ប្រទេសព្រុយណេ និងម៉ាឡេស៊ី គឺជាប្រទេសថ្មី ដែលទាមទារកាន់កាប់ផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង។ ស្របពេលដែលប្រទេសទាំងពីរទាមទារកាន់កាប់តំបន់ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនរៀងៗខ្លួន ដែលត្រូវបានកំណត់ដោយសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ (UNCLOS) ប្រទេសព្រុយណេមិនបានទាមទារកាន់កាប់កោះណាមួយឡើយ រីឯប្រទេសម៉ាឡេស៊ី ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសចិន បានទាមទារកាន់កាប់កោះមួយចំនួនតូចប៉ុណ្ណោះនៅតំបន់ប្រជុំកោះ Spratlys។
ប្រទេសព្រុយណេ ដែលជា«ភាគីតវ៉ាដោយស្ងប់ស្ងាត់» នៅសមុទ្រចិនខាងត្បូង បានអះអាងជាលើកដំបូងពីសិទ្ធិកាន់កាប់តំបន់រាងបួនជ្រុងទ្រវែងមួយនៅតំបន់ជម្លោះនេះ ក្រោយពេលដែលព្រុយណេបានទទួលឯករាជ្យភាពពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៨៤។
តំបន់សមុទ្រនោះ រួមមាន កោះ Bombay Castle ថ្មប៉ប្រះទឹក Louisa Reef តំបន់ទឹករាក់ Own Shoal និងតំបន់ឆ្នេរ Rifleman Bank ដែលតំបន់ទាំងនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសព្រុយណេ ក៏ប៉ុន្តែប្រទេសដ៏សម្បូរប្រេងមួយនេះ ទាមទារកាន់កាប់តែថ្មប៉ប្រះទឹក Louisa Reef តែប៉ុណ្ណោះ ដែលស្ថិតនៅឆកសមុទ្ររបស់ខ្លួន។ ដោយសារតែថ្មប៉ប្រះទឹក Louisa គឺជាផ្នែកមួយនៃតំបន់ប្រជុំកោះ Spratly តំបន់នេះក៏ត្រូវបានចិន និងវៀតណាមទាមទារកាន់កាប់ផងដែរ។
ប្រទេសព្រុយណេគឺជាប្រទេសតែមួយគត់ ដែលមិនកាន់កាប់តំបន់សមុទ្រណាមួយ ឬមានវត្តមានយោធានៅក្នុងតំបន់មានជម្លោះនេះឡើយ។
ថាមពល៖ ធនធានកាបូនទឹកដែលកំពុងបាត់បង់យ៉ាងឆាប់រហ័សរបស់ប្រទេសដ៏តូចមួយនេះរួមចំណែកដល់ទៅ៦០ភាគរយនៃផលិតផលសរុបក្នុងស្រុក និង៩០ភាគរយនៃប្រាក់ចំណេញពីការនាំចេញសរុប។ យោងតាមសៀវភៅកំណត់ត្រាពិភពលោករបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ផលិតផលប្រេងឆៅ និងឧស្ម័នធម្មជាតិរបស់ប្រទេសនេះមានចំនួនស្មើនឹងផលិតផលសរុបក្នុងស្រុកប្រមាណ៦៥ភាគរយ និងប្រមាណ៩៥ភាគរយនៃការនាំចេញ ដែលមានប្រទេសជប៉ុនជាទីផ្សារនាំចេញធំបំផុតមួយ។ គម្រោងអភិវឌ្ឍប្រេងក្រៅប្រទេស និងបង្កើតមូលដ្ឋានឧស្ម័នធម្មជាតិ ទាំងនៅក្នុងតំបន់ទឹករបស់ខ្លួន និងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលមានជម្លោះ ត្រូវបានចាត់ទុកជាគម្រោងទស្សនវិស័យជាតិដ៏វែងឆ្ងាយ ឬហៅថា (Wawasan Brunie 2035)។
យោងតាមរដ្ឋបាលព័ត៌មានខាងថាមពលរបស់សហរដ្ឋអាមេរិក ប្រទេសព្រុយណេដែលជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានធនធានប្រេងឆៅ និងប្រេងទូទៅប្រមាណ១ពាន់៥រយលានបារ៉ែល និងឧស្ម័នធម្មជាតិប្រមាណ១៥លានលានគីបនៅក្រោមបាតសមុទ្ររបស់ប្រទេសនេះ។
ធនធានត្រី៖ យោងតាមក្រុមអាជីវកម្ម Oxford ប្រចាំទីក្រុងឡុងដ៍ ទិន្នផលត្រីសរុបរបស់ប្រទេសព្រុយណេមានតម្លៃ៧៨លាន៣សែនដុល្លារកាលពីឆ្នាំ២០១៥ ដែលស្មើនឹង០,៤ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំដដែលនោះ។
