ក្មេងប្រុសម្នាក់ត្រូវគេវាយនឹងខ្សែតីនៅទីវាលសាធារណៈមួយ។ អ្នកឈរមើលជាច្រើនបានស្រែកថា «ព្រះជាម្ចាស់អស្ចារ្យណាស់»។ ពួកសកម្មប្រយុទ្ធ Boko Haram បាញ់ជនស៊ីវិលចំបេះដូង និងចំក្បាល ដោយមិនខ្វល់អំពីការអង្វរករថាគ្មានទោស និងការបួងសួងណាទាំងអស់។
ការរាយការណ៍ខាងក្រោមនេះ មានបញ្ចូលនូវរូបភាពដ៏គួរឲ្យតក់ស្លុតមួយចំនួន ដែលបានមកពីវីដេអូសម្ងាត់នានារបស់ពួក Boko Haram ដែល VOA ទទួលបាន។ អំពើហិង្សាឃោរឃៅ ដែលបង្ហាញនៅក្នុងវីដេអូទាំងនេះ អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកទស្សនាមួយចំនួន។ ការរាយការណ៍នេះ បង្ហាញអំពីតថភាព និងភាពឃោរឃៅនៃការរស់នៅក្រោមការត្រួតត្រារបស់ពួក Boko Haram។
នៅក្នុងភូមិ Kumshe នៃភាគខាងជើងប្រទេសនីហ្សេរីយ៉ា ពួកភេរវករ Boko Haram បានបង្ខំឲ្យប្រជាជនអនុវត្តតាមច្បាប់ឥស្លាមហិង្សា ដែលបំប្លែងខុសពីន័យដើមរបស់សាសនាឥស្លាម។ ការប្រឆាំងណាមួយចំពោះច្បាប់នេះ ដូចជាការស្លៀកសំលៀកបំពាក់បែបបស្ចិមប្រទេស ឬក៏ការសិក្សាអ្វីផ្សេងពីសាសនាឥស្លាម នឹងទទួលទោសធ្ងន់ធ្ងរជាក់ជាមិនខាន។ អ្នកជួញដូរថ្នាំញៀនណា ដែលធ្វើរឿងហ្នឹងដោយចេតនា ដូចជាអ្នកប្រព្រឹត្តិបទល្មើស ដែលបានបង្ហាញនៅក្នុងវីដេអូទាំងនេះ នឹងត្រូវកាត់ទោសដោយការវាយដំ និងការប្រហារជីវិត។
វីដេអូច្បាប់ដើម និងមិនមានការកាត់ត ដែលបង្ហាញពីពួក Boko Haram ធ្វើប្រតិបត្តិការនៅក្នុងដែនដីគ្រប់គ្រងរបស់ខ្លួន ក្នុងប្រទេសនីហ្សេរីយ៉ានេះ គឺជាវីដេអូដ៏កម្រ។ ក្រុម Boko Haram ត្រូវគេស្គាល់ថា ជាក្រុម ដែលលាក់ការណ៍សម្ងាត់បានល្អ។ ក្រុមនេះក៏បានលាក់អត្តសញ្ញាណ និងទីកន្លែងរបស់សមាជិកខ្លួនបានយ៉ាងសម្ងាត់ផងដែរ។
ប៉ុន្តែ ទីភ្នាក់ងារព័ត៌មាន VOA ទទួលបានខ្សែវីដេអូច្បាប់ដើមរយៈពេល ១៨ ម៉ោង ដែលជាខ្សែវីដេអូ ដែលពួក Boko Haram បានថតអំពីទិដ្ឋភាពនៃភាពឃោរឃៅរបស់ខ្លួនឯងផ្ទាល់។ រូបភាព ដែលយកចេញពីកុំព្យូទ័រ Laptop របស់ពួក Boko Haram ដែលពួកយោធារដ្ឋាភិបាលនីហ្សេរីយ៉ាដណ្ដើមយកបាននៅក្នុងការការវាយឆ្មក់របស់ខ្លួន គឺជាភស្តុតាងបង្ហាញអំពីភាពរងទុក្ខវេទនាដ៏ឈឺចាប់របស់ប្រជាពលរដ្ឋនីហ្សេរីយ៉ា ដែលតស៊ូរស់ក្រោមការគ្រប់គ្រងរបស់ពួក Boko Haram។
ការប្រហារជីវិតបុរសទាំងនេះ នៅក្នុងក្រុង Kumshe និងទិដ្ឋភាពផ្សេងៗទៀត ដែលបានបង្ហាញអំពីសមាជិករបស់ក្រុម Boko Haram អនុវត្តសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនយ៉ាងឃោរឃៅយង់ឃ្នង នៅក្នុងដែនដី caliphate ដែលអះអាងដោយពួកនេះផ្ទាល់ គឺជាប្រធានបទនៃកម្រងខ្សែវីដេអូ ៤ ភាគ របស់ VOA ដែលមានចំណងជើងថា «ពួក Boko Haram៖ ការលាតត្រដាងឲ្យឃើញពីអំពើភេរវកម្ម»។
