បើយោងតាមសម្ដីរបស់ប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammadu Buhari ក្រុម Boko Haram គឺជិតរលាយអស់ហើយ។ នៅមុនថ្ងៃបុណ្យ Christmasចូលមកដល់មួយថ្ងៃ លោកបានប្រកាសថា កងទាហានវាយយកបានជង្រុកលាក់ខ្លួនចុងក្រោយបង្អស់របស់ពួកសកម្មប្រយុទ្ធនេះនៅក្នុងព្រៃ Sambisa ដ៏ធំល្ហល្ហេវ។ លោក Buhari បាននិយាយថា ការវាយយកបានជង្រុកលាក់ខ្លួននោះបានបង្ហាញឲ្យឃើញអំពី «ការដួលរលំចុងក្រោយរបស់ពួក Boko Haram» ហើយបើយោងតាមនាយអគ្គសេនាធិការកងទ័ពរបស់លោក «ពួកភេរវករទាំងនោះ កំពុងតែរត់គេចខ្លួន និងគ្មានកន្លែងលាក់ខ្លួនទៀតនោះទេ»។
ពីរថ្ងៃក្រោយមក អ្នកដាក់គ្រាប់បែកអត្តឃាតជាស្ត្រីពីរនាក់ បានធ្វើការវាយប្រហារលើផ្សារលក់គោមួយកន្លែងក្នុងក្រុង Maiduguri ដែលជាក្រុងធំជាងគេបង្អស់នៅភាគឦសានប្រទេសនីហ្សេរីយ៉ា មានប្រជាជនចំនួន ១ លាន ១ សែននាក់ រស់នៅ។ ស្ត្រីដាក់គ្រាប់បែកអត្តឃាតម្នាក់ បានសម្លាប់តែខ្លួនឯងតែប៉ុណ្ណោះ។ ចំណែកឯស្ត្រីអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់ទៀត ត្រូវហ្វូងប្រជាពលរដ្ឋវាយសម្លាប់ មុនពេលស្ត្រីនោះអាចបំផ្ទុះគ្រាប់បែកអត្តឃាតនោះបាន។ មិនមានការអះអាងទទួលខុសត្រូវណាមួយនោះទេ ប៉ុន្តែគេមានការសង្ស័យទៅលើក្រុម Boko Haram ដែលអ្នកដាក់គ្រាប់បែកអត្តឃាតភាគច្រើនជាស្ត្រីរបស់ក្រុមនេះ បានសម្លាប់ប្រជាជននីហ្សេរីយ៉ារាប់ពាន់នាក់នៅតាមទីសាធារណៈ នៅក្នុងរយៈពេល ៥ ឆ្នាំ កន្លងមកនេះ។
ប្រជាជននីហ្សេរីយ៉ាតិចតួចប៉ុណ្ណោះ ដែលភ្ញាក់ផ្អើលនឹងការវាយប្រហារនោះ។ លោក Buhari និងលោកអតីតប្រធានាធិបតី Goodluck Jonathan កាលពីលើកមុន បានសន្យាថា នឹងយកជ័យជំនះឲ្យបានឆាប់លើក្រុម Boko Haram ប៉ុន្តែបែរជាគេឃើញមានអំពើហិង្សាផ្ដាច់ជីវិតបែបថ្មីផ្សេងៗ បានកើតឡើងនៅតំបន់ភាគឦសានប្រទេសទៅវិញ។ ប្រសិនបើសង្គ្រាមប្រឆាំងនឹងក្រុមឥស្លាមជ្រុលនិយមទទួលបានជោគជ័យទៅមុខ នៅក្រោមលក្ខខ័ណ្ឌមួយចំនួននោះ គេឃើញថា ការទទួលបានជោគជ័យទៅមុខនេះ មិនទាន់អាចបញ្ចប់ការឈឺចាប់របស់ប្រជាជននីហ្សេរីយ៉ារាប់លាននាក់ ដែលកំពុងព្យាយាមតស៊ូប្រឹងប្រែងឡើងវិញ ក្រោយពីផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លាញ ជីវភាពរស់នៅបានបាត់បង់ ស្បៀងអាហារ និងទឹកបរិភោគមានការខ្វះខាត ជាដើម។ ជាងនេះទៅទៀត ប្រជាជននីហ្សេរីយ៉ាទាំងនោះ នៅតែមានការព្រួយបារម្ភអំពីមិត្តភ័ក្ដិ និងសមាជិកគ្រួសាររបស់ពួកគេដែលពួក Boko Haram បានចាប់ពង្រត់ និងអំពីស្ថានការណ៍ដែលអ្នកដាក់គ្រាប់បែកអត្តឃាតរបស់ក្រុម Boko Haram អាចបង្ហាញខ្លួននៅតាមផ្សារ ឬចំណតរថយន្តក្រុង ដដែល។
នៅពេលដែលមានរឿងពាក់ព័ន្ធនឹងការគំរាមកំហែងភេរវកម្ម ជារឿយៗ គេគិតថា ពួកជ្រុលនិយមក្រុមរដ្ឋឥស្លាម និងពួកអាល់កៃដា ជាក្រុមដែលប្រព្រឹត្តិសកម្មភាពទាំងនោះ។ ប៉ុន្តែ នៅក្នុងឆ្នាំ ២០១៤ ក្រុម Boko Haram បានសម្លាប់មនុស្សច្រើនជាងក្រុមជ្រុលនិយមដទៃទៀតនៅលើពិភពលោក ហើយនៅក្នុងឆ្នាំ ២០១៥ ក្រុម Boko Haram ជាក្រុមដែលសម្លាប់មនុស្សច្រើនជាងគេទីពីរ បន្ទាប់ពីក្រុមជ្រុលនិយមរដ្ឋឥស្លាម។ ឥឡូវនេះ ក្រុមការងារ VOA បានទទួលផ្ដាច់មុខនូវកញ្ចប់វីដេអូដែលថតផ្ទាល់ដោយពួក Boko Haram ដែលលាតត្រដាងពីសកម្មភាពប្រតិបត្តិការផ្ទៃក្នុងដ៏លម្អិតរបស់ក្រុមភេរវកម្មនេះ ដោយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាហេតុអ្វីបានជាក្រុម Boko Haram នេះ នៅតែជាក្រុម Jihad ដ៏គួរឲ្យខ្លាចជាងគេបំផុតមួយនៅលើពិភពលោក។
នៅក្នុងឈុតដ៏ព្រឺព្រួចមួយក្នុងខ្សែវីដេអូទាំងនេះ ដែលទំនងជាថតនៅចុងឆ្នាំ ២០១៤ ពួកសកម្មប្រយុទ្ធ Boko Haram នៅភូមិ Kumshe បានបង្ខំឲ្យអ្នកភូមិមើលការវាយដោយខ្សែតីចំពោះអ្នករងការចោទប្រកាន់ថាប្រើប្រាស់គ្រឿងញៀនចំនួន ១០ នាក់ និងបង្ខំឲ្យអ្នកភូមិទាំងនោះកាន់ខ្សែតីវាយជនរងការចោទប្រកាន់ទាំងនោះទៀតផង។ បន្ទាប់មក ស្របពេលដែលអ្នកភូមិស្រែកថា «ព្រះជាម្ចាស់អស្ចារ្យណាស់» បុរសបីនាក់ ដែលរងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ត្រូវបានប្រហារជីវិតដោយគ្រាប់កាំភ្លើងបាញ់ចំបេះដូង ឬចំក្បាល។
