ស្ត្រីជាច្រើនបានជួបជុំគ្នារៀងរាល់សប្តាហ៍ នៅមជ្ឈមណ្ឌលសហគមន៍ Fulton នៅក្នុងក្រុង Fulton នៃរដ្ឋ Illinois ដើម្បីពិភាក្សាគ្នានិងធ្វើកិច្ចការមួយចំនួន ដូចជាកាត់ដេរនិងប៉ាក់សម្លៀកបំពាក់ជាដើម ប៉ុន្តែរឿងមួយដែលពួកគេមិនពិភាក្សាគ្នានោះ គឺរឿងនយោបាយ។
តាមសំឡេងនៃម៉ាស៊ីនកាត់ដេរអគ្គិសនី ស្រ្តីមួយចំនួនប្រមូលផ្តុំគ្នារាល់សប្ដាហ៍ក្នុងមជ្ឈមណ្ឌល Fulton ដែលជាមជ្ឈមណ្ឌលសហគមន៍មួយក្នុងរដ្ឋ Illinois ដើម្បីជជែកពិភាក្សា និងធ្វើការលើគម្រោងដេរប៉ាក់ជាមួយគ្នា។ ដោយសារតែពួកគេមានគោលជំហរខុសគ្នាក្នុងផ្នែកនយោបាយ ពួកគេមិននិយាយពីរឿងនយោបាយទេ។
ពេលសម្រាកពីការចាក់អាវ អ្នកស្រី Linda Ebersole មកពីក្រុង Rock Falls នៅភាគខាងកើតនៃស្រុក Whiteside County បានប្រាប់យើងថា អ្នកស្រីព្យាយាមមើលទៅបេក្ខជនប្រធានាធិបតីម្នាក់ៗ ដោយមិនលម្អៀង ប៉ុន្តែគិតថា គ្មានបេក្ខជនណាម្នាក់ ដែលអ្នកស្រីចូលចិត្តនោះទេ។
អ្នកស្រីបាននិយាយថា៖ «យើងបានបោះឆ្នោតឲ្យអ្នកណា ដែលមិនសូវអាក្រក់ជាងតែប៉ុណ្ណោះ នៅចុងបញ្ចប់»។
អ្នកស្រី Ebersole និយាយថា លោក ត្រាំ ជាមនុស្សដែលមិនអាចព្យាករណ៍ឲ្យប្រាកដប្រជាបាន ដូចនេះអ្នកស្រីមានការលំបាកក្នុងការជឿជាក់លើអ្វី ដែលលោក ត្រាំ និយាយ។
ប៉ុន្តែបេក្ខជនគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ធ្លាប់បាននិយាយអ្វីមិនពិតជាច្រើនលើកមកហើយ និងបង្ហាញពីការខ្វះការគោរពទៅដល់អ្នកបោះឆ្នោត ដែលរួមមានការពណ៌នារបស់លោកស្រី Clinton ទៅលើក្រុមអ្នកគាំទ្រលោក ត្រាំ ថាជា «អ្នកគាំទ្រមួយក្រុមដ៏គួរឲ្យស្អប់ខ្ពើម»។
នៅទីបំផុត គិលានុបដ្ឋាយិកាចូលនិវត្តន៍រូបនេះបានបោះឆ្នោតឲ្យលោក ត្រាំ ដោយលោក ត្រាំ មើលទៅដូចជា មានទំនោរក្នុងការនាំមកនូវការផ្លាស់ប្ដូរជាង។ ឥឡូវនេះ អ្នកស្រីបាននិយាយថា អ្នកស្រីព្រួយបារម្ភថា មាគ៌ាឆ្ពោះទៅមុខរបស់លោកប្រហែលត្រូវបានបង្អាក់ដោយបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក។
«រាល់ពេលដែលមានតម្រុយតូចមួយដែលថា ប្រហែលលោកត្រាំបានធ្វើអ្វីមួយខុស ពួកគេយករឿងតូចតាចនោះ ហើយបំប៉ោងវា»។
អន្តោប្រវេសន៍ជារឿងគួរឲ្យបារម្ភ
អ្នកស្រីបាននិយាយថា ការប្រព្រឹត្តិមិនស្មើភាពទៅលើលោក ត្រាំ ដូចដែលអ្នកស្រីគិតនេះ បានធ្វើឲ្យអ្នកស្រីគាំទ្រលោក ត្រាំ កាន់តែខ្លាំង។
