ព្រឹត្តិការណ៍វាយប្រហារភេរវកម្មថ្ងៃ ១១ កញ្ញា បានបំផ្លិចបំផ្លាញមិនត្រឹមតែអគារពាណិជ្ជកម្មពិភពលោក (World Trade Center) ដ៏ល្បីទាំង២របស់ក្រុង New York ប៉ុណ្ណោះទេ។ មានអគារសរុប១០ រួមទាំងអគារទាំង៧នៅម្តុំអគារពាណិជ្ជកម្មពិភពលោក (WTC) និងទីលានពាណិជ្ជកម្មពិភពលោក (WTC Plaza) ត្រូវបានបំផ្លាញនៅទីតាំងដែលគេបានដាក់ឈ្មោះថា Ground Zero នៅភាគខាងត្បូងនៃសង្កាត់ Manhattan របស់ក្រុង New York។ ក្នុងរយៈពេល២០ឆ្នាំក្រោយការវាយប្រហារភេរវកម្មនោះមក កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញជិតឈានដល់ទីបញ្ចប់ហើយ ដោយបានប្រែក្លាយទីតាំងនោះ ឱ្យទៅជាតំបន់បូជនីយដ្ឋានដែលរំឭកឡើងវិញដល់អ្វីៗទាំងអស់ដែលត្រូវបាត់បង់ និងមានអគារថ្មីៗដែលផ្តល់ទីកន្លែងទំនើបៗសម្រាប់អាជីវកម្ម ហាងលក់ទំនិញ ការដឹកជញ្ជូន ការអប់រំ និងការបួងសួង។
ពេលវេលា |
|
ទីតាំង |
អគារលេខ១នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (1 WTC) (ខាងឆ្វេង) ត្រូវបានគេស្ថាបនាចប់ដល់ជាន់ទី១១០ នៅឆ្នាំ១៩៧០ ដែលនៅពេលនោះអ្នកជួលអគារនោះដំបូងបានចូលទៅប្រើប្រាស់។ អគារ 1 WTC ជាអគារខ្ពស់មួយក្នុងចំណោមអគារភ្លោះពីរដែលត្រូវបានរចនាឡើងដោយស្ថាបត្យករអាមេរិក លោក Minoru Yamasaki និងសាងសង់ឡើងដោយអាជ្ញាធរ Port Authority ដែលជាអាជ្ញាធររួមគ្នារបស់រដ្ឋ New York និងរដ្ឋ New Jersey។ អគារភ្លោះនេះបានសាងសង់ឡើងលើទីតាំងមួយដែលគេធ្លាប់ហៅថា «Radio Row» ដែលជាតំបន់មួយនៅសង្កាត់ Manhattan ភាគខាងត្បូងដែលធ្លាប់មានហាងលក់ឧបករណ៍អេឡិចត្រូនិកជាច្រើន។
ការសាងសង់បានចាប់ផ្តើមដោយពិធីសម្ពោធការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៦៦។ ការសាងសង់នេះបានប្រើប្រាស់វិធីសាស្ត្រយ៉ាងច្នៃប្រឌិតមួយ ដោយគ្រោងចម្បងរបស់អគារនីមួយៗត្រូវបានស្ថាបនាឡើងជាប្រហោងរាងការ៉េដោយមានសរសៃដែកថែបត្រូវតម្រៀបជាប់ៗគ្នាជាបរិមាត្រ ហើយដែលត្រូវភ្ជាប់ទៅនឹងសសរស្នូលធ្វើពីដែកថែបនៅកណ្តាលអគារនោះដោយធ្នឹមពិដានជាន់នីមួយៗ។
នៅពេលអគារលេខ១ 1 WTC ត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩៧២ វាបានក្លាយជាអគារខ្ពស់បំផុតក្នុងពិភពលោកដោយមានកម្ពស់ ៤១៧ម៉ែត្រ គឺខ្ពស់ជាងអគារ Empire State របស់ទីក្រុង New York ទៅទៀត។ អគារនេះត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៣។ ប៉ុន្តែអគារលេខ១ 1 WTC បានបាត់បង់ឋានៈជាអគារខ្ពស់បំផុតក្នុងពិភពលោកនៅពេលគេបានស្ថាបនាអគារ Sears Tower កម្ពស់ ៤៤៣ម៉ែត្រ ក្នុងទីក្រុង Chicago ចប់សព្វគ្រប់កាលពីឆ្នាំ១៩៧៤។
លក្ខណៈពិសេសរបស់អគារលេខ១ 1 WTC នេះរួមមានកន្លែងភោជនីយដ្ឋាននៅជាន់ទី១០៦ និង១០៧ ដែលគេហៅថា «បង្អួចមើលពិភពលោក» ឬ Windows on the World ដែលត្រូវបានបើកឱ្យប្រើប្រាស់កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៦ និងបានក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់អ្នកទេសចរ។
អង់តែនទូរគមនាគមន៍មួយកម្ពស់១១០ម៉ែត្រត្រូវបានដំឡើងនៅពីលើដំបូលអគារលេខ១ 1 WTC នៅឆ្នាំ១៩៧៩ ដែលធ្វើឱ្យអគារនេះកើនកម្ពស់រហូតដល់៥២៧ ម៉ែត្រ។ ប៉ុន្តែអង់តែននេះមិនត្រូវបានគេរាប់បញ្ចូលទេនៅពេលគេវាស់កម្ពស់អគារខ្ពស់ៗ ដោយសារអង់តែនទាំងនេះមិនត្រូវគេទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃស្ថាបត្យកម្មនៃអគារនោះទេ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០១ អាជ្ញាធរ Port Authority បានយល់ព្រមជួលអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនិងអគារទាបៗនៅជាប់នោះ រយៈពេល៩៩ឆ្នាំ ឱ្យទៅអ្នកជំនួញអចលនទ្រព្យអាមេរិកាំង លោក Larry Silverstein ក្នុងតម្លៃ៣.២០០លានដុល្លារ។
អគារលេខ១ 1 WTC ត្រូវបានគេស្គាល់ដែរថាជា «អគារខាងជើង» ឬ North Tower ដោយធៀបវាទៅនឹងអគារភ្លោះលេខ២ 2 WTC។ អគារលេខ១ 1 WTC ត្រូវបុកដំបូងគេនៅម៉ោង ៨:៤៦នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដោយយន្តហោះមួយគ្រឿងដែលពួកភេរវករបានប្លន់កាន់កាប់។ អគារនេះបានរលំក្រោយអគារភ្លោះមួយទៀត គឺនៅវេលាម៉ោង ១០:២៨នាទីព្រឹក។
អាងទឹកសម្រាប់ស្មឹងស្មាធិ៍ដែលស្ថាបនាឡើងចំផ្ទៃបាតនៃអគារខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកដែលបានបាក់រលំនោះ ត្រូវបានស្ថាបនាជិតរួចរាល់កាលពីខែកក្កដា ឆ្នាំ២០១១។ អាងនេះត្រូវបានរចនាឡើងដោយស្ថាបត្យករអាមេរិកកំណើតអ៊ីស្រាអែលលោក Michael Arad និងស្ថាបត្យករទេសភាពលោក Peter Walker ជាផ្នែកមួយនៃបូជនីយដ្ឋានជាតិថ្ងៃទី១១ ខែកញ្ញា (National September 11 Memorial)។ បូជនីយដ្ឋានថ្មីនេះត្រូវបានឧទ្ទិសដល់ក្រុមគ្រួសារនៃជនរងគ្រោះនៅក្នុងពិធីមួយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ និងបើកទ្វារឱ្យសាធារណជនចូលទស្សនាមួយថ្ងៃបន្ទាប់មក។
អាងទឹកសម្រាប់ស្មឹងស្មាធិ៍ខាងជើងនិងខាងត្បូងមានទឹកជ្រោះសិប្បនិម្មិតធំជាងគេបង្អស់នៅទ្វីបអាមេរិកខាងជើង ដោយទឹកជ្រោះនីមួយៗហូរធ្លាក់កម្អស់៩ម៉ែត្រ ចូលទៅក្នុងអាងរាងការ៉េនៅខាងក្រោមនោះ។ ស្ថាបត្យករលោក Arad និយាយថា អាងទឹកទាំងនេះតំណាងឱ្យ«អវត្តមានរូបិយ» ដោយទឹកហូរធ្លាក់ចូលទៅកន្លែងទទេមួយដែលគេនឹងមិនអាចបំពេញបានជារៀងរហូត។
ផ្ទៃខាងក្រៅធ្វើពីសំរិទ្ធដែលហ៊ុំព័ទ្ធអាងសម្រាប់ស្មឹងស្មាធិ៍ខាងជើង មានឆ្លាក់ឈ្មោះជនរងគ្រោះថ្ងៃទី១១ ខែកញ្ញា រួមមានជនរងគ្រោះដែលបានស្លាប់នៅក្នុងអគារលេខ១ 1 WTC និងនៅលើយន្តហោះអាកាសចរណ៍ American Airlines ជើងហោះហើរលេខ១១ ដែលត្រូវភេរវករប្លន់កាន់កាប់និងបើកបុកអគារខ្ពស់នោះ ព្រមទាំងឈ្មោះជនរងគ្រោះដែលត្រូវបានសម្លាប់នៅក្នុងព្រឹត្តិការណ៍ភេរវកម្មបំផ្ទុះគ្រាប់បែកមួយនៅជាន់ក្រោមដីប៉មខាងជើង 1 WTC នេះកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៣។
អគារលេខ២នៃមជ្ឈមមណ្ឌលពាណិជ្ជកម្មពិភពលោក (2 WTC) ត្រូវបានគេស្ថាបនាចប់ដល់ជាន់ទី១១០ នៅឆ្នាំ១៩៧១ ហើយអ្នកជួលអគារនោះដំបូងបានចូលទៅប្រើប្រាស់នៅពេលនោះ។ ពេលនោះ អគារលេខ២ 2 WTC បានក្លាយជាអគារខ្ពស់បំផុតទី២ក្នុងពិភពលោកដោយមានកម្ពស់៤១៥ម៉ែត្រ។ ការសាងសង់បានរួចរាល់នៅឆ្នាំ១៩៧៣។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០១ អាជ្ញាធរ Port Authority បានយល់ព្រមជួលអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនិងអគារទាបៗក្បែរនោះរយៈពេល៩៩ឆ្នាំឱ្យទៅអ្នកជំនួញអចលនទ្រព្យអាមេរិកលោក Larry Silverstein ក្នុងតម្លៃ ៣.២០០លានដុល្លារ។
អគារលេខ២ 2 WTC (ឆ្វេង) ដែលត្រូវបានគេស្គាល់ថាជា «អគារខាងត្បូង» ឬ South Tower ដោយធៀបវាទៅនឹងអគារភ្លោះលេខ១ 1 WTC ជាអគារទីពីរដែលត្រូវបុកដោយយន្តហោះប្លន់កាន់កាប់ដោយភេរវករ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅម៉ោង៩:០៣នាទីព្រឹក។ អគារនេះជាអគារដំបូងដែលបានបាក់រលំ នៅម៉ោង៩:៥៩នាទីព្រឹក។
អាងទឹកសម្រាប់ស្មឹងស្មាធិ៍ដែលស្ថាបនាឡើងចំផ្ទៃបាតនៃអគារខាងត្បូងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកដែលបានបាក់រលំនោះ ត្រូវបានស្ថាបនាជិតរួចរាល់កាលពីខែកក្កដា ឆ្នាំ២០១១។ អាងនេះត្រូវបានរចនាឡើងដោយស្ថាបត្យករអាមេរិកកំណើតអ៊ីស្រាអែលលោក Michael Arad និងស្ថាបត្យករទេសភាពលោក Peter Walker ជាផ្នែកមួយនៃបូជនីយដ្ឋានជាតិថ្ងៃទី១១ ខែកញ្ញា (National September 11 Memorial)។ បូជនីយដ្ឋានថ្មីនេះត្រូវបានឧទ្ទិសដល់ក្រុមគ្រួសារនៃជនរងគ្រោះនៅក្នុងពិធីមួយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ និងបើកទ្វារឱ្យសាធារណជនចូលទស្សនានៅមួយថ្ងៃបន្ទាប់មក។
អាងទឹកសម្រាប់ស្មឹងស្មាធិ៍ខាងជើងនិងខាងត្បូងមានទឹកជ្រោះសិប្បនិម្មិតធំជាងគេបង្អស់នៅទ្វីបអាមេរិកខាងជើង ដោយទឹកជ្រោះនិមួយៗហូរធ្លាក់កម្អស់៩ម៉ែត្រ ចូលទៅក្នុងអាងរាងការ៉េនៅខាងក្រោមនោះ។ ស្ថាបត្យករលោក Arad និយាយថា អាងទឹកទាំងនេះតំណាងឱ្យ«អវត្តមានដែលស្តែងឡើង» ដោយទឹកហូរធ្លាក់ចូលទៅកន្លែងទទេមួយដែលគេនឹងមិនអាចបំពេញបាន។
ផ្ទៃខាងក្រៅធ្វើពីសំរិទ្ធដែលហ៊ុំព័ទ្ធអាងសម្រាប់ស្មឹងស្មាធិ៍ខាងត្បូង មានឆ្លាក់ឈ្មោះជនរងគ្រោះថ្ងៃទី១១ ខែកញ្ញា រួមមានជនរងគ្រោះដែលបានស្លាប់នៅអគារលេខ២ 2 WTC និងជើងយន្តហោះអាកាសចរណ៍ United Airlines លេខ១៧៥ ដែលត្រូវភេរវករប្លន់កាន់កាប់និងបើកបុកអគារខ្ពស់នោះ ឈ្មោះនៃអ្នកជួយសង្គ្រោះដំបូងៗ ឈ្មោះនៃជនរងគ្រោះទាំងឡាយដែលបានស្ថិតនៅមន្ទីរបញ្ចកោណនិងនៅលើជើងយន្តហោះអាកាសចរណ៍ American Airlines លេខ៧៧ដែលបានហោះបុកមន្ទីរបញ្ចកោណនោះ ក៏ដូចជាជនរងគ្រោះដែលបានស្ថិតនៅលើជើងយន្តហោះអាកាសចរណ៍ United Airlines លេខ៩៣ ដែលបានធ្លាក់នៅភូមិ Shanksville ក្នុងរដ្ឋ Pennsylvania។