នៅពេលដែលការប្រហារជីវិតនោះបានបញ្ចប់រួចរាល់ហើយ អ្នកពិឃាដម្នាក់បានប្រកាសថា៖ «យើងបានបំពេញការវិនិច្ឆ័យរបស់ព្រះជាម្ចាស់ហើយ»។ អ្នកពិឃាដនេះបានប្រកាសដូច្នេះ ដោយបែរខ្នងដាក់សាកសពពោរពេញដោយថ្លុកឈាម ដែលទើបត្រូវបានសម្លាប់។
ហេតុការណ៍នេះ ក៏ដូចជាហេតុការណ៍ផ្សេងទៀត ដែលបានបង្ហាញពីសមាជិករបស់ក្រុម Boko Haram ធ្វើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនដោយគ្មានក្ដីអាណិតអាសូរ នៅតំបន់ដែលខ្លួនគ្រប់គ្រង គឺជា ប្រធានបទនៃកម្រងខ្សែវីដេអូ ៤ ភាគ របស់ VOA ដែលមានចំណងជើងថា៖ «ពួក Boko Haram៖ ការលាតត្រដាងពីអំពើភេរវកម្ម»។ ខ្សែវីដេអូ ដែលមិនដែលផ្សព្វផ្សាយពីមុនមកទាំងនេះ ដើរតួជាការក្រើនរំឭកអំពីបញ្ហាប្រឈមនឹងគ្រោះថ្នាក់សម្រាប់ប្រទេសនីហ្សេរីយ៉ា ស្របពេលដែលរដ្ឋាភិបាលនីហ្សេរីយ៉ាអះអាងថាទទួលបានជោគជ័យទៅមុខ នៅក្នុងជម្លោះដែលបានបានឆក់យកជីវិតមនុស្សយ៉ាងតិច ១ ម៉ឺន ៨ ពាន់នាក់ និងនៅក្នុងជម្លោះដែលពួក Boko Haram បានចាប់ពង្រត់ស្ត្រី និងកុមារ។
ទោះបីជាយោធានីហ្សេរីយ៉ាសម្រេចបានអ្វីក៏ដោយនាពេលចុងក្រោយបង្អស់នេះ ក៏ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញគឺនៅវែងឆ្ងាយដដែល។
លោក Jacob Zenn អ្នកជំនាញកិច្ចការទ្វីបអាហ្វ្រិកនៃអង្គការ Jamestown Foundation ដែលជាអង្គការស្រាវជ្រាវមួយ មានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ជោគជ័យពិតប្រាកដរបស់យោធានីហ្សេរីយ៉ាលើក្រុម Boko Haram គឺអាចធ្វើបានយ៉ាងហោចណាស់ក៏នៅក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ ខាងមុខទៀតដែរ។ លោកបានបន្តថា នៅពេលនោះ ពួក Boko Haram អាចត្រូវយោធានីហ្សេរីយ៉ាវាយរុញច្រានឲ្យចូលជ្រៅទៅកាន់តំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា ឬអាចត្រូវយោធានីហ្សេរីយ៉ាធ្វើឲ្យក្លាយជាក្រុមមួយដែលមិនបង្កការគំរាមកំហែងបាន និងមិនអាចជាការគំរាមកំហែងដល់អធិបតេយ្យភាពប្រទេសនីហ្សេរីយ៉ា ដូចកាលពីមុនឡើយ។
ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។ គ្រាន់តែការសាងសង់សាលារៀនក្នុងតំបន់ឡើងវិញតែប៉ុណ្ណោះ ក៏ត្រូវការពេលវេលារាប់ឆ្នាំដែរ។ សាលារៀនជាច្រើន ត្រូវបានដុតកម្ទេចដោយក្រុម Boko Haram ដែលឈ្មោះ Boko Haram នេះ ប្រែពីភាសា Hausa ដែលជាភាសាដើម ថា៖ «ការហាមឃាត់ការអប់រំបែបបស្ចិមប្រទេស»។ នៅក្នុងរបាយការណ៍ចុងក្រោយបង្អស់របស់ខ្លួនអំពីតម្រូវការមនុស្សធម៌នៅតំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា អង្គការសហប្រជាជាតិបានបញ្ជាក់ថា កុមារ ដែលមានអាយុចូលរៀនចំនួន ៣ លាននាក់ មិនមានលទ្ធភាពទទួលបានការអប់រំ ហើយប្រជាជននីហ្សេរីយ៉ាចំនួន ១ លាន ៧ សែននាក់ នៅតែមិនមានទីជម្រកស្នាក់នៅត្រឹមត្រូវដោយសារតែផ្ទះ និងភូមិរបស់ពួកគេត្រូវបានបំផ្លាញ។
ការកសាងឡើងវិញមួយចំនួនបានចាប់ផ្ដើមហើយ។ ប៉ុន្តែ លោក Jacob Zenn បាននិយាយថា ការធ្វើឲ្យតំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា ដែលជាតំបន់ដាច់ស្រយាលដ៏ធំល្វឹងល្វើយពោរពេញដោយក្រុង និងភូមិជាច្រើន និងជាតំបន់ដែលពួកបះបោរ Boko Haram បន្តធ្វើប្រតិបត្តិការនោះ ឲ្យមានស្ថិរភាពឡើងវិញ អាចត្រូវការពេលវេលារាប់ទសវត្សរ៍ឯណោះ។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ពេលខ្លះ អ្វីដែលខ្ញុំបានលើកឡើងទាំងនេះធ្វើឲ្យប្រជាជននីហ្សេរីយ៉ាភ្ញាក់ផ្អើល ប៉ុន្តែខ្ញុំគិតថា វាត្រូវការពេលវេលាយ៉ាងហោចណាស់ក៏ ២០ ឆ្នាំ ដែរ។ វាត្រូវការពេលវេលាមួយជំនាន់មនុស្ស ដើម្បីកសាងសង្គមរួមគ្នាឡើងវិញ បន្ទាប់ពីមានជម្លោះដែលបានកើតមកលើប្រជាជននៅក្នុងតំបន់នោះរួចមក»។
ក្រុងមួយដែលរងការបំផ្លាញ ៤ ដង
