យោធាជើងទឹកហ្វីលីពីនធ្វើដំណើរលើតំបន់ទឹករាក់ Second Thomas Shoal នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ (រូបថត៖ AP/Bullit Marquez)
សូមស្វាគមន៍មកកាន់សមុទ្រចិនខាងត្បូង ដែលជាដែនទឹករួមរបស់តំបន់អាស៊ីអាគ្នេយ៍។ ធនធានដ៏សម្បូរបែបមានទាំងនៅលើទឹក និងក្រោមទឹកសមុទ្រនេះ គឺពោរពេញទៅដោយសម្បត្តិមច្ឆាជាតិ និងផ្ទាំងថ្មបាតសមុទ្រ។ បាតសមុទ្រនេះសម្បូរទៅដោយធនធានប្រេង និងឧស្ម័នធម្មជាតិ ដែលតាមការប៉ាន់ស្មានរបស់មន្ត្រីអាមេរិក អាចស្មើនឹងធនធានប្រេង និងឧស្ម័នធម្មជាតិរបស់ប្រទេសម៉ិកស៊ិកទាំងមូល ហើយបើតាមការប៉ាន់ស្មានរបស់មន្ត្រីចិន ធនធានទាំងនេះអាចធ្វើឲ្យប្រទេសទាំងនេះក្លាយជាប្រទេសសម្បូរដោយប្រេង និងឧស្ម័នធម្មជាតិទី២ បន្ទាប់ពីប្រទេសអារ៉ាប់ប៊ី សាអូឌីត។ កត្តាទាំងនេះបានធ្វើឲ្យសមុទ្រចិនខាងត្បូងក្លាយជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ និងដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងសតវត្សរ៍ទី២១។
នៅភាគខាងជើង សមុទ្រចិនខាងត្បូងមានព្រំប្រទល់ជាប់នឹងឆ្នេរសមុទ្រនៅប្រទេសចិន ដែលចិនទាមទារសិទ្ធិកាន់កាប់សមុទ្រនេះតាំងពីសតវត្សរ៍មុនៗ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងប៉េកាំងទាមទារកាន់កាប់ជាង៩៥ភាគរយនៃផ្ទៃសមុទ្រចិនខាងត្បូងនេះ ហើយពឹងផ្អែកលើសមុទ្រនេះដើម្បីនាំចូល៨០ភាគរយនៃតម្រូវការប្រេងឆៅរបស់ខ្លួន។ ប្រទេសចិនក៏ទាមទារកាន់កាប់កោះតូចៗជាច្រើននៅសមុទ្រចិនខាងត្បូង ហើយថែមទាំងបានចាក់ដីក្នុងទំហំជាង១៣០០ហិកតា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធាភាគច្រើនរបស់ខ្លួន រួមមានផ្លូវយន្តហោះដ៏វែងសម្រាប់យន្តហោះទម្លាក់គ្រាប់បែកផងដែរ។
ក្នុងរយៈពេលជាច្រើនសតវត្សរ៍កន្លងទៅនេះ សមុទ្រចិនខាងត្បូងដើរតួនាទីយ៉ាងសំខាន់ដល់ការរីកចម្រើនខាងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន។
ប្រទេសដែលមិនមានជម្លោះក៏មានផលចំណេញក្នុងសមុទ្រនេះដែរ។ តំបន់នេសាទត្រី Natuna Sea ដែលមានព្រំដែនជាប់សមុទ្រចិនខាងត្បូងក៏មានផ្ទុកធនធានឧស្ម័នធម្មជាតិសម្រាប់ប្រទេសឥណ្ឌូនេស៊ីនៅក្បែរនោះផងដែរ។
ឆ្ងាយពីសមុទ្រចិនខាងត្បូងនេះ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន មិនបានទាមទារកាន់កាប់សមុទ្រចិនខាងត្បូងទេ ក៏ប៉ុន្តែពឹងផ្អែកសមុទ្រនេះដើម្បីធ្វើចរាចរណ៍ឆ្លងកាត់ដោយសេរីដើម្បីបំពេញពាក់កណ្តាលនៃតម្រូវការថាមពលរបស់ខ្លួន។