អ្នកស្រី Ebersole បាននិយាយថា៖ «ប្រសិនបើបុរសរូបនោះ (លោកត្រាំ) ធ្វើអ្វីវិជ្ជមានចំនួនបីក្នុងថ្ងៃតែមួយ និងអ្វីអវិជ្ជមានតែមួយគត់ អ្វីដែលអវិជ្ជមាននោះនឹងត្រូវបណ្ដាញផ្សព្វផ្សាយសង្កត់ធ្ងន់យ៉ាងខ្លាំង។ ខ្ញុំពិតជា គិតថា បណ្ដាញផ្សព្វផ្សាយព័ត៌មានគឺលម្អៀងប្រឆាំងនឹងលោក ត្រាំ»។
អ្នកស្រីនិយាយថា អ្នកស្រីមើលបណ្ដាញព័ត៌មានធំៗ ហើយអានកាសែតក្នុងស្រុក។ ប៉ុន្តែចាប់តាំងពីការបោះឆ្នោតមក អ្នកស្រីចំណាយពេលកាន់តែច្រើនមើលប៉ុស្តិ៍ព័ត៌មានលម្អៀងទៅខាងអ្នកនយោបាយអភិរក្សនិយម Fox News ដែលអ្នកស្រីបាននិយាយថា ផ្ដល់ព័ត៌មានដែលមានតុល្យភាពជាង។ លោក ត្រាំ ក៏ជា អ្នកគាំទ្រប៉ុស្តិ៍ព័ត៌មានគាំទ្ររដ្ឋបាលលោកនេះផងដែរ និងបានច្រានចោលបណ្ដាញព័ត៌មាន ដែលរិះគន់លោកថា «ព័ត៌មានក្លែងក្លាយ»។
អ្នកស្រី Ebersole ព្រួយបារម្ភពីជនវ័យក្មេងមួយចំនួន ដែលអ្នកស្រីស្គាល់ ដែលពួកគេមិនសូវយកចិត្តទុកដាក់លើព័ត៌មាន។ ជនវ័យក្មេងទាំងនោះមើលកម្មវិធីកម្សាន្ត ដែលអ្នកស្រីយល់ថា ចំអកដាក់អ្នកនយោបាយអភិរក្សនិយម និងកម្រនឹងចំអកដាក់អ្នកនយោបាយសេរីនិយម។
បញ្ហាអន្តោប្រវេសន៍គឺជា បញ្ហាថ្នាក់ជាតិធំមួយ ដែលគេតែងលើកមកនិយាយនៅស្រុក Whiteside County ទោះបីជា នៅទីនេះ មានជនអន្តោប្រវេសន៍តិចតួចក៏ដោយ។
អ្នកស្រី Ebersole បាននិយាយថា ជនអន្តោប្រវេសន៍ ដែលមកទីនេះដោយស្របច្បាប់ និងចុះសម្រុងជាមួយនឹងប្រជាពលរដ្ឋក្នុងស្រុកគួរតែត្រូវបានទទួលស្វាគមន៍ ហើយនេះក៏ដូចគ្នាដែរចំពោះអ្នកជំនាញផ្នែកសុខាភិបាល កើតនៅក្រៅប្រទេស ដែលរស់នៅទីនេះ។ ប៉ុន្តែអ្នកស្រីបាននិយាយថា គាត់ធ្លាប់បានជួបប្រទះនឹងករណីវប្បធម៌មិនត្រូវរ៉ូវគ្នាជាមួយនឹងជនអន្តោប្រវេសន៍ដែលកាន់សាសនាឥស្លាម។
អ្នកស្រី Linda Ebersole និយាយថា ក្នុងតំបន់ជនបទនៅរដ្ឋ Illinois រួមទាំងក្រុងនានាដូចក្រុង Fulton ដែលស្ថិតនៅក្នុងស្រុក Whiteside ប្រជាជនយល់ឃើញដូចគ្នាចំពោះនយោបាយ។
តម្លៃរួម
អ្នកស្រីបាននិយាយថា ស្ត្រីវ័យចំណាស់ម្នាក់ស្លៀករ៉ូបវែង និងពាក់កន្សែងលើក្បាល ដែលគ្របដណ្ដប់គ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់គាត់ លើកលែងតែផ្ទៃមុខ បានដើរកាត់ជួរមកឈរនៅមុខអ្នកស្រី ពេលអ្នកស្រីកំពុងឈរតម្រង់ជួរក្នុងហាងលក់ឥវ៉ាន់មួយ។ អ្នកស្រីបាននិយាយទៅកាន់ក្រុមជនវ័យជំទង់ ជាមួយនឹងស្ត្រីរូបនោះ ប៉ុន្តែពួកគេគ្រាន់តែញាក់ស្មាតែប៉ុណ្ណោះ។