ដូចដែលបានលើកឡើងដោយលោក Abubakar Shekau មេដឹកនាំដ៏យូរអង្វែងរបស់ក្រុម Boko Haram នៅក្នុងខ្សែវីដេអូឃោសនារបស់ពួកគេ គោលបំណងរបស់ក្រុម Boko Haram គឺធ្វើសង្គ្រាមសាសនាមួយ ដោយកម្ចាត់ឥទ្ធិពលរបស់បស្ចិមប្រទេសចេញពីសាសនាឥស្លាម និងប្រទេសនីហ្សេរីយ៉ា និងបង្កើតតំបន់គ្រប់គ្រងដ៏ពិសិដ្ឋមួយ ដែលប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងតាមច្បាប់សាសនាឥស្លាម។ ប៉ុន្តែតាមធាតុពិត ក្រុម Boko Haram នេះ មានក្ដីសណ្តោសប្រណីតិចតួចតែប៉ុណ្ណោះចំពោះប្រជាជននីហ្សេរីយ៉ាកាន់សាសនាឥស្លាម ដោយពួកនេះបានវាយប្រហារវិហារឥស្លាម និងក្រុងនានា ដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម រស់នៅ។
ក្រុង Take Mainok ជាក្រុងតូចមួយ ដែលមានចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងក្រុង Maiduguri។ ចាប់តាំងពីខែមិនា ឆ្នាំ ២០១៤ មក ពួក Boko Haram បានចូលលុកលុយក្រុងនេះ ចំនួនបួនលើក ដោយបានសម្លាប់មនុស្សរាប់សិបនាក់ក្នុងមួយលើកៗ និងថែមទាំងបានបំផ្លាញផ្ទះសម្បែង ហាងលក់ដូរ សាលារៀន មណ្ឌលសុខភាព និងស្ថានីយប៉ូលិសទៀតផង។
ក្រុមការងារ VOAបានធ្វើដំណើរទៅកាន់ក្រុង Mainok នេះ កាលពីខែកញ្ញា ឆ្នាំ ២០១៦ ក្នុងអំឡុងពេលធ្វើដំណើរចុះយកព័ត៌មានអំពីទីតាំងដែលបានបង្ហាញនៅក្នុងខ្សែវីដេអូរបស់ក្រុម Boko Haram។ មេភូមិលោក Lawan Bukar Kyari បានប្រាប់ VOA ថា អ្នកភូមិមិនមានលទ្ធភាពអាចការពារខ្លួនពួកគេបានទេ។ លោកបាននិយាយថា៖ «នៅពេលពួក Boko Haram វាយប្រហារយើងពីស្កាំផង ពីឆ្វេងផង យើងមិនមានសុវត្ថិភាពឡើយនៅទីនេះ។ យើងមានប៉ុស្តិ៍ប៉ូលិសមួយ ដែលមានប៉ូលិសឈរជើងនៅទីនោះ តែ ៤ នាក់ប៉ុណ្ណោះ។ ពួក Boko Haram មកទីនេះ តាមចិត្តដែលខ្លួនចង់ ហើយពួកវាបានសម្លាប់ប្រជាជន និងចេញទៅវិញ ដោយមិនមាននរណាម្នាក់ហ៊ានតតាំងនឹងពួកវានោះទេ។ យើងបានរងទុក្ខវេទនាដូចនេះអស់រយៈពេល ២ ឬ ៣ ឆ្នាំ មកហើយ ហើយមនុស្សម្នាទាំងអស់ក្នុងក្រុងនេះបានចាកចេញអស់ហើយ… ពួក Boko Haram បានសម្លាប់មនុស្សក្នុងក្រុងនេះ អស់ជាង ២ រយនាក់ហើយ»។
ចាប់តាំងពីពេលដែលរដ្ឋាភិបាលបានវាយដណ្ដើមយកក្រុង Mainok នេះបានមកវិញកាលដើមឆ្នាំមុន និងបានសាងសង់បន្ទាយយោធាមួយនៅទីនោះមក ប្រជាជនបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញជាបណ្ដើរៗ ហើយក្រុង Mainok នេះកំពុងត្រូវបានសាងសង់ឡើងវិញជាលើកទី ៤។ លោក Lawan Bukar Kyari បាននិយាយថា៖ «កូនចៅរបស់យើងមិនបានចូលរៀនអស់រយៈពេល ៣ ឆ្នាំ មកហើយ»។
ជាអកុសល ក្រុង Mainok នេះ មិនមែនជាក្រុងតែមួយ ដែលរងគ្រោះដូចនេះ នោះទេ។ ផ្នែកមួយចំនួននៃរដ្ឋ Borno ដែលជាចំណុចកណ្ដាលនៃការលុកលុយរបស់ពួក Boko Haram បានក្លាយជា តំបន់រស់នៅលែងបានតទៅទៀតហើយ។ អភិបាលរដ្ឋ លោក Kashim Shettima បានប្រាប់ VOA ថា យោងទៅតាមការសិក្សានាពេលថ្មីៗនេះរបស់ធនាគារពិភពលោក ក្រុម Boko Haram បានបំផ្លាញផ្ទះសម្បែងជាង ៩ សែន ៥ ម៉ឺនខ្នង នៅទូទាំងរដ្ឋ Borno ដែលស្នើនឹងចំនួនប្រមាណ ៣០ ភាគរយនៃផ្ទះសម្បែងសរុបនៅក្នុងរដ្ឋ Borno។ ពួកសកម្មប្រយុទ្ធនេះក៏បានកម្ទេចថ្នាក់រៀនជាង ៥ ពាន់បន្ទប់ មណ្ឌលសុខភាពប្រហែល ២ រយខ្នង និងប្រភពទឹកជាង ១ ពាន់ ប្រភព ក៏ដូចជាបានបំផ្លាញសមត្ថភាពផលិតអគ្គិសនីភាគច្រើនទៀតផង។
លោក Shettima បាននិយាយថា៖ «ទំហំនៃការបំផ្លិចបំផ្លាញ គឺសាហាវខ្លាំងណាស់»។
ប្រហែលជាគ្មាននរណារងទុក្ខវេទនាជាងប្រជាពលរដ្ឋក្នុងក្រុង Bama ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅភាគអាគ្នេយ៍នៃក្រុង Maiduguri ជិតព្រំដែនប្រទេសកាមេរ៉ូន នោះទេ។ ពួក Boko Haram បានដណ្ដើមកាន់កាប់ក្រុង Bama ដែលមានប្រជាជនជិត ៣ សែននាក់ រស់នៅនេះ កាលពីខែកញ្ញា ឆ្នាំ ២០១៤ និងបានធ្វើឲ្យក្រុងនេះក្លាយជាក្រុងមួយ ដែលគ្មានមនុស្សរស់នៅ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងនេះរាប់រយនាក់ត្រូវបានពួក Boko Haram សម្លាប់ មុនពេលដែលមនុស្សភាគច្រើនរត់គេចខ្លួន។ វីដេអូយ៉ាងព្រៃផ្សៃមួយ ដែលគេឃើញនៅលើប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញពីក្រុមជនប្រដាប់អាវុធដឹកមនុស្សទៅកាន់ស្ពានមួយកន្លែងកាត់ពីលើទន្លេ Yedzaram ហើយបាញ់មនុស្សទាំងនោះចំក្បាល មុនពេលបោះទម្លាក់សាកសពចូលក្នុងទឹកទន្លេ។
