លោក Ron Gruenhagen កសិករមកពីស្រុក Muscatine រដ្ឋ Iowa ឲ្យដឹងថា កសិករអាមេរិកាំងពឹងផ្អែកខ្លាំងលើទីផ្សារអន្តរជាតិ។ លោកថា៖ «បើយើងមិនមានទីផ្សារអន្តរជាតិទេ នោះយើងច្បាស់ជាសល់ទិន្នផលគ្រាប់ធញ្ញជាតិ និងសណ្តែកច្រើនលើសលុប ហើយយើងប្រហែលជាមិនដឹងថា នឹងធ្វើយ៉ាងណាចំពោះទិន្នផលទាំងនោះទេ»។
លោក Ron Gruenhagen វ័យ៧៣ឆ្នាំ គឺជាកូនចៅជំនាន់ក្រោយនៃជនអន្តោប្រវេសន៍អាល្លឺម៉ង់ ដែលបានធ្វើដំណើរមកដល់រដ្ឋ Iowa កាលពីពាក់កណ្ដាលសតវត្សទី១៩។ ស្រុក Muscatine និងស្រុកផ្សេងទៀត នៅក្នុងរដ្ឋ Iowa និងរដ្ឋ Illinois គឺស្ថិតក្នុងចំណោមតំបន់ភាគច្រើននៅទូទាំងពិភពលោក ដែលជនអន្តោប្រវេសន៍អាល្លឺម៉ង់បានស្គាល់កាលពីពាក់កណ្ដាលសតវត្សទី ១៩ ហើយភាគច្រើននៃកសិផលរបស់ពួកគេ គឺដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរៗនោះ។ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ដំណើរការមួយចំនួនត្រូវបានគ្រប់គ្រងដោយច្បាប់នានា ដែលតាក់តែងឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយអតិថិជនសំខាន់ៗដែលទទួលទិញកសិផលទាំងនេះគឺនៅក្នុងប្រទេសចិន ដែលស្ថិតនៅចម្ងាយពាក់កណ្ដាលមួយជុំពិភពលោកពីសហរដ្ឋអាមេរិក។
លោក Gruenhagen បាននិយាយថា៖ «យើងពឹងផ្អែកខ្លាំងលើទីផ្សារបរទេស។ ប្រសិនបើមិនមានទីផ្សារទាំងនោះទេ កសិផលដែលជាគ្រាប់ធញ្ញជាតិនិងសណ្ដែករបស់ពួកយើងនឹងនៅសល់ហូរហៀរ ហើយយើងប្រហែលជាមិនដឹងថានឹងធ្វើយ៉ាងណាជាមួយនឹងកសិផលទាំងនោះ នោះទេ»។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាថា នឹងធ្វើការចរចាឡើងវិញអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានសព្វថ្ងៃនេះ ដែលលោកបានចាត់ទុកថាជាកិច្ចព្រមព្រៀងមិនផ្ដល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក ហើយកន្លងមក លោកបានដកសហរដ្ឋអាមេរិកចេញពីកិច្ចពិភាក្សានានា ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ដែលមានគោលបំណងក្នុងការបង្កើនពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក និងប្រទេសចំនួន ១០ ផ្សេងទៀត។
កសិករនៅតាមតំបន់ផ្សេងៗភាគច្រើន និងមេដឹកនាំអាជីវកម្មនានា បារម្ភខ្លាចមានសង្គ្រាមពាណិជ្ជកម្មកើតឡើង ដែលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ប្រទេសម៉ិកស៊ិក និងប្រទេសផ្សេងទៀត ដែលបានក្លាយជាដៃគូពាណិជ្ជកម្មជិតស្និទ្ធរួចទៅហើយរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ លោក Gruenhagen យល់ថា ការថ្លែងដ៏ម៉ឺងម៉ាត់របស់លោក ត្រាំ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចរចារបស់លោក។
