លោក Marion Eden បាននិយាយដោយចង្អុលទៅផ្ទះថ្មកម្ពស់ពីរជាន់នៅក្បែរនោះថា៖ «ខ្ញុំកើតនៅក្នុងផ្ទះនោះ»។ លោក Eden អាយុ៧៩ឆ្នាំ បានធ្វើកសិកម្មនៅក្បែរទីក្រុង Elizabeth នៃរដ្ឋ Illinois តាំងពីលោកធំដឹងក្តីមក។
ពាក់ស្បែកជើងកវែងរួចហើយ លោក Marion Eden មានវ័យ៧៩ឆ្នាំ បានដើរឆ្ពោះទៅឃ្លាំងដែលនៅជាប់នោះ ដើម្បីពិនិត្យមើលហ្វូងគោខ្មៅ (Black Angus) ដែលប្រមូលផ្តុំគ្នានៅជិតរោងដាក់ចំណីសត្វនៅក្បែរនោះ។ លោក Eden ធ្វើចម្ការនៅលើទីតាំងនេះ ក្នុងភូមិ Elizabeth រដ្ឋ Illinois ចាប់តាំងពីលោកមានអាយុប្រាំឆ្នាំមកម៉្លេះ។
លោកចង្អុលទៅផ្ទះធ្វើពីឥដ្ឋមានកំពស់ពីរជាន់នៅក្បែរនោះ ហើយនិយាយថា៖«ខ្ញុំកើតនៅក្នុងផ្ទះនោះ»។ លោកបាននិយាយបន្តថា៖ «ខ្ញុំចាប់ផ្តើមធ្វើចម្ការតាំងពីខ្ញុំនៅក្មេង ហើយឥឡូវនេះវាមានរយៈពេល៧៥ឆ្នាំហើយ ភាគច្រើនខ្ញុំចិញ្ចឹមគោ»។
សព្វថ្ងៃលោកចិញ្ចឹមគោ២៥ក្បាល ហើយក៏ជួលដីរបស់លោកមួយផ្នែកឲ្យទៅគេដាំសណ្តែកសៀង និងពោត។ លោក Eden ដាំតែស្មៅប៉ុណ្ណោះដើម្បីទុកធ្វើជាចំណីគោ។
ក្នុងចំណោមបងប្អូនប្រុសស្រីទាំង៧នាក់របស់លោក Eden គ្មានអ្នកណាម្នាក់នៅធ្វើចម្ការដូចរូបលោកទេ។ ពួកគេឥឡូវនេះរស់នៅតាមរដ្ឋផ្សេងៗជាមួយកូនចៅរបស់ពួកគេ។ លោក Eden និយាយថា៖ «បើអ្នកចង់ធ្វើចម្ការគឺអ្នកត្រូវតែដាក់ចិត្តស្រឡាញ់វាឲ្យពិតប្រាកដនិងជារហូតទៅ»។ លោកមានកូនស្រីម្នាក់រស់នៅក្នុងទីក្រុង និងមកលេងលោកម្តងម្កាល។ នាងរីករាយជាមួយនឹងទេសភាព និងចូលចិត្តមើលផ្កាយដេរដាសនៅពាសពេញផ្ទៃមេឃនៅពេលយប់។
ប៉ុន្តែឥឡូវនេះលោក Eden យល់ពីមូលហេតុដែលមិនសូវមានយុវវ័យចង់ធ្វើស្រែចម្ការ។ មូលហេតុគឺមិនមែនដោយសារតែយុវវ័យចូលចិត្តជីវិតនៅក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែការធ្វើចម្ការត្រូវការចំណាយច្រើន និងត្រូវស៊ូនឹងភាពលំបាក។ ការមានចម្ការគឺលំបាក ប្រសិនបើយុវវ័យមិនទទួលបានកេរមត៌កពីឪពុកម្តាយ ឬក៏គ្មានប្រាក់ទិញដីចម្ការទេនោះ។ ៦២ភាគរយនៃកសិករអាមេរិកាំងមានអាយុពី៥៥ឆ្នាំឡើងទៅ។
លោក Eden ថ្លែងថាភាពមិនច្បាស់លាស់នៃអាជីវកម្មនេះ គឺដោយសារតែមានភ្លៀងធ្លាក់ច្រើនហួសហេតុ ឬគ្រោះរាំងស្ងួតដែលធ្វើឲ្យកសិករបាត់បង់ទិន្នផល ក៏ប៉ុន្តែពួកគេក៏ទទួលរងវិបត្តិទីផ្សារផងដែរ ប្រសិនបើគេពង្រីកដីដាំដុះ ស្របពេលដែលតម្លៃកសិផលត្រូវធ្លាក់ចុះ។ លោកមានការអាណិតអាសូរដល់កសិករវ័យក្មេងដែលចង់បានជោគជ័យ ស្របពេលមានការពិបាកក្នុងការទិញជី គ្រឿងចក្រសម្រាប់ធ្វើចម្ការ និងទិញឬជួលម៉ាស៊ីនច្រូត។ លោក Eden និយាយថា៖ «ប្រសិនបើចម្ការផ្តល់ទិន្នផលច្រើន នោះថ្លៃប្រមូលផល និងថ្លៃសម្ងួតគ្រាប់ធញ្ញជាតិនឹងកើនឡើង។ ហើយប្រសិនបើថ្លៃលក់ធ្លាក់ចុះ មានន័យថាគេក៏ចំណេញតិចទៅតាមនោះដែរ»។