ហេដ្ឋារចនាសម្ព័ន្ធក្រុង Bama ក៏បានរងការបំផ្លាញខ្លាំងក្លាផងដែរ។ លោក Shettima បាននិយាយថា ទីក្រុងនេះត្រូវបានបំផ្លាញអស់ ៩០ ភាគរយទៅហើយ។ ក្រុមអ្នកសារព័ត៌មាន VOA ដែលបានទៅដល់ក្រុងនោះ បានបញ្ជាក់ថា ពិតជាមានការបំផ្លិចបំផ្លាញដូចអ្វីដែលលោក Shettima បានលើកឡើងប្រាកដមែន ដោយពួកគេបានឃើញផ្លូវនីមួយៗគ្មានមនុស្សធ្វើដំណើរ ហើយសំណង់អាគារនានារងការដុតកម្ទេច។
លោកអភិបាល Shettima បានប្ដេជ្ញាថា នឹងស្តាទីក្រុងនានាដែលរងការបំផ្លាញនៅក្នុងរដ្ឋ Borno ឡើងវិញ ដោយប្រើគ្រឿងសំណង់ និងកម្លាំងពលកម្មក្នុងស្រុក ដើម្បីកាត់បន្ថយបញ្ហាអត់ការងារធ្វើ។ លោកបាននិយាយយ៉ាងដូច្នេះថា៖ «យើងសាងសង់ផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព ហើយដើម្បីតតាំងនឹងការឃោសនារបស់ពួក Boko Haram យើងថែមទាំងសង់វិហារឥស្លាមទៀតផង»។
ប៉ុន្តែតម្រូវការជាបន្ទាន់នោះ គឺធំធេងណាស់។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានរាយការណ៍កាលពីខែមករាកន្លងទៅនេះថា ប្រជាពលរដ្ឋនីហ្សេរីយ៉ាចំនួនមួយភាគបួន នៃប្រជាពលរដ្ឋនីហ្សេរីយ៉ាជិត ១ លាន ៧ សែននាក់ ដែលបានបាត់បង់ទីលំនៅដោយសារការលុកលុយរបស់ក្រុម Boko Haram កំពុងរស់នៅក្នុងជំរំ ឬ កន្លែងដែលមានលក្ខណៈដូចជាជំរំ។
ផ្នែកនានានៃរដ្ឋ Borno ដែលបុគ្គលិកជំនួយមនុស្សធម៌មិនអាចចូលទៅបាន ទំនងជាកំពុងរងគ្រោះដោយសារគ្រោះទុរភិក្ស។ នេះបើយោងតាមការបញ្ជាក់របស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។ ជាងនេះទៅទៀត ប្រជាពលរដ្ឋនីហ្សេរីយ៉ាប្រមាណ ៥ លាននាក់ទៀតកំពុងជួបប្រទះ «កង្វះខាតស្បៀងអាហារ និងអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ»។ ស្ថានភាពដូចនេះគឺស្រដៀងទៅនឹងផ្នែកមួយចំនួននៃបណ្ដាប្រទេសជិតខាងនីហ្សេរីយ៉ា ដែលមានដូចជាប្រទេសឆាដ ប្រទេសនីហ្សេ និងប្រទេសកាមេរ៉ូន ជាដើម ដែលនៅក្នុងបណ្ដាប្រទេសទាំងនោះ ពួក Boko Haram បានបោះជំរំ និងធ្វើការវាយប្រហារចាប់តាំងពីឆ្នាំ ២០១៣ មក។
ទីភ្នាក់ងារ OCHA បានព្រមានថា ស្ថានភាពកង្វះស្បៀងអាហារនេះ មិនទំនងជាប្រសើរឡើងក្នុងពេលឆាប់ៗនេះទេ ដោយសារតែ «ជម្លោះ និងហានិភ័យនៃគ្រឿងមិនទាន់ផ្ទុះនានា បានបង្កជាឧបសគ្គដល់ការធ្វើកសិកម្មអស់រយៈពេល ៣ ឆ្នាំជាប់ៗគ្នាមកហើយ»។
លោកអភិបាល Shettima បានសរសើរកិច្ចប្រឹងប្រែងរបស់អង្គការយូនីសេហ្វ (UNICEF) កម្មវិធីស្បៀងអាហារពិភពលោក និងមហាសេដ្ឋីនីហ្សេរីយ៉ាលោក Aliko Dangote នៅក្នុងការជួយប្រជាពលរដ្ឋដែលព្យាយាមស្តាជីវភាពរបស់ពួកគេឡើងវិញ។ ហើយជាមួយនឹងទស្សនៈថា នឹងមិនមានអ្វីអាក្រក់ជាងនេះអាចនឹងកើតមានតទៅទៀតនោះ លោកនៅតែមានសុទិដ្ឋិនិយមដដែល។
លោកបានប្រាប់ក្រុមការងារ VOAថា៖ «នៅពេលនេះ យើងស្ថិតនៅត្រង់ចំណុចសូន្យ។ ខ្ញុំមិននិយាយបំផ្លើសទេ។ សូម្បីតែនៅគ្រាដែលល្អល្អះបំផុតនោះ ប្រជាពលរដ្ឋយើងនៅតែជាជនក្រីក្របំផុតដដែល។ ពួក Boko Haram បានធ្វើឲ្យពួកគេកាន់តែក្រតោកយ៉ាកជាងនេះទៅទៀត។ ប៉ុន្តែនេះមិនមែនជាពេល ដែលយើងត្រូវត្អូញត្អែរពីទុក្ខវេទនារបស់យើងនោះទេ ប៉ុន្តែផ្ទុយទៅវិញ នេះជាពេល ដែលយើងត្រូវចាត់វិធានការឲ្យបានច្បាស់លាស់ ដើម្បីស្តាជីវភាពរបស់យើងឡើងវិញ»។
ការលើកឡើងដូចនេះ នឹងមិនទទួលបានលទ្ធផលអ្វីនោះទេ ដរាបណារដ្ឋាភិបាលនីហ្សេរីយ៉ា ដោយសហការជាមួយនឹងប្រទេសជិតខាងខ្លួន អាចធានាថា ក្រុម Boko Haram នឹងមិនវិលត្រឡប់មកវិញនោះទេ។
«តើពួក Boko Haram សម្លាប់ប្រជាពលរដ្ឋនីហ្សេរីយ៉ាអស់ប៉ុន្មានដងហើយ?»
