កាលពីដើមឆ្នាំមុន អ្នកសារព័ត៌មាន VOA មួយរូប បានទទួលការហៅទូរស័ព្ទពីប្រភពដ៏គួរឲ្យទុកចិត្តមួយ ដែលបានប្រាប់លោកឲ្យរង់ចាំទទួលកញ្ចប់ដ៏មានសារៈសំខាន់មួយ។ ប៉ុន្មានថ្ងៃក្រោយមក អ្នកចែកចាយសំបុត្រ បានបញ្ជូនប្រអប់ពណ៌កាហ្វេតូចមួយមកដល់ VOA។ នៅក្នុងប្រអប់ ដែលមានការវេចខ្ចប់ដោយស្បោងផ្លាស្ទីកជាច្រើនជាន់យ៉ាងត្រឹមត្រូវនេះ គឺឧបករណ៍ផ្ទុកទិន្នន័យកុំព្យូទ័រមួយ។ ឧបករណ៍ផ្ទុកទិន្នន័យនេះ មានឯកសារវីដេអូច្រើនជាង ៤ រយ ឯកសារ ដែលមានរយៈពេលប្រហែល ១៨ ម៉ោង។
ក្រោយពីបានទស្សនាវីដេអូមួយចំនួនមក អ្នកសារព័ត៌មានរូបនោះ មានការភ្ញាក់ផ្អើល ដោយបាននិយាយថា មនុស្សដែលបានបង្ហាញនៅក្នុងវីដេអូទាំងនោះ គឺពួកយុទ្ធជន Boko Haram ដែលជាក្រុមភេរវករសម្លាប់មនុស្សយ៉ាងសាហាវ និងជាក្រុមភេរវករជ្រុលនិយមដ៏សម្ងាត់បំផុតមួយនៅលើពិភពលោក។ សមាជិករបស់ក្រុម Boko Haram នេះ កម្របង្ហាញមុខមាត់របស់ខ្លួនជាសាធារណៈណាស់។ ប៉ុន្តែ នៅក្នុងវីដេអូ ដែលបានថតដោយពួក Boko Haram ដោយផ្ទាល់ដៃនេះ គេឃើញថា ពួកសកម្មប្រយុទ្ធទាំងនេះ ជជែកគ្នាពីនេះពីនោះដោយមិនមានការលាក់លៀម និងពោរពេញដោយមោទនភាព ក៏ដូចជាអនុវត្តសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន និងការប្រព្រឹត្តិអំពើឃោរឃៅឈឺចាប់ស្ដែងៗផងដែរ។
វីដេអូទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពីមូលហេតុដែលធ្វើឲ្យពលរដ្ឋនីហ្សេរីយ៉ាជាង ២ លាននាក់ រត់គេចចេញពីក្រុង និងភូមិរបស់ពួកគេ ដើម្បីជៀសឲ្យឆ្ងាយពីសកម្មភាពឧក្រិដ្ឋយង់ឃ្នងរបស់ពួក Boko Haram។ ក្នុងចំណោមរឿងផ្សេងៗទៀត វីដេអូទាំងនេះ បានបង្ហាញឲ្យឃើញពីពួក Boko Haram ប្រហារជីវិត និងវាយដំមនុស្ស កាត់ប្រអប់ដៃមនុស្ស វាយប្រហារប៉ុស្តិ៍យោធា និងធ្វើឃាតពលរដ្ឋនីហ្សេរីយ៉ា ពេលដែលពួកនោះដើរប្លន់លុយកាក់ និងម្ហូបអាហាររបស់ពលរដ្ឋទាំងនោះ។ វីដេអូទាំងនេះ ក៏បានបង្ហាញអំពីពួកសកម្មប្រយុទ្ធជជីកសួរអ្នកភូមិ បង្ហោះឧបករណ៍ drone និងកាត់ទោសប្រហារជីវិត «អ្នកដែលមិនជឿ» ក្រោមបទចោទប្រកាន់ថាបានរំលោភលើច្បាប់ឥស្លាមរបស់ពួក Boko Haram ដែលជាច្បាប់ដែលបំប្លែងខុសពីន័យដើមរបស់សាសនាឥស្លាម។
VOA បានកំណត់ឃើញថា វីដេអូទាំងនេះ គឺបានមកពីកុំព្យូទ័រ laptop របស់ពួក Boko Haram ដែលពួកយោធានីហ្សេរីយ៉ាដណ្ដើមយកបាននៅក្នុងការឆ្មក់វាយលុកពួកនេះ។ ប្រភពដែលប្រាប់អំពីវីដេអូទាំងនេះ មិនជាប់ពាក់ព័ន្ធជាមួយនឹងយោធា ឬរដ្ឋាភិបាលនីហ្សេរីយ៉ា ឬក៏មិនជាប់ពាក់ព័ន្ធជាមួយនឹងពួក Boko Haram នោះទេ។