លោក Gruenhagen បានបញ្ជាក់ថា៖ «ការថ្លែងដ៏ម៉ឺងម៉ាត់របស់លោក ត្រាំ ជាអ្វីដែលខ្ញុំមានការព្រួយបារម្ភ ប៉ុន្តែនេះគ្រាន់តែជាផ្នែកមួយនៃការចរចាតែប៉ុណ្ណោះ។ អ្វីៗដែលយើងធ្វើ គឺអាចចរចាបាន មិនថាអ្នកទិញនំប៉័ងមួយដុំនៅក្នុងហាង ឬក៏ទិញត្រាក់ទ័រថ្មីមួយនោះទេ គឺអាចចរចាបានទាំងអស់»។
ស្រុក Muscatine នៃរដ្ឋ Iowa មានទំនាក់ទំនងពិសេសជាមួយនឹងប្រទេសចិន ដោយសារតែលោកប្រធានាធិបតីចិន ស៊ី ជីនពីង ធ្លាប់បានស្នាក់នៅជាមួយនឹងគ្រួសារមួយនៅក្នុងស្រុក Muscatine នេះ កាលពីឆ្នាំ ១៩៨៥ ដែលនៅពេលនោះ លោកគឺជាមន្ត្រីថ្នាក់ខេត្តមួយរូប ដែលមានចំណាប់អារម្មណ៍ទៅលើការស្វែងយល់បន្ថែមអំពីវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក។
នៅពេលដែលលោក ស៊ី ជីនពីង បានត្រឡប់មកស្រុក Muscatine នេះម្ដងទៀត ក្នុងឋានៈជាអនុប្រធានាធិបតីចិន កាលពីឆ្នាំ ២០១២ មនុស្សភាគច្រើនដែលលោកបានជួបពីមុន បានចេញមកទទួលស្វាគមន៍លោក។ គណៈកម្មាធិការស្វាគមន៍ ដែលបង្កើតឡើងដោយមេដឹកនាំអាជីវកម្មនានាក្នុងស្រុក Muscatine ក្រោយមកបានប្ដូរទៅជាគណៈកម្មាធិការផ្ដួចផ្ដើមស្រុក Muscatine សម្រាប់ប្រទេសចិន (Muscatine China Initiative) ដែលគាំទ្រដល់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងស្រុក Muscatine និងក្រុមហ៊ុនចិន។
នាពេលថ្មីៗនេះ ស្រុក Muscatine បានរៀបចំពិធីអបអរសាទរមួយដល់លោក Terry Branstad អភិបាលរដ្ឋ Iowa ដែលត្រូវបានលោកប្រធានាធិបតី ត្រាំ ជ្រើសរើសឲ្យធ្វើជាអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន។ ពិធីអបអរសាទរនេះ មានការប្រគុំវង់តន្ត្រីបុរាណចិន ដែលផ្ដល់ដោយស្ថានកុងស៊ុលចិនប្រចាំទីក្រុង Chicago ផងដែរ។
លោក Gruenhagen យល់ថា ការណ៍ដែលមានមេដឹកនាំចិន ដែលស្គាល់រដ្ឋ Iowa និងតំបន់ជនបទនៅក្នុងសហរដ្ឋអាមេរិក ដោយបទពិសោធន៍ជាក់ស្ដែងផ្ទាល់ គឺពិតជាមានសារៈសំខាន់ណាស់។
លោកនិយាយថា៖ «លោកប្រធានាធិបតីចិន ស៊ី ជីនពីង យល់យ៉ាងច្បាស់អំពីវិស័យកសិកម្មនៅក្នុងស្រុក Muscatine ហើយនេះគឺគ្រាន់តែជាការចរចាបានពាក់កណ្ដាលទីតែប៉ុណ្ណោះ ដោយហេតុថា ពាក់កណ្ដាលទីទៀត គឺការស្វែងយល់អំពីប្រជាកសិករ»។
លោក Gruenhagen មានការងឿងឆ្ងល់ថាតើអាចមានឧបសគ្គផ្នែកពាណិជ្ជកម្មណាមួយកើតឡើងឬទេ ដោយសារតែគោលជំហរតឹងតែងរបស់លោកប្រធានាធិបតី ត្រាំ។
លោកបានបន្ថែមថា៖ «ពួកយើងមានការពឹងពាក់គ្នាទៅវិញទៅមក ដោយពួកគេពឹងយើងរឿងម្ហូបអាហារ ហើយយើងពឹងពួកគេរឿងផលិតផលដែលគេផ្ដល់ឲ្យយើង។ ការពឹងពាក់គ្នាទៅវិញទៅមកនេះ គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់សន្តិភាពនៅក្នុងពិភពលោក»។