សម្រាប់ពេលមួយភាគធំនៃឆ្នាំ ២០១៤ ក្រុម Boko Haram ហាក់ដូចជាធ្វើអ្វីតាមតែអំពើចិត្ត។ កាលពីខែមេសា ឆ្នាំ ២០១៤ ក្រុមនេះបានចាប់ពង្រត់ក្មេងស្រីវ័យជំទង់ចំនួន ២៧៦ នាក់ ពីសាលារៀនមួយកន្លែង នៅក្នុងក្រុង Chibok។ ក្មេងស្រីទាំងនោះភាគច្រើន នៅតែបាត់ខ្លួនមកទល់នឹងសព្វថ្ងៃនេះ។ នៅក្នុងអំឡុងឆ្នាំ ២០១៤ ក្រុមសកម្មប្រយុទ្ធទាំងនេះ បានដណ្ដើមកាន់កាប់ទីក្រុងនានានៅក្នុងរដ្ឋ Borno រដ្ឋ Yobe និងរដ្ឋ Adamawa។ កាលពីខែសីហា ឆ្នាំ ២០១៤ មេដឹកនាំក្រុមនោះដែលមានឈ្មោះថា Shekau បានប្រកាសបង្កើតតំបន់គ្រប់គ្រងមួយ ដោយដាក់ឲ្យស្ថិតនៅក្រោមច្បាប់ឥស្លាមដែលបំប្លែងខុសពីន័យដើមដ៏តឹងរ៉ឹងរបស់ក្រុម Boko Haram។
បន្ទាប់មក ក្រុមនេះកាន់តែពង្រីកអំណាចគ្រប់គ្រងរបស់ខ្លួន។ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៥ ពួកសកម្មប្រយុទ្ធរាប់រយនាក់ព្យាយាមលុកលុយក្រុង Maiduguri ដែលជារដ្ឋធានីរបស់រដ្ឋ Borno ពីទិសដៅពីរផ្សេងគ្នា។ កងយោធានីហ្សេរីយ៉ាបានវាយរុញច្រានក្រុមនោះទៅវិញ ដោយមានជំនួយពីការវាយប្រហាររបស់កងទ័ពជើងអាកាសនីហ្សេរីយ៉ា។ ក្នុងរយៈពេលមួយសប្ដាហ៍ក្រោយមក ក្រុមយុទ្ធជន Boko Haram បានវាយប្រហារក្រុង Maiduguri ម្ដងទៀត ប៉ុន្តែការវាយប្រហារលើកនេះ គឺចេញពីទិសដៅ ៣ ផ្សេងគ្នា។ ហើយលើកនេះ កងយោធានីហ្សេរីយ៉ាក៏បានវាយរុញច្រានក្រុមនោះទៅវិញដែរ ដោយមានជំនួយពីទ័ពអាកាស និងយុទ្ធជនមកពីអង្គការកងកម្លាំងសហប្រតិបត្តិការស៊ីវិល (Civilian Joint Taks Force) ដែលអ្នកទាំងនោះមួយចំនួនបានចូលប្រយុទ្ធ ដោយមានតែកាំបិតផ្គាក់ និងដំបងតែប៉ុណ្ណោះ។
ក្រុម Boko Haram៖ ជនស៊ីវិលត្រូវសម្លាប់
ការបរាជ័យក្នុងវាយយកក្រុង Maiduguri នោះ បានបំបាក់កម្លាំងរុញច្រានរបស់ក្រុម Boko Haram ហើយក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ កងយោធានីហ្សេរីយ៉ា ដោយមានជំនួយពីកងកម្លាំងមកពីប្រទេសឆាដ និងប្រទេសកាមេរ៉ូន បានចាប់ផ្ដើមវាយបណ្ដេញក្រុមភេរវកម្មនេះចេញពីតំបន់ ដែលមានប្រជាជនកុះកររស់នៅ។ ប៉ុន្តែស្ថានការណ៍ប្រែប្រួលភ្លាមៗនេះ គឺកើតឡើងយឺតពេលពេកសម្រាប់លោកអតីតប្រធានាធិបតី Goodluck Jonathan ដែលបានធ្លាក់ចេញពីតំណែង បន្ទាប់ពីបានចាញ់ការបោះឆ្នោតកាលពីខែមិនាកន្លងទៅនេះ ដែលនៅក្នុងការបោះឆ្នោតនោះ លោក Muhammadu Buhari អតីតមេបញ្ជាការយោធា បានឈ្នះឆ្នោត ដោយសារតែលោកបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកមួយផ្នែកធំផ្ដោតទៅលើការប្ដេជ្ញានៅក្នុងការបញ្ចប់ការបះបោររបស់ពួក Boko Haram។
ចាប់តាំងពីលោក Buhari ចូលកាន់តំណែងមក ប្រតិបត្តិការយោធារួមគ្នារវាងប្រទេសនីហ្សេរីយ៉ា និងបណ្ដាប្រទេសជិតខាង បានវិវត្តទៅមុខយ៉ាងប្រសើរ ដោយមិនអាចប្រកែកបាន។ ក្រុម Boko Haram លែងគ្រប់គ្រងក្រុង និងទីក្រុងធំៗនៅក្នុងប្រទេសនីហ្សេរីយ៉ាទៀតហើយ ហើយការវាយប្រហារគ្រាប់បែកអត្តឃាត និងការវាយប្រហារទៅលើគោលដៅយោធានីហ្សេរីយ៉ារបស់ក្រុមនេះ ក៏មានលក្ខណៈថមថយ និងបង្កឲ្យមានមនុស្សស្លាប់តិចជាងកាលពីប៉ុន្មានឆ្នាំមុនផងដែរ។
រដ្ឋមន្ត្រីការពារជាតិនីហ្សេរីយ៉ាលោក Mansur Mohammed Dan Ali បានប្រាប់ VOA កាលពីដើមខែមករាថា៖ «ខ្ញុំអាចនិយាយបានថា ស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺសឹងតែស្ងប់ស្ងាត់ទាំងស្រុងទៅហើយ»។ លោកបានបន្តថា មានការលបវាយប្រហារយូរៗម្ដងតែប៉ុណ្ណោះមកលើយោធា។
ប៉ុន្តែទោះបីជាមានសភាពស្ងប់ស្ងាត់ក៏ពិតមែន នេះមិនមែនមានន័យថា មានសន្តិភាពទាំងស្រុងនោះទេ។ ក្រុមយុទ្ធជន Boko Haram នៅតែតាមប្រមាញ់ជនដែលជាគោលដៅវាយប្រហាររបស់ខ្លួន ហើយនៅពេលខ្លះ បានវាយប្រហារជនដែលជាគោលដៅទាំងនោះទៀតផង។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមនេះបានលបវាយសម្លាប់មន្ត្រីរដ្ឋាភិបាលនីហ្សេរីយ៉ាពីរនាក់ នៅក្នុងរដ្ឋ Borno ដែលក្នុងនោះមានលោកវរសេនីយ៍ទោ Muhammad Abu Aliដែលជាមេបញ្ជាការប្រកបដោយឥស្សរិយយសផងដែរ។ កាលពីដើមខែធ្នូ ឆ្នាំ ២០១៦ ការវាយប្រហារគ្រាប់បែកអត្តឃាតចំនួនពីរលើកនៅក្នុងក្រុង Madagali បានសម្លាប់មនុស្សជាង ៥០ នាក់។ កាលពីពាក់កណ្ដាលខែមករា កន្លងទៅនេះ ជនបំផ្ទុះគ្រាប់បែក ៣ នាក់ ដែលក្នុងនោះរួមមានក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ ផងដែរ បានធ្វើការវាយប្រហារទៅលើសាកលវិទ្យាល័យ Maiduguri ដោយបានសម្លាប់សាស្ត្រាចារ្យម្នាក់ និងធ្វើឲ្យមនុស្ស ១៧ នាក់ផ្សេងទៀតរងរបួស។
