លោកស្រី Elleen McLaughlin ដែលធ្វើការនៅមន្ទីរថែទាំមនុស្សចាស់ជរា បរិភោគបន្លែបង្ការដែលលោកស្រីបានដាំ នៅតំបន់ជនបទភាគខាងលិចនៃរដ្ឋ Illinois ហើយទិញទំនិញថោកៗនៅតាមហាងទំនិញដូចជាហាង Dollar Store ជាដើម។
នៅក្នុងតំបន់ជនបទនៃរដ្ឋ Illinois ដែលស្ថិតនៅកណ្តាលភាគខាងលិចសហរដ្ឋអាមេរិក ក្បែរទីទួលនិងកូនភ្នំតាមបណ្តោយទន្លេ Mississippi មានកសិករធ្វើចម្ការលើដីទំហំតូចៗ គ្រាន់តែដើម្បីផ្គត់ផ្គង់ម្ហូបអាហារក្នុងគ្រួសារ និងទិញសម្ភារៈប្រើប្រាស់នៅហាងនានាដូចជាហាង Dollar Store ដែលលក់របស់របរមួយក្នុងតម្លៃត្រឹមតែ១ដុល្លារឡើងទៅ។ អ្នកស្រី Elleen McLaughlin តែងតែទិញទំនិញនៅហាងនោះជាមួយនឹងចៅៗរបស់អ្នកស្រី។
អ្នកស្រីនិយាយថា៖ «យើងចិញ្ចឹមពពែ សម្រាប់ទុកលក់ខ្លះ និងទុកបរិភោគខ្លួនឯងខ្លះ»។
នៅនិទាឃរដូវនិងរដូវក្តៅ អ្នកស្រីនិងក្រុមគ្រួសាររបស់អ្នកស្រី ដាំបន្លែនៅក្នុងសួនដ៏ធំមួយ ប៉ុន្តែពួកគេនៅតែត្រូវទិញម្ហូបអាហារខ្លះនៅហាង ជាពិសេសនៅរដូវរងារ។
ការខកចិត្តលើច្បាប់ថែទាំសុខភាព OBAMACARE
អ្នកស្រី McLaughlin ធ្វើការនៅមន្ទីរថែទាំមនុស្សចាស់ជរា ហើយអ្នកស្រីក៏ត្រូវមើលថែចៅ៣នាក់ ក្នុងចំណោមចៅទាំង៤នាក់របស់អ្នកស្រីនៅឯផ្ទះផងដែរ។ ការថែទាំសុខភាព គឺជាបញ្ហាដ៏សំខាន់មួយសម្រាប់អ្នកស្រី។ អ្នកស្រីត្រេកអរដែលអតីតប្រធានាធិបតី លោក Barack Obama បានដោះស្រាយបញ្ហានេះ ប៉ុន្តែអ្នកស្រីមិនពេញចិត្តនឹងលទ្ធផលនោះទេ។
អ្នកស្រីថ្លែងថា៖ «លោក អូបាម៉ា បានព្យាយាមអស់ពីលទ្ធភាព ប៉ុន្តែខ្ញុំមិនគិតថា គាត់បានធ្វើអ្វីដែលគាត់គួរធ្វើនោះទេ»។
អ្នកស្រីមិនពេញចិត្តនឹងរឿងជាច្រើនអំពីច្បាប់ថែទាំសុខភាព Affordable Care ដែលគេស្គាល់ថា Obamacare។ ថ្លៃបង់ធានារ៉ាប់រងសុខភាពរបស់អ្នកស្រីមានតម្លៃខ្ពស់ គឺ៤០០ដុល្លារក្នុងមួយខែ ហើយគោលនយោបាយធានារ៉ាប់រងសុខភាពរបស់អ្នកស្រី មិនអនុញ្ញាតឲ្យអ្នកស្រីបន្តទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យដែលធ្លាប់បានពិនិត្យសុខភាពរបស់អ្នកស្រីអស់រយៈពេលជាច្រើនឆ្នាំ និងដែលដឹងអំពីប្រវត្តិសុខភាពរបស់អ្នកស្រីយ៉ាងច្បាស់នោះទេ។
ការសន្យាដែលថា ប្រជាពលរដ្ឋអាចទៅជួបពិគ្រោះជំងឺជាមួយនឹងគ្រូពេទ្យរបស់ខ្លួនដដែលបានក្លាយជារឿងមិនពិត ហើយត្រូវបានប្រជាពលរដ្ឋត្អូញត្អែរតៗគ្នានៅក្នុងតំបន់ជនបទទាំងនេះ នៅតាមបណ្តោយទន្លេ Mississippi ខ្សែទឹកខាងលើ។