អគារលេខ៣នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (3 WTC) បានបើកទ្វារនៅឆ្នាំ១៩៨១។ អគារលេខ៣នេះ ជាសណ្ឋាគារអន្តរជាតិកម្ពស់២២ជាន់និងមាន៨០០បន្ទប់ឈ្មោះ Vista International Hotel បានក្លាយជាសណ្ឋាគារដែលមានយីហោល្បីឈ្មោះដំបូងនៅភាគខាងត្បូងនៃសង្កាត់ Manhattan របស់ក្រុង New York។ គ្រាប់បែកមួយបានផ្ទុះនៅកន្លែងចតរថយន្តក្រោមដីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដោយសម្លាប់មនុស្ស៦នាក់ និងធ្វើឱ្យខូចខាតផ្នែកនៅខាងក្រោមសណ្ឋាគារនោះ។ សណ្ឋាគារនេះបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា ឆ្នាំ១៩៩៤ ក្រោយការជួសជុលរួច។ ក្រុមហ៊ុនសណ្ឋាគារ Marriott International បានចូលគ្រប់គ្រង ហើយនៅឆ្នាំ១៩៩៥ បានប្តូរឈ្មោះសណ្ឋាគារនេះឱ្យទៅជា Marriott World Trade Center។
ភ្លាមៗក្រោយពីយន្តហោះដែលត្រូវភេរវករប្លន់យកនិងបើកបុកអគារភ្លោះនៅថ្ងៃទី១១ ខែកញ្ញា បុគ្គលិកសណ្ឋាគារ Marriott បានជម្លៀសភ្ញៀវរាប់រយនាក់។ ពួកគេក៏បានជួយអ្នកធ្វើការរាប់រយនាក់ដែលបានរត់គេចចេញពីអគារខាងជើងចូលតាមសាលទទួលភ្ញៀវរបស់សណ្ឋាគារ ដោយនាំផ្លូវពួកគេឱ្យចេញនៅច្រកចេញខាងត្បូងរបស់សណ្ឋាគារទៅកាន់វិថីសេរីភាព (Liberty Street)។
ការបាក់រលំនៃអគារខាងត្បូងនៅវេលាម៉ោង ៩:៥៩នាទីព្រឹក បានពុះសណ្ឋាគារនេះជាពីរចំណែក ដូចមានបង្ហាញនៅក្នុងរូបថតថតដោយអ្នកកាសែតថតរូបលក់សញ្ជាតិអាមេរិកាំងលោក Bill Biggart ដែលបានថតពីតំបន់ហិរញ្ញវត្ថុ Wall Street។ ការបាក់រលំនៃអគារខាងជើងនៅវេលាម៉ោង ១០:២៨ព្រឹក បានសម្លាប់លោក Biggart ភ្លាមៗក្រោយលោកបានថតរូបនោះ និងបានបំផ្លាញភាគច្រើននៃអគារសណ្ឋាគារនោះ ដោយបន្សល់តែចុងខាងត្បូងអគារប៉ុន្មានជាន់បុណ្ណោះ។ លោក Biggart ជាអ្នកថតរូបអាជីពតែមួយគត់ដែលត្រូវសម្លាប់នៅក្នុងការវាយប្រហារនេះ។
បុគ្គលិកសណ្ឋាគារ Marriot ពីរនាក់និងអ្នកពន្លត់អគ្គិភ័យយ៉ាងតិច ៤១នាក់ ត្រូវបានសម្លាប់នៅសណ្ឋាគារនេះ បើយោងតាមការវិភាគរបស់កាសែត The New York Times ដែលត្រូវបានបោះពុម្ពនៅឆ្នាំ២០០២។ កាសែត The New York Times ក៏បានដកស្រង់សម្តីអ្នកនាំពាក្យម្នាក់នៃសណ្ឋាគារ Marriott ថា មានភ្ញៀវដែលបានស្នាក់នៅសណ្ឋាគារនេះចំនួន១១នាក់បានបាត់ខ្លួន។
ទីតាំងនៃអតីតសណ្ឋាគារ Marriott បានក្លាយជាផ្នែកមួយនៃទីលានបូជនីយដ្ឋានថ្ងៃ ១១ កញ្ញា ដែលត្រូវបានរចនាឡើងដោយស្ថាបត្យករអាមេរិកាំងដើមកំណើតអ៊ីស្រាអែលលោក Michael Arad និងស្ថាបត្យករទេសភាពលោក Peter Walker និងឧទ្ទិសដល់ក្រុមគ្រួសារនៃជនរងគ្រោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១។ ទីលាននេះបានបើកទទួលសាធារណជននៅថ្ងៃបន្ទាប់។
អាជ្ញាធរ Port Authority នៃរដ្ឋ New York និងរដ្ឋ New Jersey ដែលជាម្ចាស់ដីនៅពីក្រោមសណ្ឋាគារដែលត្រូវបំផ្លាញនោះ បានត្រួសត្រាយផ្លូវឱ្យដីនោះក្លាយជាផ្នែកមួយនៃទីលានបូជនីយដ្ឋាន ដោយមានកិច្ចព្រមព្រៀងមួយនៅខែតុលា ឆ្នាំ២០០៣ ដើម្បីបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Marriott Corporation ដែលមានសុពលភាពរហូតដល់ឆ្នាំ២០៩៤។ កិច្ចព្រមព្រៀងនេះបានដកកាតព្វកិច្ចពីក្រុមហ៊ុន Marriott ឱ្យសង់សណ្ឋាគារនោះឡើងវិញ។
មានដើមឈើប្រភេទ swamp white oak ចំនួនជាង៤០០ដើមត្រូវបានដាំនៅជុំវិញបរិវេណអាងទឹកសម្រាប់ការស្មឹងស្មាធិ៍ទាំងពីររបស់ទីលានបូជនីយដ្ឋាន។
មានអគារតូចៗចំនួនពីរក៏ស្ថិតនៅចំទីតាំងនៃអតីតសណ្ឋាគារដែលត្រូវបានបំផ្លាញ។ ក្រុមហ៊ុនរបស់ស្ថាបត្យករទេសភាពអាមេរិកលោក Peter Walker ដែលជាអ្នករចនាទីលាននេះ និយាយថា អគារតូចៗទាំងពីរនេះមានតួនាទីសម្រួលខ្យល់ចេញចូលសម្រាប់សម្ភារៈនានាដែលស្ថិតនៅខាងក្រោមដីក្រោមទីលាននោះ។ ក្រុមហ៊ុនក៏បញ្ជាក់ថា អគារទាំងនេះក៏មានកន្លែងផ្តល់សេវាកម្មនិងប៉ុស្តិ៍សន្តិសុខមួយកន្លែង។
អគារលេខ៤ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដែលជាអគារកម្ពស់៩ជាន់ បានបើកជួលដំបូងនៅឆ្នាំ១៩៧៧។ អ្នកជួលសំខាន់ៗរួមមានធនាគារ Deutsche Bank និងក្រុមប្រឹក្សាពាណិជ្ជកម្មក្រុង New York។
ភាគច្រើននៃអគារលេខ៤ 4 WTC ត្រូវបានបំផ្លាញនៅពេលដែលអគារខាងត្បូងបានបាក់រលំកាលពីថ្ងៃទី១១ ខែកញ្ញា។ ផ្នែកនៃអគារដែលនៅសេសសល់ត្រូវបានវាយកម្ទេចចោលជាផ្នែកមួយនៃការបោសសម្អាតទីតាំង Ground Zero។
អគារលេខ៤4 WTC ថ្មីកំពុងត្រូវសាងសង់នៅលើទីតាំងនៃអគារ 4 WTC ចាស់ នៅឆ្នាំ២០១១។ អគារនេះត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Maki and Associates នៃប្រទេសជប៉ុន និងជាផ្នែកមួយនៃប្លង់មេឆ្នាំ២០០៣របស់ស្ថាបត្យករអាមេរិកលោក Daniel Libeskind ក្នុងការអភិវឌ្ឍឡើងវិញនូវអគារ
ទាំងអស់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ ក្រុមហ៊ុនអចលនទ្រព្យ Silverstein Properties បានទទួលអាជ្ញាប័ណ្ឌកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១០ ដើម្បីសាងសង់អគារលេខ៤ 4 WTC ក្រោមកិច្ចសន្យាជួលមួយពីអាជ្ញាធរ Port Authority នៃរដ្ឋ New York និងរដ្ឋ New Jersey។
អគារលេខ៣ 3 WTC ថ្មីមួយកំពុងត្រូវបានសាងសង់ឡើងលើផ្នែកមួយនៃទីតាំងរបស់អគារដើមកាលពីឆ្នាំ២០១១។ អគារថ្មីនេះត្រូវបានស្ថាបនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Rogers Stirk Harbour + Partners របស់ចក្រភពអង់គ្លេស និងជាផ្នែកមួយនៃប្លង់មេឆ្នាំ២០០៣របស់ស្ថាបត្យករអាមេរិកលោក Daniel Libeskind ក្នុងការអភិវឌ្ឍឡើងវិញប្រជុំអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ ក្រុមហ៊ុនអចលនទ្រព្យ Silverstein Properties បានទទួលអាជ្ញាប័ណ្ឌកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១០ ដើម្បីសាងសង់អគារលេខ៤ 4 WTC ក្រោមកិច្ចសន្យាជួលមួយពីអាជ្ញាធរ Port Authority នៃរដ្ឋ New York និងរដ្ឋ New Jersey។
អគារលេខ៤ 4 WTC កម្ពស់៧២ជាន់បានបើកទ្វារកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣។ អគារនេះមានកម្ពស់២៩៧ម៉ែត្រ ហើយត្រូវគេគ្រោងឱ្យក្លាយជាអគារខ្ពស់ជាងគេទី៤នៅប្រជុំអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅពេលការសាងសង់នៅទីនោះបានចប់សព្វគ្រប់។ ស្ថាបត្យករលោក Fumihiko Maki បានពិពណ៌នាអគារ 4 WTC ថាជា«អគារបែបរចនាបថអប្បបរមា minimalist ដែលសម្រេចបានវត្តមានសមរម្យ ស្ងៀមស្ងាត់ ប្រកបដោយកិត្តិយស»។
មួយភាគបួននៃបន្ទប់ការិយាល័យក្នុងអគារលេខ៤ 4 WTC ជាទីស្នាក់ការកណ្តាលថ្មីរបស់អាជ្ញាធរ Port Authority របស់រដ្ឋ New York និងរដ្ឋ New Jersey។ អ្នកជួលកន្លែងធ្វើការិយាល័យផ្សេងទៀតរួមមានរដ្ឋបាលក្រុង New York ក្រុមហ៊ុន Mediamath, Morningstar, SportsNet New York (SNY), Spotify, Sterling Entertainment និងក្រុមហ៊ុនធានារ៉ាប់រង Zurich American Insurance Company។
ជាន់គ្រឹះនៃអគារលេខ៤ 4 WTC រួមមានហាងលក់ទំនិញរាយបីជាន់ពីលើផ្ទៃដី និងពីរជាន់នៅក្រោមដី។
អគារលេខ៣ 3 WTC កម្ពស់៨០ជាន់បានបើកទ្វារនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។ អគារនេះមានកម្ពស់៣២៨ម៉ែត្រ ហើយត្រូវគេគ្រោងឱ្យទៅជាអគារខ្ពស់ជាងគេទី៣នៅប្រជុំអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅពេលអគារខ្ពស់ៗទាំងឡាយត្រូវបានសាងសង់រួចរាល់។
លក្ខណៈពិសេសនៃការរចនារបស់អគារលេខ៣ 3 WTC រួមមានគ្រោងខាងក្រៅរាងអក្សរ K ដែលធ្វើពីដែកថែប និងយ៉នៅជាន់ទី១៧ ទី៦០ និងទី៧៦។ អ្នកជួលធ្វើការិយាល័យនៅអគារនេះរួមមានក្រុមហ៊ុន Asana, Casper Sleep, Cozen O’Connor, Diageo, GroupM, Hudson River Trading, IEX Group, Kelley Drye & Warren, McKinsey & Company, និង Uber។ អគារនេះក៏មានហាងលក់ទំនិញរាយចំនួន៥ជាន់។
អគារលេខ៥ 5 WTC ដែលជាអគារការិយាល័យមានកម្ពស់៩ជាន់បានបើកទ្វារទទួលអ្នកជួលដំបូងនៅឆ្នាំ១៩៧២។ អ្នកជួលសំខាន់ៗរួមមានក្រុមហ៊ុន Credit Suisse First Boston និងក្រុមហ៊ុន Morgan Stanley។
អគារលេខ៥ 5 WTC ត្រូវបានបផ្លាញដោយអគ្គិភ័យនិងកម្ទេចកម្ទីក្រោយពីមានការបាក់រលំនៃអគារភ្លោះនៅក្បែរនោះកាលពីថ្ងៃទី១១ ខែកញ្ញា។ អគារនេះត្រូវបានវាយកម្ទេចចោលជាផ្នែកមួយនៃការបោសសម្អាតទីតាំង Ground Zero។
ការស្ថាបនាគ្រឹះសម្រាប់អគារលេខ២ 2 WTC ថ្មីមួយកំពុងធ្វើឡើងកាលពីឆ្នាំ២០១១ នៅផ្នែកខាងជើងនៃទីតាំងអតីតអគារចាស់។ អាជ្ញាធរ Port Authority នៃរដ្ឋ New York និងរដ្ឋ New Jersey ដែលជាម្ចាស់ដីនេះ បានយល់ព្រមចំពោះផែនការសាងសង់របស់ក្រុមហ៊ុនអចលនទ្រព្យ Silverstein Properties កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១០។