ហើយនៅថ្ងៃទី ១៧ ខែមករា កន្លងទៅនេះ កងទ័ពអាកាសនីហ្សេរីយ៉ាបានធ្វើឲ្យប្រទេសទាំងមូលភ្ញាក់ផ្អើល ដោយសារការទម្លាក់គ្រាប់បែកលើជំរំជនស៊ីវិល ដែលបានបាត់បង់ទីលំនៅដោយសារការប្រយុទ្ធគ្នានៅក្រុង Rann ក្នុងរដ្ឋ Borno។ មន្ត្រីក្នុងស្រុកមួយរូបបាននិយាយថា មនុស្សជាង ២៣០ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសនោះ ដែលកងទ័ពអាកាសបានចាត់ទុកជារឿងចៃដន្យ និងបានសន្យាថានឹងធ្វើការស៊ើបអង្កេត។
នាពេលថ្មីៗនេះ យោធានីហ្សេរីយ៉ាបានផ្ដោតលើការគាស់កកាយឫសគល់ក្រុម Boko Haram ចេញពីជំរំតូចៗជាច្រើនរបស់ក្រុមនេះ ដែលលាក់ខ្លួននៅក្នុងព្រៃ Sambisa ក៏ដូចជាក្នុងចំណោមជម្រាលភ្នំ រូងភ្នំ និងតំបន់ជនបទដាច់ស្រយាលឆ្ងាយៗនៃរដ្ឋ Borno។ ឧត្ដមសេនីយ៍ត្រីនីហ្សេរីយ៉ា លោក Victor Ezugwu បានពណ៌នាសង្គ្រាមរវាងយោធា និងក្រុមសកម្មប្រយុទ្ធ Boko Haram ថា ដូចជាល្បែង «ឆ្មាចាប់កណ្ដុរ» អញ្ចឹង។
លោកបានមានប្រសាសន៍ថា៖ «អ្វីដែលកើតឡើង បន្ទាប់ពីយើងបានបំផ្លាញជំរំទាំងនោះគឺថា ពួក Boko Haram ដែលនៅសេសសល់ព្យាយាមប្រមូលផ្ដុំគ្នាសារជាថ្មី ហើយបង្កើតជាជំរំថ្មីទៀត។ នៅពេលដែលជំរំទាំងនោះត្រូវបានបំផ្លាញកាលពី ២ ខែមុន យើងទៅទីនោះម្ដងទៀត ហើយប្រសិនបើមានសកម្មភាពរបស់ពួកនោះនៅជំរំនោះទៀត យើងនឹងកម្ទេចពួកវាទៀត។ ជំរំទាំងនោះមិនត្រូវការចំណាយច្រើនដើម្បីសង់ឡើងនោះទេ។ ពួកវាស្វែងរក [ទីតាំងនានា] នៅក្នុងព្រៃ ពួកវាស្វែងរក[កន្លែងផ្សេងៗ] តាមជ្រលងភ្នំ និយាមរួមគឺកន្លែងណាដែលពួកវាអាចលាក់ខ្លួនបាន។ ពួកវាប្រហែលមិនដាក់អ្វីនៅកន្លែងនោះទេ។ ពួកវាគ្រាន់តែរស់នៅដូចការរស់នៅរបស់សត្វតែប៉ុណ្ណោះ»។
ផ្នែកសំខាន់មួយនៃក្រុម Boko Haram ដែលតែងតែវិលត្រឡប់មកវិញនោះ គឺមេដឹកនាំដែលប្រកបដោយភាពរស់រវើក និងអន្ទះសា របស់ក្រុមនេះ។ យ៉ាងហោចណាស់ក៏ ៣ លើកដែរ ដែលយោធានីហ្សេរីយ៉ាបានប្រកាសថា មេដឹកនាំក្រុមនេះដែលមានឈ្មោះថា Abubakar Shekau បានស្លាប់ហើយ។ ប៉ុន្តែមេដឹកនាំរូបនេះតែងតែឃើញបង្ហាញមុខឡើងវិញនៅក្នុងខ្សែវីដេអូថ្មីៗ ដោយបានគំរាមដោយធ្វើសម្ដីដូចសំឡេងបាញ់គ្រាប់កាំភ្លើងបន្តគ្នា ធ្វើកាយវិការលើកដៃកាប់ខ្យល់ ធ្វើសំឡេងសើចគំរាមឡកឡឺយ និងពេលខ្លះ ធ្វើសំឡេងតាមសត្វចាប ជាដើម។ ផ្អែកទៅលើការធ្វើកាយវិការនៅក្នុងខ្សែវីដេអូទាំងនោះ លោក Shekau អាចដើរតួជាតារាកំប្លែងដ៏ឆ្នើមមួយរូបបាន ប្រសិនបើវោហារសាស្ត្ររបស់លោកមិនមានលក្ខណៈធ្ងន់ធ្ងរសាហាវព្រៃផ្សៃនោះ។
ការបង្ហាញខ្លួននាពេលថ្មីៗនេះរបស់លោក Shekau គឺនៅក្នុងវីដេអូដែលបានថតកាលពីចុងខែធ្នូ ឆ្នាំមុន ដែលបានបង្ហាញពីមេដឹកនាំក្រុម Boko Haram រូបនេះ ច្រានចោលការអះអាងរបស់លោកប្រធានាធិបតី Buhari ដែលថា ក្រុម Boko Haram ត្រូវបានកម្ចាត់ចេញពីព្រៃ Sambisa អស់ហើយនោះ។ លោក Shekau បាននិយាយជាភាសា Hausa ថា៖ «អ្នកឯងមិនគួរភូតកុហកប្រជាពលរដ្ឋនោះទេ។ ប្រសិនបើអ្នកឯងកម្ចាត់ពួកយើងអស់មែននោះ តើខ្ញុំនៅចំពោះមុខអ្នកឯងដូចនេះបានយ៉ាងម៉េចទៅ? តើអ្នកឯងបានសម្លាប់ពួកយើងប៉ុន្មានដងហើយ នៅក្នុងការភូតកុហករបស់អ្នកឯងថាបានសម្លាប់ពួកយើងនោះ?»។
«ប្រសិនបើយើងមិនអាចបញ្ឈប់ការស្អប់គុំកួនគ្នានេះ...»
ការពិតគឺថា ពួក Boko Haram មិនអាចត្រូវបានកម្ចាត់អស់ទាំងស្រុងនោះទេ រហូតទាល់តែសង្គមនីហ្សេរីយ៉ាដោះស្រាយបញ្ហានានាដែលបង្កឲ្យក្រុមនេះចាប់កំណើតឡើងជាមុនសិន។ នីហ្សេរីយ៉ា គឺជាប្រទេសផលិតប្រេងដ៏ធំជាងគេបំផុតនៅក្នុងទ្វីបអាហ្វ្រិក និងជាប្រទេសមានជាងគេបំផុតនៅក្នុងទ្វីបអាហ្វ្រិក បើគិតពីផលិតផលក្នុងស្រុកសរុប។ ប៉ុន្តែធនធានប្រេងគឺស្ថិតនៅប៉ែកខាងត្បូងប្រទេស ហើយចំណូលដែលរកបានភាគច្រើនគឺស្ថិតនៅក្នុងកណ្ដាប់ដៃពួកអភិជន។ អ្នកសង្កេតស្ថានការណ៍មួយចំនួន បានផ្សារភ្ជាប់ការកកើតឡើងរបស់ក្រុម Boko Haram ទៅនឹងភាពក្រីក្រតោកយ៉ាកចាក់ឫសចាក់គល់នៅក្នុងតំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា និងការបរាជ័យរបស់រដ្ឋាភិបាលនៅក្នុងការកាត់បន្ថយភាពក្រីក្រ។
លោក Zenn ដែលបានសិក្សាយ៉ាងជ្រាលជ្រៅអំពីក្រុម Boko Haram បាននិយាយថា មន្ត្រីរដ្ឋាភិបាលនីហ្សេរីយ៉ាមិនមាន «ការប្ដេជ្ញាមុតមាំ» ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងតំបន់នោះទេ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភូមិទាំងនោះស្ថិតនៅតំបន់ដាច់ស្រយាល ដូច្នេះហើយ ប្រជាពលរដ្ឋទំនងជាមិនមានភាពស្មោះស្ម័គ្រនឹងរដ្ឋាភិបាលដោយផ្អែកលើតែការទំនាក់ទំនងផ្នែកសេវាផ្សេងៗនោះទេ»។