អ្នកបោះឆ្នោតភាគច្រើននៅក្នុងស្រុក Henderson ដែលបានគាំទ្រលោក អូបាម៉ា បានបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងទៅ។ អ្នកស្រី McLaughlin គឺជាមនុស្សម្នាក់ក្នុងចំណោមនោះ ដែលចង់ឲ្យលោកជួយដោះស្រាយបញ្ហានៅក្នុងប្រទេស។
នៅក្នុងស្រុក Henderson ភូមិ Oquawka អ្នកបោះឆ្នោតភាគច្រើនដែលបានគាំទ្រលោក Barrack Obama បានជ្រើសរើសលោក ដូណាល់ ត្រាំ ឲ្យធ្វើជាប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងទៅ។ អ្នកស្រី McLaughlin គឺជាមនុស្សម្នាក់ក្នុងចំណោមនោះ ដែលចង់ឲ្យលោកជួយដោះស្រាយបញ្ហានៅក្នុងប្រទេស។
អ្នកស្រីនិយាយថា៖ «ខ្ញុំគិតថា ប្រទេសរបស់យើងកំពុងស្ថិតក្នុងស្ថានភាពទ្រុឌទ្រោម ដោយសារតែយើងមិនទាន់មានអ្នកនយោបាយដែលយើងត្រូវការ»។
អ្នកស្រីនិយាយថា ក្នុងនាមជាអ្នកមានទ្រព្យសម្បត្តិម្នាក់ លោក ត្រាំ មិនបានត្រួតត្រាដោយក្រុមអ្នកនយោបាយ និងសហគ្រាសដែលផ្តល់ថវិកាដល់យុទ្ធនាការផ្សេងៗនោះទេ។
អ្នកស្រីថ្លែងថា៖ «លោក ត្រាំ មិនចាំបាច់ត្រូវឆ្លើយនឹងសំណួររបស់នរណាម្នាក់នោះទេ។ លោកមិនចាំបាច់ត្រូវកុហកប្រទេសនេះនោះទេ ដោយសារតែលោកមិនមាននរណាម្នាក់នៅពីក្រោយខ្នងដែលនិយាយថា អ្នកត្រូវប្រាប់ដល់ពួកគេដូច្នេះ ប្រសិនបើអ្នកចង់បានការគាំទ្រពីខ្ញុំ»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំគិតថា យើងត្រូវការមនុស្សដូចលោកអីចឹង ដែលមានឆន្ទៈមុតមាំ និងចង់ផ្លាស់ប្ដូរប្រទេសនេះឲ្យត្រឡប់ដូចអ្វីយើងចង់បាន»។
មិនទាន់ត្រៀមរួចរាល់សម្រាប់ប្រធានាធិបតីស្រីនោះទេ
ខណៈដែលស្ត្រីជាច្រើន សូម្បីតែស្ត្រីសមាជិកខាងគណបក្សសាធារណរដ្ឋ នៅទូទាំងប្រទេស បានគាំទ្រលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីការបរទេស សម្រាប់តំណែងជាប្រធានាធិបតី អ្នកស្រី McLaughlin បានលើកឡើងថា យេនឌ័រគឺជាមូលហេតុមួយដែលធ្វើឲ្យអ្នកស្រីមិនគាំទ្រលោកស្រី Clinton។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមិនគិតថា ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសនេះត្រៀមខ្លួនរួចរាល់សម្រាប់ប្រធានាធិបតីស្រីនោះទេ។ ខ្ញុំគិតថា ប្រទេសផ្សេងទៀតជាច្រើនមិនគិតថា ស្ត្រីគឺជាបុគ្គលិកដែលមានអំណាចខ្លាំងនោះទេ ហើយនៅទីបំផុត វានឹងក្លាយជាបញ្ហាសម្រាប់យើង យើងធ្លាប់ឆ្លងកាត់សង្គ្រាម ហើយយើងអាចនឹងចាញ់យ៉ាងធ្ងន់ធ្ងរ»។