ប្លង់រចនាដើមនៅឆ្នាំ២០០៦ នៃអគារលេខ២ 2 WTC ដោយក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners បានប្រមើលមើលអគារកម្ពស់៧៩ជាន់ដែលនឹងក្លាយជាអគារខ្ពស់ជាងគេទី២នៅប្រជុំអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដោយមានកម្អស់៤១១ម៉ែត្រ។
ស្ថានីយដឹកជញ្ជូនថ្មី WTC Oculus កំពុងត្រូវបានសាងសង់កាលពីឆ្នាំ២០១១ នៅផ្នែកខាងត្បូងនៃទីតាំងអតីតអគារចាស់។
ស្ថានីយនេះនឹងដើរតួជាស្ថានីយសម្រាប់បណ្តាញរថភ្លើង Port Authority Trans-Hudson (PATH) ដែលភ្ជាប់សង្កាត់ Manhattan នៃក្រុង New York ជាមួយភាគឦសាននៃរដ្ឋ New Jersey។ ស្ថានីយថ្មីនេះនឹងជំនួសស្ថានីយបណ្តោះអាសន្ននៅក្បែរនោះដែលបានបើកឱ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៣ ហើយស្ថានីយថ្មីនេះនឹងស្តារឡើងវិញសេវាកម្មផ្លូវដែក PATH ដែលត្រូវបានផ្អាកនៅសង្កាត់ Manhattan ចាប់តាំងពីថ្ងៃ១១ កញ្ញា។
អាជ្ញាធរដែលគ្រប់គ្រងដំណើរការស្ថានីយ PATH គឺអាជ្ញាធរ Port Authority នៃរដ្ឋ New York និងរដ្ឋ New Jersey បានយល់ព្រមលើប្លង់រចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអេស្ប៉ាញ Santiago Calatrava នៅខែមករា ឆ្នាំ២០០៤ ដោយគ្រោងសម្ពោធបើកនៅឆ្នាំ២០០៩។ ប៉ុន្តែការកែសម្រួលប្លង់សាងសង់នេះបានពន្យារការសាងសង់សំណង់លើដីរហូតដល់ខែកក្កដា ឆ្នាំ២០០៨។
ជាន់ក្រោមដីនៃអគារលេខ២ 2 WTC និងសំណង់ពីលើនោះ ត្រូវបានសាងសង់រួចរាល់ដល់ជាន់ថ្នល់នៅខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែការសាងសង់ត្រូវបានផ្អាកដោយក្រុមហ៊ុនអចលនទ្រព្យ Silverstein Properties រហូតដល់ក្រុមហ៊ុននេះរកបានអ្នកជួលចម្បងសម្រាប់អគារខ្ពស់ថ្មីនេះ។
រោងធ្វើលោហៈមួយដែលព័ទ្ធជុំវិញអគារ 2 WTC ដែលគេទុកចោលនោះ បានក្លាយជាកន្លែងទេសចរមួយ ដោយសារវាមានគំនូរចម្រុះពណ៌ត្រូវបានគូសលើផ្ទៃខាងក្រៅ។
សិល្បករដែលគូររូបតាមផ្លូវសាធារណៈដែលត្រូវបានជួលដោយក្រុមហ៊ុន Silverstein Properties និងអាជ្ញាធរ Port Authority នៅខែមិថុនា ឆ្នាំ ២០១៨ បានគូររូបតាមជញ្ជាំងដើម្បីបង្កើនសោភ័ណភាពនៅតំបន់នោះដោយរូបគំនូរស្រស់ថ្លា ហើយបានគូររូបចប់នៅខែកញ្ញា ឆ្នាំនោះ។ ភោជនីយដ្ឋាន Oculus Beer Garden មួយនៅខាងផ្លូវ Church Street បានបើកនៅខែតុលា ឆ្នាំ២០២០។
ស្ថានីយរថភ្លើង PATH នៅស្ថានីយដឹកជញ្ជូនថ្មី WTC Oculus បានបើកទ្វារទទួលសាធារណជនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។ ដំបូលដ៏ប្លែករបស់ស្ថានីយនេះមានរាងដូចស្លាបពីរដែលបើកឡើងលើដោយមានទ្រនង់ស្រួចៗសន្ធឹងចេញពីធ្នឹមរាងកោងពីរ។ ប្លង់រចនាត្រូវគេយកតាមលំនាំសត្វព្រាបសដែលត្រូវក្មេងម្នាក់ព្រលែងពីដៃ នេះបើតាមស្ថាបត្យករលោក Calatrava។ នៅចន្លោះធ្នឹមកោងទាំងពីរមានកញ្ចប់ដំបូលវែងមួយដែលត្រូវគេបើកក្នុងថ្ងៃដែលមានអាកាសធាតុក្តៅស្រួលនិងជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែកញ្ញា។
ស្ថានីយរថភ្លើងនេះមានតម្លៃសាងសង់រហូតដល់ ៤.០០០លានដុល្លារ ដែលជាស្ថានីយរថភ្លើងថ្លៃបំផុតក្នុងសហរដ្ឋអាមេរិក គឺស្ទើរស្មើទ្វេដងនៃគម្រោងចាយវាយ ២.២០០លានដុល្លារ។ ស្ថានីយនេះក៏ត្រូវបានសាងសង់ដល់៧ឆ្នាំលើសផែនការដើម។
បរិវេណពីរជាន់ក្រោមដីនៃស្ថានីយរថភ្លើងនេះ ជាទីតាំងផ្សារទំនើប Westfield World Trade Center ដែលគ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យបារាំង Unibail-Rodamco-Westfield (URW)។ ផ្សារទំនើបថ្មីនេះជំនួសឱ្យផ្សារទំនើបមួយជាន់ក្រោមដីដែលត្រូវបំផ្លាញនៅថ្ងៃទី១១ ខែកញ្ញា ដែលស្ថិតនៅក្រោមដីប្រជុំអតីតអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។
នៅឆ្នាំ២០១៥ ក្រុមហ៊ុនអចលនទ្រព្យ Silverstein Properties បានប្រកាសពីប្លង់រចនាថ្មីសម្រាប់អគារលេខ២ 2 WTC ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបឋមជាមួយក្រុមហ៊ុន News Corp. និង 21st Century Fox សម្រាប់ជួលការិយាល័យស្ទើរពាក់កណ្តាលនៃអគារនោះ។ ប្លង់រចនារបស់ក្រុមហ៊ុន Bjarke Ingels Group (BIG) នៃប្រទេសដាណឺម៉ាក គ្រោងសាងសង់អគារដែលមានទម្រង់ជាប្រអប់៧ដាក់បន្តលើគ្នា ហើយមានកម្ពស់ប្រហាក់ប្រហែលនឹងប្លង់ដើមរបស់ក្រុមហ៊ុន Foster + Partners ដែរ។
ក្រោយពីក្រុមហ៊ុនផ្សព្វផ្សាយយក្សទាំងពីររបស់សហរដ្ឋអាមេរិកនេះសម្រេចមិនធ្វើតាមកិច្ចសន្យាជួលអគារទី២ 2 WTC ក្រុមហ៊ុន Silverstein Properties នៅខែមករា ឆ្នាំ២០២០ បានស្នើឱ្យក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners កែប្រែចំណុចជាច្រើនរបស់ប្លង់សាងសង់ឆ្នាំ២០០៦របស់ខ្លួន។ លក្ខណៈប្លែកនៃប្លង់ដើមនេះ គឺអគារនោះមានដំបូលដែលមានរាងដូចគ្រាប់ពេជ្រចំនួន៤ និងទេរទៅរកអាងសម្រាប់ស្មឹងស្មាធិ៍នៃទីលានបូជនីយដ្ឋាន ១១ កញ្ញា ដែលជាទីតាំងនៃអតីតអគារភ្លោះដែលបានរលំ។
ក្រុមហ៊ុន Silverstein Properties បញ្ជាក់ប្រាប់វីអូអេថា ការរចនាប្លង់ថ្មីរបស់ក្រុមហ៊ុន Foster + Partners កំពុងបន្តនៅឡើយនៅប៉ុន្មានថ្ងៃមុនខួបទី២០នៃថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដោយក្រុមហ៊ុននេះថាមិនទាន់មានកាលបរិច្ឆេទច្បាស់លាល់នៃការផ្សព្វផ្សាយប្លង់រចនាថ្មីនៃអគារ 2 WTC ដល់សាធារណជននៅឡើយ។
អគារលេខ៦ 6 WTC ជាអគារ៨ជាន់ដែលគេស្គាល់ថាជា ស្នាក់ការគយសហរដ្ឋអាមេរិក (U.S. Customs House) ដែលបានបើកនៅឆ្នាំ១៩៧៤។ អ្នកជួលអគារនេះភាគច្រើនជាទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធអាមេរិក រួមមានក្រសួងកសិកម្ម ពាណិជ្ជកម្ម និងការងារ និងការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ។
ការបាក់រលំអគារភ្លោះខាងជើងកាលពីថ្ងៃ ១១ កញ្ញា បានបន្សល់នូវក្រហូងដ៏ជ្រៅនៅអគារលេខ៦ 6 WTC។ អគារនេះត្រូវបានវាយកម្ទេចចោលជាផ្នែកមួយនៃការបោសសម្អាតទីតាំង Ground Zero។
អគារលេខ១ថ្មី (1 WTC) នៃមជ្ឈមណ្ឌលមណ្ឌលពាណិជ្ជកម្មពិភពលោកកំពុងដំណើរការសាងសង់ឡើងនៅឆ្នាំ២០១១ នៅផ្នែកខាងលិចនៃទីតាំងអគារចាស់។
អគារមានឈ្មោះដំបូងថា«អគារសេរីភាព» (Freedom Tower) ហើយត្រូវស្ថាបនាឡើងដោយអាជ្ញាធរ Port Authority ដែលបានចាប់សាងសង់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៦ ក្រោយពីមានការយល់ព្រមលើប្លង់រចនាឆ្នាំ២០០៥របស់ស្ថាបត្យករអាមេរិកលោក David Childs នៃក្រុមហ៊ុន Skidmore, Owings & Merrill។ ប្លង់រចនាអគារសេរីភាពរបស់លោក Childs បានផ្លាស់ប្តូរច្រើនពីប្លង់ឆ្នាំ២០០២របស់ស្ថាបត្យករអាមេរិកដែរគឺលោក Daniel Libeskind ដែលត្រូវយល់ព្រមដោយសហគ្រាសអភិវឌ្ឍន៍តំបន់ខាងត្បូងសង្កាត់ Manhattan (Lower Manhattan Development Corporation) នៅឆ្នាំ២០០៣ ជាផ្នែកមួយនៃប្លង់មេរបស់លោក Liebskind សម្រាប់ការអភិវឌ្ឍឡើងវិញតំបន់ប្រជុំអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ ប៉ុន្តែប្លង់រចនារបស់លោក Childs រក្សាចំណុចសំខាន់មួយនៃចក្ខុវិស័យរបស់លោក Libeskind គឺការតម្រូវឱ្យអគារនេះមានកម្ពស់រហូតដល់ ៥៤២ម៉ែត្រ ស្មើនឹង ១.៧៧៦ ហ្វ៊ីត ដែលជាតួលេខតំណាងឱ្យឆ្នាំសហរដ្ឋអាមេរិកទទួលបានឯករាជ្យ។
អាជ្ញាធរ Port Authority បានប្តូរឈ្មោះអគារសេរីភាពឱ្យទៅជា One World Trade Center នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩។ ក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅក្រុង New York ឈ្មោះ The Durst Organization បានចូលរួមជាមួយអាជ្ញាធរ Port Authority ក្នុងនាមជាសហស្ថាបនិកនៃអគារលេខ១ 1 WTC នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១០។
ស្ថាបនិកទាំងពីរបានសាងសង់អគារនេះដល់ជាន់ទី៨០ នៃអគារដែលមានសរុប១០៤ជាន់នេះ នៅខែកញ្ញា ឆ្នាំ២០១១។
ស្ថានីយរថភ្លើងបណ្តោះអាសន្នមួយសម្រាប់បណ្តាញរថភ្លើង Port Authority Trans-Hudson (PATH) ដែលភ្ជាប់សង្កាត់ Manhattan នៃក្រុង New York ជាមួយតំបន់ឦសាននៃរដ្ឋ New Jersey ត្រូវបានសាងសង់ឡើងនៅផ្នែកខាងកើតនៃទីតាំងនេះ។ ស្ថានីយនេះបានបើកទ្វារនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៣ ដោយស្តារសេវារថភ្លើងនៅតំបន់ Lower Manhattan ដែលត្រូវបានផ្អាកតាំងពីថ្ងៃវាយប្រហារភេរវកម្មទី១១ ខែកញ្ញា ឆ្នាំ២០០១។
