លោក ដា ឈាន មេឃុំថ្មពួក បានរត់ភៀសខ្លួនជាមួយក្រុមគ្រួសារទៅកាន់ព្រំដែនខ្មែរ ថៃ កាលពីឆ្នាំ១៩៨៣ ពេលដែលលោកមានអាយុ១១ឆ្នាំ ហើយបានវិលត្រឡប់ចូលស្រុកកំណើតវិញនៅដើមទសវត្សរ៍១៩៩០។ (ខាន់ សុគុំមនោ | VOA Khmer)
សំឡេងអ្នកនយោបាយ
មេឃុំម្នាក់គត់ ដែលមិនមែនមកពីគណបក្សកាន់អំណាច
ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយចម្រូងចម្រាស គណបក្សប្រជាជនកម្ពុជាបានក្រសោបគ្រប់គ្រងតំណែងមេឃុំចៅសង្កាត់ចំនួន១៦៤៥ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់ទាំង១៦៤៦នៅទូទាំងប្រទេស។ ឃុំមួយដែលនៅសេសសល់ គឺឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាតំណែងឈ្នះឆ្នោតរបស់លោក ដា ឈាន ជាមេឃុំមកពីគណបក្សខ្មែររួបរួមជាតិ។
ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ នៅពេលព្រលឹមស្រាងៗ សំឡេងគ្រឿងម៉ាស៊ីនបានលាន់ឮកងរំពង ខណៈដែលគោយន្តរាប់សិបគ្រឿងកំពុងបរយ៉ាងសន្ធាប់ បោះពួយតាមដងផ្លូវជាតិលេខ៥៦ កាត់ចំកណ្ដាលទីរួមស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រុមកសិករដែលជិះគោយន្ត កំពុងធ្វើដំណើរឆ្ពោះទៅកាន់ចម្ការច្បារដំណាំរបស់ពួកគេ ដែលនៅឆ្ងាយពីទីប្រជុំជន ទីដែលពួកគេដាំដុះដំណាំស្រូវ ពោត និងដំឡូងមីចម្រុះគ្នា ដើម្បីសន្សំប្រាក់កម្រៃចិញ្ចឹមជីវិត។
តាមតួលេខ | ថ្នាក់ជាតិ |
---|
នៅតាមផ្លូវឆ្ពោះទៅកាន់ស្រែចម្ការ កន្លែងធ្វើការ សាលារៀន និងកន្លែងរកស៊ីផ្សេងៗ ក្រុមអ្នកជិះគោយន្ត កូនសិស្សសាលា និងបណ្ដាអាជីវករ តែងតែឃើញស្លាកសញ្ញាគណបក្សខ្មែររួបរួមជាតិ និងស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានគេដាក់តាមបណ្ដោយផ្លូវជាតិលេខ៥៦ និងគ្រប់ភូមិដ្ឋាននាប៉ែកពាយព្យនៃប្រទេស។
នៅឯគេហដ្ឋានធ្វើពីថ្មរបងបេតុងលាបពណ៌ខៀវ លោក ដា ឈាន រវល់ធ្វើនេះ ធ្វើនោះមិនទំនេរឡើយ។ លោកត្រួតពិនិត្យឯកសារ និងឆ្លើយទូរស័ព្ទពីមួយទៅមួយ ទម្រាំនឹងមានពេលទំនេរជជែកនឹងភ្ញៀវ ដែលមកសាកសួរសុខទុក្ខសុំសម្ភាស។
លោក ដា ឈាន ដែលមានសម្បុរស្រអែម រាងខ្ពស់ស្រឡះ កំពុងបំពេញតួនាទីរបស់លោកជាមេឃុំថ្មពួកនេះ។ កាលពីខែមិថុនា ឆ្នាំ២០១៧ លោក ដា ឈាន ដែលឈរលេខរៀងទីមួយក្នុងបញ្ជីបេក្ខជនមេឃុំគណបក្សខ្មែររួបរួមជាតិ ដែលអះអាងថាជាគណបក្សរាជានិយម បានជាប់ឆ្នោតជាមេឃុំថ្មពួក ដោយទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
ក្នុងការបោះឆ្នោតឃុំសង្កាត់ខែមិថុនា ឆ្នាំ២០១៧ គណបក្សខ្មែររួបរួមជាតិ ដែលលោក ដា ឈាន ដើរតាម និងដែលដឹកនាំដោយលោកអតីតនាយឧត្ដមសេនីយ៍ ញឹក ប៊ុនឆៃ ឈរនៅលំដាប់ជាគណបក្សបានចំណាត់ថ្នាក់លេខបីក្នុងឃុំថ្មពួក ជាឃុំតែមួយគត់នៅទូទាំងប្រទេសដែលគណបក្សតូចមួយនេះបានឈ្នះសំឡេងគ្រប់គ្រងសាលាឃុំ ដែលនៅមិនឆ្ងាយប៉ុន្មានពីគេហដ្ឋានរបស់លោក ក្នុងភូមិកសិណ ឃុំថ្មពួក។