សហរដ្ឋអាមេរិកដែលការពារផលប្រយោជន៍របស់ខ្លួន និងផលប្រយោជន៍សម្ព័ន្ធមិត្តរបស់ខ្លួននោះ កំពុងដាក់យោធានៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។ មន្ត្រីជើងទឹកអាមេរិកគ្រោងនឹងពង្រីកកម្លាំងយោធាជើងទឹកអន្តរជាតិរបស់ខ្លួនគឺកងនាវាក្នុងតំបន់ប៉ាស៊ីហ្វិក ជាង៣០ភាគរយនៅឆ្នាំ២០២១។
ស្របពេលដែលសេដ្ឋកិច្ចអាស៊ីកើនយ៉ាងលឿននៅចុងពីរទសវត្សរ៍កន្លងទៅនេះ ស្ថិរភាពក្នុងតំបន់ និងសិទ្ធិធ្វើដំណើរតាមសមុទ្រនៅតែជាបញ្ហារបស់សាកលលោក។ ការតតាំងគ្នារប៉ិករប៉ុកនាពេលកន្លងទៅរវាងនាវាកងល្បាតចិន និងទូកនេសាទរបស់ប្រទេសជិតខាងចិនត្រូវបានចាត់ទុកថា ជាហានិភ័យនៃជម្លោះអន្តរជាតិ ដែលនាំឲ្យមានការចោទសួរពីសារៈសំខាន់នៃការប្តេជ្ញាចិត្តខាងសន្តិសុខរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន។
ប្រទេសនៅលោកខាងលិចជាច្រើនបានជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំងគោរពតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ (UNCLOS) ដែលកំណត់ការគ្រប់គ្រងតំបន់សមុទ្រផ្អែកតាមបន្ទាត់ឆ្នេរ។ ក៏ប៉ុន្តែ ប្រទេសចិនចាត់ទុកក្រមប្រតិបត្តិដែលគាំទ្រដោយអង្គការសហប្រជាជាតិមិនស៊ីគ្នានឹងច្បាប់ក្នុងស្រុក។ បន្ថែមលើនេះ ចិនយល់ថា ក្រមប្រតិបត្តិនេះជាឧបករណ៍នៃយុទ្ធសាស្ត្ររបស់ប្រទេសលោកខាងលិចដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិនក្នុងការក្លាយជាប្រទេសមហាអំណាចពិភពលោក។
នៅពីក្រោយផ្លាកដែលសរសេរថា«Nansha គឺជាទឹកដីរបស់ជាតិយើងដ៏ស័ក្តិសិទ្ធិ និងដែលមិនអាចបំពានបាន»នោះ គេឃើញកងទ័ពចិនដើរល្បាតនៅភូមិសាស្ត្រកោះសិប្បនិម្មិតនៅប្រជុំកោះ Spratly ដែលជាភាសាចិនកុកងឺថាប្រជុំកោះ Nansha កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។
សហរដ្ឋអាមេរិកដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ (UNCLOS)ដោយមិនបានផ្តល់សច្ចាប័ននោះ តែងតែពឹងផ្អែកលើកិច្ចព្រមព្រៀងអន្តរជាតិក្នុងការដោះស្រាយជម្លោះដែនដី។
កាលពីខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមប្រឹក្សាចៅក្រមនៅតុលាការក្រុងឡាអេប្រាំនាក់បានច្រានចោលជាឯកឆ័ន្ទចំពោះមូលដ្ឋានច្បាប់ស្ទើតែទាំងអស់របស់ចិនក្នុងការទាមទារកាន់កាន់ដែនទឹកជាកម្មសិទ្ធិនោះ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ តុលាការកំពូលរបស់ប្រជាមានិតចិនបានចេញបទបញ្ជាមួយ ដើម្បីបញ្ជាក់ពី«មូលដ្ឋានច្បាប់យ៉ាងច្បាស់លាស់មួយដើម្បីឲ្យប្រទេសចិនការពារច្បាប់សមុទ្រ»របស់ខ្លួន ដោយបានបេ្តជ្ញាផ្តន្ទាទោសភាគីបរទេសណា ដែលធ្វើការនេសាទ ឬរុករករ៉ែនៅក្នុងតំបន់ទឹកដែលមានជម្លោះនោះ។