បញ្ហាមួយទៀតដែលធ្វើឲ្យអ្នកស្រីព្រួយបារម្ភ គឺអន្តោប្រវេសន៍។ មានជនអន្តោប្រវេសន៍តិចតួចណាស់នៅក្នុងតំបន់ជនបទទាំងនេះ ប៉ុន្តែអ្នកស្រី McLaughlin អះអាងថា អ្នកស្រីធ្លាប់ឃើញសកម្មភាពខុសច្បាប់របស់ជនអន្តោប្រវេសន៍នៅក្នុងក្រុងធំៗដែលនៅក្បែរនោះ ដែលរោងចក្រផ្តល់ប្រាក់ឈ្នួលទាបដល់បុគ្គលិក។
អ្នកស្រីបានលើកឡើងថា៖ «ពួកគេភាគច្រើនមិនបង់ពន្ធនោះទេ។ នៅពេលពួកគេបានប្រាក់ ពួកគេផ្ញើទៅផ្ទះ។ ខ្ញុំគិតថា ពួកគេគួរតែទទួលខុសត្រូវដូចគ្នាដែរ។ ប្រសិនបើយើងធ្វើការហើយត្រូវបង់ពន្ធ ពួកគេក៏គួរតែបង់ដូចគ្នាដែរ»។
ថ្វីដ្បិតតែជនអន្តោប្រវេសន៍មួយចំនួនធ្វើការយកប្រាក់ឈ្នួលជាក្រដាសប្រាក់ និងប្រហែលជាបង់ពន្ធក៏ដោយ ក៏ភាគច្រើននៃជនអន្តោប្រវេសន៍ដែលធ្វើការនៅរោងចក្រត្រូវមានលេខសន្តិសុខសង្គម ហើយពន្ធរដ្ឋាភិបាលសហព័ន្ធនិងពន្ធក្នុងរដ្ឋ ត្រូវកាត់ចេញពីប្រាក់ខែរបស់ពួកគេដោយស្វ័យប្រវត្តិ។
អ្នកតស៊ូមតិឲ្យជនអន្តោប្រវេសន៍និយាយថា កម្មករគ្មានឯកសារជាច្រើនមិនដែលរៀបចំឯកសារស្នើសុំប្រាក់ពន្ធ ដែលពួកគេបានបង់លើសយកមកវិញនោះទេ។ ប៉ុន្តែការយល់ឃើញដែលថា ជនអន្តោប្រវេសន៍មិនបង់ពន្ធ គឺជាគំនិតដែលយល់ឃើញយ៉ាងទូលំទូលាយនៅក្នុងតំបន់ទាំងនេះ។
ត្រូវតែចេះនិយាយភាសាអង់គ្លេស
អ្នកស្រី McLaughlin ក៏មានការមិនពេញចិត្តនឹងទិដ្ឋភាពមួយទៀតនៃអន្តោប្រវេសន៍ដែលត្រូវបានលើកឡើងជារឿយៗនៅក្នុងតំបន់ទាំងនេះ នោះគឺថា ជនអន្តោប្រវេសន៍វ័យជំទង់ជាច្រើនមិនអាចនិយាយភាសាអង់គ្លេសបាននោះទេ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមិនមានបញ្ហាចំពោះការដែលពួកគេនៅទីនេះនោះទេ ប៉ុន្តែនៅពេលដែលពួកគេមិនអាចនិយាយភាសាអង់គ្លេសបាន ហើយត្រូវពឹងលើក្មេងអាយុ៦ឆ្នាំបកប្រែឲ្យ គឺជាបញ្ហា»។
នៅពេលលើកឡើងថា មនុស្សចាស់ជារឿយៗពិបាកក្នុងការរៀនភាសាថ្មីមួយទៀត អ្នកស្រី McLaughlin យល់ស្រប ប៉ុន្តែអ្នកស្រីផ្តល់យោបល់ថា សាលារៀននានាគួរតែបង្កើតកម្មវិធីបង្រៀនភាសាអង់គ្លេសដល់ជនអន្តោប្រវេសន៍។ ប៉ុន្តែអ្នកស្រីមិនអាចពន្យល់បាន ថាតើនឹងបានថវិកាមកពីណានោះទេ ដោយសារ «រដ្ឋ Illinois គ្មានថវិកា» ហើយលោក ត្រាំ ចង់កាត់បន្ថយការចំណាយពីរដ្ឋាភិបាលសហព័ន្ធ។
ទោះជាយ៉ាងណា អ្នកស្រីនិយាយថា អ្នកស្រីមានជឿជាក់ទៅលើប្រធានាធិបតីថ្មី និងគិតថា ប្រជាពលរដ្ឋគួរតែផ្តល់ឱកាសដល់លោកក្នុងការដោះស្រាយបញ្ហាទាំងនេះ៕