ប៉ុន្តែតួលេខនេះដាច់ឆ្ងាយពីគណបក្សជ័យលាភីលេខមួយ និងលេខពីរ។ ឃុំនានានៅស្ទើរទូទាំងប្រទេសបានជ្រើសរើសគណបក្សនយោបាយតែពីរប៉ុណ្ណោះ។ គណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងប្រទេសចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមដ៏ឃោរឃៅនៅឆ្នាំ១៩៧៩ បានឈ្នះកៅអីមេឃុំសរុបចំនួន ១១៥៦ រីឯគូប្រជែងធំរបស់គណបក្សមួយនេះ គឺគណបក្សសង្គ្រោះជាតិ បានឈ្នះតំណែងមេឃុំសរុបចំនួន ៤៨៩ នៅទូទាំងប្រទេស។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA លោក ដា ឈាន បានរៀបរាប់និងពន្យល់ពីមូលហេតុនៃជ័យជម្នះរបស់លោកនៅឃុំនេះជាពីរផ្នែក។ មួយផ្នែកគឺមកពីប្រជាប្រិយភាពរបស់លោក ដែលបានមកពីភាពសកម្មក្នុងការផ្ដល់សេវាសាធារណៈបានយ៉ាងគ្រប់គ្រាន់ដល់ពលរដ្ឋម្ចាស់ឆ្នោត នាពេលដែលលោកធ្វើជាមេឃុំក្នុងអាណត្តិមុន (២០១២-២០១៧)។ មួយផ្នែកទៀត គឺបានមកពីកិត្តិនាមរបស់លោកអតីតនាយឧត្ដមសេនីយ៍ ញឹក ប៊ុនឆៃ ជាអ្នកស្រុកស្វាយចេក ដែលនៅមិនឆ្ងាយពីឃុំថ្មពួកនេះប៉ុន្មានឡើយ។
ក្នុងកិច្ចសន្ទនាដោយសម្តីរដឺនៗបែបពលរដ្ឋខ្មែរនាប៉ែកពាយព្យប្រទេស លោកមេឃុំរូបនេះ បានបន្ថែមយ៉ាងដូច្នេះទៀតថា៖
«តាមដែលខ្ញុំយល់ ហើយតាមដែលខ្ញុំបានទទួលព័ត៌មានពីប្រជាពលរដ្ឋ គឺបងប្អូនមានភាពជឿជាក់លើខ្ញុំ បាទ។ ហើយបងប្អូនមានធុរៈអ្វីក៏ខ្ញុំតែងតែទៅដល់ ហើយដោះស្រាយរឿងវិវាទដីធ្លីអី ខ្ញុំទៅដោះនៅនឹងកន្លែង … យើងថា និយាយអ្វី ធ្វើអ្វី គឺយើងផ្ដល់នូវអាភាពសន្យារបស់យើងណា៎! គឺភាពជាក់ស្ដែងទៅដល់គាត់ ឆ្លើយតបនឹងបំណងដែលគាត់ចង់បាន»។
លោក ដា ឈាន ដែលជាសមាជិកគណបក្សនយោបាយតូចមួយនេះ បានបន្ថែមយ៉ាងដូច្នេះថា៖
«គណបក្សគ្រាន់តែមួយចំណែក ប៉ុន្តែអ្វីដែលសំខាន់ គឺបុគ្គល។ អីចឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ប្រជាពលរដ្ឋមានភាពយល់ដឹង មានការយល់ដឹងច្រើន ហើយចាប់ពីអាណត្តិក្រោយៗ គឺគេសម្លឹងមើលបេក្ខភាព ជាពិសេសគឺបេក្ខភាពមេឃុំ»។
លោក ទូច សារុន អាយុ៦៤ឆ្នាំដែលរស់នៅក្នុងឃុំថ្មពួក បានបោះឆ្នោតឲ្យលោក ដា ឈាន។ លោកបានប្រាប់ VOA ថា៖ «គាត់អត់នៅអង្គុយនៅនឹងកន្លែងទេ ក្រោកក្រេះទៅសួរនាំមានការងារអ្វី គាត់ដោះស្រាយជូន»។ (ខាន់ សុគុំមនោ | VOA Khmer)
ក្នុងតូបប៉ះកង់ធ្វើពីឈើប្រក់ស័ង្កសី នៅខាងមុខគេហដ្ឋានរបស់លោកមេឃុំរូបនេះ បុរសវ័យចំណាស់ឈ្មោះ ទូច សារុន កំពុងតែមមាញឹកផ្ដល់សេវាជូនអតិថិជន ដោយយកកម្រៃតិចតួច។ លោកបានផ្ដល់នូវមតិយោបល់អំពីការដឹកនាំរបស់លោកមេឃុំ ដា ឈាន យ៉ាងដូច្នេះថា៖
