សេចក្តី​រាយការណ៍​ពិសេស​របស់ VOA

សហរដ្ឋ​អាមេរិក​ដ៏​ខ្លាំងក្លា

រដ្ឋបាល​លោក ត្រាំ កំពុង​ព្យាយាម​បំពេញ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​អំណាច​យោធា​អាមេរិក។ ស្រប​ពេល​ដែល​អ្នក​គាំទ្រ​​លោក ត្រាំ បន្ត​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ អ្នក​រិៈគន់​មាន​ចម្ងល់​ថា តើ​អ្នក​គាំទ្រ​លោក​ ត្រាំ យល់​យ៉ាង​ណា​នៅ​ពេល​ដែល​ការ​បង្កើន​ការ​ចំណាយ​ខាង​យោធា បណ្តាល​ឲ្យ​មាន​ការ​កាត់​បន្ថយ​លើ​ការ​ចំណាយ​ខាង​សង្គមកិច្ច និង​ខាង​បរិស្ថាន និង​គម្រោង​ផ្សេងៗ​ទៀត។ សម្រាប់​អ្នក​គាំទ្រ​លោក ត្រាំ ​ម្នាក់​នៅ​ទីក្រុង Annawan នៃ​រដ្ឋ​ Illinois លោក​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក ត្រាំ។

ខ្លឹមសារ​ជា​លាយលក្ខណ៍​អក្សរ:

កសិដ្ឋាន​ចិញ្ចឹម​សេះ​ គឺជា​មូលហេតុ​ដែល​ខ្ញុំ​ក្រោក​ឡើង​រាល់​ព្រឹក។ វា​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​តែ​នៅ​ក្នុង​ផ្ទះ ហើយ​មិន​ធ្វើ​អ្វី​នោះ​ទេ។ ការងារ​កសិដ្ឋាន​នេះ​ធ្វើ​ឲ្យ​សុខភាព​ខ្ញុំ​រឹងមាំ។ ខ្ញុំ​ត្រូវតែ​មើល​ថែទាំ​សេះ​ទាំងនេះ ដូច​ជា​កូន​របស់​ខ្ញុំ​អីចឹង។

និយាយ​ទៅ យើង​ត្រូវ​តែ​មាន​កម្លាំង​យោធា​រឹងមាំ។ យើង​ត្រូវតែ​មាន​ភាព​ជា​អ្នក​ដឹកនាំ។ ហើយ​បើ​សិន​ជា​យើង​មិន​រឹងមាំ​ទេ នោះ​អ្នក​ដទៃ​នឹង​ទាញ​យក​ប្រយោជន៍​ពី​យើង។

នេះ​មិនមែន​មាន​ន័យ​ថា យើង​ទៅ​ប្រឆាំង​​អ្នក​ដទៃ​ទេ។ តែ​យើង​ត្រូវ​បង្ហាញ​អំណាច​យើង។ ​យើង​ត្រូវ​មាន​កម្លាំង​យោធា​ខ្លាំង ដែល​មាន​គេ​គាំទ្រ។ តែ​បើ​យើង​ខ្សោយ​ដោយ​សារ​កាត់​បន្ថយ​ចំណាយ​លើ​យោធា នោះ​យើង​នឹង​ទទួល​លទ្ធផល​មិន​ល្អ​ត្រឡប់​មក​វិញ។

លោក Reagan ​បាន​កសាង​អំណាច​យោធាឲ្យ​​ខ្លាំងក្លា ហើយ​នៅ​ពេល​ដែល​យើង​ពង្រឹង​កម្លាំង​យោធា​របស់​យើង សូម​មើល​លើ​​អ្វី​ដែល​រុស្ស៊ី​បាន​ធ្វើ។

យើង​កំពុង​តែ​ចំណាយ​ថវិកា​ច្រើន​ណាស់​នៅ​ក្រៅ​ប្រទេស។ ចំណាយ​ថវិកា​រាប់​លានលាន​ដុល្លារ​លើ​សង្គ្រាម។ ហើយ​យើង​បាន​អ្វី​មក​វិញ? យើង​ផ្តល់​ជំនួយ​បរទេស​ទៅ​បណ្តា​ប្រទេស​ជាច្រើន​។ ហើយ​យើង​បាន​អ្វី​មក​វិញ? យើង​មិន​ចាំបាច់​ចំណាយ​ថវិកា​ក្នុង​ប្រទេស​ទាំង​នោះ​ទេ។ ​យើង​ត្រូវ​ក្រោក​ឈរ​ប្រឆាំង​នឹង​នរណា ដែល​បង្ក​បញ្ហា​ជាមួយ​បណ្តា​ប្រទេស​ទាំង​នោះ៕

—លោក Bill Croegaert, កម្មករ​រោងចក្រ​ចូល​និវត្តន៍

ក្រុង Annawan រដ្ឋ Illinois