យុវជន Dustin Andrews វ័យ ២៥ឆ្នាំ បានទៅហាង Casey’s General Store ដែលជាហាងលក់ឥវ៉ាន់ទូទៅនិងមានស្ថានីយ៍ប្រេងឥន្ធនៈមួយ ជិតផ្លូវចូលក្រុង Donnellson ដើម្បីទិញនំ cookie និងអាហារសម្រន់។
យុវជនរូបនេះបាននិយាយថា៖ «ខ្ញុំរស់នៅចម្ងាយប្រមាណតែប្រាំបីគីឡូម៉ែត្រពីទីនេះ ដូច្នេះខ្ញុំងាយស្រួលមកទីនេះ ដើម្បីទិញរបស់របរបន្តិចបន្តួច»។
ក្រុង Donnellson ដូចជាក្រុងតូចៗដទៃទៀតដែរដែលស្ថិតនៅលើខ្សែក្រវ៉ាត់កសិដ្ឋានក្នុងរដ្ឋ Iowa មានហាងលក់ឥវ៉ាន់តិចតួចប៉ុណ្ណោះនៅកណ្តាលក្រុង ហើយនៅពេលយប់ឬនៅចុងសប្តាហ៍ មិនមានហាងណាបើកលក់នោះទេ។ ប៉ុន្តែ ហាង Casey’s General Store នៅជាយក្រុងនេះ ជាហាងតែមួយគត់ដែលបើកទ្វារ។ ក្រុងតូចៗនៅតំបន់ជនបទពីមុនមកធ្លាប់រកប្រាក់ចំណេញពីអាជីវកម្ម ជាមួយនឹងកសិករនិងអ្នកដទៃទៀត ដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម។ ប៉ុន្តែឥឡូវនេះ មានកសិករតិចជាងមុន ហើយផ្លូវថ្នល់ដែលត្រូវបានស្តារឲ្យប្រសើរជាងមុន បានធ្វើឲ្យមានភាពងាយស្រួលសម្រាប់មនុស្សទូទៅក្នុងការធ្វើដំណើរទៅហាងលក់ឥវ៉ាន់ធំៗ ដូចជា ហាង Walmart ដែលផ្តល់ជម្រើសឥវ៉ាន់ច្រើនជាងនិងក្នុងតម្លៃថោកជាង។
លោក Andrews ធ្វើការពេញម៉ោងនៅរោងចក្ររបស់ក្រុមហ៊ុន Siemens ក្នុងក្រុង Fort Madison ប៉ុន្តែលោករស់នៅទីជនបទ ដោយសារតែលោកចូលចិត្តរស់នៅទីនោះ។
លោកបានប្រាប់យើងថា៖ «ខ្ញុំហ៊ានឈប់ធ្វើការងារបច្ចុប្បន្ន ហើយមកធ្វើស្រែចម្ការវិញ ប្រសិនជាអាច»។
នៅពេលដែលលោកបញ្ចប់ការសិក្សាពីវិទ្យាល័យ លោកបានប្រឈមនឹងបញ្ហាទូទៅមួយ ដែលជនវ័យក្មេងធំដឹងក្តីនៅកសិដ្ឋាន ជួបប្រទះជាញឹកញយ។ នោះគឺថា មានដីស្រែធំធេងណាស់ ជាមួយនឹងដំណើរការធ្វើកសិដ្ឋានប្រើប្រាស់ម៉ាស៊ីនយ៉ាងច្រើន តែតម្រូវការសម្រាប់កម្លាំងពលកម្មគឺមានតិចតួច។
រោងចក្រក្រុមហ៊ុន Siemen ដែលផលិតស្លាបកង្ហារទម្ងន់ពីរតោនសម្រាប់កង្ហារតួប៊ីនផលិតអគ្គិសនីធំៗក្នុងរដ្ឋ Iowa និងតំបន់ជនបទដទៃទៀតនៅសហរដ្ឋអាមេរិក ជួលបុគ្គលិកធ្វើការប្រមាណ ៧០០នាក់ ដោយបានផ្តល់ប្រាក់កម្រៃឲ្យពួកគេជាង ២០ដុល្លារក្នុងមួយម៉ោង។ លោក Andrews បានចាប់ផ្តើមធ្វើការក្នុងរោងចក្រនេះ ក្រោយពេលលោកបញ្ចប់ការសិក្សាពីវិទ្យាល័យភ្លាម។ ទោះជាយ៉ាងណាក្តី លោកមិនដែលបោះបង់ការងារជាកសិករនោះទេ ដោយលោកស្ម័គ្រចិត្តធ្វើការឥតយកកម្រៃដើម្បីជួយបងប្អួនជីដូនមួយរបស់លោកម្នាក់ ដែលជាកសិករ និងបានជួលដីស្រែមួយជិតក្រុង Fort Madison កន្លែងដែលលោកមានគោប្រភេទ Angus និង Hereford ចំនួន២០ក្បាល និងគោបាមួយក្បាលសម្រាប់បង្កាត់ពូជ។
លោកបាននិយាយថា៖ «ខ្ញុំចិញ្ចឹមពួកវាតាំងពីនៅតូច រហូតដល់ពួកវាមានទម្ងន់ ៣៦០ គីឡូក្រាម ទើបលក់ចេញ ដោយទុកមួយចំនួនដើម្បីជំនួស។ ខ្ញុំបានរៀនពីការបង្កាត់ពូជគោពីជីតាខាងឪពុករបស់ខ្ញុំ ដែលមានគោខ្មៅប្រភេទ Angus»។