«[ដា] ឈាន ព្រោះជាអ្នកដឹកនាំល្អ ខ្ញុំគាំទ្រ ព្រោះពេលទៅកន្លែងសាលាឃុំអីចឹង គាត់រាក់ទាក់ជាមួយប្រជាពលរដ្ឋ។ ទៅហ្នឹងគាត់សួរនាំ ដើរទៅទទួល។ ដូចថាខ្ញុំដើរទៅរកគាត់អីចឹង។ គាត់អត់នៅអង្គុយនៅនឹងកន្លែងទេ ក្រោកក្រេះទៅសួរនាំមានការងារអ្វី គាត់ដោះស្រាយជូន»។
នៅមុនពេលដែលគណបក្សសង្គ្រោះជាតិរងការវាយបង្ក្រាបតាមរយៈមធ្យោបាយផ្លូវច្បាប់ពីរដ្ឋអំណាចនោះ គណបក្សខ្មែររួបរួមជាតិបានរងគ្រោះពីការបង្ក្រាបមុនគេ ដោយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលសន្លឹកឆ្នោតកំពុងត្រូវបានរាប់ និងផ្ទៀងផ្ទាត់ លោកអតីតនាយឧត្ដមសេនីយ៍ ញឹក ប៊ុនឆៃ ត្រូវបានគេដកតួនាទីជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចោទថាមិនស្មោះត្រង់នឹងរដ្ឋាភិបាល ក្រោយពីត្រូវបានគេរាយការណ៍ថា បានហៅទូរស័ព្ទទៅកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិ ទំនងនិយាយពីសម្ព័ន្ធភាពនយោបាយ។ តែការណ៍នេះត្រូវបានលោក ញឹក ប៊ុនឆៃ ច្រានចោលជាបន្តបន្ទាប់ ដោយលើកឡើងថាជារឿងភ័ន្តច្រឡំ។
តែហេតុផលរបស់លោក ញឹក ប៊ុនឆៃ មិនអាចជួយរូបលោកបានទេ នាគ្រានោះ។ ជាលទ្ធផល នៅក្នុងខែសីហា ឆ្នាំ២០១៧ លោកត្រូវបានក្រុមនគរបាលចាប់ឃាត់ខ្លួន ដោយចោទប្រកាន់ពីបទល្មើសគ្រឿងញៀនមួយ ដែលគេអះអាងថាបានកើតឡើងនៅឆ្នាំ២០០៧។
លោក ញឹក ប៊ុនឆៃ ដែលធ្លាប់ជាអ្នកស្ម័គ្រស្មោះនឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានដឹកនាំទ័ពតទល់នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងមានការប្រយុទ្ធគ្នារវាងកម្លាំងផ្ទៃក្នុងរាជរដ្ឋាភិបាលចម្រុះ កាលពីខែកក្កដា ឆ្នាំ១៩៩៧។ លោកបានប្រែក្លាយទៅជាកម្លាំងយ៉ាងសំខាន់ក្នុងការទាញទម្លាក់ព្រះអង្គម្ចាស់ពីតំណែងប្រធានគណបក្ស កាលពីឆ្នាំ២០០៦។
លោក ញឹក ប៊ុនឆៃ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ។គណបក្សរាជានិយមបានធ្លាក់ប្រជាប្រិយភាពយ៉ាងគំហុក មកទទួលបានត្រឹមបួនកៅអីក្នុងរដ្ឋសភា នាការបោះឆ្នោតជាតិឆ្នាំ២០០៨ (បូកទាំងគណបក្សហ៊្វុនស៊ីនប៉ិចដឹកនាំដោយលោកឧត្ដមសេនីយ៍ ញឹក ប៊ុនឆៃ បានពីរកៅអី និងគណបក្សនរោត្តមរណឫទ្ធិ ដឹកនាំដោយសម្ដេចក្រុមព្រះផ្ទាល់ក៏បានពីរកៅអីដែរ) និងក្រោយមកក្រុមរាជានិយមមិនទទួលបានកៅអីសភាសោះក្នុងការបោះឆ្នោតឆ្នាំ២០១៣។
ការព្យាយាមរបស់គណបក្សទាំងពីរ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្សាសម្ព័ន្ធភាពនយោបាយរាជានិយមឡើងវិញ ក្រោមដំបូលគណបក្សហ៊្វុនស៊ីនប៉ិច កើតឡើងនៅពេលមានការកើនឡើងសំឡេងគាំទ្រគណបក្សសង្គ្រោះជាតិ នៅអំឡុងការបោះឆ្នោតឆ្នាំ២០១៣។ តែរបួសរ៉ាំរ៉ៃរបស់គណបក្សហ៊្វុនស៊ីនប៉ិចមិនងាយនឹងព្យាបាលសះស្បើយនោះទេ។