ក្រុមអ្នកសារព័ត៌មានរបស់ VOA បានចាប់ផ្ដើមពិនិត្យមើលរឿងរ៉ាវ ដែលលាក់កំបាំងទាំងនេះ។ ពួកគេធ្លាប់បានឃើញវីដេអូឃោសនារបស់ពួក Boko Haram ពីមុន ប៉ុន្តែ ពួកគេមិនដែលឃើញវីដេអូទាំងនេះពីមុនមកនោះទេ។ វីដេអូ ដែលមិនមានការកាត់តទាំងនេះ គឺជាវីដេអូ ដែលស្ទើរតែមិនបានលាក់បាំង ឬក៏មិនបានលាក់បាំងតែម្ដង ចំពោះសកម្មភាពសាហាវយង់ឃ្នងហួសហេតុរបស់ពួក Boko Haram។ បើយោងទៅលើកាលបរិច្ឆេទនៅលើវីដេអូទាំងនេះ ការអះអាងរបស់ពួក Boko Haram និងព្រឹត្តិការណ៍ដែលបានរៀបរាប់នៅក្នុងការផ្សាយព័ត៌មានដែលឭនៅក្នុងវីដេអូទាំងនេះ គេអាចវាយតម្លៃបានថា វីដេអូទាំងនេះត្រូវបានថតនៅចុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ជាពេល ដែលពួក Boko Haram បង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងក្លានៅតំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា។
ក្រុមការងារ VOA បានចំណាយពេលជាច្រើនខែ ដើម្បីពិនិត្យមើលវីដេអូទាំងនេះ ក្នុងគោលបំណងដើម្បីបំបាត់ចម្ងល់អំពីថាតើវីដេអូទាំងនេះ ជាវីដេអូពិតប្រាកដមែន ឬក៏យ៉ាងណានោះ ដោយការបកប្រែអត្ថបទនៅក្នុងវីដេអូទាំងនេះ និងការផ្ទៀងផ្ទាត់ទីតាំងនៅក្នុងវីដេអូទាំងនេះជាមួយនឹងរូបភាពពីប្រព័ន្ធផ្កាយរណប។ ពួកសកម្មប្រយុទ្ធ ដែលបាននិយាយនៅក្នុងវីដេអូទាំងនេះ បានបញ្ជាក់ថា ពួកគេគឺជាក្រុម Boko Haram ហើយភាគច្រើន ពួកគេនិយាយភាសា Kanuri ដែលជាភាសាកំណើតរបស់ពួកគេជាទូទៅ។ ជារឿយៗ ទង់ជ័យ និងស្លាកសញ្ញាសំគាល់របស់ពួក Boko Haram នេះ គឺបានបង្ហាញឲ្យឃើញ ដោយមិនមានការលាក់លៀមនោះទេ។ យ៉ាងហោចណាស់ វីដេអូមួយវគ្គត្រូវបានប្រើនៅក្នុងវីដេអូឃោសនារបស់ពួក Boko Haram ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ជាងនេះទៅទៀត ក្រុមការងារ VOA បានធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា នៅក្នុងខែកញ្ញា ឆ្នាំ ២០១៦ ដើម្បីទៅមើលកន្លែងនានា ដែលបានបង្ហាញនៅក្នុងវីដេអូទាំងនោះ។ នៅពេលនោះ ពលរដ្ឋនីហ្សេរីយ៉ា ដែលរត់គេចពីផ្ទះសម្បែង បានជួយបញ្ជាក់ប្រាប់អំពីទីតាំងសម្លាប់មនុស្ស ដែលមានថតនៅក្នុងវីដេអូទាំងនោះ។
ក្រុមការងារ VOA បានបង្ហាញផ្នែកដកស្រង់ជាច្រើនពីវីដេអូទាំងនេះ ដល់លោក Jacob Zenn អ្នកសិក្សាស្រាវជ្រាវមកពីអង្គការ Jamestown Foundation ដែលជាអង្គការស្រាវជ្រាវជាន់ខ្ពស់ជាក់លាក់មួយ មានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោក Jacob Zenn បានសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយអំពីបញ្ហាពាក់ព័ន្ធនឹងពួក Boko Haram។ លោកអាចបញ្ជាក់អំពីពួកសកម្មប្រយុទ្ធ Boko Haram ដែលគេស្គាល់មួយចំនួន នៅក្នុងវីដេអូទាំងនេះ។ លោកបាននិយាយថា វីដេអូទាំងនេះ បង្ហាញឲ្យឃើញពីទិដ្ឋភាពមិនស្របគ្នាជាមួយនឹងសកម្មភាពផ្ទៃក្នុងរបស់ពួក Boko Haram នេះ។
