ិចបានចូលរួមនៅក្នុងការបោះឆ្នោតជាតិដែលគាំទ្រដោយ UNTAC ក្នុងឆ្នាំ១៩៩៣។ គណបក្សនេះបានឈ្នះឆ្នោត ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធមិនព្រមចុះចេញពីតំណែង។ ដោយមានអន្តរាគមន៍ពីព្រះបាទ នរោត្តម សីហនុ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក ហ៊ុន សែន បានព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលមាននាយករដ្ឋមន្ត្រីពីរ រហូតដល់ឆ្នាំ ១៩៩៧ នៅពេលដែលកងកម្លាំងដែលស្មោះស្ម័គ្រនឹងនាយករដ្ឋមន្ត្រីទាំងពីរបានប្រយុទ្ធគ្នា នៅខែកក្កដា ឆ្នាំដដែល។ កងកម្លាំងរបស់លោក ហ៊ុន សែន បានទទួលជ័យជម្នះ ហើយព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវនិរទេសខ្លួនទៅនៅបរទេស និងត្រូវបានទម្លាក់ពីតំណែង៕
ប្រភពព័ត៌មាន
មីក្រូហិរញ្ញវត្ថុ
ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ យ៉ាងហោចណាស់មានគ្រួសារកម្ពុជាពីរលាននាក់នៅក្នុងខេត្តចំនួន២២នៅកម្ពុជា ខ្ចីប្រាក់ក្នុងបរិមាណតិចតួចពីស្ថាប័នមីក្រូហិរញ្ញវត្ថុដែលផ្តល់ប្រាក់កម្ចីដល់កសិករ អ្នកនេសាទ និងអ្នកដទៃទៀតដែលត្រូវការប្រាក់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ បើគ្មានស្ថាប័នមីក្រូហិរញ្ញវត្ថុទេនោះ ពលរដ្ឋកម្ពុជានឹងមិនអាចទទួលបានឥណទាននោះឡើយ។
ឥណទានខ្នាតតូចមិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ។ លោក Muhammad Yunus បានបង្កើតធនាគារ Grameen ក្នុងប្រទេសបង់ក្លាដេស ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចដល់ស្ត្រីក្រីក្រ ដែលត្រូវទិញវត្ថុធាតុដើមសម្រាប់ផលិតផលដែលពួកគេផលិតដើម្បីលក់។ លោក Yunus យកអត្រាការប្រាក់យ៉ាងទាបពីអ្នកខ្ចីប្រាក់ ហើយអ្នកខ្ចីប្រាក់ត្រូវសងវិញក្នុងអត្រាមួយដែលបានព្រមព្រៀងគ្នា។ ជាឧទាហរណ៍នៅឆ្នាំ ២០១៦ ស្ថាប័នមីក្រូហិរញ្ញវត្ថុ Opportunity International បានចេញរបាយការណ៍ថា ខ្លួនបានទទួលអត្រាប្រាក់សំណងវិញប្រមាណ៩៨,៩ភាគរយ។
លោក Yunus និងធនាគារនោះបានឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០៦ ចំពោះការបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុនិង«កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅថ្នាក់មូលដ្ឋាន»។ សហគ្រាសហិរញ្ញវត្ថុអន្តរជាតិ ដែលជាផ្នែកមួយនៃធនាគារពិភពលោក បានប៉ាន់ស្មានថា ត្រឹមឆ្នាំ២០១៤ មនុស្សជាង១៣០លាននាក់បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីប្រតិបត្តិការដែលពាក់ព័ន្ធនឹងមីក្រូហិរញ្ញវត្ថុ។