លោកបានបន្ថែមថា ក៏មានបញ្ហាពាក់ព័ន្ធនឹងផ្នែកអេកូឡូស៊ីផងដែរ។ «មានមនុស្សបាត់បង់ជីវភាពរស់នៅរបស់ពួកគេ ដោយសារតែតំបន់ដែលពួកគេរស់នៅបានក្លាយជាវាលរហោស្ថាន។ ហើយដោយសារតែមិនមានការងារធ្វើ ពួកគេក៏ចូលជាមួយក្រុម Boko Haram ទៅ»។
ដូចក្រុមជ្រុលនិយមដទៃទៀតនៅទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាដែរ ក្រុម Boko Haram ក៏បានយកសាសនាឥស្លាមមកបំភ្លៃខុសពីធាតុដើម ដើម្បីឃោសនាបញ្ចុះបញ្ចូលឲ្យមានការប្រព្រឹត្តអំពើហិង្សា ដែលការឃោសនានេះបានទាក់ទាញយុវជន ដែលមិនបានជួបប្រទះអ្វីក្រៅពីទុក្ខលំបាកនៅក្នុងជីវិតរបស់ពួកគេនោះ។ វីដេអូរបស់ពួក Boko Haram ដែល VOA ទទួលបាន បង្ហាញពីមេដឹកនាំក្រុមនោះនៅកន្លែងផ្សេងៗ ធ្វើការឃោសនានានា ដែលប្រាសចាកពីសាសនាឥស្លាមពិតប្រាកដ។
ក្នុងវីដេអូមួយ គេឃើញមេបញ្ជាការក្រុម Boko Haram ម្នាក់ ណែនាំយុទ្ធជនក្នុងក្រុម មុនពេលធ្វើការវាយប្រហារ៖ «ព្រះអាឡោះបាននិយាយថា យើងត្រូវវាយប្រហារអ្នកណាដែលមិនជឿលើសាសនាយើង។ ដើម្បីឲ្យសាសនាឥស្លាមអាចរីកសាយភាយបាន គឺត្រូវតែមានការបង្ហូរឈាម ដែលអាចជាឈាមរបស់យើង ឬក៏ឈាមរបស់ពួកទមិឡ»។
ក្នុងវីដេអូមួយទៀត អ្នកនាំសារឲ្យលោក Shekau បានប្រាប់ទៅមនុស្សម្នាមួយក្រុមថា៖ «ព្រះអាឡោះបានសាកល្បងពួកយើងថាតើមានពួកពុតត្បុតក្នុងចំណោមពួកយើងឬក៏អត់។ សាសនាណាដែលអ្នកអាចរស់នៅដោយសន្តិភាពជាមួយនឹងពួកទមិឡមិនមែនជាសាសនាមកពីព្យាការីនោះទេ»។
អ្នកសិក្សាស្រាវជ្រាវផ្នែកសាសនាឥស្លាមជនជាតិនីហ្សេរីយ៉ានានា ដែលបានថ្លែងជាមួយ VOA បានបដិសេធទាំងស្រុងទៅលើការបកស្រាយនេះ។
លោកសាស្ត្រាចារ្យ Ibrahim Mohammed ប្រធានមជ្ឈមណ្ឌលសិក្សាគម្ពីរគួរអាននៃសាកលវិទ្យាល័យ Bayero ក្នុងក្រុង Kano បាននិយាយថា៖ «មានបញ្ហានៅក្នុងការយល់ដឹងរបស់ពួកគេអំពីសាសនាឥស្លាម។ មានការផ្ដល់ព័ត៌មានខុស និងការបកស្រាយខុស ហើយការបកស្រាយនៃឃ្លាមួយចំនួននៅក្នុងគម្ពីរគួរអាន គឺផ្ទុយពីការពិត»។
លោកបានបន្តថា៖ «នៅពេលអ្នកដាក់កត្តាទាំងបីខាងលើនេះបញ្ចូលគ្នា អ្នកនឹងមិនទទួលបានការគាំទ្រពីពួកគេនោះទេ»។
លោក Khalifa Aliyu Abul Fathi ដែលជាអ្នកសិក្សាស្រាវជ្រាវឈានមុខគេខាងលទ្ធិ Sufi ក្នុងក្រុង Maiduguri ក៏បានយល់ស្របដូចគ្នានេះដែរ។
លោកបាននិយាយថា៖ «តើច្បាប់ឥស្លាមណា ដែលពួកគេប្រតិបត្តិតាមនោះ? គឺគ្មានទេ។ ពួកគេបានសម្លាប់ស្ត្រី។ ពួកគេបានសម្លាប់កុមារ។ ពួកគេបានសម្លាប់មនុស្សស្លូតត្រង់។ ហើយពួកគេបានសម្លាប់អ្នកកាន់សាសនាគ្រិស្តនៅក្នុងវិហារគ្រិស្តសាសនា និងនៅក្នុងផ្ទះរបស់អ្នកទាំងនោះ»។
លោក Fathi បានធ្វើការប៉ាន់ស្មានថា ក្រុមជ្រុលនិយម ដូចជាក្រុម Boko Haram ជាដើម នឹងនៅតែមាន ដរាបណាមានការស្រុះស្រួលគ្នាក្នុងជួរសាសនាឥស្លាមផ្ទាល់។
លោកបាននិយាយថា៖ «ទោះបីជាយើងអាចកម្ចាត់ពួក Boko Haram បាន ប៉ុន្តែត្រូវដោះស្រាយជាមួយក្រុមផ្សេងមួយទៀត ប្រសិនបើយើងមិនបញ្ឈប់ការស្អប់គុំកួនក្នុងចំណោមពួកយើងនោះទេ។ ពួកជ្រុលនិយមជាច្រើនទៀត កំពុងប្រមូលផ្ដុំគ្នាចងក្រងជាក្រុម ពីព្រោះនេះគឺជាគោលជំនឿ។ យើងត្រូវតែដោះស្រាយបញ្ហាគោលជំនឿនេះឲ្យបាន»។
ការប្រេះស្រាំនៅក្នុងក្រុម Boko Haram
«ក្រុមមួយទៀត» ប្រហែលជាកំពុងលេចឡើងនៅក្នុងប្រទេសនីហ្សេរីយ៉ា។ កាលពីដើមឆ្នាំ ២០១៥ លោក Shekau ដែលជាមេដឹកនាំក្រុម Boko Haram បានប្ដេជ្ញាការស្មោះស្ម័គ្រជាមួយនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់។ ប៉ុន្តែកាលពីខែសីហា ឆ្នាំ ២០១៦ ក្រុមជ្រុលនិយមរដ្ឋឥស្លាមបានបែរខ្នងដាក់លោក Shekau ដោយបានចាត់តាំងលោក Abu Musab al-Barnawi ដែលជាកូនប្រុសរបស់អតីតស្ថាបនិកក្រុម Boko Haram ដែលបានស្លាប់រួចទៅហើយនោះ ឲ្យធ្វើជាមេដឹកនាំថ្មីរបស់ក្រុម Boko Haram។
ពីរថ្ងៃក្រោយមក លោក Shekau ដែលមានអារម្មណ៍ឆេវឆាវ បានបដិសេធការចាត់តាំងនេះ ដោយបង្ហោះជាសារសំឡេង។ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រុម Boko Haram បានបំបែកជាក្រុមតូចៗ ហើយការប៉ះទង្គិចគ្នារវាងក្រុមទាំងនេះ ត្រូវបានគេរាយការណ៍នៅចុងខែសីហា ឆ្នាំ ២០១៦។