ប៉ុន្តែការព្យាយាមផ្សះផ្សាគណបក្សទាំងពីរនេះមិនបានជាលទ្ធផលអ្វីទេ។ នៅឆ្នាំ២០១៥ លោក ញឹក ប៊ុនឆៃ បានសម្រេចចិត្តដឹកដៃអ្នកដែលស្មោះស្ម័គ្រនឹងរូបលោក រួមមានអតីតសហរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទា ចំរ៉ាត់ ជាដើម ចេញទៅបង្កើតគណបក្សខ្មែររួបរួមជាតិ (KNUP) ដែលមានការិយាល័យដឹកនាំចេញពីផ្ទះរបស់លោកក្នុងខណ្ឌជ្រោយចង្វារ ត្រើយម្ខាងនៃរាជធានីភ្នំពេញតែម្ដង។
លោក ដា ឈាន ដែលជាមេឃុំហ៊្វុនស៊ីនប៉ិចនាគ្រានោះ ក៏បានចេញមកដង្ហែតាម លោក ញឹក ប៊ុនឆៃ ដែលជាមេដឹកនាំរបស់ខ្លួនដែរ ដែលផ្លាស់ប្ដូរមកជាសមាជិក និងឃោសនិកនៅមូលដ្ឋានឃុំថ្មពួក សម្រាប់គណបក្សខ្មែររួបរួមជាតិឆ្ពោះទៅរកការបោះឆ្នោតឃុំសង្កាត់ខែមិថុនា ឆ្នាំ២០១៧ ដែលលោកជាប់ឆ្នោតជាមេឃុំមួយអាណត្តិបន្ថែមទៀត។
ប៉ុន្តែក្រោយពីមានការវាយបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សសង្គ្រោះជាតិ ដូចជាការចាប់ខ្លួនលោក កឹម សុខា និងចោទលោកពីបទ«ក្បត់ជាតិ» ការរំលាយគណបក្សប្រឆាំងនេះចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំទៅ និងការហាមឃាត់មេដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយប្រាំឆ្នាំមកនោះ តំណែងមេឃុំ ចៅសង្កាត់ ជំទប់ ក្រុមប្រឹក្សាឃុំសង្កាត់ ទាំង៥០០៥ ដែលឈ្នះដោយគណបក្សសង្គ្រោះជាតិ ត្រូវបានបែងចែកទៅឱ្យគណបក្សប្រជាជនកម្ពុជាស្ទើរតែទាំងអស់ ពោលគឺតំណែងមេឃុំ៤៨៩ របស់គណបក្សសង្គ្រោះជាតិនៅទូទាំងប្រទេស បានទៅគណបក្សរបស់លោក ហ៊ុន សែន ទាំងអស់។ ការរំលាយគណបក្សប្រឆាំង និងការបែងចែកអាសនៈឃុំសង្កាត់ដែលគណបក្សនេះបានឈ្នះ ទៅឲ្យគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យ លោក ដា ឈាន ជាស្វ័យប្រវត្តិ ក្លាយជាមេឃុំតែម្នាក់គត់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមិនមែនជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ហើយសាលាឃុំថ្មពួកទៀតសោត ក៏ក្លាយជាការិយាល័យរដ្ឋបាលនយោបាយមូលដ្ឋានតែមួយគត់នៅទូទាំងប្រទេស ដែលមិនត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
នៅពេលត្រូវបានសួរពីអារម្មណ៍របស់លោក អំពីតថភាពនយោបាយចុងក្រោយដែលខ្លួនលោកជាមេឃុំតែម្នាក់គត់នៅទូទាំងប្រទេសដែលមិនមកពីគណបក្សប្រជាជននោះ លោក ដា ឈាន បានថ្លែងយ៉ាងដូច្នេះថា៖
«ខ្ញុំដូចជាមិនមានអ្វីដែលថា មានសម្ពាធ ឬក៏សេចក្ដីរង្កៀសមកដល់ខ្ញុំ ក្នុងការកាន់តំណែងជាមេឃុំនេះ ពីព្រោះយើងអនុវត្តតែទៅតាមនីតិវិធីផ្លូវច្បាប់ អ្វីដែលថាដែនសមត្ថកិច្ចក្នុងការបំពេញតួនាទី និងភារកិច្ច ក្នុងនាមជាមេឃុំ ដើរទៅតាមតែផ្លូវច្បាប់ អនុវត្តទៅអីចឹង។ អីចឹងខ្ញុំដូចជាគ្មានការគាបសង្កត់អ្វីផ្នែកផ្លូវចិត្តអី អត់មានទេ!»។