លោក Marion Eden ដែលធ្វើកសិកម្មនៅក្រៅភូមិ Elizabeth រដ្ឋ Illinois យល់អំពីហេតុអ្វីបានជានៅសល់យុវជនតិចតួចដែលនៅធ្វើចម្ការ។ លោកបាននិយាយថា «អ្នកត្រូវចង់ធ្វើវាខ្លាំង។ អ្នកត្រូវស្រឡាញ់ការធ្វើកសិកម្មមួយរយៈពេលយូរគួរសមដើម្បីធ្វើវាឲ្យបានធំ»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកមានកម្មវិធីធានារ៉ាប់រងដល់កសិករ ដើម្បីជួយពួកគេក្នុងករណីមានការធ្លាក់ចុះតម្លៃទិន្នផលក្នុងទីផ្សារ។ រដ្ឋាភិបាលសហព័ន្ធជួយកសិករតាមរយៈការឧបត្ថម្ភធនក្នុងទឹកប្រាក់ជិត២០ពាន់លានដុល្លារ។ ប៉ុន្តែលោក Eden ថា តម្លៃធានារ៉ាប់រងនោះថ្លៃ ហើយទីផ្សារក៏គ្មានស្ថិរភាព។
លោកនិយាយបន្តថា កសិករគឺជាអ្នកអភិរក្សនិយមដែលតែងតែបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋស្ទើរគ្រប់ពេលប៉ុន្តែមានអ្នកប្រជាធិបតេយ្យជាច្រើនរស់នៅក្នុងទីក្រុងធំៗក្នុងសង្កាត់ Jo Daviess ហើយពួកគេបានជួយឲ្យលោកអតីតប្រធានាធិបតីអូបាម៉ាឈ្នះនៅក្នុងសង្កាត់នេះកាលពីពេលបោះឆ្នោតឆ្នាំ២០១២។ ប៉ុន្តែការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន ពួកគេភាគច្រើនបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ មានន័យថាអ្នកគាំទ្រលោក អូបាម៉ាមួយចំនួនបានប្តូរទៅគាំទ្រលោក ត្រាំ វិញ។
លោក Eden និយាយថា «ខ្ញុំគិតថាពលរដ្ឋបោះឆ្នោតដើម្បីឲ្យមានការផ្លាស់ប្តូរ។ មិនថាពួកគេបោះឆ្នោតឲ្យនណាកាលពីមុនមកទេ គឺវាដូចតែគ្នាទេ»។
លោក Eden តែងតែតាមដានពត៌មាន ប៉ុន្តែលោកថាបញ្ហាជាច្រើនដែលបានជជែកគ្នានៅឯថ្នាក់ជាតិ ហាក់ដូចជាប្លែកពីការយល់ឃើញរបស់អ្នករស់នៅតំបន់ភាគពាយព្យនៃរដ្ឋ Illinois នេះ។ ឧទាហរណ៍ដូចជាបញ្ហាភេរវកម្មបានធ្វើឲ្យលោកបារម្ភក្នុងនាមជាជនជាតិអាមេរិកាំងម្នាក់ ដោយសារតែលោកស្រឡាញ់ប្រទេសរបស់លោក។ ប៉ុន្តែលោកថា៖«រស់នៅទីនេះ គ្មានអ្វីត្រូវឲ្យខ្ញុំព្រួយបារម្ភនោះទេ»។
ក៏ដូចគ្នាសម្រាប់អន្តោប្រវេសន៍ដែលមិនមានផលប៉ះពាល់អ្វីនៅក្នុងតំបន់នេះទេ។ ការងារស្រែចំការនៅទីនេះមិនត្រូវការកម្មករជាជនអន្តោប្រវេសន៍ដូចជាកន្លែងផ្សេងទេ។ មានជនអន្តោប្រវេសន៍តែប៉ុន្មាននាក់ប៉ុណ្ណោះ រស់នៅក្នុងសង្កាត់ Jo Daviess។ ពួកគេភាគច្រើនធ្វើការនៅក្នុងសណ្ឋាគារ និងភោជនីយដ្ឋានក្នុងក្រុង Galena ដែលជាក្រុងទេសចរណ៍ ហើយដែលថ្នាក់ដឹកនាំក្រុងនេះកំពុងតែពិភាក្សាគ្នាពីវិធីសាស្រ្តកែប្រែក្រុងនេះ ទៅតាមអ្វីដែលរដ្ឋបាលលោក ត្រាំ មានបំណងធ្វើចំណាត់ការទៅលើបណ្តាទីក្រុងដែលមិនអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធឬជាភាសាអង់គ្លេសថា «Sanctuary Cities»។ ក្រុងទាំងនោះនឹងមិនជួយដល់អាជ្ញាធរសហព័ន្ធក្នុងការចាប់ឃុំខ្លួនអ្នកដែលបានរំលោភបំពានច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកឡើយ។
ទោះបីជាទីក្រុង Galena ជាទីក្រុងនៅជិត ដោយជិះរថយន្តតែ៣០នាទីប៉ុណ្ណោះពីទីជនបទនេះ ប៉ុន្តែអ្វីដែលកើតឡើងនៅក្រុងនេះមិនប៉ះពាល់អ្វីច្រើនដល់អ្នករស់នៅតាមជនបទនោះឡើយ។ លោក Eden ដែលរកចំណូលបន្ថែមតាមរយៈការធ្វើការឲ្យក្រុមហ៊ុនធានារ៉ាប់រងកសិដ្ឋានក្នុងស្រុកនិយាយថា លោកមិនចង់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។ ទោះជាលោកមានអាយុជិត៨០ឆ្នាំហើយក៏ដោយ តែលោកនៅតែចង់ធ្វើចំការរហូត ដរាបណាលោកនៅតែមានសុខភាពល្អ៕