អ្នកស្រី Ebersole បាននិយាយថា៖ «ស្រី្តរូបនោះជាមេគ្រួសារម្នាក់ ដូច្នេះហើយទើបគាត់គិតថា គាត់មិនត្រូវឈរចាំតម្រង់ជួរ។ ពួកគេមកទីនេះ ហើយពួកគេគួរតែព្យាយាមសម្របខ្លួនឲ្យបានដូចគេដូចឯងឲ្យបានច្រើន។ ពួកគេត្រូវសម្របខ្លួនក្នុងប្រទេស ដែលពួកគេរស់នៅ»។
អ្នកស្រីបាននិយាយថា សហរដ្ឋអាមេរិកមិនគួរទទួលយកជនអន្តោប្រវេសន៍ ដែលរំលោភបំពានច្បាប់អន្តោប្រវេសន៍ តាមរយៈស្នាក់នៅសហរដ្ឋអាមេរិកហួសពេលកំណត់ក្នុងទិដ្ឋាការឬលួចឆ្លងព្រំដែននោះទេ។ ពួកគេត្រូវមកទីនេះដោយស្របច្បាប់»។
អ្នកស្រី Ebersole និយាយថា អ្នកស្រីយល់ស្របនឹងការព្យាយាមដាក់បម្រាមបណ្ដោះអាសន្នរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើជនអន្តោប្រវេសន៍ ពីប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន ចំនួន៦ប្រទេស ដោយសារការគំរាមកំហែងភេរវកម្ម។ អ្នកស្រីបានបន្តថា ជនភៀសខ្លួនត្រូវដឹងពីច្បាប់ទម្លាប់ឲ្យបានពេញលេញជាមុនសិន ហើយចំនួនជនអន្តោប្រវេសន៍ ដែលប្រទេសមួយគួរទទួលយក ត្រូវតែឲ្យសមហេតុផល។
អ្នកស្រីបានថ្លែងថា៖ «យើងមិនអាចយកចូលមនុស្សគ្រប់គ្នាទូទាំងពិភពលោកនោះទេ»។
អ្នកស្រី Ebersole បានមានប្រសាសន៍ថា នេះជាហេតុផលទូទៅមួយក្នុងគំនិតពលរដ្ឋទាំងឡាយនៅតំបន់ជនបទរដ្ឋ Illinois។
លោកស្រី Hillary Clinton បានកើត និងធំដឹងក្ដីក្នុងរដ្ឋ Illinois ដូចអតីតប្រធានាធិបតីលោក Ronald Reagan វីរបុរសផ្នែកអភិរក្សនិយមសម័យទំនើបមួយរូប ដែលបានកើតនៅស្រុក Whiteside County ក្នុងក្រុង Tampico ហើយបានធំដឹងក្តីនៅស្រុក Dixon ដែលជាស្រុកមួយនៅភាគខាងកើតរដ្ឋ Illinois។ សាច់ញាតិមួយចំនួនរបស់លោក Reagan ត្រូវបានតម្កល់សពនៅផ្នូរ Fulton។
ទោះបីជាការបោះឆ្នោតមុននេះបានបង្ហាញពីការខ្វែងគំនិតគ្នា អ្នកស្រី Ebersole ជឿថា ទាំងលោក ត្រាំ និងលោកស្រី Clinton បានជំនឿដូចគ្នា។
អ្នកស្រីបាននិយាយថា៖ «អ្នកមានគុណតម្លៃរួមមួយ ដែលអ្នកយល់ស្របនឹងគ្នា។ ខ្ញុំគិតថា នោះគឺ ភាពខ្លាំងនៅក្នុងផ្នែកនេះគឺថា អ្នកមានគុណតម្លៃទាំងនោះ ដូចជាភាពជាគ្រួសារតែមួយ ឬភាគច្រើនគឺជំនឿដូចគ្នា។ អ្នកពិតជា មានអ្វីជាមូលដ្ឋានទាំងនោះ ដែលមានសារៈសំខាន់ជាងឥទ្ធិពលនយោបាយ»៕