បណ្ឌិត អៀ សុផល អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Occidental សហរដ្ឋអាមេរិក បាននិយាយថា ឋានានុក្រមនយោបាយបច្ចុប្បន្ននៅកម្ពុជា បានត្រឡប់ទៅសម័យមុនឆ្នាំ២០០២វិញ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាលើកដំបូង ពេលដែលគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចក្ដាប់ណែនគ្រប់ច្រកល្ហកតាំងពីឆ្នាំ១៩៧៩មកនោះ បានកាន់កាប់ទាំងស្រុងនូវតំណែងមេដឹកនាំមូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត រាជធានី។
ក្នុងការឆ្លើយឆ្លងសារអេឡិចត្រូនិចមួយជាមួយ VOA បណ្ឌិត អៀ សុផល បានសរសេរជាភាសាអង់គ្លេសដែលត្រូវបានប្រែសម្រួលក្នុងន័យដើមយ៉ាងដូច្នេះថា៖
«គ្រានោះ[មុនឆ្នាំ២០០២] គណបក្សប្រជាជនកម្ពុជាគ្រប់គ្រង១០០%នៅថ្នាក់មូលដ្ឋាន ហើយបច្ចុប្បន្នគណបក្សមួយនេះគ្រប់គ្រង ៩៩.៩៩% នៃតំណែងមេឃុំនៅទូទាំងប្រទេស។ យើងត្រូវការមនុស្សច្រើនលើសពីលោក ដា ឈាន តែម្នាក់។ ហើយសូម្បីតែលោក ដា ឈាន គាត់ខ្លាច អីចឹងអ្នកផ្សេងៗក៏ខ្លាចដូចគ្នា»។
ភាពជាអ្នកដឹកនាំល្អ?
លោក ដា ឈាន ដែលធ្លាប់ជាបុគ្គលិកអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស និងក្រោយមកបានហក់ចូលឆាកនយោបាយអំឡុងការបោះឆ្នោតជាតិឆ្នាំ២០០៨ បានបញ្ចប់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យ កម្រិតមធ្យមសិក្សាទុតិយភូមិ តែទស្សនវិជ្ជានយោបាយរបស់លោកបានរីកធំឡើង ដោយលោករៀនពីបទពិសោធន៍ការងារនយោបានិងរដ្ឋបាល ដែលលោកដឹកនាំទីប្រជុំជនមួយនេះ។
សម្រាប់មេឃុំវ័យ៤៨ឆ្នាំរូបនេះ ស្មារតីគោរពច្បាប់ជាធំ តម្កល់ស្មារតីសមូហភាព នៅលើប្រយោជន៍ក្រុមបក្សពួកនិងប្រយោជន៍ខ្លួនឯងនោះ នឹងធ្វើឱ្យមានសណ្ដាប់ធ្នាប់ ប្រជាប្រិយភាពនយោបាយ និងផលិតភាពការងារសហគមន៍បានយូរអង្វែង។
«ការដឹកនាំវាទាក់ទងនឹងនីតិរដ្ឋ គឺយកច្បាប់ជាធំ។ អីចឹងកាលណា[យើង]ជាថ្នាក់ដឹកនាំ ច្បាប់នៅតែនឹងខ្លួនឯង ហើយចារទុកតែនឹងនៅក្រាំងសៀវភៅ ហើយដល់ការអនុវត្តនឹងទៅតាមតែសម្ដីខ្លួនឯង អត់មានប្រសិទ្ធភាពទេ។ អីចឹងមានសមិទ្ធភាពតែមួយគ្រាទេ តែមួយគ្រាក្រោយមកនឹងសាប»។
បដាគណបក្សខ្មែររួបរួមជាតិ នៅតាមដងផ្លូវជាតិកាត់ឃ្មុំថ្មពួក ដែលពលរដ្ឋភាគច្រើននៅទីនេះគាំទ្រគណបក្សតូចនេះ ជាជាងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (ខាន់ សុគុំមនោ | VOA Khmer)
«ពលរដ្ឋចង់បានការផ្លាស់ប្ដូរ»
នៅក្នុងឃុំថ្មពួក បញ្ហាជាច្រើននៅតែបន្តកើតឡើង រួមមានបញ្ហាបំណុលចាក់ស្រែះរួតរឹតក្រុមគ្រួសារជាច្រើន ដែលបណ្ដាលឱ្យមានចំណាកស្រុកទៅកាន់ប្រទេសថៃដែលមានរបងព្រំដែន មិនសូវជាឆ្ងាយពីស្រុកថ្មពួកប៉ុន្មាននោះទេ។ បើតាមតួលេខដែលផ្ដល់ដោយលោក ដា ឈាន នៅឃុំថ្មពួកប្រជាជនប្រមាណ៧០% ជំពាក់បំណុលស្ថាប័នហិរញ្ញវត្ថុនានា ហើយប្រជាជនប្រមាណ៥០% បានធ្វើចំណាកស្រុកទៅធ្វើការនៅស្រុកឆ្ងាយ។