ស្ថានីយបណ្តោះអាសន្ននេះ (ផ្នែកខាងស្តាំនៃរូបថត) នៅទីបំផុតនឹងត្រូវវាយកម្ទេចចោលដើម្បីសាងសង់ជំនួសវិញនូវសាលសម្តែងសិល្បៈ។ សហគ្រាស Lower Manhattan Development Corporation ដែលមានសមាសភាពរួមពីក្រុងនិងរដ្ឋ New York និងមានតួនាទីអភិវឌ្ឍតំបន់នោះឡើងវិញក្រោយថ្ងៃ ១១ កញ្ញា បានប្រកាសកាលពីខែតុលា ឆ្នាំ២០០៤ ថាខ្លួនបានជ្រើសរើសក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Gehry Partners និងន័រវែស Snøhetta ឱ្យរចនាប្លង់និងសាងសង់អគារនេះ។ ប៉ុន្តែនៅត្រឹមឆ្នាំ២០១១ ប្លង់រចនាចុងក្រោយនៅមិនទាន់ច្បាស់លាស់ដោយសារមានទំនាស់អំពីកម្មវិធីសិល្បៈដែលត្រូវសម្តែងនៅមជ្ឈមណ្ឌល និងក្តីបារម្ភអំពីតម្លៃថ្លៃនៃការសាងសង់ពីលើផ្លូវរថភ្លើង PATH និងកន្លែងចតរថយន្តក្រោមដីផងនោះ។
អគារលេខ១ 1 WTC បានបើកធ្វើអាជីវកម្មនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយមានក្រុមហ៊ុនបោះពុម្ពដ៏ធំ Condé Nast ជាអ្នកជួលធ្វើការិយាល័យដំបូងគេ ចាប់ពីជាន់ទី២០ដល់៤៤។ អគារកម្ពស់៥៤២ម៉ែត្រនេះ ដែលរួមមានអង់តែនកម្ពស់១២៤ម៉ែត្រលើដំបូលផងនោះ ជាអគារខ្ពស់ជាងគេនៅអឌ្ឍគោលខាងលិច។ អគារនេះត្រូវសាងសង់អស់តម្លៃ ៣.៩០០លានដុល្លារ និងមានទម្រង់ពិសេសដោយមានសំណង់គ្រឹះរាងគូប និងមានជ្រុងកញ្ចក់រាងជាត្រីកោណសមបាតសង់ឡើងលើនិងប្រសព្វគ្នាបង្កើតបានជារាងអដ្ឋកោណនៅពាក់កណ្តាលអគារ និងបង្កើតជារាងការ៉េនៅចំណុចដំបូល ដែលធ្វើឱ្យអគារនេះធ្វើឱ្យគេមើលទៅដូចជាអគារនេះត្រូវគេមួល។
ជាន់ទី២ដល់ជាន់ទី១៩ បង្កើតជាជាន់គ្រឹះនៃអគារ ហើយជាន់ទី៩២ ដល់ជាន់ទី៩៩ ជាជាន់បច្ចេកទេសគ្រឿងយន្តដែលមិនមានអ្នកជួលទេ។
កន្លែងមើលទស្សនីយភាពនៃ One World Observatory ដែលជាកន្លែងទាក់ទាញទេសចរសំខាន់មួយរបស់អគារលេខ១ 1 WTC បានបើកទ្វារទទួលសាធារណជនកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅជាន់ទី១០០ដល់ជាន់ទី១០២ ដោយអាចមើលទេសភាពមួយជុំពីលើទីក្រុង New York បានទៅគ្រប់ទិស រហូតដល់ចម្ងាយ៧២ គីឡូម៉ែត្រ។ ជណ្តើរយោងចំនួន៧១នៅក្នុងអគារនេះ ដោយរួមមានជណ្តើរយោងល្បឿងលឿនចំនួន៥ផង អាចនាំភ្ញៀវទេសចរពីជាន់ដីមកកន្លែងមើលទេសភាពនៅជាន់ទី១០២ ក្នុងរយៈពេលតែ៤៧វិនាទី។
ក្រុមហ៊ុនសំខាន់ៗផ្សេងទៀតដែលជួលចាប់ពីពីរជាន់ឡើង នៃផ្ទៃការិយាល័យសរុប ២៧៨.០០០ម៉ែត្រការ៉េនៃអគារលេខ១ 1 WTC រួមមានទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធដូចជា ទីភ្នាក់ងារគយនិងការពារព្រំដែន ទីភ្នាកងារសហព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ (FEMA) និងទីភ្នាក់ងារកិច្ចការសេវាកម្មទូទៅ (GSA) ក៏ដូចជាក្រុមហ៊ុន DAZN Group, Moody’s Investor Service, Stagwell Inc. និងក្រុមហ៊ុន Wunderkind (អតីតក្រុមហ៊ុន BounceX)។
ក្រុមហ៊ុន The Durst Organization ដែលគ្រប់គ្រងអគារលេខ១ 1 WTC ថ្លែងប្រាប់វីអូអេថាបន្ទប់ការិយាល័យចំនួន៩០%នៃអគារនេះត្រូវបានជួលហើយបើគិតមកទល់នឹងខែសីហា ឆ្នាំ២០២១។
ការសាងសង់ផ្នែកក្រោមដីនៃមជ្ឈមណ្ឌលសម្តែងសិល្បៈនេះបានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅក្រោយការបិទស្ថានីយបណ្តោះអាសន្នរថភ្លើង PATH កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ និងការវាយកម្ទេចបន្ទាប់មក ក៏ដូចជាការចាប់ផ្តើមសាងសង់ចំណតរថយន្តក្រោមដីនៅទីតាំងនោះនៅឆ្នាំ២០១៧។
ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលនេះបានសម្រេចជ្រើសរើសក្រុមហ៊ុនស្ថាបត្យកម្ម REX ដឹកនាំដោយលោក Joshua Ramus នៅខែវិច្ឆិកា ឆ្នាំ២០១៥ ឱ្យរចនាអគារនេះ ដោយប្លង់រចនាដើមរបស់ក្រុមហ៊ុន Gehry Partners និង Snøhetta ត្រូវគេលុបចោល។ ក្រោយមកមជ្ឈមណ្ឌលនេះបានយកឈ្មោះតាមពាណិជ្ជករអាមេរិកដែលជាមហាសេដ្ឋីគឺលោក Ronald O. Perelman ដោយសារលោកបានបរិច្ចាគ ៧៥លានដុល្លារដល់គម្រោងនេះនៅខែមិថុនា ឆ្នាំ២០១៦។ អាជ្ញាធរ Port Authority ដែលជាម្ចាស់ដីកាលពីខែកុម្ភៈឆ្នាំ២០១៨ បានយល់ព្រមជួលទីតាំងនេះឱ្យមជ្ឈមណ្ឌលសម្តែងសិល្បៈនេះចំនួន៩៩ឆ្នាំ។
ការសាងសង់សំណង់លើដីនៃមជ្ឈមណ្ឌលនេះបានចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅពេលសរសរដែកថែបត្រូវគេដឹកមកដល់ និងបន្តនៅឆ្នាំ២០២១ ដោយមានពិធីបញ្ចប់ការសាងសង់គ្រោងអគារកាលពីថ្ងៃទី២៣ ខែមិថុនា។
អាជ្ញាធរ Port Authority គ្រោងសម្ពោធមជ្ឈមណ្ឌលសិល្បៈនេះនៅឆ្នាំ២០២៣។
អគាររាងគូបកម្អស់៤២ម៉ែត្រនេះនឹងមានរោងល្ខោន សាលរបាំ សាលតន្ត្រី រោងភាពយន្ត និងរោងល្ខោន opera នៅកន្លែងសម្តែងបីដែលអាចផ្លាស់ប្តូរតាមតម្រូវការបាននិងអាចដាក់មនុស្សបានពី៩៩នាក់ដល់១.២០០នាក់។
អគារលេខ៧ ឬ Seven World Trade Center (7 WTC) មានទម្រង់ជាចតុកោណព្នាយកម្ពស់៤៧ជាន់ បានបើកទ្វារនៅឆ្នាំ១៩៨៧។ អគារត្រូវបានស្ថាបនាឡើងដោយអ្នកជំនួញអចលនទ្រព្យអាមេរិកលោក Larry Silverstein នៅលើដីដែលជួលឱ្យដោយអាជ្ញាធរ Port Authority។ នៅគ្រឹះនៃអគារលេខ៧ 7 WTC មានស្ថានីយអគ្គិសនី Con Edison ដែលផ្គត់ផ្គង់អគ្គិសនីដល់តំបន់ Lower Manhattan។ ធនាគារវិនិយោគ Salomon Smith Barney ជាអ្នកជួលចម្បងនៅអគារនេះ។ អ្នកជួលផ្សេងទៀតដែលជួយអគារនេះធ្វើជាការិយាល័យរួមមានធនាគារ American Express Bank International, ក្រុមហ៊ុនធានារ៉ាប់រង ITT Hartford Insurance Group, គណៈកម្មការមូលធនប័ត្រនិងការប្តូរប្រាក់សហរដ្ឋអាមេរិក និងធនាគារ Standard Chartered Bank។
អ្នកជួលទាំងឡាយបានជម្លៀសចេញពីអគារលេខ៧ 7 WTC នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០១។ នៅពេលដែលអគារភ្លោះខាងជើងបានបាក់រលំ កម្ទេចកម្ទីបានខ្ទាតប៉ះផ្នែកខាងត្បូងនៃអគារលេខ៧ 7 WTC និងបង្កឱ្យមានអគ្គិភ័យធំមួយ។ កម្ទេចកម្ទីពីអគារភ្លោះទាំងពីរក៏បានធ្វើឱ្យខូចខាតដល់បំពង់ទឹកធំដែលផ្គត់ផ្គង់ប្រព័ន្ធប្រោះទឹកក្នុងអគារដែលធ្វើឱ្យគេមិនអាចពន្លត់ភ្លើងបាន។ ភ្លើងបានបន្តឆាបឆេះដោយសេរីអស់រយៈពេលជិត៧ម៉ោង រហូតដល់ពេលអគារលេខ៧ 7 WTC បាក់រលំនៅម៉ោង ៥:២០នាទីរសៀលថ្ងៃទី១១ ខែកញ្ញានោះ។ មិនមានអ្នកណាម្នាក់បានស្លាប់ពីការបាក់រលំអគារនេះទេ។
របាយការណ៍មួយនៅឆ្នាំ២០០៨របស់វិទ្យាស្ថានជាតិសហរដ្ឋអាមេរិកសម្រាប់ស្តង់ដានិងបច្ចេកវិទ្យា (NIST) និយាយថា ការបាក់រលំនៃអគារទី៧ 7 WTC ជាករណីបាក់រលំអគារខ្ពស់ដំបូងបង្អស់ ដែលបង្កឡើងជាចម្បងដោយសារអគ្គិភ័យឆេះសន្ធោរសន្ធៅ។ វិទ្យាស្ថាន NIST និយាយថាកម្តៅចេញពីអគ្គិភ័យឆាបឆេះគ្មានឈប់នេះបានបណ្តាលឱ្យចម្រឹងដែកថែបត្រង់ធ្នឹមនិងរតត្រូវរីកដោយសារកម្តៅ។ កត្តានេះបានបង្កឱ្យមានហេតុការណ៍ជាបន្តបន្ទាប់រហូតដល់បណ្តាលឱ្យខូចខាតដល់សសរទ្រទ្រង់សំខាន់ៗ។ វិទ្យាស្ថាននេះនិយាយថាការខូចខាតសសរនេះបាននាំទៅដល់ការបាក់រលំអគារដោយសារអគ្គិភ័យ។
អគារលេខ៧ 7 WTC ថ្មីមួយ (រូបខាងស្តាំ) បានបើកទ្វារនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៦ ក្រោយពីការសាងសង់បានចាប់ផ្តើមក្រោយពិធីបើកការដ្ឋានសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០០២។
លោក Larry Silverstein ដែលបានស្ថាបនាអគារលេខ៧ 7 WTC ដើម បានជួលស្ថាបត្យករអាមេរិកលោក David Childs នៃក្រុមហ៊ុន Skidmore, Owings & Merrill ឱ្យគូសប្លង់អគារថ្មីនៅប៉ុន្មានខែក្រោយព្រឹត្តិការណ៍ ១១ កញ្ញា។ លោក Silverstein ថ្លែងប្រាប់ទស្សនាវដ្តី New Yorker ថា៖ «អគារលេខ៧ចាស់ជាអគារធ្វើពីថ្ម ដែលធ្ងន់និងធំ។ លើកនេះយើងនឹងស្ថាបនាអគារដែលនឹងស្រាលជាងនេះ»។
លោក Childs បានគូសប្លង់អគារមួយដែលស្តួចជាងមុនក្រាលដោយកញ្ចក់កម្ពស់៥២ជាន់ ដោយមានស្ថានីយអគ្គិសនីតូចជាងមុននៅជាន់គ្រឹះ ដែលមានរាងជាចតុរស្ស ដើម្បីឱ្យគេអាចបើកផ្លូវ Greenwich Street ឡើងវិញបានខ្លះ ដែលពីមុនត្រូវបានបិទទាំងស្រុងដោយអគារចាស់។
អគារលេខ៧ 7 WTC បានក្លាយជាអគារដំបូងនៅក្រុង New York ដែលបានទទួលការវាយតម្លៃកម្រិតមាសខាងការរចនាឈានមុខផ្នែកថាមពលនិងបរិស្ថាន ឬហៅថា LEED ពីក្រុមប្រឹក្សាអគារបៃតងសហរដ្ឋអាមេរិក។ អ្នកជួលសំខាន់ៗនៅអគារនេះ រូមមាន ក្រុមហ៊ុន Broadcast Music, Inc. (BMI), Jeffrey Beers International, Mansueto Ventures, Moet Hennessy USA, Moody’s Corporation, បណ្ឌិត្យសភាវិទ្យាសាស្ត្រក្រុង New York, Silverstein Properties, WilmerHale និងក្រុមហ៊ុន Zola។
សួនគ្រួសារ Silverstein ដែលមានរាងត្រីកោណ ត្រូវបានស្ថាបនាឡើងនៅផ្នែកខាងកើតនៃទីតាំងអគារលេខ៧ 7 WTC ចាស់ ហើយត្រូវស្ថាបនារួចរាល់នៅឆ្នាំ២០០៤។
សួនដែលត្រូវរចនាឡើងដោយស្ថាបត្យករទេសភាពលោក Ken Smith នេះមានផ្ទៃ១.៣៩០ម៉ែត្រការ៉េ មានអាងបាញ់ទឹករាងមូលនៅកណ្តាល និងមានដើមឈើនិងគុម្ពោតនៅបរិវេណជុំវិញ។ សួននេះជាកន្លែងស្ងប់ស្ងាត់សម្រាកលម្ហែកាយសម្រាប់អ្នកធ្វើការ អ្នកក្រុងនិងអ្នកទេសចរ។