វីដេអូដែលមិនមានការកាត់តទាំងនេះ ស្ទើរតែមិនបានលាក់បាំង ឬក៏មិនបានលាក់បាំងតែម្ដង ចំពោះសកម្មភាពសាហាវយង់ឃ្នងហួសហេតុរបស់ពួក Boko Haram។ បើយោងទៅលើកាលបរិច្ឆេទនៅលើវីដេអូទាំងនេះ ការអះអាងរបស់ពួក Boko Haram និងព្រឹត្តិការណ៍ដែលបានរៀបរាប់នៅក្នុងការផ្សាយព័ត៌មានដែលឭនៅក្នុងវីដេអូទាំងនេះ គេអាចវាយតម្លៃបានថា វីដេអូទាំងនេះត្រូវបានថតនៅចុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ជាពេល ដែលពួក Boko Haram បង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងក្លានៅតំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា។
ក្នុងអំឡុងពេលបះបោររយៈពេល ៧ ឆ្នាំ របស់ពួក Boko Haram ពួកនេះបានវាយប្រហារគោលដៅរបស់រដ្ឋាភិបាល និងជនស៊ីវិល ដើម្បីដណ្ដើមយកដែនដីនានា និងដើម្បីបង្កការភ័យខ្លាចនៅទូទាំងតំបន់ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា។ មេដឹកនាំ Boko Haram បានបញ្ជាក់ប្រាប់ទាហានថ្មើរជើងវ័យក្មេងទាំងនោះថា ពួកគេនឹងរងទុក្ខ ឬស្លាប់ ប្រសិនបើមិនជឿលើសាសនាឥស្លាមរបស់ពួក Boko Haram នោះទេ។ មេដឹកនាំ Boko Haram ក៏បានបង្ខំឲ្យពួកយុវជនក្មេងៗទាំងនេះ ចូលក្នុងក្រុមយុទ្ធជន Boko Haram និងបានបញ្ជូនពួកគេទៅប្រយុទ្ធដោយមិនមានអាវុធគ្រប់គ្រាន់ និងទទួលបានការហ្វឹកហាត់តែបន្តិចបន្តួចប៉ុណ្ណោះ។ ពួក Boko Haram បានចាប់ពង្រត់ស្ត្រី និងកុមាររាប់ពាន់នាក់។
វីដេអូ ដែលបានថតដោយពួក Boko Haram ទាំងនេះ បានកត់ត្រាអំពីការវាយប្រហារមួយទៅលើបន្ទាយទាហាននីហ្សេរីយ៉ាមួយកន្លែង នៅក្នុងក្រុង Banki។ ពួកអ្នកប្រយុទ្ធ Boko Haram បានប្រមូលផ្ដុំគ្នានៅពេលព្រឹក ហើយមេដឹកនាំពួកគេ បានរៀបចំឲ្យពួកគេទៅសម្លាប់ និងត្រូវសម្លាប់។ ការវាយប្រហារនេះបានក្លាយជាច្របូកច្របល់ ដោយសារអ្នកប្រយុទ្ធខ្លះបានទារសុំកាំភ្លើងជាដើម។
ក្រោយមក យុទ្ធជន Boko Haram បានសម្លាប់ជនស៊ីវិលនៅក្នុងភូមិមួយក្បែរនោះ បន្ទាប់ពីបានជជីកសួរអ្នកទាំងនោះ រកម្ហូបអាហារ និងលុយកាក់។ ពួក Boko Haram ផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុចំពោះខ្លួនពួកគេផ្ទាល់ ដោយសារការចាប់ជំរិតមនុស្សប្ដូរយកប្រាក់ ការជំរិតទារប្រាក់ និងការឆក់ប្លន់ជាដើម។
យុទ្ធនាការហិង្សារបស់ពួក Boko Haram បានធ្វើឲ្យជីវិតមនុស្សរងទុក្ខវេទនា បង្កើនការភ័យខ្លាច ធ្វើឲ្យមនុស្សរាប់លាននាក់គេចចេញពីផ្ទះសម្បែង និងបានបំផ្លាញសណ្ដាប់ធ្នាប់សង្គម នៅទូទាំងតំបន់ភាគឦសាន ប្រទេសនីហ្សេរីយ៉ា។
