លោក Josh Kness ដែលជាបុគ្គលិកលក់ទំនិញនៅដេប៉ូលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ Mount Carroll នៅក្រុង Mount Carroll នៃរដ្ឋ Illinois បានជួយកសិកររកទំនិញដែលពួកគេត្រូវការអស់រយៈពេល១៥ឆ្នាំទៅហើយ។
នៅពេលមានភ្ញៀវជាកសិករម្នាក់ដើរចូលមកក្នុងតូបលក់ឥវ៉ាន់ លោក Jose Knees ដែលជាអ្នកលក់បានស្រែកទៅកាន់ភ្ញៀវនោះថា«តើលោករកទិញអ្វីដែរ?»។ ភ្ញៀវម្នាក់នោះរកទិញខ្ចៅដែលមានទំហំ និងប្រវែងដែលគេត្រូវការ។ ពីរ បីនាទីក្រោយមកលោក Knees បានរកឃើញខ្ចៅដែលគេត្រូវការ ហើយក៏បានលក់វាទៅឲ្យភ្ញៀវនោះ។
នៅតាមទីជនបទក្នុងសហរដ្ឋអាមេរិក កសិករបើកឡានចូលទៅក្នុងក្រុងស្ទើរតែរាល់ថ្ងៃ ដើម្បីទៅរកទិញសម្ភារៈប្រើប្រាស់ និងប្រើប្រាស់សេវាកម្មនានា។ ក្រុង Mount Carroll ក្នុងរដ្ឋ Illinois គឺជាតំបន់ប្រជុំជនសំខាន់មួយរបស់សង្កាត់ Caroll។ កសិករជារឿយៗឈប់ឡាននៅខាងមុខដេប៉ូលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ Mount Caroll។ ដេប៉ូនេះដាក់លក់ទំនិញជាច្រើនសម្រាប់ប្រើប្រាស់ក្នុងផ្ទះ គ្រឿងដែក និងរបស់របរប្រើប្រាស់នៅក្នុងចម្ការផងដែរ។
ដេប៉ូលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ Mount Caroll ស្ថិតនៅក្រុង Mount Carroll រដ្ឋ Illinois ដែលលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន និងគ្រឿងដែកនិងឧបករណ៍ធ្វើកសិកម្មផងដែរ។
លោក Knees លក់សម្ភារៈដែលកសិករនៅទីនេះត្រូវការអស់រយៈពេល១៥ឆ្នាំមកហើយ។ ដោយសារតែលោកធំដឹងក្តីនៅក្នុងតំបន់នេះ ធ្វើឲ្យលោកយល់ដឹងពីអាជីវកម្មធ្វើស្រែចម្ការ។ លោក Knees ថ្លែងថាកសិករត្រូវការសម្ភារៈផ្សេងៗដើម្បីអាចឲ្យគេធ្វើស្រែចម្ការបាន៖ « ពួកកសិករទិញសម្ភារៈសម្រាប់ធ្វើរបង ទិញលួស ទា្វរ ខ្សែ ចំណីសត្វ គ្រាប់ពូជ និងខ្ចៅ»។
កសិកម្មគឺជាវិស័យសំខាន់សម្រាប់សេដ្ឋកិច្ច
លោក Knees និយាយយ៉ាងដូច្នេះថា៖ «ជារឿងធម្មតាទេ បើពួកគេគ្មានប្រាក់ នោះពួកគេនឹងឈប់ទិញសម្ភារៈ។ មានន័យថាពួកគេផ្អាកជួសជុលរបង ពួកគេផ្អាកទិញរបស់ថ្មីៗ និយាយរួមទៅគឺពួកគេផ្អាកការចំណាយទាំងអស់»។
អាជីវកម្មតាមទីប្រជុំជននៅទីជនបទគឺពឹងផ្អែកទាំងស្រុងទៅលើតម្រូវការរបស់កសិករដែលជាអតិថិជន។ ប្រសិនបើពួកកសិករកាត់បន្ថយការចំណាយរបស់ពួកគេ នោះគ្រប់គ្នាមានអារម្មណ៍ថារងការប៉ះពាល់ ដែលទាំងនោះរួមមានអ្នកលក់ចំណីសត្វ និងជី អ្នកបច្ចេកទេសធ្វើតេស្តដី បសុពេទ្យ ពេទ្យធ្មេញ អ្នកលក់ថ្នាំ អ្នកលក់គ្រឿងទេស និងអ្នកលក់រថយន្តជាដើម។
ក្រុង Mount Carroll ស្ថិតនៅក្នុងស្រុក Carroll ក្នុងរដ្ឋ Illinois។