ការដឹកជញ្ជូន៖ ផលិតផលរោងចក្រ និងម្ហូបអាហាររបស់ប្រទេសព្រុយណេគឺត្រូវបាននាំចូលស្ទើតែទាំងស្រុង។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak (ឆ្វេង) សន្ទនាជាមួយនឹងលោកនាយករដ្ឋមន្ត្រីចិន Xi Jinping នៅក្នុងកិច្ចប្រជុំកំពូលសហការប្រតិបត្តិសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៥។ លោក Najib បានទៅដល់រដ្ឋធានីប្រទេសចិន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃនៅប្រទេសចិន ដែលទាមទារកាន់កាប់តំបន់ទឹកយុទ្ធសាស្ត្រនេះទាំងស្រុង ដែលជាតំបន់ដែលប្រទេសម៉ាឡេស៊ីអះអាងថាជាកម្មសិទ្ធិរបស់ប្រទេសខ្លួនដែរនោះ។ (រូបថត៖ AP/Susan Walsh)
ម៉ាឡេស៊ីទាមទារកាន់កាប់មួយផ្នែកនៃសមុទ្រចិនខាងត្បូងដែលស្ថិតនៅភាគខាងជើងកោះ Borneo ដែលលាតសន្ធឹងលើតំបន់ចំនួន១២នៅក្នុងតំបន់ប្រជុំកោះ Spratly រួមទាំងកោះ Amboyna Cay និងថ្មប៉ប្រះទឹក Barque Canada Reef ដែលវៀតណាមបានកាន់កាប់ រួមទាំង ថ្មប៉ប្រះទឹក Commodore Reef និងថ្មប៉ប្រះទឹក Rizal Reef ដែលហ្វីលីពីនបានកាន់កាប់។ នៅក្នុងតំបន់ខាងក្រោមនៃផ្នែកមួយនេះដែលប្រទេសម៉ាឡេស៊ីទាមទារកាន់កាប់ មានតែតំបន់ថ្មប៉ប្រះទឹករួមគ្នាបីកន្លែងប៉ុណ្ណោះដែលស្ថិតនៅឆកសមុទ្ររបស់ខ្លួន។
ថ្មប៉ប្រះទឹក Swallow ថ្មប៉ប្រះទឹក Ardaiser ថ្មប៉ប្រះទឹក Erica ថ្មប៉ប្រះទឹក Mariveles និងថ្មប៉ប្រះទឹក Investigator។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវខាងផ្នែកនាវាចរណ៍ និងវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវសាធារណៈរបស់សហរដ្ឋអាមេរិក តំបន់ទាំងនេះអាចជាតំបន់តែមួយគត់ ដែលប្រទេសម៉ាឡេស៊ីអាចបង្កើតតំបន់នាវាចរណ៍របស់ខ្លួនបាន។
ថាមពល៖ យោងតាមរដ្ឋបាលព័ត៌មានខាងថាមពលរបស់អាមេរិក ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះមានធនធានប្រេងឆៅ និងធនធានប្រេងទូទៅចំនួន៥ពាន់លានបារ៉ែល និងឧស្ម័នធម្មជាតិចំនួន៨០លានលានគីបនៅក្រោមបាតសមុទ្ររបស់ខ្លួន ដែលមានបរិមាណខ្ពស់ជាងគេបង្អស់នៅក្នុងចំណោមប្រទេសដែលជាភាគីតវ៉ានៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។
ធនធានត្រី៖ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមានទិន្នផលសមុទ្រធំជាងគេលំដាប់ទី១៥ក្នុងពិភពលោក។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវខាងផ្នែកនាវាចរណ៍ និងវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវសាធារណៈរបស់សហរដ្ឋអាមេរិក ប្រទេសម៉ាឡេស៊ីទទួលបានទិន្នផលត្រីចំនួន១លាន៥សែនតោន កាលពីឆ្នាំ២០១២ ដែលស្មើនឹង១,៨៥ភាគរយនៃទិន្នផលត្រីសរុបក្នុងសាកលលោកសម្រាប់ឆ្នាំដដែលនោះ។
ប្រទេសម៉ាឡេស៊ីបន្តកាន់កាប់ផ្លូវយន្តហោះ C-130′s ចុះចតនៅថ្មប៉ប្រះទឹក Swallow Reef ហើយក៏បានដាក់មូលដ្ឋានយោធានៅតំបន់ទឹករាក់ Investigator Shoal និងតំបន់ថ្មប៉ប្រះទឹកដូចជា Mariveles Reef, Ardaiser Reef និងថ្មប៉ប្រះទឹក Erica Reef។ នេះបើយោងតាមលោក Robert Kaplan ប្រធានអ្នកវិភាគខាងភូមិសាស្ត្រនយោបាយឲ្យក្រុមហ៊ុន Stratfor។
កាលពីឆ្នាំ១៩៨៣ កងទ័ពជើងទឹកម៉ាឡេស៊ីបានចាក់ខ្សាច់នៅតាមតំបន់ទឹកមួយ ដែលខ័ណ្ឌចែកតំបន់ថ្មប៉ប្រះទឹកចំនួនពីរ ដើម្បីបង្កើតកោះតូចមួយដែលមានទំហំ២០ហិកតានៃកោះ Layang Layang ដែលបច្ចុប្បន្ននេះគឺជាទីកន្លែងលំហែកាយសម្រាប់អ្នកនិយមមុជចូលទឹកសមុទ្រដ៏ជ្រៅមួយ។ សណ្ឋាគារផ្កាយបី Avillion Layang Layang មានបន្ទប់ចំនួន៨៦ក្នុងសំណង់អគារចំនួន៦ ដែលធ្វើឡើងពីឈើ។ ទីកន្លែងលំហែកាយនេះមានអាងហែលទឹកតាមបែបធម្មជាតិមួយ កន្លែងមុជទឹកក្តៅ បន្ទប់ស្ប៉ា ភោជនីយដ្ឋាន និងហាងលក់ស្រា។