ដើមឡើយនៅកណ្តាលអាងបាញ់ទឹកនៃសួននេះមានរូបចម្លាក់ពណ៌ក្រហមឈ្មោះ Balloon Flower ដែលបង្កើតដោយសិល្បករអាមេរិកលោក Jeff Koons។ រូបចម្លាក់កម្ពស់២,៧ម៉ែត្រដែលធ្វើពីដែកថែមមិនច្រេះនេះ បានក្លាយជានិមិត្តរូបនៃសួននេះ ត្រូវបានគេដកចេញកាលពីខែតុលាឆ្នាំ២០១៨ ដើម្បីសម្អាតឱ្យថ្មីឡើងវិញ ខណៈអាងបាញ់ទឹកក៏ត្រូវបានជួសជុលដែរ។ ក្រោយមកគេបានចាប់បើកអាងបាញ់ទឹកនោះឡើងវិញ ប៉ុន្តែក្រុមហ៊ុន Silverstein Properties ថ្លែងប្រាប់វីអូអេថា រូបចម្លាក់នោះនៅតែត្រូវគេបន្តសម្អាតឱ្យថ្មីឡើងវិញនៅអឺរ៉ុបកាលពីខែសីហា ឆ្នាំ២០២១។
ព្រះវិហារគ្រិស្តសាសនានិកាយក្រិក Orthodox ឈ្មោះ Saint Nicholas ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១៦ ដោយក្រុមជនអន្តោប្រវេស្តន៍ក្រិកដែលបានតាំងទីលំនៅនៅតំបន់ Lower Manhattan ក្រោយពីបានជិះកប៉ាល់មកដល់សហរដ្ឋអាមេរិក។
ពួកគេបានបង្កើតព្រះវិហារនៅក្នុងផ្ទះល្វែងមួយដែលត្រូវបានសាងសង់ឡើងកាលពីប្រមាណឆ្នាំ១៨៣០ជាគេហដ្ឋានឯកជន ដែលពួកគេបានទិញក្នុងតម្លៃ២៥.០០០ដុល្លារ។ ក្រុមស្ថាបនិក ដែលជាច្រើនជាកម្មករធ្វើការលើនាវា បានឧទ្ទិសផ្ទះល្វែងដែលត្រូវប្រែក្លាយឱ្យទៅជាកន្លែងគោរពបូជានៅអាស័យដ្ឋានលេខ ១៥៥ ផ្លូវ Cedar នេះ ដល់ Saint Nicholas ដែលជាសន្តបុគ្គលនៃនាវិកទាំងនោះ។
វិហារ Saint Nicholas ត្រូវបានបំផ្លាញរាបដល់ដីដោយសារការបាក់រលំនៃអគារភ្លោះខាងត្បូងក្នុងព្រឹត្តិការណ៍ ១១ កញ្ញា។ មិនមានអ្នកណាម្នាក់នៅក្នុងវិហារពេលនោះទេ។ វិហារនេះជាអគារសម្រាប់គោរពបូជាតែមួយគត់ដែលត្រូវបានបំផ្លាញក្នុងព្រឹត្តិការណ៍វាយប្រហារភេរវកម្មនេះ។ ក្នុងអំឡុងការបោសសម្អាតនៅទីតាំងនោះ គេបានប្រទះឃើញវត្ថុសាសនាមួយចំនួន។
ក្រោយការចរចាអស់រាប់ឆ្នាំអំពីជោគវាសនានៃទីតាំងព្រះវិហារ Saint Nicholas អាជ្ញាធរថ្នាក់មូលដ្ឋាននិងថ្នាក់រដ្ឋបានឈានដល់កិច្ចព្រមព្រៀងជាមួយគណៈសង្ឃនិកាយក្រិករបស់អាមេរិក (Greek Orthodox Archdiocese of America) នៅខែកក្កដា ឆ្នាំ២០០៨ ដើម្បីឱ្យស្ថាបនាវិហារឡើងវិញនៅកន្លែងមួយជាសួននាពេលអនាគត នៅមួយប្លុកខាងកើតទីតាំងចាស់នៃវិហារនោះ។ កិច្ចព្រមព្រៀងនោះទាមទារឱ្យគណៈសង្ឃផ្ទេរកម្មសិទ្ធិដីនៃវិហារដែលត្រូវបំផ្លាញនៅអាស័យដ្ឋានលេខ ១៥៥ ផ្លូវ Cedar នោះ ឱ្យទៅអាជ្ញាធរ Port Authority ដើម្បីឱ្យអាជ្ញាធររួមគ្នាពីររដ្ឋនេះអាចចាប់ផ្តើមជីកទីតាំងនោះធ្វើជាមជ្ឈមណ្ឌលសន្តិសុខយានយន្តនៅក្រោមដីសម្រាប់បណ្តុំអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។
ជាថ្នូរនឹងការផ្ទេរកម្មសិទ្ធិដីនេះ អាជ្ញាធរ Port Authority បានយល់ព្រមផ្តល់ដល់គណៈសង្ឃវិញនូវថវិកា ២០លានដុល្លារដើម្បីជួយសាងសង់ព្រះវិហារលើផ្ទៃដីធំជាងមុននៅទីតាំងថ្មី និងយល់ព្រមចេញចំណាយបន្ថែមទៀតប្រមាណ២០ទៅ៤០លានដុល្លារសម្រាប់ការស្ថាបនាវេទិកាជួយទ្រទ្រង់អគារថ្មីនៅពីលើមជ្ឈមណ្ឌលសន្តិសុខយានយន្ត។
ប៉ុន្តែការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងនេះបានបរាជ័យនៅខែមីនាឆ្នាំ២០០៩។ អាជ្ញាធរ Port Authority បានសម្រេចបន្តការជីកនៅទីតាំងវិហារចាស់នៅពាក់កណ្តាលឆ្នាំ២០១០ ដោយអះអាងថាខ្លួនមិនអាចរង់ចាំបន្តទៀតទេ ដើម្បីស្ថាបនាមជ្ឈមណ្ឌលសន្តិសុខយានយន្ត ដែលនឹងដើរតួជាផ្លូវគមនាគមន៍សំខាន់សម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកដែលនឹងត្រូវសាងសង់ថ្មីនោះ។ គណៈសង្ឃបានប្តឹងអាជ្ញាធរ Port Authority នៅឆ្នាំ២០១១ ដោយចោទអាជ្ញាធរនេះថាបានរំលោភដីធ្លីនិងរំលោភលើបញ្ញត្តិនៃកិច្ចព្រមព្រៀងដីបឋម។
អភិបាលរដ្ឋ New York លោក Andrew Cuomo បានសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងចុងក្រោយមួយរវាងភាគីទាំងសងខាង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១ ដែលអនុញ្ញាតឱ្យគណៈសង្ឃអាចចាប់ផ្តើមកិច្ចការគូសប្លង់ព្រះវិហារថ្មី។
សួនសេរីភាព ដែលមានទំហំ៤.០០០ម៉ែត្រការ៉េជាកន្លែងកម្សាន្តនៅកម្ពស់៧ម៉ែត្រពីលើវិថីសេរីភាព បានបើកទ្វារដល់សាធារណជននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ សួនរាងចតុកោណនេះស្ថិតនៅលើដំបូលនៃមជ្ឈមណ្ឌលសន្តិសុខយានយន្ត សម្រាប់ឆែកឆេររថយន្តដឹកទំនិញនិងរថយន្តក្រុងដែលចូលកន្លែងក្រោមដីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។
ប្លង់រចនារបស់ស្ថាបត្យករទេសភាពអាមេរិកលោក Joseph E. Brown អំពីសួនដែលជាកម្មសិទ្ធិរបស់អាជ្ញាធរ Port Authority នេះ ត្រូវបានបង្ហាញនៅក្នុងឆ្នាំ២០១៣ ហើយការស្ថាបនាគម្រោង៥០លានដុល្លារនេះនឹងត្រូវចាប់ផ្តើមមួយឆ្នាំបន្ទាប់មក។
ក្រោយការសាងសង់រួច មានរូបចម្លាក់ពិសេសពីរនៅក្នុងសួននេះ។
រូបបដិមាមួយគឺរូប The Sphere របស់សិល្បករអាល្លឺម៉ង់ Fritz Koenig ដែលដំបូងឡើយស្ថិតនៅកណ្តាលទីលាន Austin J. Tobin Plaza នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកចាស់ រហូតដល់ត្រូវកំប៉តដោយសារការបាក់រលំនៃអគារភ្លោះនៅព្រឹត្តិការណ៍ថ្ងៃ ១១ កញ្ញា។ រូបចម្លាក់សំរិទ្ធកម្ពស់៧ម៉ែត្រនេះត្រូវបានគេយកទៅបង្ហាញឡើងវិញនៅសួន Battery ក្បែរនោះកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០០២ ហើយស្ថិតនៅទីនោះរហូតដល់ឆ្នាំ២០១២ នៅពេលការជួសជុលសួនតម្រូវឱ្យគេយករូបចម្លាក់នោះទៅរក្សាទុកសិន។ យុទ្ធនាការសាធារណៈមួយបានទាមទារឱ្យយករូប The Sphere នោះទៅដាក់តាំងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកវិញ។ ក្រោយការស្លាប់របស់លោក Koenig កាលពីថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៧ ស្នាដៃរបស់លោកនេះត្រូវបានគេយកទៅដាក់នៅសួនសេរីភាពកាលពីថ្ងៃទី៦ ខែកញ្ញា នៅឆ្នាំនោះ។ រូបបដិមា The Sphere ត្រូវបានគេសម្ពោធដាក់ជាផ្លូវការនៅទីនោះនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបចម្លាក់មួយទៀតគឺ America’s Response Monument ដោយសិល្បករអាមេរិកលោក Douwe Blumberg។
រូបចម្លាក់ធ្វើពីសំរិទ្ធកម្ពស់៤ម៉ែត្រនេះបង្ហាញពីរូបទាហានម្នាក់នៃកងកម្លាំងប្រតិបត្តិការពិសេសសហរដ្ឋអាមេរិក ជិះលើសេះ ដើម្បីសម្តែងការដឹងគុណដល់ទាហានអាមេរិកដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអាហ្វហ្កានីស្ថានដើម្បីឆ្លើយតបនឹងការវាយប្រហារភេរវកម្មថ្ងៃ ១១ កញ្ញា ដោយរូបទាហាននោះជិះសេះអាហ្វហ្កានីស្ថាន នៅដំណាក់កាលដំបូងៗនៃការប្រយុទ្ធនឹងក្រុមយុទ្ធជនតាលីបង់ ដែលបានផ្តល់ជម្រកឱ្យក្រុមភេរវកម្ម al-Qaida។ លោក Blumberg បានគំនិតបង្កើតរូបចម្លាក់នេះ ដោយសារបានឃើញរូបថតរបស់រដ្ឋាភិបាលអាមេរិក ដែលបង្ហាញទាហានអាមេរិកជិះសេះជាមួយក្រុមកុលសម្ព័ន្ធអាហ្វហ្កានីស្ថាន ដើម្បីឆ្លងកាត់សណ្ឋានដីដែលសម្បូរដោយភ្នំនៅខែតុលា ឆ្នាំ២០០១។
រូបចម្លាក់ America’s Response Monument ត្រូវបានបង្ហាញដំបូងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ នៅសាលទទួលភ្ញៀវនៃអគារ One World Financial Center ចូលតាមវិថី West Street គឺនៅជាប់ទីតាំង Ground Zero. រូបចម្លាក់ត្រូវបានគេប្តូរទីតាំងនិងសម្ពោធជាថ្មីកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ នៅទីតាំងខាងក្រៅមួយកន្លែងតាមវិថី Vesey Street នៅជិតច្រកចូលស្ថានីយបណ្តោះអាសន្ននៃរថភ្លើង PATH និងអគារ One World Trade Center ដែលគេកំពុងសាងសង់។ រូបចម្លាក់នេះត្រូវបានគេប្តូរទីតាំងជាចុងក្រោយទៀតទៅកាន់សួនសេរីភាព និងត្រូវសម្ពោធជាលើកទី៣ទៀតនៅក្នុងពិធីមួយនៅថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦។
មជ្ឈមណ្ឌលសន្តិសុខយានយន្ត ឬ VSC នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកបានបើកឲ្យសាធារណជនប្រើប្រាស់ រួមទាំងសម្រាប់ជាកន្លែងទទួលឥវ៉ាន់សម្រាប់អ្នកនៅអគារ WTCបីថ្ងៃមុនអគារ 1 WTC បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ។ ច្រកចូល VSC តាមវិថី Liberty Street ដើរតួជាកន្លែងត្រួតពិនិត្យរថយន្តដឹកទំនិញ រថយន្តក្រុង និងរថយន្តតូច ដែលបើកចូលតំបន់ក្រោមដីដែលមានផ្លូវខ្វាត់ខ្វែងនិងចំណតរថយន្តនៅពីក្រោមបណ្តុំអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ ចំណតរថយន្តនេះមិនមែនសម្រាប់សាធារណជនចតរថយន្តទេ។
អាជ្ញាធរ Port Authority ដែលជាម្ចាស់សំណង់ VSC បានអនុញ្ញាតឱ្យសាងសង់សំណង់តម្លៃ៦៦៧លានដុល្លារនេះ ហើយបានចាប់ផ្តើមការជីកកកាយនៅពាក់កណ្តាលឆ្នាំ២០១០។ ដំបូលមួយជាន់ធ្វើពីបេតុងដែលនៅពេលលើចក្រចូលសំណង់ VSC នេះត្រូវគេស្ថាបនារួចរាល់នៅឆ្នាំ២០១៣ ដែលបានអនុញ្ញាតឱ្យគេអាចស្ថាបនាសួនសេរីភាពពីលើដំបូលនៃសំណង់ VSC មួយឆ្នាំបន្ទាប់មក។
លក្ខណៈពិសេសមួយនៃច្រកចូលសំណង់ VSC គឺ«ជញ្ជាំងរស់»ដែលមានដាំរុក្ខជាតិប្រវែង៩១ម៉ែត្រ ដែលលាតសន្ធឹងពីសួនលើដំបូលនោះចុះមកដល់ផ្លូវថ្នល់។