លោក Knees ជឿថាកត្តាផ្សេងទៀតដែលធ្វើឲ្យកសិករផ្អាកការចំណាយគឺភាពមិនច្បាស់លាស់ និងចលាចលជុំវិញការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំមុន។ លោកថាជ័យជំនះរបស់លោក ត្រាំ «ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សជាច្រើន»។ លោកនិយាយថា មនុស្សជាច្រើននៅតែភ្ញាក់ផ្អើលនៅឡើយ សូម្បីតែអ្នកដែលមិនបានបោះឆ្នោតឲ្យលោក ត្រាំ ក៏ហាក់ដូចជាយល់ព្រមផ្តល់ឱកាសឲ្យលោកគ្រប់គ្រងប្រទេសដែរឥឡូវនេះ។
លោក Knees ថ្លែងថា ពលរដ្ឋរស់នៅតាមទីជនបទមិនបានតាមដានការជជែកដេញដោលធ្វើឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឲ្យបានជាប់លាប់ប៉ុន្មានទេ។ លោកបន្តទៀតថាពួកគេលែងសូវចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗទៀតហើយ បើទោះបីជាកសិករជាអ្នកលក់ពោតដែលគេដាំបាន ចេញទៅក្រៅប្រទេសក៏ដោយ។
មានជនអន្តោប្រវេសន៍តិចណាស់រស់នៅក្នុងក្រុង ប៉ុន្តែលោក Knees ថា នៅរដូវក្តៅមានភ្ញៀវទេសចរបរទេសជាច្រើនឆ្លងកាត់ក្រុង Mount Carroll។ ទន្លេ Mississippi ហូរឆ្ពោះទៅភាគខាងលិចសង្កាត់ Carroll និងមានកន្លែងទេសចរណ៍ជាច្រើននៅតាមដងទន្លេសម្រាប់ទស្សនា។
ភ្ញៀវទេសចរបរទេសនិងការវិនិយោគ
លោក Knees សង្កេតឃើញថា មានជនជាតិចិនជាច្រើនធ្វើដំណើរមកទីក្រុងនេះនៅរដូវក្តៅ។ លោកថាពួកគេខ្លះចូលមកទិញនុយសម្រាប់ស្ទូចត្រី។ ពួកគេប៉ុន្មាននាក់ប៉ុណ្ណោះអាចនិយាយភាសាអង់គ្លេសបាន ដូច្នេះលោក Knees និយាយថាលោកព្យាយាមប្រើកាយវិការ សញ្ញា និងធ្វើមុខធ្វើមាត់ដើម្បីអាចប្រាស្រ័យទាក់ទងគ្នាបាន។
លោកនិយាយទៀតថា ជនជាតិចិនបានបើកអាជីវកម្ម និងទិញអាគារមួយចំនួននៅក្នុងក្រុង Mount Carroll។ លោក Knees និយាយដោយញញឹមថា៖ «ខ្ញុំឆ្ងល់ថាតើពួកគេកំពុងធ្វើអ្វីឲ្យពិតប្រាកដ»។ លោកនិយាយបន្តថាមានគេនិយាយថា រោងម៉ាស៊ីនកិនស្រូវក្នុងក្រុងមមាញឹកខ្លាំងចាប់តាំងពីមានអ្នកវិនិយោគចិនចូលមក។
នៅប៉ុន្មានឆ្នាំថ្មីៗនេះចិនបានបោះទុនវិនិយោគយ៉ាងច្រើនទៅក្នុងវិស័យកសិកម្មរបស់អាមេរិក។ ពួកគេទិញយកទាំងដីចំការ និងអាជីវកម្មកសិឧស្សាហកម្ម។ នៅក្នុងឆ្នាំ២០១២ ក្រុម FBI បានចោទប្រកាន់ជនជាតិចិន៧នាក់ ពីបទលួចយកគ្រាប់ពូជដែលមានសណ្ឋានធ្វើឲ្យប្រសើរឡើងតាមរយៈវិទ្យាសាស្ត្រនៅក្នុងរដ្ឋ Iowa និងរដ្ឋ Illinois ហើយមានបំណងចង់រត់ពន្ធគ្រាប់ពូជទាំងនោះចេញទៅក្រៅប្រទេស។
ប៉ុន្តែក្រុមមន្ត្រី ផ្នែកការអភិវឌ្ឍសេដ្ឋកិច្ចធ្វើការជាមួយអ្នកវិនិយោគចិនបានលើកឡើងថាហេតុការណ៍នេះកម្រកើតឡើងណាស់ ហើយថាទឹកប្រាក់វិនិយោគរបស់ចិនរាប់ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកបានបង្កើតការងារជាង៨សែននៅក្នុងសេដ្ឋកិច្ចអាមេរិក។
ទោះជាយ៉ាងណាលោក Josh Knees ចាប់អារម្មណ៍តិចតួចបំផុតទៅលើបញ្ហាទាំងនេះ លោកថាលោកមិនគិតអ្វីច្រើនទេ «គឺគ្រាន់តែរស់មួយថ្ងៃ ចាំគិតមួយថ្ងៃទៀត»៕