លោកនិងយុវជនដទៃមួយចំនួនទៀត ដែលមានទំនោរទៅរកការធ្វើកសិកម្ម ត្រូវបន្ទាបក្តីស្រមៃរបស់ខ្លួន។ ហេតុផលគឺថា សេដ្ឋកិច្ចមិនអំណោយផលដល់ពួកគេ ដោយសារតម្លៃដីដ៏ខ្ពស់ និងតម្លៃចំណាយច្រើនសម្រាប់កសិកម្មបែបទំនើប។ ជំរឿនឆ្នាំ ២០១២ របស់ក្រសួងកសិកម្មអាមេរិកបង្ហាញថា អាយុមធ្យមអ្នកធ្វើកសិកម្មនៅអាមេរិកឥឡូវនេះគឺបុរសវ័យ ៥៨ឆ្នាំ។ រវាងឆ្នាំ ១៩៩៧ និង២០១២ មានការធ្លាក់ចុះចំនួនកសិករចំណូលថ្មី២០ភាគរយ។ ជំរឿននេះបង្ហាញថា ចំនួនកសិដ្ឋានបានថយចុះជាងបួនភាគរយ ស្របពេលដែលទំហំមធ្យមរបស់កសិដ្ឋានបានកើនឡើង ៣,៨ ភាគរយ។
ហេតុផលចម្បងរបស់លោក Andrews ដែលស្នាក់នៅក្នុងក្រុង Donnellson នៅថ្ងៃដែលយើងជួបគាត់គឺថា លោកត្រូវចូលរៀនថ្នាក់សិក្សាពីការកាន់អាវុធដោយចំហ ដែលថ្នាក់សិក្សានេះគឺតម្រូវដោយរដ្ឋ សម្រាប់ជនណាដែលកាន់អាវុធ ដោយមិនដាក់ក្នុងស្រោមបិទជិត។ នៅតំបន់ក្រុងមួយចំនួន ប្រជាពលរដ្ឋត្រូវចូលរៀនថ្នាក់សិក្សានេះ ដើម្បីទទួលបានលិខិតអនុញ្ញាតឲ្យកាន់កាំភ្លើងខ្លីជាប់នឹងខ្សែក្រវ៉ាត់។ យ៉ាងណាក្តី លោក Andrews និយាយថា លោកមិនមានចំណាប់អារម្មណ៍លើថ្នាក់រៀននេះទេ។ លោកជាអ្នកចូលចិត្តប្រមាញ់ម្នាក់ ដែលចង់មានភាពងាយស្រួលក្នុងការមានកាំភ្លើងកាណុងវែង ឬកាំភ្លើង Shotgun ក្នុងរថយន្តដឹកទំនិញរបស់គាត់ ដែលត្រៀមរួចជាស្រេចសម្រាប់រដូវកាលអនុញ្ញាតឲ្យប្រមាញ់។ លោក Andrews ប្រមាញ់សត្វក្តាន់ ទា និងមាន់តួកគី។
អ្វីដែលលោក Andrews និងយុវជនមួយចំនួនទៀត ដូចរូបលោកនៅតំបន់នេះ មិនចូលចិត្តនោះគឺនយោបាយ។ លោកមានសិទ្ធិចូលរួមបោះឆ្នោតតាំងពីប្រាំពីរឆ្នាំមុនមកម៉្លេះ ហើយអាចចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីទាំងក្នុងឆ្នាំ ២០១២ និង២០១៦ ប៉ុន្តែលោកសម្រេចចិត្តមិនចូលរួមនៅក្នុងការបោះឆ្នោតទេ។ លោកបាននិយាយថា លោកមានការព្រួយបារម្ភតែបញ្ហាមួយ។
លោកបាននិយាយថា៖ «ខ្ញុំសង្ឃឹមថា អាជីវកម្មថាមពលអគ្គិសនីចម្រាញ់ពីតួប៊ីនខ្យល់នៅតែបន្ត។ តែលោកត្រាំមិនគាំទ្រអាជីវកម្មនេះទេ»។
លោក Andrews ដែលការងាររបស់លោកគឺ ពិនិត្យមើលកង្ហារតួប៊ីន ដើម្បីរកកន្លែងខូចខាតណាមួយ ហើយជួសជុលកន្លែងទាំងនោះ បានទទួលផលចំណេញពីវិស័យអគ្គិសនីផលិតពីថាមពលខ្យល់។ ប៉ុន្តែលោកមិនមានអ្វីនិយាយច្រើនពីផលប្រយោជន៍ផ្នែកបរិស្ថាន ដែលមនុស្សទូទៅផ្សារភ្ជាប់នឹងថាមពលផលិតឡើងវិញនោះទេ។
រដ្ឋ Iowa គឺជារដ្ឋផលិតអគ្គិសនីពីថាមពលខ្យល់លំដាប់កំពូលមួយ ដោយបានផលិតជិតមួយភាគបីនៃអគ្គិសនី ដែលរដ្ឋនេះប្រើប្រាស់ ពីតួប៊ីនខ្យល់។ ប៉ុន្តែទោះបីជាលោកព្រួយបារម្ភថា ការសង្កត់ធ្ងន់របស់រដ្ឋាភិបាលលោក ត្រាំ ទៅលើការអភិវឌ្ឍផ្នែកវិស័យថាមពលឥន្ធនៈផូស៊ីល ដែលមានតាំងពីដើមមក អាចប៉ះពាល់ដល់វិស័យថាមពលខ្យល់ ហើយប្រហែលជាការងាររបស់លោកផងដែរ។ លោក Andrews ហាក់ដូចជាគិតថា លោកមិនអាចធ្វើអ្វីបានច្រើនដើម្បីដោះស្រាយបញ្ហានេះទេ៕