លោក Gruenhagen ជឿថា លោកប្រធានាធិបតី ត្រាំ នឹងកែប្រែឡើងវិញនូវអ្វី ដែលលោកចាត់ទុកថាជាការធ្លាក់ចុះនៃគោលជំហរជាសាកលរបស់សហរដ្ឋអាមេរិក។
លោក Ron Gruenhagen វ័យ៦៣ឆ្នាំ ជាកសិករនៅក្បែរស្រុក Muscatine នៃរដ្ឋ Iowa ជាមួយនឹងកូនប្រុសនិងចៅប្រុសរបស់លោក។ វាជាសហគ្រាសមួយដែលចំណាយច្រើន ដោយត្រូវចំណាយទៅលើដី អគារ និងសម្ភារៈសម្រាប់ធ្វើកសិកម្មដែលមានតម្លៃប្រហែល ១លានដុល្លារ។
លោកបានបញ្ជាក់ថា៖ «យើងបានបាត់បង់ឋានៈជាមហាអំណាចដ៏អស្ចារ្យមួយ។ ប្រហែលជាយើងអាចនៅតែត្រូវគេហៅថាមហាអំណាច ប៉ុន្តែមិនមែនមហាអំណាចដ៏អស្ចារ្យទៀតទេ។ ខ្ញុំគិតថា យើងនឹងទទួលបានការគោរពប្រសើរជាងពីពេលមុន»។
លោកក៏សង្ឃឹមផងដែរថា រដ្ឋបាលរបស់លោក ត្រាំ ដែលគាំទ្រដោយសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ នឹងសម្រួលបន្ទុកច្បាប់នានាលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ដោយលោកបានបញ្ជាក់ថា ទីភ្នាក់ងារការពារបរិស្ថានគឺជាអ្នករារាំងដ៏អាក្រក់បំផុត។ រដ្ឋបាលលោក ត្រាំ ទំនងជាមានការខកចិត្តយ៉ាងខ្លាំងចំពោះទីភ្នាក់ងារនេះផងដែរ។
លោក Gruenhagen បាននិយាយថា៖ «គេដាក់កំហិតផ្លូវច្បាប់ឲ្យយើងស្លាប់តែម្ដង។ យើងត្រូវចំណាយពេលច្រើនណាស់ ដោយគ្រាន់តែធ្វើទៅតាមក្បួនច្បាប់របស់ពួកគេ»។
ទោះបីជាលោកគាំទ្រវិធីសាស្ត្រកសិកម្ម ដែលការពារបរិស្ថាន និងអភិរក្សដីក៏ដោយ ក៏លោក Gruenhagen ជឿថា រដ្ឋាភិបាលសហព័ន្ធមិនគួរប្រាប់កសិករនៅក្នុងរដ្ឋ Iowa ថាត្រូវធ្វើអ្វីនោះទេ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា វាជាការប្រសើរ ដែលឲ្យកសិករម្នាក់ៗសម្រេចអំពីប្រភេទដំណាំដែលត្រូវដាំដុះ អំពីវិធីគ្រប់គ្រងដី និងអំពីវិធីដែលធ្វើឲ្យដីមានជីជាតិជាងមុន ជាជាងឲ្យមន្ត្រីការិយាធិបតេយ្យមកពីរដ្ឋធានីវ៉ាស៊ីនតោន បង្ហាញប្រាប់យើងថាត្រូវធ្វើអ្វីនោះ»។
ប៉ុន្តែ អ្នកការពារបរិស្ថានមិនសូវមានសុទិដ្ឋិនិយមនោះទេ ដោយពួកគេបានអះអាងថា កសិវប្បកម្មអន្តរជាតិសំខាន់ៗ ដែលមានអ្នកធ្វើសេចក្ដីសម្រេចចិត្តរស់នៅកន្លែងផ្សេង ជារឿយៗមានការពាក់ព័ន្ធនឹងរឿងប្រាក់ចំណេញច្រើនជាងរឿងដីធ្លី។
កូនប្រុស និងចៅប្រុសរបស់លោក Gruenhagen ជួយគ្រប់គ្រងកសិដ្ឋានរបស់លោក ហើយលោកមានសេចក្ដីសប្បាយចិត្ត ដែលអាចបន្តឈ្មោះគ្រួសាររបស់លោក នៅពេលដែលពួកគេទទួលមរតកដីធ្លី និងអាគារ រួមទាំងគ្រឿងចក្រ និងឧបករណ៍នានា ក្នុងទឹកប្រាក់ចំនួនប្រមាណមួយលានដុល្លារអាមេរិកនោះ។
លោកបាននិយាយថា៖ «មានការងារជាច្រើនដែលត្រូវធ្វើ។ ប៉ុន្តែ វាជារឿងសប្បាយរីករាយ ដោយសារតែយើងអាចផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សជាច្រើន ក៏ដូចជាពិភពលោកទាំងមូលផងដែរ»៕