មួយវិញទៀត មធ្យោបាយដើម្បីដោះស្រាយជម្លោះដែនដីដ៏ស្មុគស្មាញក៏មិនមានប្រសិទ្ធភាពដែរ។ ក្រមប្រតិបត្តិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន ដែលត្រូវបានពន្យារពេល ក្នុងការបង្កើតសម្រាប់អនុវត្តលើជម្លោះសមុទ្រចិនខាងត្បូង ហើយដែលមន្ត្រីចិនថា នឹងបញ្ចប់នៅឆ្នាំ២០១៧នេះ នឹងមិនដើរតួនាទីច្រើនទេក្នុងការដោះស្រាយការទាមទារដែនអធិបតេយ្យភាពលើតំបន់ទឹកមានជម្លោះនេះ។ ស្រដៀងគ្នានឹងសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ សេចក្តីថ្លែងការណ៍របស់អាស៊ានដែលតម្រូវឲ្យធ្វើតាម នឹងខ្វះយន្តការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។
សហរដ្ឋអាមេរិកបានថ្លែងជារឿយៗថា ខ្លួនមិនប្រកាន់ជំហរជាផ្លូវការណាមួយលើជម្លោះសមុទ្រចិនខាងត្បូងនេះទេ បើទោះបីជាខ្លួនបានបន្តរិះគន់ឥរិយាបថរបស់ប្រទេសចិនលើបញ្ហានេះ ហើយនឹងបានពង្រីកសម្ព័ន្ធភាពយោធាជាមួយនឹងប្រទេសជាច្រើនដែលបានទាមទារកាន់កាប់ដាច់គ្នាចំពោះដែនទឹកក្នុងសមុទ្រចិនខាងត្បូងនេះក្តី។
ស្របពេលដែលលោកប្រធានាធិបតីអាមេរិកថ្មី ដូណាល់ ត្រាំ ឡើងកាន់តំណែង លោកនឹងត្រូវបានគេរំពឹងថា នឹងដោះស្រាយវិបត្តិសមុទ្រចិនខាងត្បូងនេះយ៉ាងឆាប់រហ័ស។ ឧទាហរណ៍បន្ទាប់ពីបានឡើងកាន់តំណែងបានប៉ុន្មានខែ អតីតប្រធានាធិបតីលោក George W. Bush បានប្រឈមនឹងជម្លោះអន្តរជាតិមួយ ដែលកើតឡើងដោយសារតែការបុកគ្នាលើលំហអាកាសរវាងយន្តហោះស៊ើបការណ៍របស់អាមេរិក និងយន្តហោះចម្បាំងរបស់ចិនមួយនៅក្បែរកោះ Hainan។
ក្រៅពីនេះ រយៈពេលប្រាំពីរសប្តាហ៍ក្រោយពេលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឡើងកាន់តំណែង កប៉ាល់ និងយន្តហោះចិនជាច្រើនបានប្រឈមមុខគ្នានឹងនាវាឈ្លបយកការណ៍របស់អាមេរិកនៅតំបន់ភាគខាងត្បូងកោះ Hainan ហើយបានទាមទារឲ្យនាវាឈ្លបនោះចាកចេញពីតំបន់នោះ។ ពេលនោះសហរដ្ឋអាមេរិកបានអះអាងថា ខ្លួនមានសិទ្ធិមានវត្តមានក្នុងតំបន់នោះ ហើយថា នាវាឈ្លបរបស់ខ្លួនត្រូវបានរំខាន ដោយចិនបានការពារសកម្មភាពរបស់ខ្លួន។ លោក អូបាម៉ា ក៏បានឆ្លើយតបទៅវិញ ដោយបញ្ជាឲ្យមាននាវាបញ្ជាគ្រាប់ម៉ីស៊ីលមួយ ដើម្បីការពារនាវាឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍ស្រដៀងគ្នានេះទំនងនឹងបន្តកើតឡើងនៅក្នុងជម្លោះនេះ ស្របពេលដែលជម្លោះកាន់តែរីករាលដាលនៅក្នុងសមុទ្រចិនខាងត្បូង និងនៅតាមប្រទេសជាច្រើននៅក្នុងពិភពលោក។ លុះត្រាតែកង្វល់ដ៏ធំធេងអំពីបញ្ហាអធិបតេយ្យដែនទឹកនេះត្រូវបានដោះស្រាយដោយជោគជ័យ ទើបដែនទឹកសមុទ្រចិនខាងត្បូងនេះត្រូវគេរំពឹងថា ជាច្រកផ្គត់ផ្គង់ទំនិញសម្រាប់ពាណិជ្ជកម្មអន្តរជាតិនៃនយោបាយភូមិសាស្ត្រ បើពុំដូច្នោះទេសេដ្ឋកិច្ចសាកលលោកនឹងងាកចេញពីតំបន់នេះ។
យើងនឹងរក្សាតារាងនៃព្រឹតិ្តការណ៍ដែលកើតឡើងនៅត្រង់នេះ៖