លោក Jacob Zenn បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វីដេអូនេះ មិនបានបង្ហាញពីជីវភាពប្រចាំថ្ងៃ ឬក៏សកម្មភាពមិនពាក់ព័ន្ធជាមួយនឹងការឃោសនា របស់ពួក Boko Haram នោះទេ។ តើពួក Boko Haram ធ្វើសកម្មភាពអ្វីខ្លះ ឬក៏និយាយអ្វីខ្លះ នៅពេលដែលពួកគេមិនធ្វើសកម្មភាពនៅក្នុងបែបបទដើម្បីបង្ហាញដល់សហគមន៍អន្តរជាតិនោះ?»។
លោកបន្ថែមថា៖ «ការបង្ហាញអំពីជីវភាពប្រចាំថ្ងៃរបស់ពួក Boko Haram នោះ គឺជាការបង្ហាញដ៏ជាក់លាក់មួយ»។
ចាប់តាំងពីវីដេអូរបស់ពួក Boko Haram ត្រូវបានថតមក និងនៅក្នុងរយៈពេលប៉ុន្មានខែក្រោយមក ចាប់តាំងពី VOA ទទួលបានវីដេអូទាំងនោះ យោធានីហ្សេរីយ៉ាបានដណ្ដើមមកវិញជាច្រើននូវក្រុង និងដែនដីនានា ដែលធ្លាប់ត្រូវបានពួក Boko Haram កាន់កាប់។ មន្ត្រីយោធា និងលោកប្រធានាធិបតីនីហ្សេរីយ៉ា Muhammadu Buhari បាននិយាយថា យោធានីហ្សេរីយ៉ា បានវាយរុញច្រានពួក Boko Haram ឲ្យចេញពីកន្លែងលាក់ខ្លួនចម្បងមួយរបស់ពួកនេះ នៅក្នុងព្រៃ Sambisa។ ប៉ុន្តែ ពួក Boko Haram នៅតែបន្តធ្វើការវាយប្រហារលើពួកយោធា និងជនស៊ីវិលដដែល។
កាលពីខែមករា ឆ្នាំ ២០១៧ ក្រុមការងារ VOA បានបង្ហាញផ្នែកខ្លះ ដែលដកស្រង់ចេញពីវីដេអូទាំងនេះ ដល់រដ្ឋមន្ត្រីការពារជាតិនីហ្សេរីយ៉ា លោក Mansur Mohammed Dan Ali។ លោកDan Ali បាននិយាយថា លោកមិនដែលឃើញវីដេអូទាំងនេះពីមុនមកនោះទេ ហើយលោកមិនបានដឹងថាមានវីដេអូអំពីសកម្មភាពរបស់ពួក Boko Haram ទាំងនេះដែរ។ ប៉ុន្តែ ក្រោយពីបានមើលឃើញសកម្មភាពរបស់ពួក Boko Haram កាត់ប្រអប់ដៃ និងប្រហារជីវិតអ្នកភូមិ នៅក្នុងវីដេអូទាំងនេះមក លោកប្រឹងទប់ខ្លួនមិនឲ្យយំ។
លោក Dan Ali បានបញ្ជាក់បន្ថែមថា ទោះបីជារដ្ឋបាលរបស់លោក Buhari ទទួលបានជោគជ័យជាច្រើននៅក្នុងការវាយប្រហារពួក Boko Haram ក៏ដោយ ក៏ខ្សែវីដេអូទាំងនេះ គឺជាការដាស់តឿនពិភពលោកឲ្យបានដឹងអំពីភាពឃោរឃៅព្រៃផ្សៃឥតក្ដីមេត្តារបស់ពួក Boko Haram។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «វីដេអូនេះនឹងបង្ហាញអំពីភាពឃោរឃៅយង់ឃ្នងរបស់ពួក Boko Haram ដែលធ្វើមកលើសហគមន៍របស់យើង សង្គមរបស់យើង និងប្រជាពលរដ្ឋនីហ្សេរីយ៉ា ដោយហេតុថា ទោះចង់ ឬមិនចង់ ភាពឃោរឃៅរបស់ពួកនេះ បានធ្វើឲ្យប៉ះពាល់ដល់មនុស្សស្ទើរតែគ្រប់គ្នានៅក្នុងសង្គម»៕
ព័ត៌មានបន្ថែម៖
បើកមើលពហុព័ត៌មាន
ទស្សនាវីដេអូ «ពួក Boko Haram៖ ការលាតត្រដាងពីអំពើភេរវកម្ម»
អានអត្ថបទអំពីការប្រយុទ្ធរបស់រដ្ឋាភិបាលនីហ្សេរីយ៉ាប្រឆាំងនឹងពួក Boko Haram
មតិរបស់ទស្សនិកជន
ចែករំលែកទស្សនៈរបស់អ្នកអំពីវីដេអូ «ពួកBoko Haram៖ ការលាតត្រដាងពីអំពើភេរវកម្ម» #terrorunmasked
Facebook
Twitter