កាលពីខ្ញុំនៅក្មេងគឺខុសពីឥឡូវ។ កាលពីក្មេង យើងអាចចេញក្រៅ លេងបាល់ Football (អាមេរិក) កីឡា Baseball បាល់បោះ និងកីឡាផ្សេង។ យើងមិនខ្វល់ខ្វាល់ច្រើនទេ។ យើងមិនបាននិយាយពីរឿងភេរវកម្មទេ។ ហើយរឿងហ្នឹងក៏គ្មាននៅក្នុងចិត្តពួកយើងដែរ។
ឥឡូវវាត្រូវបានសាយភាយ។ អ្នកដឹងពីអ្វីដែលខ្ញុំកំពុងនិយាយ។ អំពើភេរវកម្មពិតជាកើតឡើងនៅទីនេះ។ ខ្ញុំជឿថាពួក ISIS ស្ថិតនៅក្នុងសហរដ្ឋអាមេរិកសព្វថ្ងៃនេះ។ គ្រាន់តែយើងមិនដឹងថា ពួកគេជាអ្នកណា។ យើងមិនដឹងថា ពួកគេនៅឯណា។ ពួកគេអាចបង្ហាញខ្លួននៅមន្ទីរពេទ្យ ឬក៏ហាងស្រាបៀរ ដូចដែលពួកគេបានធ្វើនៅរដ្ឋ Florida ឬរដ្ឋ California។ ខ្ញុំមិនចង់និយាយទេ តែនេះគឺជាអ្វីដែលកំពុងកើតឡើង និងជាស្ថានភាពជាក់ស្ដែងសព្វថ្ងៃ។ វាពិតជាខុសពីមុន។ ឥឡូវនេះ មានកង្វល់ក្នុងចិត្តថា អាចមានការគំរាមដាក់គ្រាប់បែកក្នុងសាលារៀន នៅក្នុងមន្ទីរពេទ្យ ហើយយើងមិនចង់ឲ្យវាកើតឡើងទេ។ វាមិនគួរកើតឡើងនៅទីនោះទេ។
យើងចង់ឲ្យមានមនុស្សជាច្រើននាក់មកទីនេះ ព្រោះនេះជាប្រទេសដ៏អស្ចារ្យបំផុតមួយក្នុងពិភពលោក តែយើងឥឡូវបារម្ភថា «ដូចជាមិនអីចឹងទៀតទេ»។ យើងត្រូវតែពិនិត្យយ៉ាងល្អិតល្អន់ និងស្រាវជ្រាវថាតើពួកគេជានរណា មកពីកន្លែងណា និងមានបំណងអ្វី។ វាខុសពីមុន បើប្រៀបធៀបនឹង ២០ឆ្នាំមុន ឬ៣០ឆ្នាំមុន។
គួរតែមានការត្រួតពិនិត្យឲ្យបានល្អិតល្អន់លើអ្នកចេញចូលអាមេរិក។ ខ្ញុំចង់និយាយថា មនុស្សភាគច្រើនមិនមែនមកទីនេះដើម្បីសម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ ឬពលរដ្ឋអាមេរិកដទៃទេ។ តែមានមនុស្សមួយចំនួនតូច ដែលធ្វើឲ្យគេយល់ច្រឡំ លើអ្នកដែលព្យាយាមចូលមកអាមេរិកគ្រាន់តែដើម្បីទេសចរណ៍ ឬមកក្នុងធុរៈផ្សេងទៀត។ ខ្ញុំគិតថា គួរតែមានការពង្រឹងច្បាប់ដែលមានស្រាប់ មិនចាំបាច់បង្កើតច្បាប់តឹងរ៉ឹងបន្ថែមទៀតទេ៕