នៅពេលដែលពួក Boko Haram បានដណ្ដើមកាន់កាប់ភូមិណាមួយ ពួកគេបានជជីកសួរចម្លើយមនុស្សក្នុងភូមិនោះ។ គោលបំណងនៃការជជីកសួរនេះ គឺដើម្បីបានព័ត៌មានអំពីភាពស្មោះស្ម័គ្រ និងទីកន្លែងនៃសមាជិកគ្រួសារអ្នកភូមិណា ដែលបានរត់គេច។
គោលបំណងរបស់ពួក Boko Haram ដូចដែលបានបញ្ជាក់ប្រាប់ដោយលោក Abubakar Shekau ដែលជាមេដឹកនាំដ៏យូរអង្វែងរបស់ពួកនេះកន្លងមក គឺធ្វើសង្គ្រាមសាសនា ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសនីហ្សេរីយ៉ាគេចផុតពីឥទ្ធិពលរបស់បស្ចិមប្រទេស និងបង្កើតរដ្ឋឥស្លាមដ៏តឹងតែងមួយ។ ប៉ុន្តែ តាមធាតុពិតជាក់ស្ដែង ពួក Boko Haram បានបង្ហាញការអាណិតអាសូរតិចតួចប៉ុណ្ណោះចំពោះពលរដ្ឋនីហ្សេរីយ៉ាដែលកាន់សាសនាឥស្លាម ដោយពួកនេះបានវាយប្រហារវិហារឥស្លាម និងក្រុងដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើនរស់នៅ។
វីដេអូពួក Boko Haram ខាងក្រោមនេះ បង្ហាញឲ្យឃើញពីមេដឹកនាំរបស់ពួក Boko Haram ផ្ដល់ហេតុផល ដើម្បីបញ្ជាក់ថា ការសម្លាប់មនុស្ស និងការប្រព្រឹត្តិអំពើឃោរឃៅដទៃទៀត គឺជារឿងត្រឹមត្រូវ ផ្អែកលើមនោគមសាសនារបស់ពួកគេ ដែលបំប្លែងខុសពីន័យដើមរបស់សាសនាឥស្លាម។
នៅក្នុងការកាត់ក្ដីជាសាធារណៈមួយ អ្នកនាំសារបានដើរចេញមក។ អ្នកនាំសារនោះ ថ្លែងពីសម្ដីរបស់លោក Abubakar Shekau មេដឹកនាំពួក Boko Haram ដែលកំពុងលាក់ខ្លួន ស្របពេលដែលពួក Boko Haram រៀបចំប្រហារជីវិតសមាជិករបស់ខ្លួន ២ នាក់។
បទចោទប្រកាន់៖ ស្រលាញ់ភេទដូចគ្នា។
ការបកស្រាយបែបហិង្សាអំពីសាសនាឥស្លាមរបស់ពួក Boko Haram មានប្រភពពីការទេសនារបស់ស្ថាបនិករបស់ខ្លួនឈ្មោះ Mohammed Yusuf។ លោក Yusuf បានទូន្មានថា ការអប់រំបែបបស្ចិមប្រទេសជាអំពើបាបកម្ម។ ភាពតានតឹងរវាងអាជ្ញាធរនីហ្សេរីយ៉ា និងពួក Boko Haram បានឈានដល់អំពើហិង្សាផ្ដាច់ផ្ដិលជីវិតនៅក្នុងឆ្នាំ ២០០៩។ នៅពេលនោះ ប៉ូលិសបានបង្ក្រាបលើអ្នកដើរតាមការទូន្មានប្រៀនប្រដៅរបស់លោក Yusuf និងបានប្រហារជីវិតលោក Yusuf នៅតាមដងផ្លូវ។
លោក Abubakar Shekau ជឿថា ការវាយប្រហារជនស៊ីវិល ការចាប់ពង្រត់សិស្សស្រីៗ និងការសម្លាប់ «អ្នកមិនជឿលើសាសនាឥស្លាម» ទោះបីអ្នកនោះ ជាអ្នកកាន់សាសនាឥស្លាម ឬក៏មិនមែនជាអ្នកកាន់សាសនាឥស្លាមក៏ដោយ គឺជារឿងត្រឹមត្រូវ នៅក្នុងនាមនៃពាក្យ «jihad»។ អ្នកសិក្សាស្រាវជ្រាវសាសនានៅក្នុងប្រទេសនីហ្សេរីយ៉ា បានប្រឆាំងយ៉ាងដាច់អហង្ការចំពោះសាសនវិទ្យាបែបហិង្សារបស់ពួក Boko Haram។
