សេចក្តី​រាយការណ៍​ពិសេស​របស់ VOA

បញ្ហា​ពូជសាសន៍​ក្នុង​សង្គម​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស

ចាប់​តាំង​ពី​ប្រកាស​ឈរ​ជា​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​មក លោក ដូណាល់ ត្រាំ បាន​ប្រដូច​ជន​អន្តោប្រវេសន៍​ទៅ​នឹង​ឧក្រិដ្ឋកម្ម។ ដូចគ្នា​នោះ​ដែរ នៅ​ពេល​ដែល​លោក​និយាយ​អំពី​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ ជា​រឿយៗ លោក​ងាក​ទៅ​និយាយ​ពី​បញ្ហា​ឧក្រិដ្ឋកម្ម​ភ្លាម​តែ​ម្តង។ បើ​ទោះបី​ជា​មាន​ភស្តុតាង​បញ្ជាក់​ថា ការ​ប្រៀបធៀប​បែប​នេះ​ជា​ការ​លើកឡើង​ខុស​ក្តី ក៏​ការ​យល់​ឃើញ​បែប​នេះ​របស់​លោក ត្រាំ ត្រូវបាន​ប្រជា​ពលរដ្ឋ​​នៅ​ទីក្រុង​ Tampico រដ្ឋ Illinois ជឿ​ និង​និយាយ​តៗគ្នា ដែល​នៅ​ទី​នោះ ប្រជា​ពលរដ្ឋ​ចំនួន​៩៩.៧៤ភាគរយ គឺជា​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស។

ខ្លឹមសារ​ជា​លាយលក្ខណ៍​អក្សរ:

នេះ​គឺជា​ក្រុង Tampico ​រដ្ឋ Illinois ដែល​ជា​ទីកំណើត​របស់​លោក​អតីត​ប្រធានាធិបតី Ronald Reagan។ ខ្ញុំ​មិន​យល់​ស្រប​១០០ភាគរយ នឹង​អ្វី​ដែល​លោក​បាន​ធ្វើ​នោះ​ទេ។ ប៉ុន្តែ នៅទីនេះ យើង​មាន​មោទនភាព​ចំពោះ​រូបលោក។

ខ្ញុំ​អាយុ ៥៨ឆ្នាំ។ ខ្ញុំ​មិន​ដែល​ឃើញ​ប្រទេស​ជាតិ​យើង ​បែកបាក់​គ្នា​យ៉ាង​ដូច្នេះ​ទេ ក្នុង​រយៈពេល​៣ឆ្នាំ​នេះ។ មនុស្ស​នាំ​គ្នា​ប្រកែក​គ្នា​រឿង​ពូជសាសន៍។ យើង​ទាំង​អស់​គ្នា គឺជា​ពលរដ្ឋ​អាមេរិកាំង។ បើសិន​ជា​យើង​ទាំង​អស់​គ្នា​រស់នៅ​ក្រោម​ច្បាប់​តែមួយ នោះ​យើង​នឹង​មិន​បែកបាក់​គ្នា​ដូច្នេះ​ទេ។

យើង​ទាំងអស់​គ្នា​បារម្ភ តែ​ខ្ញុំ​នឹង​មិន​រើសអើង​អ្នក​ទេ បើ​ទោះ​អ្នក​ជា​ពលរដ្ឋ​អាមេរិក​ឡាទីន ឬ​អាមេរិក​ស្បែក​ខ្មៅ​ក្តី។ យើង​ទាំង​អស់​គ្នា​ជា​ពលរដ្ឋ​អាមេរិកាំង។ បើ​អ្នក​ជា​ពលរដ្ឋ​អាមេរិកាំង នោះ​ពូជសាសន៍​របស់​អ្នក​មិន​ជា​បញ្ហា​នោះ​ទេ។ ខ្ញុំ​នឹង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដោយ​ក្តី​គោរព ឲ្យ​តែ​អ្នក​គោរព​ខ្ញុំ​វិញ​ដែរ។ បើ​សិន​ជា​អ្នក​ចេញ​ទៅ​ប្លន់​គេ នោះ​អ្នក​មិន​គោរព​អ្នក​ដទៃ​ទេ។ មែនអត់? ហើយ​បើ​អ្នក​ទៅ​បាញ់​គេ នោះ​អ្នក​ក៏​មិន​គោរព​អ្នក​ដទៃ​ដែរ។ តើ​ខ្ញុំ​គួរ​តែ​គោរព​មនុស្ស​ដែល​ប្លន់​គេ​ទេ? ខ្ញុំ​មិន​គួរ​ទេ។

មន្ត្រី​ប៉ូលិស និង​ច្បាប់​យើង​ត្រូវបាន​វាយ​ប្រហារ។ បើ​យើង​មិន​អាច​អនុវត្ត​តាម​ច្បាប់ និង​គោរព​មន្ត្រី​អនុវត្ត​ច្បាប់​ទេ ខ្ញុំ​គិត​ថា នេះ​ដោយសារ​តែ​យើង​មិន​គោរព​ច្បាប់។

តើ​នេះ​ជា​សង្គ្រាម​ពូជសាសន៍​ឬ? វា​បាន​ក្លាយ​ជា​សង្គ្រាម​ពូជសាសន៍​ទៅ​ហើយ។ តើ​យើង​អាច​ផ្លាស់ប្តូរ​វា​ទេ? អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ​គឺ សង្ឃឹម​និង​បន់ស្រន់​ថា យើង​អាច​ធ្វើបាន៕

—អ្នកស្រី Bonnie Anderson, ម្ចាស់​ហាង​ស្រាបៀរ

ក្រុង Tampico រដ្ឋ Illinois