អគារការិយាល័យកម្ពស់៤០ជាន់និងទីលានដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធនាគារអាមេរិក Bankers Trust បានបើកធ្វើអាជីវកម្មដំបូងនៅអាស័យដ្ឋាន ១៣០ វិធីសេរីភាព (Liberty Street) នៅឆ្នាំ ១៩៧៤។ ទីលានត្រូវគេហៅថា Bankers Trust Plaza ហើយអគារមានគ្រោងធ្វើពីដែកថែបនិងមានផ្នែកខាងមុខធ្វើពីអាលុយមីញ៉ូមពណ៌ខ្មៅនិងកញ្ចក់ងងឹត។ អគារនេះត្រូវប្តូរឈ្មោះទៅជាអគារ Deutsche Bank ក្រោយធនាគារអាល្លឺម៉ង់នេះបានទិញក្រុមហ៊ុន Bankers Trust នៅឆ្នាំ១៩៩៩។
អគារ Deutsche Bank ត្រូវបានជម្លៀសស្ទើរទាំងស្រុងនៅថ្ងៃ ១១ កញ្ញា នៅពេលកម្ទេចកម្ទីពីអគារភ្លោះខាងត្បូងដែលបានបាក់រលំបានបណ្តាលឱ្យមានរង្វះយ៉ាងជ្រៅនៅផ្នែកខាងជើងនៃអគារនោះ។ សន្តិសុខម្នាក់ដែលបានជួយក្នុងការជម្លៀសនោះគឺលោក Francisco Bourdier បានស្លាប់ក្នុងព្រឹត្តិការណ៍នោះ។ អគារខ្ពស់នេះពោរពេញដោយធូលីពុលពីទីតាំងអតីតមជ្ឈមណ្ឌល WTC នៅជាប់នោះ ហើយមានផ្សិតដុះដែលបណ្តាលមកពីទឹកភ្លៀងដែលសាចចូលតាមបង្អួចដែលបែកបាក់នោះ។ គេបានដាក់សំណាញ់ជុំវិញដើម្បីការពារកុំឱ្យមានកម្ទេចកម្ទីធ្លាក់។
នៅឆ្នាំ២០០២ ធនាគារ Deutsche Bank បានប្រកាសថាអគារខ្ពស់នេះមិនអាចប្រើប្រាស់បានខូចខាតទាំងស្រុង និងទាមទារសំណង១.៧០០លានដុល្លារពីក្រុមហ៊ុនធានារ៉ាប់រង។ ក្រុមហ៊ុនធានារ៉ាប់រងពីរមិនយល់ស្រប ដោយអះអាងថាអគារនេះ អាចសម្អាតនិងជួសជុលប្រើប្រាស់វិញបាន។ ក្រោយមកជម្លោះផ្លូវច្បាប់មួយបានកើតឡើងនៅពេលធនាគារ Deutsche Bank ប្តឹងក្រុមហ៊ុនធានារ៉ាប់រង Allianz និង AXA នៅខែសីហា ឆ្នាំ២០០៣ ដើម្បីបង្ខំឱ្យបង់សំណងទាំងស្រុង។
ជិត១០ឆ្នាំក្រោយពីការវាយប្រហារថ្ងៃ១១ កញ្ញា ធ្វើឱ្យអគារ Deutsche Bank មិនអាចប្រើប្រាស់បាន ការវាយចោលអគារនេះបានចប់សព្វគ្រប់នៅខែកុម្ភៈឆ្នាំ២០១១នៅពេលកម្មករវាយកម្ទេចដល់ជាន់ក្រោមដី។
នៅជំហានដំបូងឆ្ពោះទៅកាន់ការវាយចោលអគារនេះ សហគ្រាស Lower Manhattan Development Corporation បានសន្យាទិញអគារនេះពី Deutsche Bank ក្នុងតម្លៃ៩០លានដុល្លារនិងចេញថ្លៃវាយកម្ទេចផ្នែកមួយនៃកិច្ចព្រមព្រៀងខែកុម្ភៈឆ្នាំ២០០៤។ កិច្ចព្រមព្រៀងដែលត្រូវបានសម្របសម្រួលដោយអតីតមេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាអាមេរិកលោក George Mitchell ថែមទាំងបានអំពាវនាវឱ្យធនាគារអាល្លឺម៉ង់នេះទទួលប្រាក់១៤០លានដុល្លារពីក្រុមហ៊ុនធានារ៉ាប់រងខ្លួន។ ការណ៍នេះបានដោះស្រាយជម្លោះផ្លូវច្បាប់។ ផ្នែកមួយទៀតនៃកិច្ចព្រមព្រៀងនេះចែងអំពីការយកទីតាំងអគារនេះ ទៅប្រើប្រាស់សម្រាប់ការពង្រីកមជ្ឈមណ្ឌលសន្តិសុខយានយន្ត ក្រោយការវាយចោលរួច។ សម្រាប់ដីដែលនៅសល់ទាំងប៉ុន្មាន នឹងយកទៅពង្រីកមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក WTC ទៅភាគខាងត្បូងរហូតដល់វិថី Albany។
សហគ្រាស LMDC បានក្លាយជាម្ចាស់អគារមានទីតាំងលេខ 130 វិថីសេរីភាព Liberty Street នេះកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។ ប៉ុន្តែបញ្ហាដែលរារាំងការវាយចោលឱ្យបានឆាប់រហ័សបានលេចឡើងនៅប៉ុន្មានឆ្នាំបន្ទាប់។ អាជ្ញាធរបានរកឃើញមានជាតិពុលនៅក្នុងអគារនេះច្រើនជាងការរំពឹងទុក ដែលនេះបាននាំឱ្យមានជម្លោះខាងបរិស្ថាននិងហិរញ្ញវត្ថុជាមួយអ្នករស់នៅក្បែរនោះ ក្រុមនិយ័តករ និងក្រុមអ្នកជាប់កិច្ចសន្យា អំពីវិធីយកជាតិពុលចេញនិងការវាយកម្ទេចអគារនោះចោល។ ម៉្យាងទៀតកម្មករក៏បានប្រទះឃើញឆ្អឹងជនរងគ្រោះដែលបានស្លាប់ក្នុងការបាក់រលំអគារភ្លោះខាងត្បូង ដែលនេះបាននាំឱ្យគេពន្យារការវាយចោលនោះ ដើម្បីបន្តស្វែងរកអដ្ឋិធាតុមនុស្ស។ ជារួមគេរកឃើញបំណែកឆ្អឹងចំនួន៧០០។
នៅទីបំផុត ដំណើរការវាយអគារចោលបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៧ ដោយកម្មករវាយកម្ទេចជាន់ទី៤០មុនគេ។ គេបានវាយចោល១៣ជាន់ទៀតក្នុងរយៈពេល៤ខែបន្ទាប់ ដោយត្រូវយកជាតិពុលចេញពីជាន់នីមួយៗមុននឹងអាចវាយជាន់នោះចោលបាន។
អគ្គិភ័យធំមួយបានកើតឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៧ ដោយធ្វើឱ្យខូចខាតជាន់ទី១៣ ដល់១៨ នៅពេលដែលកម្មករពេលនោះបានវាយកម្ទេចចោលចុះដល់ជាន់ទី២៦រួចហើយ។ ក្រុមអ្នកពន្លត់អគ្គិភ័យពេលនោះព្យាយាមទាំងលំបាកដើម្បីពន្លត់ភ្លើង ដោយសារពិបាកទាញទឹកពីបំពង់ទឹកជាន់ក្រោមដីដែលត្រូវខូចខាត និងមានរបាំងជាច្រើនដែលត្រូវដំឡើងដោយកម្មករសំណង់។ អ្នកពន្លត់អគ្គិភ័យពីរនាក់បានស្លាប់ពីផ្សែងពុល ហើយរាល់សកម្មភាពវាយចោលអគារនេះត្រូវផ្អាក។
ដំណើរការយកជាតិពុលចេញបានចាប់ផ្តើមឡើងវិញនៅខែឧសភា ឆ្នាំ២០០៨ ក្រោយពីគេវាយតម្លៃថាអគារនេះនៅរឹងមាំ និងប្រព័ន្ធទឹកពន្លត់ភ្លើងត្រូវគេស្តារឡើងវិញនៅខែកញ្ញា ឆ្នាំ២០០៩។
សហគ្រាស LMDC ក៏បន្តដំណើរការវាយកម្ទេចចោលអគារនេះនៅខែវិច្ឆិកា ឆ្នាំ២០០៩។ ក្រោយចំណាយអស់ជាង២៦០លានដុល្លារ ក្នុងដំណើរការវាយកម្ទេចចោលរយៈពេល៦ឆ្នាំដោយមានជំនួយថវិកាពីរដ្ឋាភិបាលសហព័ន្ធ សហគ្រាស LMDC បានបញ្ចប់ការវាយចោលនេះសព្វគ្រប់នៅខែកុម្ភៈឆ្នាំ២០១១។ បន្ទាប់មកសហគ្រាសនេះក៏ផ្ទេរការគ្រប់គ្រងផ្នែកខាងជើងនៃទីតាំងអតីតអគារ Deutsche Bank ទៅនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ Port Authority ដើម្បីចាប់ផ្តើមការដ្ឋានសាងសង់មជ្ឈមណ្ឌលសន្តិសុខយានយន្តសម្រាប់បណ្តុំអគារ WTC។
១០ឆ្នាំក្រោយអាជ្ញាធរបានវាយចោលអគារ Deutsche Bank ដែលបែកបាក់នៅថ្ងៃ ១១ កញ្ញា មក ទីតាំងនៅប៉ែកខាងត្បូងនៅទំនេរមិនមានការអភិវឌ្ឍអ្វីនៅឆ្នាំ២០២១ ខណៈប្លង់សាងសង់អគារលេខ៥ Five World Trade Center ថ្មីកំពុងរង់ចាំការយល់ព្រមពីស្ថាប័នរដ្ឋាភិបាលមួយចំនួន។ សហគ្រាស Lower Manhattan Development Corporation នៅមានកម្មសិទ្ធិលើដីទំនេរនោះ ដែលគេហៅថា site 5 ដែលនៅជាប់វិថី Washington, Albany និង Greenwich។
ក្រោយពីទីលានបូជនីយដ្ឋានជាតិថ្ងៃ១១កញ្ញា បានបើកទទួលសាធារណជននៅខែកញ្ញា ឆ្នាំ២០១១មក សហគ្រាស LMDC បានអនុញ្ញាតឲ្យគេយកផ្នែកខាងត្បូងនៃទីតាំង site 5 ធ្វើជាកន្លែងអ្នកចូលទស្សនារង់ចាំយកសំបុត្រចូល។
សហគ្រាស LMDC បានសម្រេចអភិវឌ្ឍផ្នែកខាងត្បូងដែលទំនេរនៃទីតាំង site 5 ឱ្យទៅជាសួនបណ្តោះអាសន្នមួយ ជាផ្នែកមួយនៃគម្រោងរបស់អង្គការ Downtown Alliance ដែលតស៊ូមតិឱ្យអាជីវកម្មនៅតំបន់ Lower Manhattan។ សួននេះបានបើកនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៤ និងមានឈ្មោះថា Albany Street Plaza ដោយមានបង់អង្គុយ ដើមឈើនិងគំនូរលើជញ្ជាំង និងមានស្ថានីយប៉ូលិសនៅក្បែរនោះ។
សហគ្រាស LMDC បានអនុញ្ញាតឲ្យអាជ្ញាធរ Port Authority ដាក់ស្ថានីយប៉ូលិសរបស់ខ្លួននៅជ្រុងខាងជើងនៃទីតាំង site 5 នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤។ ក្នុងជំហានសំខាន់មួយដើម្បីសម្រេចបានចក្ខុវិស័យសាងសង់អគារ 5 WTC លោក Andrew Cuomo អភិបាលរដ្ឋ New York សហគ្រាស LMDC និងអាជ្ញាធរ Port Authority បានចាប់ផ្តើមទទួលសំណើពីអ្នកអភិវឌ្ឍអចលនទ្រព្យ ឱ្យជួលឬទិញទីតាំងនោះដើម្បីសាងសង់អគារសម្រាប់លក់ដូរឬសម្រាប់គោលបំណងផ្សេងៗ។
នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១ សហគ្រាស LMDC និងអាជ្ញាធរ Port Authority បានសម្រេចចរចាផ្តាច់មុខជាមួយជាមួយអ្នកវិនិយោគមួយក្រុមដែលស្នើជួលទីតាំងនោះសាងសង់អគារលំនៅដ្ឋាន។ កិច្ចសន្យា៩៩ឆ្នាំនោះតម្រូវឱ្យអ្នកអភិវឌ្ឍនោះបង់ប្រាក់ឈ្នួលដោយផ្ទាល់ទៅអាជ្ញាធរ Port Authority។ ក្រុមអ្នកវិនិយោគនោះដឹកនាំដោយក្រុមហ៊ុនអាមេរិក Silverstein Properties និងក្រុមហ៊ុនកាណាដា Brookfield Properties។
អាជ្ញាធរ Port Authority ថ្លែងប្រាប់វីអូអេថា ការចរចាជាមួយក្រុមអ្នកវិនិយោគនោះ ដើម្បីសម្រេចកិច្ចព្រមព្រៀងជួលអនាគតអគារ 5 WTC នៅមានបន្តកាលពីខែសីហា ដោយគេមិនដឹងថានឹងបញ្ចប់នៅពេលណាទេ។
២០ឆ្នាំក្រោយព្រះវិហារដើមត្រូវបានបំផ្លាញក្នុងព្រឹត្តិការណ៍ ១១ កញ្ញា ការស្ថាបនា ព្រះវិហារគ្រិស្តសាសនាក្រិក Saint Nicholas ថ្មី និងទីធ្វើសក្ការៈបូជាជាតិ បានឈានជិតដល់ទីបញ្ចប់នៅទីតាំងក្បែរនោះនៅខែសីហា ឆ្នាំ២០២១។ វិហារថ្មីនេះត្រូវរចនាឡើងដោយស្ថាបត្យករអេស្ប៉ាញលោក Santiago Calatrava ដែលគណៈសង្ឃវិហារគ្រិស្តសាសនាក្រិកនៅអាមេរិក ជួលឱ្យគូសប្លង់នៅឆ្នាំ២០១២។
ប្លង់លោក Calatrava បង្ហាញពីអគារមានដំបូលមូលពីលើធ្វើពីថ្មម៉ាប អមដោយសសរបួនជុំវិញ យកគំរូតាមព្រះវិហារ Hagia Sophia នៅក្រុង Istanbul និងវិហារ Church of the Holy Savior នៅ Chora ជាវិហារគ្រិស្តសាសនាក្រិកពីរដែលអាជ្ញាធរតួកគីប្តូរទៅជាកន្លែងសាសនាអ៊ីស្លាមវិញនៅឆ្នាំ២០២០។ វិហារក្រិកថ្មីនេះស្ថិតនៅក្នុងសួនសេរីភាពថ្មីរបស់ World Trade Center ហើយការស្ថាបនាមានតម្លៃ២០លានដុល្លារ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ និងឈានដល់ដាក់គ្រោងចុងក្រោយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