ក្រុមទាំងពីរនេះ មានភាពខុសគ្នាផ្នែកមនោគមវិជ្ជា។ លោក Al-Barnawi អះអាងថា យុទ្ធជន Jihad គួរផ្ដោតលើការវាយប្រហារអ្នកកាន់សាសនាគ្រិស្ត និងគោលដៅយោធាផ្សេងៗ។ តែលោក Shekau បានប្រកែកថា នរណាដែលមិនបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមការប្រៀនប្រដៅរបស់ព្រះអាឡោះ និងព្យាការីមហាម៉ាត់ ដែលក្នុងនោះរួមមានទាំងជនជាតិឥស្លាមមិនជ្រុលនិយមផងដែរ អាចជាគោលដៅវាយប្រហារ។
ក្រុមទីបី ដែលដឹកនាំដោយលោក Mamman Nur គឺមានជំនឿប្រហាក់ប្រហែលនឹងក្រុមរបស់លោក al-Barnawi ដែរ ប៉ុន្តែមិនមានទំនាក់ទំនងជាមួយនឹងពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមនោះទេ។
ការបែកបាក់នេះ ប្រសិននៅតែអូសបន្លាយទៅមុខទៀត អាចជួយយោធានីហ្សេរីយ៉ាឲ្យរក្សាការគ្រប់គ្រងតំបន់ដែលពួកគេដណ្ដើមយកបានមកវិញពីពួក Boko Haram ទោះបីជាសម្ព័ន្ធយោធាពហុជាតិ ដែលប្រយុទ្ធនឹងក្រុម Boko Haram មានបញ្ហាផ្ទាល់ខ្លួនមួយចំនួនក៏ដោយ។ អ្នកវិភាគនានានិយាយថា កងកម្លាំងក្នុងសម្ព័ន្ធយោធាពហុជាតិកម្រនឹងសហការគ្នាឆ្លងព្រំដែន ដូចដែលគេរំពឹងទុកណាស់។
ការគំរាមកំហែងខ្លាំងជាងនេះសម្រាប់យោធានីហ្សេរីយ៉ា ប្រហែលជាក្រុម Civilian JTF។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានឲ្យដឹងថា ខ្លួនបានកត់ត្រាពីការរំលោភបំពានផ្សេងៗដែលធ្វើឡើងដោយពួក Boko Haramដូចជាការវាយដំ និងការសម្លាប់ជនសង្ស័យជាដើម។ ស្របពេលដែលសង្គ្រាមប្រឆាំងនឹងក្រុម Boko Haram កំពុងតែថមថយទៅ បុរសវ័យក្មេងរាប់ពាន់នាក់ ដែលកាន់អាវុធដើម្បីការពារសហគមន៍របស់ពួកគេ កំពុងតែអំពាវនាវសុំការងារធ្វើនៅក្នុងទីភ្នាក់ងារយោធា និងទីភ្នាក់ងារសមត្ថកិច្ច។
រដ្ឋាភិបាលនីហ្សេរីយ៉ាកំពុងតែព្យាយាមបញ្ចូលយុទ្ធជននានា ដែលមួយផ្នែកមិនមែនធ្វើឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ នេះបើយោងតាមការបញ្ជាក់របស់លោក Zenn។
លោក Zenn បានបន្តថា៖ «មានអ្នកខ្លះព្រួយបារម្ភថាតើពេលណាជម្លោះនេះនឹងបញ្ចប់ទៅ។ ឥឡូវនេះ យើងមានក្រុមយោធាប៉ារ៉ា ដែលអាចក្លាយជាក្រុមសាហាវយង់ឃ្នងមួយនៅពេលអនាគតបាន»។
ផ្ទុយនឹងបញ្ហានេះ អាជ្ញាធរនីហ្សេរីយ៉ាបន្តជំរុញទៅមុខយឺតៗនៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម Boko Haram។ នាពេលថ្មីៗនេះ គេបានរកឃើញក្មេងស្រីជំទង់ម្នាក់ទៀតក្នុងចំណោមក្មេងស្រីជំទង់ដែលពួក Boko Haram បានចាប់ពង្រត់នៅតំបន់ Chibok ដោយពេលរកឃើញនោះ ក្មេងស្រីនោះមានកូនមួយអាយុ ៦ ខែ។ ក្មេងស្រីជំទង់រូបនោះត្រូវបានរកឃើញ នៅពេលទាហាននីហ្សេរីយ៉ាបានសួរចម្លើយមនុស្សមួយចំនួន ក្នុងចំណោមមនុស្សរាប់រយនាក់ ដែលពួកគេបានឃុំខ្លួននៅក្នុងអំឡុងពេលសម្រុកវាយប្រហារនាពេលថ្មីៗនេះក្នុងព្រៃ Sambisa។
ការជួយសង្គ្រោះនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ មុនពេលក្រុមសកម្មជនដែលទាមទារឲ្យមានការប្រគល់ក្មេងស្រីជំទង់ទាំងនោះមកវិញ ប្រារព្ធខួប ១ ពាន់ថ្ងៃ នៃការចាប់ពង្រត់ក្មេងស្រីទាំងនេះ។
សម្រាប់លោក Zenn ករណីដែលក្មេងស្រីជំទង់ជាច្រើននាក់ទៀតនៅបាត់ខ្លួននៅឡើយនោះ គឺជា សញ្ញាបង្ហាញថា ពួក Boko Haram មិនទាន់ឈានដល់ការបរាជ័យទាំងស្រុង ដូចដែលយោធានីហ្សេរីយ៉ាអះអាងនោះទេ។
លោកបាននិយាយថា៖ «ប្រសិនបើតំបន់ដែលគ្រប់គ្រងដោយពួក Boko Haram បានរួមតូចរហូតដល់ស្ទើរតែមិនសេសសល់អ្វីទៀត ដូចដែលរដ្ឋាភិបាលបានលើកឡើងនោះ តើហេតុអ្វីបានជាគេមិនអាចរកឃើញក្មេងស្រីទាំងនោះ? អ្នកប្រហែលជាបានគិតថា រដ្ឋាភិបាលបានស្វែងរកក្មេងស្រីទាំងនោះមួយចំនួនហើយ មែនទេ?»
ការស្វែងរកក្មេងស្រីជំទង់ទាំងនោះមកវិញ ក៏ដូចជាការរក្សាស្ថិរភាពនៅក្នុងប្រទេសនីហ្សេរីយ៉ាទាំងមូលផ្ទាល់ គឺត្រូវការរយៈពេលរាប់ឆ្នាំទៅមុខទៀត៕
ព័ត៌មានបន្ថែម៖
បើកមើលពហុព័ត៌មាន
ទស្សនាវីដេអូ «ពួកBoko Haram៖ ការលាតត្រដាងពីអំពើភេរវកម្ម»
ស្វែងយល់អំពីវិធីដែល VOA ទទួលបានវីដេអូសម្ងាត់របស់ពួក Boko Haram
មតិរបស់ទស្សនិកជន
ចែករំលែកទស្សនៈរបស់អ្នកអំពីវីដេអូ «ពួកBoko Haram៖ ការលាតត្រដាងពីអំពើភេរវកម្ម» #terrorunmasked.
Facebook
Twitter
ឈ្មោះ និងតួនាទីអ្នកផលិត
អ្នកបកប្រែ៖ លោក ភី សុភាដា លោក ណឹម សុភ័ក្រ្តបញ្ញា និងអ្នកស្រី លី ម៉ូរីវ៉ាន់
និពន្ធដោយលោក Dan Joseph
រចនា និងផលិតដោយកញ្ញា Tatenda Gumbo និងលោក Steven Ferri
អ្នកយកព័ត៌មានរបស់ VOA នៅប្រទេសនីហ្សេរីយ៉ា និងរដ្ឋធានីវ៉ាស៊ីនតោនចូលរួមចំណែកក្នុងការរាយការណ៍ព័ត៌មាននេះ។