ប្រជាពលរដ្ឋឃុំថ្មពួកជឿជាក់ថា បញ្ហាទាំងនេះហួសពីសមត្ថភាពសាលាឃុំអាចដោះស្រាយបាន។ នេះបើយោងតាមលោក ដា ឈាន។ លោកបានលើកឡើងថា បើទោះជាលោកទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតឃុំសង្កាត់ក៏ដោយ ក៏ពលរដ្ឋភាគច្រើនប្រាថ្នាចង់បោះឆ្នោតឱ្យគណបក្សមួយផ្សេងទៀតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ គឺគណបក្សសង្គ្រោះជាតិ។
«ខ្ញុំនិយាយតាមត្រង់ទៅ គណបក្សដែលត្រូវបោះឆ្នោត បើកុំតែគេរំលាយណា កុំអីថាគណបក្សសង្គ្រោះជាតិប្រហែលជាមានប្រជាពលរដ្ឋបោះជូនទៅគណបក្សសង្គ្រោះជាតិច្រើន។ ប៉ុន្តែបើសិនជាខ្ញុំប្រឹងប្រែងដែរ ប្រហែលជាទៅតិចតួច តែបើគាត់[គណបក្សសង្គ្រោះជាតិ] បានច្រើន … បាទ។ ខ្ញុំថា ដែលសន្ទុះទឹកចិត្តប្រជាពលរដ្ឋ ភាពថាធ្វើការផ្លាស់ប្ដូរ អាចនៅក្នុងឃុំថ្មពួកហ្នឹង [គណបក្ស]សង្គ្រោះជាតិនឹងទទួលបាន។ នេះនិយាយត្រង់ អត់បាននិយាយឱ្យល្អមើលទេ។ និយាយត្រង់ គឺ[គណបក្សសង្គ្រោះជាតិ]អាចនឹង[បានទទួលការគាំទ្រ]ច្រើន។ បាទគឺច្រើន ហើយលើសគណបក្សផ្សេងៗ»។
ទាក់ទិននឹងទំនោរនិន្នាការនយោបាយរបស់ពលរដ្ឋក្នុងឃុំរបស់លោក លោក ដា ឈាន បាននិយាយបន្ថែមថា៖
«ជាទូទៅបងប្អូនគាត់មានបំណងចង់ធ្វើការផ្លាស់ប្ដូរ ចង់ធ្វើការផ្លាស់ប្ដូរ។ អីចឹងអ្វីដែលផ្លាស់ប្ដូរទៅបាន មានតែមួយហ្នឹង តែដល់វាសូន្យអីចឹង គាត់ប្រហែលជាពិបាកក្នុងការសម្រេចចិត្ត មានផលវិបាក»។
ក៏ប៉ុន្តែ បើទោះជាមានការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិនិងជាតិមួយចំនួនក៏ដោយ ក៏រាជការក្រុងភ្នំពេញមិនព្រមថយមួយជំហានពីការបង្ក្រាបទៅលើក្រុមជំទាស់ ដែលនាំឱ្យគណបក្សសង្គ្រោះជាតិ មិនអាចចូលរួមការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដានេះឡើយ ក្រោយពីការរំលាយរួចមក។
ជាមួយនឹងអវត្តមានគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏ស្រួចស្រាល គណបក្សប្រជាជនកម្ពុជាត្រូវបានគេរំពឹងថា នឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅចុងខែនេះ ខណៈគណបក្សកាន់អំណាច ត្រូវបានផ្គូផ្គងនឹងគណបក្សតូចៗចំនួន១៩ផ្សេងទៀត ដែលខ្លះមានទំហំអ្នកគាំទ្រតូចសម្រាប់ការបោះឆ្នោតកន្លងមក ហើយខ្លះទៀតទើបនឹងឮឈ្មោះនៅត្រឹមរដូវការបោះឆ្នោតនេះតែប៉ុណ្ណោះ។
ត្រង់ចំណុចនេះ លោក ដា ឈាន បានលើកឡើងយ៉ាងដូច្នេះថា៖
«ដែលយើងគិតថា នាំឱ្យប្រជាពលរដ្ឋមានភាពអល់ឯក មានភាពស្ទាក់ស្ទើរ ដោយសារឃើញគូប្រកួតម្ខាងហ្នឹង គូប្រកួតទាំងអស់ហ្នឹង វាអត់ស៊ីគ្នា បាទ កម្លាំងវាអត់ស៊ីគ្នា។ អីចឹងយើងដឹងថា អ្នកណាឈ្នះ អ្នកណាចាញ់រួចទៅហើយ។ យើងមើលឃើញដឹងច្បាស់។ បាទអីចឹង រវាងកូនក្មេងមួយ វាយនឹងមនុស្សធំ អីចឹងមិនបាច់ចាប់[ភ្នាល់] ក៏ដឹង»។