នៅកម្ពុជា ស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើនត្រូវបានបង្កើតឡើងដើម្បីស្វែងរកប្រាក់ចំណេញ ទោះបីជាពលរដ្ឋកម្ពុជាភាគច្រើនយល់ឃើញថា ស្ថាប័នមីក្រូហិរញ្ញវត្ថុគឺជារបស់រដ្ឋាភិបាលក៏ដោយ ហើយអ្នកខ្ចីប្រាក់ជាច្រើនយល់ឃើញថាការសងប្រាក់កម្ចីវិញគឺជាពិបាកណាស់សម្រាប់ពួកគេ។ ជាឧទាហរណ៍ ក្នុងទំហំប្រាក់កម្ចី១០០០ដុល្លារ អ្នកខ្ចីប្រាក់ត្រូវបង់ការប្រាក់៣,៥ភាគរយជារៀងរាល់ខែ។ ការសងប្រាក់កម្ចីវិញពិបាកណាស់សម្រាប់កសិករដែលទទួលបានប្រាក់ចំណេញដោយពឹងផ្អែកលើតម្លៃទីផ្សារពិភពលោក។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក នៅចុងឆ្នាំ ២០១៦ ពលរដ្ឋកម្ពុជាទាំងអស់ជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន៣,១ពាន់លានដុល្លារ ហើយ៨៨ភាគរយនៃអ្នកខ្ចីប្រាក់រស់នៅក្នុងតំបន់ជនបទក្រីក្រ។
របាយការណ៍ពិសេសមួយឆ្នាំ២០១៧ ដែលធ្វើឡើងដោយគម្រោង Mimosa សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលសិក្សាអំពីបំណុលជំពាក់មីក្រូហិរញ្ញវត្ថុច្រើនហួសហេតុនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បានរកឃើញថា «ទំហំនៃប្រាក់កម្ចីដែលត្រូវបានផ្តល់ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៤ បានកើនឡើង៤ដងនៃកំណើនប្រាក់ចំណូលរបស់អ្នកខ្ចីប្រាក់។ ការណ៍នេះត្រូវបានពណ៌នាថាជាគ្រោះថ្នាក់នៅកម្ពុជានិងមិនមានប្រទេសណាដូច នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត ភ្នំពេញប៉ុស្តិ៍។
ស្ថានភាពមានការធូរស្រាលបន្តិចនៅខែ មេសា ឆ្នាំ ២០១៧ នៅពេលដែលរដ្ឋាភិបាលបានកំណត់អត្រាការប្រាក់ប្រចាំត្រឹមតែ១៨ភាគរយ។ ប៉ុន្តែការដាក់កម្រិតនេះធ្វើអ្នកខ្ចីប្រាក់ក្នុងបរិមាណតិចតួចមិនអាចខ្ចីបាន ដោយសារតែស្ថាប័នមីក្រូហិរញ្ញវត្ថុបានរកឃើញថា កម្ចីខ្នាតតូចផ្តល់ប្រាក់ចំណេញតិចតួច ឬមិនបានផ្តល់ប្រាក់ចំណេញទាល់តែសោះ ដោយសារត្រូវចំណាយទៅលើសេវារដ្ឋបាល៕
គណបក្សប្រជាជនកម្ពុជា (CPP)
គណបក្សប្រជាជនកម្ពុជា (CPP) ត្រូវបានបង្កើតឡើងដំបូងជាបក្សប្រជាជនបដិវត្តន៍កម្ពុជា នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៩៥១ ដោយប្រើប្រាស់មនោគមវិជ្ជាម៉ាក្សឡេនីនជ្រុលនិយម។ គណបក្ស CPP បានដឹកនាំកម្ពុជាចាប់តាំងពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានដួលរលំនៅថ្ងៃទី៧ ខែ មករា ឆ្នាំ ១៩៧៩។ គណបក្ស CPP បានចូលរួមក្នុងការបោះឆ្នោតជាតិលើកដំបូងបង្អស់ដែលគាំទ្រដោយ (UNTAC) ក្នុងឆ្នាំ១៩៩៣ ប៉ុន្តែគណបក្សនេះបានចាញ់គណបក្សហ៊្វុនស៊ីនប៉ិច។ ដោយមានអន្តរាគមន៍ពីព្រះបាទ នរោត្តម សីហនុ គណបក្សហ្វ៊ុនស៊ីនប៉ិចនិងគណបក្ស CPP បានព្រមព្រៀងគ្នាបង្កើតជារដ្ឋាភិបាលចម្រុះមួយក្នុងឆ្នាំ១៩៩៣ ហើយលោក ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីទីពីរ។ លោក ហ៊ុន សែន ក្លាយជាប្រធានគណបក្ស CPP នៅខែមិថុនា ឆ្នាំ ២០១៥៕
ប្រភពព័ត៌មាន
“CPP today marks 59 years since founding,” The Cambodian Daily