កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាមានិតចិន (PLA) ល្បាតនៅក្បែរផ្លាកមួយនៅប្រជុំកោះ Spratly ដែលជាភាសាចិនថាប្រជុំកោះ Nansha កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។ ផ្លាកនោះសរសេរថា «Nansha គឺជាទឹកដីរបស់ជាតិយើងដ៏ស័ក្តិសិទ្ធិ និងដែលមិនអាចបំពានបានឡើយ»។ (រូបថត៖ Reuters)
ប្រទេសចិនទាមទារកាន់កាប់អធិបតេយ្យភាពលើតំបន់កោះនៅសមុទ្រចិនខាងត្បូងទាំងអស់ និងថាមានយុត្តាធិការលើតំបន់ទឹកក្បែរនោះ។ ចិនរក្សាជំហរថា កោះទាំងឡាយនេះជាកម្មសិទ្ធិរបស់ប្រទេសចិនតាំងពីបូរមបុរាណមកម្ល៉េះ ដែលក្នុងនោះរួមមាន ប្រជុំកោះ Spratlys (Nansha) ប្រជុំកោះ Paracel (Xisha) ប្រជុំកោះ Pratas (Dongsha) តំបន់ឆ្នេរ Macclesfield Bank (Zhongsha)។
ប្រជុំកោះ Paracel រួមមានកោះ Wood កោះ Lincoln កោះ Duncan កោះ Money កោះ Pattle និងកោះ Triton។
ប្រជុំកោះ Spratlys រួមមានតំបន់ថ្មប៉ប្រះទឹក Fiery Cross Reef ថ្មប៉ប្រះទឹក Subi Reef ថ្មប៉ប្រះទឹក Mischief Reef ថ្មប៉ប្រះទឹក Johnson South Reef ថ្មប៉ប្រះទឹក Gaven Reef ថ្មប៉ប្រះទឹក Hughes Reef និងថ្មប៉ប្រះទឹក Cuarteron Reef។
តំបន់ទឹករាក់ Scarborough Shoal គឺជាតំបន់ដែលពោរពេញដោយថ្មប៉ប្រះទឹកជារង្វង់រួមមួយដែលលាតសន្ធឹងប្រមាណ២៣០គីឡូម៉ែត្រពីប្រទេសហ្វីលីពីន និងមានចម្ងាយ១០០០គីឡូម៉ែត្រពីកោះ Hainan ប្រទេសចិន។
ធនធានត្រី៖ យោងតាមមជ្ឈមណ្ឌលដើម្បីការស្រាវជ្រាវផ្នែកនាវាចរណ៍របស់សហរដ្ឋអាមេរិក ប្រទេសចិនមានឧស្សាហកម្មត្រីធំជាងគេបង្អស់នៅក្នុងពិភពលោក ដែលប្រមូលបានទិន្នផលត្រីប្រមាណ១៣,៩លានតោននៅឆ្នាំ២០១២ ស្មើនឹង១៧,៤ភាគរយនៃបរិមាណត្រីសរុបក្នុងពិភពលោក។
ប្រេងឥន្ធនៈ រួមមានការដ្ឋានបូមប្រេង H-981 នៅប្រជុំកោះ Paracel និងក្រុមហ៊ុនប្រេងតាមឆ្នេរសមុទ្រជាតិចិន (CNOOC) ដែលជាក្រុមហ៊ុនចិនតែមួយគត់ដែលបំពាក់ដោយបច្ចេកវិទ្យាបូមប្រេងក្នុងសមុទ្រដ៏ជ្រៅ បានបើកកន្លែងផ្ទុកប្រេងនៅក្បែរប្រជុំកោះ Paracel កាលពីខែមិថុនា ឆ្នាំ២០១២ ឲ្យមានការដេញថ្លៃជាអន្តរជាតិ ក្នុងជំហានមួយដើម្បីបញ្ចុះបញ្ចូលភាគីវិនិយោគទុនបរទេសរបស់ប្រទេសវៀតណាមមិនឲ្យបង្កើតការរុករកធនធានប្រេង និងឧស្ម័ននៅតំបន់កោះទាំងនោះ។ ក្រុមហ៊ុន (CNOOC) ក៏បានបង្កើតការដ្ឋានបូមប្រេងនៅតំបន់ទឹកជ្រៅមួយឈ្មោះ HYSY 981 ក្បែរប្រជុំកោះ Paracel កាលពីខែឧសភា ឆ្នាំ២០១៤ ដែលបណ្តាលឲ្យមានការធ្វើបាតុកម្មប្រឆាំងដ៏ខ្លាំងក្លាពីភាគីប្រទេសវៀតណាម។ ការដ្ឋានបូមប្រេងនេះត្រូវបានលុបចោលកាលពីខែកក្កដា មួយខែមុនការបញ្ចប់សកម្មភាពបូមប្រេងដែលបានគ្រោងទុក។ ក្រោយមកទៀត ក្រុមហ៊ុន (CNOOC) នេះ ក៏បានអះអាងថា ខ្លួនមានទិន្នន័យទាំងអស់ដែលខ្លួនត្រូវការ ហើយអាចសិក្សាស្រាវជ្រាវបាននៅលើកោះ Hainan។
ច្រកនាវាចរណ៍ និងច្រកពាណិជ្ជកម្ម៖ យោងតាមមជ្ឈមណ្ឌលដើម្បីការស្រាវជ្រាវផ្នែកនាវាចរណ៍របស់សហរដ្ឋអាមេរិក មន្ត្រីជាន់ខ្ពស់ចិនកំពុងព្រួយបារម្ភអំពីសន្តិសុខពាណិជ្ជកម្មតាមសមុទ្រ។ ហេតុដូច្នេះ ផែនការការពារជាតិឆ្នាំ២០១៥របស់ចិន បានផ្តល់អំណាចធំមួយដល់កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាមានិតចិន (PLA) ក្នុងការការពារច្រកសមុទ្រ។