អាជ្ញាធរ Port Authority ដែលបានយល់ព្រមឱ្យគណៈសង្ឃក្រិកស្ថាបនាព្រះវិហារថ្មីលើដីសួនដែលដោះដូរគ្នានោះ បានចុះកិច្ចព្រមព្រៀងមួយទៀតជួលទីតាំងនោះគណៈសង្ឃដល់១៩៨ឆ្នាំ។ គណៈសង្ឃក្រិកយល់ព្រមឱ្យអាជ្ញាធរ Port Authority ជាម្ចាស់កម្មសិទ្ធិទីតាំងនោះ ដោយឱ្យទីភ្នាក់ងាររដ្ឋាភិបាលអាចទទួលខុសត្រូវខាងកិច្ចការសុំអាជ្ញាប័ណ្ណសាងសង់ជាដើម។
ប៉ុន្តែការសាងសង់នោះបានត្រូវផ្អាកនៅខែធ្នូឆ្នាំ២០១៧ នៅពេលក្រុមហ៊ុនសាងសងស៊ុយអែត Skanska ថាគណៈសង្ឃក្រិកមិនបានបង់ប្រាក់ឈ្នួលឱ្យខ្លួន។ គណៈសង្ឃបានបង្ហើបឱ្យដឹងនៅមុននោះថា ខ្លួនមានជាប់បំណុលធ្ងន់ធ្ងរជាច្រើនឆ្នាំមកហើយ និងបានជួលអ្នកស៊ើបអង្កេតឯករាជ្យ។
ការស៊ើបអង្កេតដែលបញ្ចប់នៅខែតុលា ឆ្នាំ២០១៨ មិនបានរកឃើញការគៃបន្លំឬប្រើប្រាស់ថវិកាមិនត្រឹមត្រូវនោះទេ។ គណៈសង្ឃនេះក៏យល់ព្រមតាមសំណើអ្នកស៊ើបអង្កេតឱ្យបង្កើតមូលនិធីឯករាជ្យថ្មីមួយឈ្មោះ Friends of Saint Nicholas ដើម្បីរៃអង្គាសប្រាក់សម្រាប់បញ្ចប់គម្រោងសាងសង់នោះ។ អង្គការ The Friends of Saint Nicholas រៃអង្គាសបានដល់៩៥លានដុល្លារនៅត្រឹមខែមិថុនាឆ្នាំ២០២១ គឺលើសចំនួនត្រូវការ៥ដង ហើយការសាងសង់បានចាប់ផ្តើមវិញកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយមកកាន់វីអូអេ គណៈសង្ឃក្រិកថា ផ្នែកខាងក្រៅនៃព្រះវិហារនិងទីសក្ការៈបូជានេះនឹងរំពឹងថានឹងសាងសង់រួចរាល់នៅថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយត្រូវបើកភ្លើងពីខាងក្នុងជាលើកដំបូង។
គណៈសង្ឃក្រិកថា ខណៈកិច្ចការសាងសង់ផ្នែកខាងក្នុងនឹងត្រូវបន្តដល់ឆ្នាំ២០២២ ពិធីបើកទទួលសាធារណជនហៅថា thyranoixia នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីឱ្យចំនឹងទស្សនកិច្ចរបស់សម្តេចសង្ឃ Ecumenical Patriarch Bartholomew I of Constantinople មានមូលដ្ឋាននៅតួកគី។
សំណើមួយរបស់សក្រុមហ៊ុន Silverstein Properties និងក្រុមហ៊ុន Brookfield Properties សម្រាប់អនាគតអគារលេខ៥ Five World Trade Center ចង់សង់អគារមួយដែលនឹងមានកម្ពស់២៧៤ម៉ែត្រនិងប្រមាណ៨០ជាន់។
រូបនៃអគារដែលត្រូវរចនាប្លង់ដោយក្រុមហ៊ុន Kohn Peterson Fox ត្រូវបានបង្ហាញនៅខែកុម្ភៈឆ្នាំ២០២១។ ជាន់គ្រឹះអគារមានហាងលក់ទំនិញជាប់ផ្លូវ ហើយ១០ជាន់ពីលើនោះមានការិយាល័យភាគច្រើន។ ៦៩ជាន់ពីលើនោះទៀតមានផ្ទះលំនៅដ្ឋានសរុប ១.៣២៥សម្រាប់ជួល។ ១ភាគ៤នៃផ្ទះទាំងនោះត្រូវមានតម្លៃជួលធូរថ្លៃសម្រាប់ពលរដ្ឋមានចំណូលទាប។
អាជ្ញាធរនិយាយថាពួកគេកំពុងបន្តរត់ការយកអាជ្ញាប័ណ្ណសាងសង់គម្រោងប្លង់របស់ ក្រុមហ៊ុន Silverstein-Brookfield នេះ ដែលបន្តដល់ឆ្នាំ២០២២។ ពួកគេថាបើដូចតាមផែនការ អគារលេខ៥ 5 WTC ថ្មីនឹងត្រូវចាប់សាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់នៅឆ្នាំ២០២៨។
ដំណើរការសុំអាជ្ញាប័ណ្ណនេះរួមមានការសុំកែប្រែប្លង់ដើមនៃតំបន់ World Trade Center ដែលបានចាត់ទុកអគារលេខ៥ 5 WTC ថាជាអគារការិយាល័យទាំងស្រុង។ ពលរដ្ឋក្នុងសហគមន៍ក៏នឹងត្រូវគេប្រឹក្សាទាក់ទងនឹងការផ្លាស់ប្តូរប្លង់មេ GPP នោះ។ មានពលរដ្ឋរស់នៅតំបន់ Lower Manhattan បានរិះគន់ប្លង់អគារ 5 WTC ថាមានផ្ទះបម្រុងទុកសម្រាប់ជនមានចំណុចទាបតិចតួចពេក។
ព្រះវិហារគ្រិស្តសាសនាក្រិក Saint Nicholas ថ្មី និងទីធ្វើសក្ការៈបូជាជាតិនឹងក្លាយជាកន្លែងសម្រាប់គោរពសាសនាតែមួយគត់នៅបណ្តុំអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មី។ ផ្នែកកណ្តាលនៃវិហារនេះនឹងត្រូវគេប្រើសម្រាប់ពិធីគ្រិស្តសាសនាក្រិក ដោយជាន់ទី២និងទី៣នឹងត្រូវគេប្រើសម្រាប់កម្មវិធីបុណ្យ អប់រំនិងវប្បធម៌ផ្សេងៗ។
ក្នុងសេចក្តីថ្លែងការណ៍មួយមកកាន់វីអូអេ គណៈសង្ឃក្រិកនៅអាមេរិកថា ការរៀបចំផ្នែកខាងក្នុងវិហារនឹងត្រូវចប់សព្វគ្រប់នៅខែមេសា ឆ្នាំ២០២២។ គណៈសង្ឃថាវិហារនេះនឹងបើកទទួលសាធារណជនចូលបន់ស្រន់ថ្ងៃ Easter Sunday នៅពេលនោះ។
គណៈសង្ឃថានៅក្រោយវិហារនេះបើកទ្វារជាផ្លូវការហើយ ខ្លួននឹងទិញដីទីតាំងនោះពីអាជ្ញាធរ Port Authority។ គេក៏គ្រោងធ្វើពិធីឧទ្ទិសអធិកអធមមួយនៅខែកក្កដា ឆ្នាំ២០២២ ដើម្បីឱ្យចំខួប១០០ឆ្នាំនៃគណៈសង្ឃនេះ។
គណៈសង្ឃក្រិកនិយាយថា ទីធ្វើសក្ការៈបូជាជាតិនឹងក្លាយជាវិមានរំឭកវិញ្ញាណក្ខន្ធវរជន និងជានិមិត្តរូបនៃសេរីភាពសាសនានៅអាមេរិក ក៏ដូចជា «ជ័យជម្នះនៃអំពើល្អលើអំពើអាក្រក់»។ គេរំពឹងថាទីធ្វើសក្ការៈបូជានេះទំនងនឹងក្លាយជាកន្លែងទាក់ទាញទេសចរច្រើនដែលមកទស្សនាបូជនីយដ្ឋាននិងសារមន្ទីរថ្ងៃ១១ កញ្ញានៅក្បែរនោះ។
អគារកម្ពស់១៦ ជាន់តាមវិថី West Broadway នេះបានបើកនៅឆ្នាំ១៩៥៩។ អគារនេះត្រូវបានទិញនៅឆ្នាំ១៩៧៨ ដោយពាណិជ្ជករលោកMiles Fiterman ។ លោកនិងភរិយាឈ្មោះ Shirley បានបរិច្ចាគអគារនេះឱ្យមហាវិទ្យាល័យសហគមន៍សង្កាត់ Manhattan នៃសាកលវិទ្យាល័យ City University of New York នៅឆ្នាំ១៩៩៣។
ដោយមានតម្លៃ៣០លានដុល្លារ អគារនេះជាអំណោយដ៏មានតម្លៃបំផុតដែលគេធ្លាប់ឱ្យដល់មហាវិទ្យាល័យសហគមន៍មួយនៅសហរដ្ឋអាមេរិកនៅពេលនោះ។ សាកលវិទ្យាល័យ CUNY ដែលគ្រប់គ្រងដោយរដ្ឋ New York បានប្តូរឈ្មោះអគារនោះឱ្យទៅជា Fiterman Hall ដើម្បីជាកត្តិយសដល់ស្វាមីភរិយាដែលបានធ្វើអំណោយនោះ ហើយបានកែប្រែបន្ទប់គេហដ្ឋានក្នុងអគារនោះឲ្យទៅជាថ្នាក់រៀននិងបន្ទប់ពិសោធន៍ចំនួន៤០។
នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ មានសិស្ស និងបុគ្គលិកប្រមាណ១.០០០នាក់នៅអគារ Fiterman Hall ដែលនៅពេលនោះស្ថិតក្រោមការជួសជុលដែលបានចាប់ផ្តើមនៅឆ្នាំ២០០០ ដើម្បីដំឡើងឧបករណ៍ថ្មីនៅថ្នាក់រៀននិងធ្វើឱ្យអគារនេះមានតម្លៃ ២៧៥លានដុល្លារ។ ការជួសជុលកំពុងបន្តនិងឈានជិតដល់ទីបញ្ចប់ នៅពេលអ្នកជួលនៅអគារនេះឮសំឡេងផ្ទុះពីយន្តហោះ American Airlines ជើងហោះហើរលេខ១១ ដែលបានហោះបុកអគារភ្លោះខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ នៅពេលពួកគេមើលឃើញការផ្ទុះនៅចម្ងាយមួយប្លុកពីកន្លែងកើតហេតុ គ្រូនិងបុគ្គលិកនៅអគារ Fiterman Hall បានបញ្ឈប់ថ្នាក់រៀននិងជម្លៀសចេញពីអគារនោះ។
ក្រោយពីអគារភ្លោះបានបាក់រលំមក បុគ្គលិកអគារ Fiterman Hall បានជម្លៀសទៅទីតាំងកណ្តាលរបស់មហាវិទ្យាល័យ BMCC នៅជាច្រើនប្លុកពីនោះ ដើម្បីជួយឱ្យអាជ្ញាធរ ort Authority អាចប្រែក្លាយកន្លែងហាត់កីឡាមួយឱ្យទៅជា កន្លែងព្យាបាលសង្គ្រោះបន្ទាន់។ នៅម៉ោង៥:២០នាទីរសៀល ការបាក់រលំនៃអគារ 7 WTC នៅទល់មុខអគារ Fiterman Hall បណ្តាលឱ្យមានគំនរកម្ទេចកម្ទីច្រើនធ្លាក់មកលើផ្នែកខាងមុខនិងធ្លាយចូលអគារ Fiterman Hall។
ធូលីពុលនិងផ្សិតបានដុះពេញអគារធ្វើឱ្យគេមិនអាចប្រើប្រាស់វាបាន។ កម្មករបិទប្រហោងធ្លុះធ្លាយនៅក្នុងគ្រោងអគារនិងដាក់សំណាញ់ការពារនៅប៉ុន្មានសប្តាហ៍ក្រោយហេតុការណ៍វាយប្រហារភេរវកម្ម។
សាកលវិទ្យាល័យ CUNY បានអំពាវនាវឱ្យគេវាយកម្ទេចចោលអគារ Fiterman Hall និងសាងសង់វាថ្មី ដោយត្អូញត្អែរថា អគារនេះជាអគារឧត្តមសិក្សាតែមួយគត់នៅសហរដ្ឋអាមេរិកដែលត្រូវខូចខាតក្នុងការវាយប្រហារភេរវកម្ម។
ការសាងសង់អគារ Fiterman Hall ថ្មី ជិតដល់ទីបញ្ចប់នៅឆ្នាំ២០១១ ក្រោយពីការពន្យារការវាយចោលអគារចាស់។
ក្នុងប៉ុន្មានឆ្នាំក្រោយព្រឹត្តិការណ៍ ១១ កញ្ញា អគារ Fiterman Hall ត្រូវជាប់គាំងខណៈមានជម្លោះរវាងសាកលវិទ្យាល័យ CUNY និងក្រុមហ៊ុនធានារ៉ាប់រ៉ង FM Global។ ជម្លោះនេះបានបញ្ចប់ទៅនៅឆ្នាំ២០០៤ ដោយ FM Global យល់ព្រមសងប្រាក់ ៩០លានដុល្លារដល់សាកលវិទ្យាល័យ CUNY។
នៅឆ្នាំ២០០៤ សាកលវិទ្យាល័យ CUNY បានជួលក្រុមហ៊ុនស្ថាបត្យកម្ម Pei Cobb Freed & Partners ឱ្យរៀបចំផែនការយកជាតិពុលចេញពីអគារ និងវាយកម្ទេចចោល រួចគូសប្លង់សង់អគារ Fiterman Hall ថ្មីលើទីតាំងចាស់។ ប៉ុន្តែក្រោយមកមានការពន្យារការងារនេះជាបន្តបន្ទាប់ដោយសារកង្វះថវិកា ដំណើរការត្រួតពិនិត្យពីនិយតករ និងអគ្គិភ័យនៅឆ្នាំ២០០៧។
ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក បានយល់ព្រមលើគម្រោងយកជាតិពុលចេញពីអគារ Fiterman Hall របស់សាកលវិទ្យាល័យ CUNY កាលពីខែមីនា ឆ្នាំ២០០៨ ហើយកិច្ចការយកជាតិពុលនិងកម្ទេចចោលអគារនេះក៏ចាប់ផ្តើម។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៨ សាកលវិទ្យាល័យនេះក៏បានទទួលបានថវិកាបន្ថែម ៣២៥លានដុល្លារតាមមធ្យោបាយផ្សេងៗសម្រាប់ការចំណាយក្នុងកិច្ចការនេះ។
ដំណើរការយកជាតិពុលចេញបានបញ្ចប់ទៅនៅខែឧសភា ឆ្នាំ២០០៩ ហើយការវាយកម្ទេចបានចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំនោះ។ ការបើកការដ្ឋានសាងសង់អគារ Fiterman Hall ថ្មីបានធ្វើឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីនោះ គឺនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៩។
