សេចក្តី​រាយការណ៍​ពិសេស​របស់ VOA

ការ​កើន​ឡើង​ព័ត៌មាន​ប្រឌិត

ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការ​កើន​ឡើង​នូវ​គេហទំព័រ​ស្តី​ពី​«ព័ត៌មាន​ប្រឌិត» បែប​ទស្សនៈនិយម មិន​ពឹង​ផ្អែក​លើ​ព័ត៌មាន​ពិត ដែល​ជួនកាល​ដោយសារ​តែ​និន្នាការ​នយោបាយ និង​ដោយសារ​តែ​ផល​ចំណេញ​ខាង​ហរិញ្ញវត្ថុ។ ពាក្យ​ «‍ព័ត៌មាន​ប្រឌិត» ត្រូវបាន​លោក ដូណាល់ ត្រាំ យក​ទៅ​ប្រើ​ដើម្បី​ប្រឆាំង​នឹង​សារព័ត៌មាន​ខ្លះ ដែល​លោក​យល់​ថា មាន​ភាព​អយុត្តិធម៌​មក​លើ​រូបលោក។ ហើយពាក្យ​នេះ ក៏​ត្រូវបាន​យក​ទៅ​ប្រើ​នៅ​ក្នុង​ទីក្រុង​ Mount Carroll តូចមួយ​នៅក្នុង​រដ្ឋ Illinois ផងដែរ។

ខ្លឹមសារ​ជា​លាយលក្ខណ៍​អក្សរ:

ខ្ញុំ​គឺជា​បណ្ណាធិការ អ្នក​កែ​សម្រួល និង​ជា​ម្ចាស់​កាសែត​បោះពុម្ព​ប្រចាំ​សប្តាហ៍​នៅ​ក្នុង​ក្រុង​ដ៏​តូចមួយ​នេះ។ ក្រុង Mount Carroll មាន​ប្រជាជន​រស់នៅ​ប្រមាណ​១៦០០នាក់។

យើង​ធ្វើសេចក្តី​រាយការណ៍​អំពី​ព័ត៌មាន​ក្នុង​សហគមន៍។ ​តាម​រយៈ​អ្នក​ដែល​ខ្ញុំ​បាន​ទាក់ទង​ជាមួយ ខ្ញុំ​អាច​និយាយ​បាន​ថា មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​និង​នៅ​ក្នុង​ប្រទេស​យើង មាន​ឥរិយាបថ​បែប​មិន​ទុកចិត្ត​លើ​អ្វី​ទាំង​អស់។ ដោយសារ​តែ​ពួកគេ​មិន​ជឿ​ទុកចិត្ត​លើ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម នោះ​ពួកគេ​ក៏​មិន​ជឿ​លើ​សេចក្តី​រាយការណ៍​របស់​​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ និង​កាសែត​ធំៗ ដូចជា​កាសែត the New York Times កាសែត the Washington Post ឬ​កាសែត the Chicago Tribute ដែរ។ ព័ត៌មាន​ទាំង​នោះ​ធ្វើ​ឲ្យ​ពួកគេ​មាន​មន្ទិល​សង្ស័យ។

មាន​មនុស្ស​និយាយ​លេង​សើច​ដាក់​ខ្ញុំ​ថា៖ «‍អូ ព័ត៌មាន​នេះ ជា​ព័ត៌មាន​ប្រឌិត​មែន​ទេ Bob?» ឬ​អ្នក​ខ្លះ​និយាយ​ថា៖ «‍តើ​ធ្វើ​ដូចម្តេច​ទើប​ខ្ញុំ​អាច​ដឹងបាន​ថា​ ព័ត៌មាន​នេះ​មិន​បាន​កែប្រែ​ពី​ព័ត៌មាន​ពិត»។ ពួកគេ​និយាយ​លេង​សើច​អំពី​រឿង​នេះ។ ពួក​គេ​ទំនង​ជា​និយាយ​តៗ​គ្នា​អំពី​ព័ត៌មាន​ជាតិ ដែល​ពួកគេ​បាន​មើល​តាម​ទូរទស្សន៍។

សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ជនបទ​យើង ​ខ្ញុំ​យល់​ថា វា​ដក់​ជាប់​នៅ​ក្នុង​ខួរក្បាល​យើង​ទៅ​ហើយ​ ដែល​ថា នៅថ្នាក់​ជាតិ ពួកគេ​មិន​ច្បាស់ ថា​គួរ​ជឿ​ឬ​មិន​ជឿ​លើ​ព័ត៌មាន​ទាំង​នោះ​ទេ។ ហើយ​ការ​យល់​ឃើញ​នេះ​ ក៏​បាន​ជ្រាប​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន ហើយ​ជា​លទ្ធផល ​ពួកគេ​មាន​មន្ទិល​សង្ស័យ។ ខ្ញុំ​ពិតជា​មិន​ដែល​ឃើញ​ស្ថានភាព​បែប​នេះ​នៅ​ក្នុង​សហគមន៍​យើង​ពីមុន​មក​ទេ ​ក្រៅ​ពី​ការ​និយាយ​លេងសើច​នោះ។

​ទោះបី​វា​គ្រាន់​តែ​ការ​និយាយ​លេង​សើច ប៉ុន្តែ​វា​នៅ​ដក់​ជាប់​ក្នុង​ការ​គិត​របស់​ពួកគេ។ ពួកគេ​គិត​ពី​បញ្ហា​នោះ។ ហើយ​យើង​ចង់ដឹង​ថា តើ​បញ្ហា​នេះ​នឹង​ចាក់ឫស​ដល់​កម្រិត​ណា។ ខ្ញុំ​យល់​ថា មនុស្ស​ម្នា​នឹង​ផ្តោត​លើ​ព័ត៌មាន​ប្រឌិត​នេះ៕

—លោក Bob Watson, និពន្ធ​នាយក​កាសែត

ក្រុង Mount Carroll រដ្ឋ Illinois