នៅក្នុងដំណាក់កាលដែលឥទ្ធិពលរបស់ពួក Boko Haram បានឡើងដល់កម្រិតកំពូល ពួកនេះបានគ្រប់គ្រងដែនដីមួយកន្លែង ដែលមានទំហំធំជាងប្រទេសបែលហ្សិកចំនួន ២ ដង។ ការកាន់កាប់របស់ពួកនេះ បានធ្វើឲ្យពលរដ្ឋនីហ្សេរីយ៉ាច្រើនជាង ២ លាននាក់ គេចចេញពីផ្ទះសម្បែង និងបានបណ្ដាលឲ្យមានបញ្ហាអសន្តិសុខម្ហូបអាហារកើតឡើងនៅគ្រប់កន្លែង។
នាពេលបច្ចុប្បន្ននេះ ក្រុងភាគច្រើន ដែលកាលពីមុន ស្ថិតក្រោមការត្រួតត្រារបស់ពួក Boko Haram ត្រូវបានយោធានីហ្សេរីយ៉ា និងប្រទេសក្បែរខាង ជួយរំដោះ។ ក្រុមការងារ VOA បានធ្វើដំណើរទៅកាន់តំបន់ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា កាលពីខែកញ្ញា ឆ្នាំ ២០១៦ ដើម្បីពិនិត្យមើលថាតើការអះអាងរបស់យោធានីហ្សេរីយ៉ា ដែលថាតំបន់នោះមានសន្តិសុខប្រសើរជាងមុននោះ ពិតជាត្រឹមត្រូវ ឬក៏យ៉ាងណានោះ និងដើម្បីមើលឃើញឲ្យបានផ្ទាល់ភ្នែកអំពីការស្លាប់ និងការរងទុក្ខវេទនារបស់មនុស្ស ដែលបណ្ដាលមកពីការបះបោររបស់ពួក Boko Haram នេះ។
ដោយអមដោយក្បួនរថយន្តយោធា ដែលបំពាក់ដោយកាំភ្លើងបាញ់យន្តហោះចម្បាំង ចំនួន ១២ គ្រឿង ក្រុមការងារ VOA បានធ្វើដំណើរទៅកាន់ទីក្រុងនានា ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាតំបន់ដែលមិនអាចចូលទៅបាន និងបានឃើញដោយផ្ទាល់ភ្នែកអំពីការប្រឹងប្រែងរបស់ពលរដ្ឋនីហ្សេរីយ៉ា ក្នុងការកសាងទីក្រុងទាំងនោះឡើងវិញ។ ចំណែកឯនៅក្នុងតំបន់ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ពួកយោធា ពួក Boko Haram នៅតែជាការគំរាមកំហែងដដែល។ ពួក Boko Haram បន្តធ្វើការវាយប្រហារដោយគ្រាប់បែកអត្តឃាត និងការវាយប្រហារប្រដាប់អាវុធផ្សេងៗទៀត ទៅលើជនស៊ីវិល និងយោធានីហ្សេរីយ៉ា។
ជនភៀសខ្លួនម្នាក់មកពីភូមិ Kumshe បានបញ្ជាក់អះអាងថា ការសម្លាប់ និងការវាយដំ ដែលបានថតនៅក្នុងខ្សែវីដេអូរបស់ពួក Boko Haram ទាំងនេះ គឺកើតឡើងនៅក្នុងភូមិរបស់គាត់។
លោកមានការរន្ធត់ និងយំ ពេលដែលបានឃើញរូបទីវាលនៃភូមិនោះ ដែលផ្ដិតចេញពីវីដេអូរបស់ពួក Boko Haram។
ព័ត៌មានបន្ថែម៖
អានអត្ថបទអំពីការប្រយុទ្ធរបស់រដ្ឋាភិបាលនីហ្សេរីយ៉ាប្រឆាំងនឹងពួក Boko Haram។
ទស្សនាវីដេអូ «ពួកBoko Haram៖ ការលាតត្រដាងពីអំពើភេរវកម្ម»។
ស្វែងយល់អំពីវិធីដែល VOA ទទួលបានវីដេអូសម្ងាត់របស់ពួក Boko Haram
មតិរបស់ទស្សនិកជន
ចែករំលែកទស្សនៈរបស់អ្នកអំពីវីដេអូ «ពួកBoko Haram៖ ការលាតត្រដាងពីអំពើភេរវកម្ម» #terrorunmasked។
Facebook
Twitter
ឈ្មោះ និងតួនាទីអ្នកផលិត
អ្នកបកប្រែ៖ លោក ភី សុភាដា លោក ណឹម សុភ័ក្រ្តបញ្ញា និងអ្នកស្រី លី ម៉ូរីវ៉ាន់
និពន្ធដោយអ្នកស្រី Salem Solomon
រចនា និងផលិតដោយកញ្ញា Tatenda Gumbo និងលោក Steven Ferri