ខណៈដែលការវាយបង្ក្រាបខាងនយោបាយបានរន្ថើនឡើងនៅមុនការបោះឆ្នោត បរិយាកាសនៃការភ័យខ្លាចបានកើតមានជាទូទៅ ហើយនៅឃុំថ្មពួកក៏មិនខុសពីកន្លែងដទៃដែរ គឺពលរដ្ឋបានបង្ហាញនូវការភ័យខ្លាច មិនហ៊ានបញ្ចេញមតិអ្វីមួយនៅកណ្ដាលចំណោមមនុស្សនៅទីសាធារណៈទេ។
ពលរដ្ឋឃុំថ្មពួកដូចជាលោក ទូច សារុន បាននិយាយថា ស្ថានការណ៍នយោបាយមានសភាពស្មុគស្មាញ ដែលនាំឱ្យពលរដ្ឋដូចជារូបលោក «ខ្លាចដែរ មិនដឹងធ្វើម៉េច មិនហ៊ាន នៅតែលតោល»។
សំណល់នៃយុគសម័យនយោបាយមួយដែលរលាយបាត់រូប
លោក ដា ឈាន មិនត្រឹមតែជានិមិត្តរូបនៃសំណល់សេសសល់ចុងក្រោយបង្អស់នៃរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាប៉ុណ្ណោះទេ លោកថែមទាំងជានិមិត្តរូបចុងក្រោយដែលនៅសេសសល់ពីចលនានយោបាយរាជានិយម ដែលមានចារឹកក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើបរបស់ប្រទេសទៀតផង។
តំបន់ថ្មពួក ដែលស្ថិតនៅកៀករបងព្រំដែនប្រទេសថៃ ធ្លាប់ជាទីតាំងឈរជើងរឹងមាំរបស់កងកម្លាំងហ៊្វុនស៊ីនប៉ិចនៃរដ្ឋាភិបាលត្រីភាគី គឺព្រះបាទ នរោត្តម សីហនុ លោកសឺន សាន និងលោកខៀវ សំផន ដែលគាំទ្រដោយអាមេរិក និងចិន នាអំឡុងទសវត្សរ៍១៩៨០ ប្រយុទ្ធតទល់នឹងរបបលោក ហេង សំរិន នៅភ្នំពេញ ដែលគាំទ្រដោយវៀតណាម និងសហភាពសូវៀត។
លោក ដា ឈាន បានឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ជាប់ជាមេឃុំថ្មពួកក្នុងរយៈពេល២អាណត្តិជាប់ៗគ្នា។ (ស៊ុន ណារិន | VOA Khmer)
តំបន់ថ្មពួកជាសមរភូមិក្ដៅរវាងគូភាគីជម្លោះទាំងសងខាង។ លោក ដា ឈាន ដែលនៅជាកុមារានៅឡើយនាពេលនោះ នៅចងចាំពេលវេលាដែលរូបលោក ក្រុមគ្រួសារ និងអ្នកថ្មពួកដទៃទៀត ត្រូវទៅសម្រាន្តនៅខាងក្នុងលេណដ្ឋាននាពេលរាត្រី ដើម្បីគេចពីគ្រាប់ផ្លោង ដែលបាញ់ទាំងយប់ទាំងថ្ងៃរវាងរចនាសម្ព័ន្ធកងទ័ពបងប្អូនគូសត្រូវទាំងសងខាង។
«បើនិយាយរួមទៅ ឱ្យតែល្ងាចឡើង ទៅដេកតែនៅនឹងត្រង់សេ ដេកនឹងត្រង់សេដើម្បីរត់ពួនគ្រាប់»។
ជាកូនពៅក្នុងចំណោមបងប្អូន៨នាក់ ដែលមានឪពុកជាភ្នាក់ងារសុខភាព និងម្ដាយជាកសិករ លោក ដា ឈាន ដែលមានវ័យ១១ឆ្នាំ ក្នុងឆ្នាំ១៩៨៤ ព្រមទាំងក្រុមគ្រួសារទាំងមូល ត្រូវបានកងកម្លាំងរដ្ឋាភិបាលត្រីភាគី ក្រោមការបញ្ជារបស់លោក ញឹក ប៊ុនឆៃ ជួយជម្លៀសយកទៅនៅជំរុំជនភៀសសឹកក្នុងដីថៃ និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលត្រីភាគី។
ជីវិតនៅទីជំរំក្បែរព្រំដែនថៃនោះហើយ ដែលបាននាំឱ្យលោក ដា ឈាន នៅដិតជាប់នឹងសមានចិត្តនយោបាយជាមួយ លោក ញឹក ប៊ុនឆៃ និងចលនានយោបាយរាជានិយម ដែលក្រោយមកបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