ជិត១១ឆ្នាំក្រោយអគារ Fiterman Hall ត្រូវខូចខាតប្រើប្រាស់មិនបានពីការវាយប្រហារថ្ងៃ១១កញ្ញានោះ អគារ Fiterman Hall សាងសង់ថ្មីបានបើកទ្វារទទួលនិស្សិតចូលរៀនវិញកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ខណៈដែលការសាងសង់នៅខាងក្នុងអគារនៅបន្ត។ កន្លែងថ្មីក្នុងអគាររួមមានវិចិត្រសាលមួយកន្លែងនិងហាងកាហ្វេមួយ។ ពេលសាងសង់ខាងក្នុងចប់ អគារ Fiterman Hall នឹងមានផ្ទៃប្រើប្រាស់បានទំហំ ៣៧.១០០ម៉ែត្រការ៉េ គឺធំជាងអគារចាស់ដែលមានទំហំ ៣៤.៨០០ម៉ែត្រការ៉េ។
អគារ១៤ជាន់ថ្មីនេះលេចឡើងនៅតំបន់នោះ ដោយមានផ្ទៃក្រៅជាឥដ្ឋក្រហមនិងកញ្ចក់ ដើម្បីឱ្យអ្នកធ្វើដំណើរក្បែរនោះអាចមើលឃើញសកម្មភាពខាងក្នុងអគារបាន។
ថ្នាក់រៀននិងបន្ទប់កុំព្យូទ័រទាំង៨០ មានបំពាក់ដោយបច្ចេកវិទ្យាទំនើប និងអាចទទួលនិស្សិតចូលរៀនបានច្រើនជាងមុន និងសម្រួលដល់ចំនួនសិស្សច្រើនលើសលុបនៅទីតាំងមួយកន្លែងទៀតរបស់មហាវិទ្យាល័យ BMCC។
អ្នករចនាប្លង់របស់អគារ Fiterman Hall ថ្មីគឺក្រុមហ៊ុន Pei Cobb Freed & Partners ថាអគារនេះរៀបចំមានបរិយាកាសសកម្មដើម្បីជួយដល់ការស្តារសកម្មភាពនៅតំបន់នោះឡើងវិញ។
អគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនិងទីលានត្រូវបានគេសម្ពោធប្រើប្រាស់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៣។ នៅត្រង់ចំណុចកណ្តាលទីលាន នៅឆ្នាំ១៩៧២ គេបានដំឡើងរូបចម្លាក់ធ្វើពីសំរិទ្ធមួយដោយសិល្បករអាល្លឺម៉ង់លោក Fritz Koenig។ ការសិក្សាមួយរបស់សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យ Columbia University រកឃើញថា រូបចម្លាក់នេះចាប់ផ្តើមនៅឆ្នាំ១៩៦៧ នៅពេលស្ថាបត្យករអាមេរិកដែលរចនាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកគឺលោក Minoru Yamasaki បានទាក់ទងលោក Koenig ឱ្យគូសប្លង់អាងបាញ់ទឹកមួយមានរូបចម្លាក់នៅទីលានដែលគេនឹងសាងសង់ឡើង។ អាជ្ញាធរ Port Authority បានយល់ព្រមលើប្លង់រចនារបស់លោក Koenig នៅ ឆ្នាំ១៩៦៨ និងលោកចាប់ផ្តើមបង្កើតរូបចម្លាក់នោះ។ ពេលបង្កើតរួចរូបចម្លាក់នោះត្រូវបានដឹកតាមនាវាពីទីក្រុង Bremen ប្រទេសអាល្លឺម៉ង់មកដល់ទីក្រុង New York នៅឆ្នាំ១៩៧២ មុននឹងដំឡើងវានៅទីលាន WTC Plaza។
រូបចម្លាក់នេះមានឈ្មោះថា Great Caryatid Sphere, N.Y ហើយលោក Austin J. Tobin អគ្គនាយកអាជ្ញាធរ Port Authority បានសរសើររូបចម្លាក់ដែលវិលនេះថាជានិមិត្តរូបនៃសន្តិភាពពិភពលោកតាមរយៈពាណិជ្ជកម្ម។
ក្រោយការស្លាប់របស់លោក Tobin អាជ្ញាធរ Port Authority បានប្តូរឈ្មោះទីលាននេះពី WTC Plaza មកជា Austin J. Tobin Plaza ដើម្បីជាកិត្តិយសជូនលោក។
ការបាក់រលំនៃអគារភ្លោះបានបំផ្លាញបានបំផ្លាញទីលាននោះ ប៉ុន្តែរូបចម្លាក់ The Sphere បានរងខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ រូបចម្លាក់នេះបានគេប្តូរទីតាំងនៅនៅសួន Battery Park នៅក្បែរនោះនៅឆ្នាំ២០០២ និងដាក់តាំងបង្ហាញដើម្បីជាការរំឭកដល់វិញ្ញាណក្ខន្ធនៃជនរងគ្រោះពីការវាយប្រហារភេរវកម្មនេះ។
ទីលានបូជនីយដ្ឋានថ្ងៃ១១ កញ្ញាថ្មីមួយជិតសាងសង់រួចកាលពីខែកក្កដា ឆ្នាំ២០១១ នៅលើទីតាំងនៃអតីតទីលាន Austin J. Tobin Plaza។ ទីលានបានបើកទ្វារទទួលសាធារណជនកាលពីថ្ងៃទី១២ ខែកញ្ញា គឺមួយថ្ងៃក្រោយខួប១០ឆ្នាំនៃព្រឹត្តិការវាយប្រហារភេរវកម្មនេះ។ នៅចំកណ្តាលទីលាននេះមានអគារលើដីមួយ ដែលគេបានស្ថាបនាពីលើសារមន្ទីរបូជនីយដ្ឋានថ្ងៃ១១កញ្ញា ដែលស្ថិតនៅក្រោមដីហើយដែលកំពុងត្រូវបានសាងសង់នៅឡើយ។
ដំណើរការអភិវឌ្ឍបណ្តុះអគារសារមន្ទីរនិងបូជនីយដ្ឋានបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០០២ នៅពេលដែលសហគ្រាស Lower Manhattan Development Corporation បានតាក់តែងសេចក្តីប្រកាសគោលដៅនៃគម្រោងនេះ។ ក្រុមប្រឹក្សារបស់សហគ្រាស LMDC បានអនុម័តសេចក្តីប្រកាសគោលដៅចុងក្រោយនៅខែមេសា ឆ្នាំ២០០៣ ក្រោយពីទទួលបានយោបល់ពីក្រុមគ្រួសារជនរងគ្រោះនៃការវាយប្រហារថ្ងៃ១១ កញ្ញា អ្នកនៅ រស់រានមានជីវិត បុគ្គលិកជួយសង្គ្រោះ និងពលរដ្ឋក្នុងតំបន់។ សេចក្តីប្រកាសនេះផ្តល់សិទ្ធិចាត់តែងនានាដល់មូលនិធិបូជនីយដ្ឋាន World Trade Center នៅតំបន់នោះ។ កិច្ចការដំបូងមួយរបស់មូលនិធិនេះគឺការរៃអង្គាសប្រាក់សម្រាប់គម្រោងបូជនីយដ្ឋានខាងលើ។
ការសាងសង់បឋមនូវគម្រោងបូជនីយដ្ឋាននេះចាប់ផ្តើមឡើងនៅខែមីនា ឆ្នាំ២០០៦។ អាជ្ញាធរ Port Authority បានយល់ព្រមចូលគ្រប់គ្រងគម្រោងសាងសង់នេះទាំងស្រុងនៅខែកក្កដា ឆ្នាំ២០០៦ ក្រោយពីអាជ្ញាធរក្រុងនិងរដ្ឋ New York បានសម្រេចថាវាលឿន ជាងនិងអស់ប្រាក់តិចជាងប្រសិនបើស្ថាប័នតែមួយទទួលខុសត្រូវកិច្ចការសាងសង់នៅបណ្តុំអគារ WTC។
មូលនិធីនេះបានប្តូរឈ្មោះខ្លួនឱ្យទៅជា បូជនីយដ្ឋាននិងសារមន្ទីរជាតិ១១ កញ្ញា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅខែសីហា ឆ្នាំ២០០៧ ដើម្បីឆ្លុះបញ្ចាំងបានល្អជាងអំពីបេសកកម្មនៃគម្រោងនេះក្នុងការរំឭកដល់សោកនាដកម្មថ្នាក់ជាតិ។
សារមន្ទីរបូជនីយដ្ឋាន១១កញ្ញាថ្មី ត្រូវបានសម្ពោធនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ក្នុងពីធីមួយដឹកនាំដោយអតីតប្រធានាធិបតី Barack Obama និងប្រធានបូជនីយដ្ឋាន១១កញ្ញា លោក Michael Bloomberg។ របងជំុវិញទីលានត្រូវបានគេដកចេញនៅថ្ងៃនោះដែរ ធ្វើឱ្យសាធារណជនអាចចូលបានដោយសេរីជាលើកដំបូង។ សារមន្ទីរនេះបានបើកទ្វារនៅថ្ងៃទី២១ ខែឧសភា គឺក្រោយ៨ឆ្នាំនៃការស្ថាបនា ដែលតម្លៃសរុបរាប់បញ្ចូលការស្ថាបនាទីលានផងស្មើ៧០០លានដុល្លារ។ សារមន្ទីរនិងបូជនីយដ្ឋាននេះមានតម្លៃថ្លៃជាងគេនៅសហរដ្ឋអាមេរិក។
អគារសារមន្ទីរពីលើដីត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មន័រវែស Snøhetta ខណៈសារមន្ទីរក្រោយដីត្រូវបានរចនាដោយក្រុមហ៊ុនមានមូលដ្ឋាននៅក្រុង New York ឈ្មោះ Davis Brody Bond។
កន្លែងតាំងពិព័រណ៍ត្រូវបានរចនាដោយក្រុមហ៊ុន Thinc Design និង Local Projects, LLC ដែលមានមូលដ្ឋាននៅក្រុង New York និងក្រុមហ៊ុន Layman Design ដែលមានមូលដ្ឋាននៅរដ្ឋ Illinoi។
សារមន្ទីរនេះមានផ្ទៃទំហំ១០.២០០ម៉ែត្រការ៉េ ដែលសម្រាប់រៀបរាប់រឿងរ៉ាវរបស់ព្រឹត្តិការណ៍ភេរវកម្ម ១១ កញ្ញា និងព្រឹត្តិការណ៍ដាក់គ្រាប់បែកភេរវកម្មនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក តាមរយៈវត្ថុសិល្បៈ រូបភាព ការនិយាយរឿងផ្ទាល់ខ្លួននិងបច្ចេកវិទ្យាបង្ហាញ។ អ្នកទស្សនាពេលចូលទៅដើរចុះទៅកន្លែងក្រហូងធំមួយដែលជាទីតាំងដើមនៃអគារ WTC។ កន្លែងសំខាន់ៗពីរក្នុងសារមន្ទីរនេះរួមមាន សាល Memorial Hall ដែលមានសរសេរអក្សរបូរាណរ៉ូម៉ាំងថា «មិនមានថ្ងៃណាមួយអាចលុបអ្នកចេញពីការចងចាំនៃពេលវេលាបានទេ» និងសាល Foundation Hall ដែលមានតាំងបំណែកមួយនៃជញ្ជាំងដើមអគារ WTC។
កន្លែងពិសេសផ្សេងទៀតនៃសារមន្ទីរនេះរួមមាន Survivor’s Stairs ដែលជាជណ្តើរដែលជាផ្នែកនៃទីលានដែលជាច្រកចេញរបស់អ្នកធ្វើការនៅអគារ WTC កាលពីថ្ងៃ១១ កញ្ញា និង Last Column ដែលជាគ្រោងដែកថែបរបស់អគារដែលត្រូវគេយកចេញពីទីតាំង Ground Zero ចុងក្រោយបំផុតពេលបោសសម្អាតនៅឆ្នាំ២០០២។
កន្លែងចម្រូងចម្រាសនៃសារមន្ទីរក្រោមដីគឺកន្លែងដាក់អដ្ឋិធាតុនៃជនរងគ្រោះពីការវាយប្រហារ១១កញ្ញា ដែលគេមិនស្គាល់អត្តសញ្ញាណ។ កន្លែងនេះស្ថិតនៅខាងក្រោយសាល Memorial Hall ហើយអ្នកអាចចូលទីនេះបានមានតែបុគ្គលិកពីការិយាល័យស៊ើបអង្កេតសុខាភិបាលរបស់ក្រុង New York។បន្ទប់ឯកជនមួយសម្រាប់ក្រុមគ្រួសារជនរងគ្រោះថ្ងៃ ១១ កញ្ញា ដែលគេហៅថា Reflection Room ស្ថិតនៅជាប់កន្លែងតម្កល់អដ្ឋិធាតុនោះ។
ក្រុមគ្រួសារខ្លះនៃជនរងគ្រោះបានតវ៉ាថា កន្លែងអដ្ឋិធាតុនេះមិនសមរម្យព្រោះនៅជ្រៅក្រោមដី និងជិតកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ។ អ្នកខ្លះទៀតថាកន្លែងតម្កល់នោះសមរម្យ។
ការជជែកវែកញែកគ្នាក៏កើតមានចំពោះការលក់សំបុត្រចូលទស្សនាក្នុងតម្លៃ២៤ដុល្លារសម្រាប់មនុស្សពេញវ័យ។ ក្រុមគ្រួសារជនរងគ្រោះខ្លះថាហួសហេតុ។ អ្នកគាំទ្រថាសំបុត្រសម្រាប់មនុស្សពេញវ័យដែលពេលនេះកើនតម្លៃដល់ ២៦ដុល្លារនោះ ជាតម្លៃសមរម្យនិងចំណាយប្រចាំឆ្នាំរបស់សារមន្ទីរនេះ។
បូជនីយដ្ឋាននិងសារមន្ទីរជាតិ១១ កញ្ញា ថាមនុស្សជាង១៧លាននាក់ហើយបានមកទស្សនាសារមន្ទីរនេះចាប់តាំងពីការបើកទ្វារនៅខែឧសភា ឆ្នាំ២០១៤។ ស្ថាប័ននេះបន្ថែមថា មានមនុស្សជាង៥០លាននាក់ពីជុំវិញពិភពលោកបានទស្សនាទីលាន Memorial plaza ចាប់តាំងបើកសម្ពោធកាលពីឆ្នាំ២០១១។