សេចក្តី​រាយការណ៍​ពិសេស​របស់ VOA

អនាគត​នៃ​កសិកម្ម

វិស័យ​កសិកម្ម​នៅ​សហរដ្ឋ​អាមេរិក​ បាន​ក្លាយជា​ការងារ​របស់​ក្រុម​មនុស្ស​វ័យ​ចំណាស់។ ប្រជា​កសិករ​ចំនួន​ជិត​ពីរ​ភាគ​បី​នៃ​ប្រជា​កសិករ​សរុប​ មាន​អាយុ​៥៥ឆ្នាំ​ឡើង​ទៅ។ បញ្ហា​នេះ​គឺ​មួយ​ផ្នែក​ដោយសារ​តែ​មនុស្ស​ភាគច្រើន​ចង់​ទៅ​រស់នៅ​ក្នុង​ទីក្រុង​ធំៗ និង​មួយ​ផ្នែក​ដោយសារ​តែ​ការ​ដាក់​បញ្ចូល​គ្នា​រវាង​កសិដ្ឋាន​លក្ខណៈ​គ្រួសារ​ទៅក្នុង​ក្រុម​សាជីវកម្ម​ធំៗ ដែល​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​តាម​តំបន់​ជនបទ។

ខ្លឹមសារ​ជា​លាយលក្ខណ៍​អក្សរ:

លោក​តា​ខ្ញុំ​បាន​បង្កើត​កសិដ្ឋាន​នេះ ហើយ​ឪពុក​ខ្ញុំ​កាន់កាប់​កសិដ្ឋាន​នេះ​ត។ បើ​សិន​ជា​ខ្ញុំ​ចង់ ខ្ញុំ​អាច​ទាញ​យក​ផល​ប្រយោជន៍​ពី​កសិដ្ឋាន​នេះ។ តែ​សំណួរ​គឺ​នៅ​ត្រង់​ថា តើ​ខ្ញុំ​ចង់ឬ​មិន​ចង់។

មាន​ភាព​មិន​ប្រាកដ​ប្រជា​ច្រើន។ តើ​សេដ្ឋកិច្ច​យើង​នឹង​មាន​ស្ថានភាព​យ៉ាង​ដូចម្តេច? មួយ​ផ្នែក ​ខ្ញុំ​ចង់​រៀន​ត​យក​ជំនាញ​ខាង​បង្រៀន ​ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវភាព​ឋិតឋេរ មាន​ការ​ធានា​រ៉ាប់រង​ខាង​សុខភាព ហើយ​ដឹង​ថា ​ខ្ញុំ​មាន​ចំណូល​ជា​ប្រចាំ ព្រោះ​ថា ការងារ​កសិកម្ម ខ្ញុំ​ត្រូវ​ពឹង​លើ​ខ្លួនឯង ហើយ​ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​នឹង​រក​ចំណូល​បាន ឬ​ក៏​ខាត​នោះ​ទេ។ ហើយ​ខ្ញុំ​ក៏​មិន​ប្រាកដ​ពី​សុខភាព​ខ្ញុំ​ដែរ។

នេះ​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​ប្រកប​របរ​កសិកម្ម បើ​​សំណាង​ល្អ យើង​អាច​មាន​ការ​ធានា​រ៉ាប់រង​ល្អ ទោះ​បី​ជា​យើង​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង​ក៏​ដោយ។ ​ខ្ញុំ​គិត​ថា ការ​ធានា​រ៉ាប់រង​ខាង​សុខភាព គួរ​តែ​មាន​តម្លៃ​សមរម្យ​ ដែល​អាច​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​ទទួល​បាន តែ​ឥឡូវ​នេះ វា​មិន​អីចឹង​ទេ។ ស្ថានភាព​នេះ​មើល​ទៅ​ដូច​ជា​គួរ​ឲ្យ​បារម្ភ។

សម្រាប់​ជំនាន់​ខ្ញុំ សហរដ្ឋ​អាមេរិក​គឺ​មិន​មាន​ភាព​ប្រាកដ​ប្រជា​ទេ។ តើ​យើង​នឹង​ដើរ​លើ​ផ្លូវ​ណា? ផ្នត់​គំនិត​ដែល​ថា បើ​យើង​ខំ​ធ្វើការ អាច​ចិញ្ចឹម​គ្រួសារ​បាន និង​ផ្គត់ផ្គង់​ខ្លួន​ឯង និង​គ្រួសារ​បាន​នោះ កំពុង​តែ​សាប​រលាប​ហើយ។

រាល់​យប់ ​ខ្ញុំ​មក​និយាយ​ជាមួយ​លោក​តា​ខ្ញុំ។ យើង​មាន​ការ​ព្រួយ​បារម្ភ​ច្រើន ដូចគ្នា​នឹង​ពេល​ដែល​គាត់​មាន​អាយុ​ស្របាល​ខ្ញុំ​ដែរ។ គាត់​ធំដឹង​ក្តី​នៅ​ទសវត្សរ៍​៣០ និង​៤០ ហើយ​បញ្ហា​មួយ​ចំនួន​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ពេល​បច្ចុប្បន្ននេះ​ដែរ ដូចជា យើង​មិន​ដឹង​ថា នឹង​មាន​អ្វី​កើត​ឡើង​នោះទេ។ ​ខ្ញុំ​បាន​ស្តាប់​ពី​អ្វី​ដែល​លោក​តា​ខ្ញុំ ​បាន​គិតគូរ និង​ពី​អ្វី​ដែល​គាត់​បាន​ដឹង នៅ​ពេល​ដែល​គាត់​មាន​អាយុ​ស្របាល​ខ្ញុំ៕

—លោក Connor McCormick, កសិករ

តំបន់ Mayville Township រដ្ឋ Minnesota