តែវាសនានយោបាយរបស់គណបក្សហ៊្វុនស៊ីនប៉ិច ដែលក្រោយមកបានស្គាល់តែបរាជ័យ រងការវាយបង្ក្រាប និងការបែកបាក់ បានស្រុតប្រជាប្រិយភាព រហូតបែកជាគណបក្សខ្មែររួបរួមជាតិនោះ បាននាំឱ្យលោក ដា ឈាន មានភាពស្រណោះស្រណោកខ្លះដែរ ក្នុងនាមជាតារាកំពុងរះក្នុងគណបក្សតូចមួយទៅវិញ។
«យើងអល់ឯកត្រង់តែថា វាអត់មាំទាំដូចលើកមុន … យើងមិនអាចថាក្លាយទៅជាការគ្រប់គ្រងជាអ្នកដឹកនាំរដ្ឋាភិបាល យើងមើលទៅស្ថានភាពគឺមិនអាចទៅបាន»។
គណបក្សខ្មែររួបរួមជាតិដែលលោក ដា ឈាន ជ្រកកោនជាទីរំពឹងផ្នែករចនាសម្ព័ន្ធនយោបាយ ក៏ស្ថិតក្នុងចំណោមគណបក្សទាំង២០ ដែលនឹងចូលរួមការបោះឆ្នោតនេះផងដែរ។ នៅមុនយុទ្ធនាការបោះឆ្នោត ដែលត្រូវបានគណបក្សសង្គ្រោះជាតិថ្កោលទោសថាជារឿង«ឆ្ពឹនភ្នែក»នោះ លោក ញឹក ប៊ុនឆៃ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ហើយលោកបានឆ្លៀតឱកាសនេះ ចូលមកដឹកនាំគណបក្សសាជាថ្មីក្នុងការបោះឆ្នោតនាពេលខាងមុខ។
កាលពីថ្ងៃទី៧ ខែកក្កដា យុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ បានចាប់ផ្តើមនៅរាជធានីភ្នំពេញ។ ស្របពេលដែលពលរដ្ឋជាច្រើននាក់នៅស្ងាត់ស្ងៀមនោះ អំណាចលើសលុបរបស់គណបក្សប្រជាជនកម្ពុជាកាន់តែបង្ហាញឲ្យឃើញច្បាស់ នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់សមាជិក និងអ្នកគាំទ្របក្សចំនួន៦ម៉ឺននាក់។ ដោយឡែក ការហែក្បួនឃោសនារបស់គណបក្សតូចៗដទៃទៀត មានចំនួនអ្នកចូលរួមតិចជាងនេះឆ្ងាយណាស់។
រីឯលោក ញឹក ប៊ុនឆៃ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ បានថ្លែងទៅកាន់សមាជិកគណបក្ស និងអ្នកគាំទ្របក្សចំនួនជាង៦០០នាក់ នៅជាយរាជធានីភ្នំពេញ និងនៅក្បែរទីស្នាក់ការគណបក្ស ដោយលោកបានលើកឡើងថា បើសិនជាគណបក្សរបស់លោកឈ្នះការបោះឆ្នោតនេះ លោកនឹងអនុវត្តគោលនយោបាយកែទម្រង់ប្រព័ន្ធរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាចម្បង២ ដូចជាបញ្ហារឹបអូសដីធ្លីជាដើម។
ស្របពេលដែលពលរដ្ឋមួយចំនួនមានសមានចិត្តចំពោះគណបក្សសង្គ្រោះជាតិនោះ លោក ដា ឈាន ក៏បានប្រាប់ VOA បន្ថែមនាពេលថ្មីៗនេះថា ពលរដ្ឋ និងសកម្មជនមួយចំនួននៃគណបក្សខ្មែររួបរួមជាតិ រួមទាំងរូបលោកផង បានសម្ដែងក្ដីត្រេកអរចំពោះការចេញមកនៅក្រៅឃុំរបស់លោកអតីតនាយឧត្ដមសេនីយ៍ ញឹក ប៊ុនឆៃ ដែលអាចត្រឡប់មកដឹកនាំគណបក្សវិញ។
មេឃុំវ័យ៤៨ឆ្នាំរូបនេះបានថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖
«ទោះបីមជ្ឈដ្ឋានមហាជនទូទៅយល់ថា បើទោះជាចូលរួមប្រកួតប្រជែងក៏មិនទទួលបាន ក៏ខ្ញុំនៅតែជ្រោមជ្រែង ទៅតាមលទ្ធភាពមួយចង្កោមតូចរបស់ខ្ញុំ មួយឃុំហ្នឹង នៅតែជ្រោមជ្រែងគាត់។ តែយើងយល់ថាការបោះហ្នឹង ប្រហែលជាមិនអាចទទួលបានមួយកៅអីទេ តែគិតថាដើម្បីការស្រឡាញ់ឯកឧត្តម ញឹក ប៊ុនឆៃ ក៏[ពួកយើង]នឹងប្រឹងប្រែង»៕