ទេសចរណ៍៖ រដ្ឋាភិបាលស្រុក Hainan ខិតខំប្រឹងប្រែងជំរុញឲ្យមានសកម្មភាពទេសចរណ៍នៅតំបន់ប្រជុំកោះ Paracel និងប្រជុំកោះ Spratly ហើយបានប្រឈមនឹងបាតុកម្មប្រឆាំងពីបណ្តាប្រទេសដែលមានជម្លោះ។
ប្រទេសចិនបានពន្លឿនការទន្ទ្រានកាន់កាប់ដែនដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រជុំកោះ Spratly នៅឆ្នាំ២០១៤។ ប្រទេសចិនបានបញ្ចប់ការសាងសង់ផ្លូវយន្តហោះឡើងចុះមួយដែលមានប្រវែង៣០០០ម៉ែត្រនៅតំបន់ថ្មប៉ប្រះទឹក Fiery Cross Reef ដំណាលគ្នាដែលចិនសាងសង់ចំណតយន្តហោះបេតុងនៅក្បែរតំបន់ថ្មប៉ប្រះទឹក Subi Reef និងថ្មប៉ប្រះទឹក Mischief Reef។ រូបភាពផ្កាយរណបរបស់មជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) នៃតំបន់ថ្មប៉ប្រះទឹកទាំងបី បង្ហាញឲ្យឃើញសំណង់ថ្មីៗដែលត្រូវបានសាងសង់ឡើងដើម្បីដាក់យន្តហោះចម្បាំង J-11 យន្តហោះ Su-30 យន្តហោះទម្លាក់គ្រាប់បែក H-6 និងយន្តហោះដឹកទំនិញ II-76 និងយន្តហោះឈ្លបយកការណ៍ KJ-2000។ នៅក្បែរសំណង់អគារទាំងអស់នេះ មានប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធរ៉ាដា ប៉មអគ្គិសនី និងមូលដ្ឋានយោធា។
ចិនបានពង្រីកវត្តមានរបស់ខ្លួននៅលើតំបន់សមុទ្រចិនខាងត្បូងដោយបានសាងសង់កោះសប្បនិម្មិតយ៉ាងឆាប់រហ័ស។ មិនដល់មួយឆ្នាំផង ចិនបានប្រែក្លាយតំបន់ថ្មប៉ប្រះទឹក Fiery Cross Reef ទៅជាទីតាំងយោធារួចជាស្រេចមួយ ដោយមានផ្លូវយន្តហោះមួយសម្រាប់ការធ្វើដំណើរចុះចតរបស់យន្តហោះចម្បាំង និងយន្តហោះដឹកអ្នកដំណើរធំៗ។
កោះសិប្បនិមិ្មតតូចៗទាំងអស់នេះត្រូវបានបង្កើតឡើងដោយការបូមខ្សាច់ដាក់នៅតំបន់ថ្មប៉ប្រះទឹកនៅក្បែរនោះ។
នាពេលនេះ ការសាងសង់នៅតំបន់ថ្មប៉ប្រះទឹក Fiery Cross Reef រួមមានរបងថ្មជាប់ផ្ទៃសមុទ្រ កំពង់ផែទឹកជ្រៅ ផ្លូវយន្តហោះ ផ្លូវដែក កន្លែងលេងកីឡាវាយកូនបាល់ និងកន្លែងលេងបាល់បោះជាច្រើនកន្លែង មន្ទីរពេទ្យ កសិដ្ឋាន អគារបំពាក់ប្រព័ន្ធរ៉ាដា និងអគារយោធាមួយចំនួនផ្សេងទៀត។
ផ្លូវយន្តហោះនៅតំបន់ថ្មប៉ប្រះទឹក Fiery Cross Reef ដែលមានប្រវែង៣គីឡូម៉ែត្រ អាចឲ្យយន្តហោះគ្រប់ប្រភេទរួមមានយន្តហោះចម្បាំង យន្តហោះដឹកទំនិញ និងយន្តហោះដឹកអ្នកដំណើរចុះចតបាន។
ក្រៅពីបង្កឲ្យមានភាពតានតឹងខាងនយោបាយភូមិសាស្ត្រ ចិនក៏ត្រូវបានរិះគន់ថាបានបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ទៅលើប្រព័ន្ធអេកូឡូស៊ីនៃតំបន់ថ្មប៉ប្រះទឹកដែលងាយរងគ្រោះដោយបំផ្លាញជំរករបស់ជីវៈចម្រុះ ធ្វើឲ្យបរិស្ថានកខ្វក់ និងរារាំងដល់ការផ្លាស់ទីរបស់ត្រី។
ចិនបានបង្កើតទីតាំងដីគោកថ្មីមួយដែលមានទំហំប្រមាណ១២៩៤.៩៩ហិកតា។
ការប្រៀបធៀប៖ វៀតណាមបានទាមទារកាន់កាប់ផ្ទៃទឹកដែលមានទំហំ៤៨.៥៦ហិកតា។ ម៉ាឡេស៊ីបានទាមទារថាកាន់កាប់ផ្ទៃទឹកដែលមានទំហំ២៨.៣២ហិកតា។ ហ្វីលីពីនបានទាមទារកាន់កាប់ផ្ទៃទឹកដែលមានទំហំ៥.៦៦ហិកតា។ តៃវ៉ាន់បានទាមទារកាន់កាប់ផ្ទៃទឹកដែលមានទំហំ៣.២៣ហិកតា។