ដោយExtremism Watch Desk VOA
យុវជនឈ្មោះ Rashid Tugral បានទាក់ទាញអ្នកតាមដានគាំទ្រយ៉ាងច្រើននៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គមតាមរយៈរូបថតនៃផ្ទៃមេឃពេលរាត្រីដ៏អស្ចារ្យដែលខ្លួនគេបានថតនៅទឹកដីតួកគីប្រទេសកំណើតរបស់គាត់។ យុវជនរូបនេះបានចែករំលែករូបថតនានា ដែលក្នុងនោះរួមមានរូបដើមឈើ Juniper ថតធៀបនឹងប្រព័ន្ធ Milky Way ដែលមានពន្លឺភ្លឺចិញ្ចាចចិញ្ចែងជាដើម។ យុវជនរូបនេះបានសិក្សាជំនាញតារារូបវិទ្យាសាស្ត្រកម្រិតក្រោយឧត្ដមសិក្សាក្នុងប្រទេសហ្វាំងឡង់ផងដែរ។ ជាមួយនឹងភាពឆ្លាតវៃ រូបរាងសង្ហារ ការចូលចិត្តផ្សងព្រេង និងភាពរួសរាយរាក់ទាក់ យុវជន Tugral មើលទៅពិតជាមានគោលដៅចង់ក្លាយជាអ្នកមានអាជីពសិក្សាពីចក្រវាលមែន។
ប៉ុន្តែយុវជនរូបនេះចង់បានអ្វីផ្សេងដែលលើសពីនេះ។ ក្នុងនាមជាអ្នកកាន់សាសនាឥស្លាមដ៏ងប់ងុលមួយរូប ដែលកើតក្នុងត្រកូលគ្រួសារអភិរក្សនិយម គាត់បានចាប់អារម្មណ៍ទៅលើវិបសាយរបស់ក្រុម Jihad ពេលកំពុងសិក្សានៅសាកលវិទ្យាល័យ។ Tugral បានចាប់យកការពន្យល់បកស្រាយបែបជ្រុលនិយមនៃសាសនាឥស្លាមមកដាក់ជាប់ក្នុងចិត្ត។ នៅដើមឆ្នាំ ២០១៥ គាត់បានចាកឆ្ងាយពីគ្រួសារនិងជីវិតបែបសុខស្រួល ដើម្បីចូលរួមជាមួយនឹងពួកជ្រុលនិយម Jihadក្រុមរដ្ឋឥស្លាមដែលកំពុងប្រយុទ្ធនៅប្រទេសស៊ីរី។
កាលពីចុងខែសីហាឆ្នាំមុន Tugral បានស្លាប់ក្នុងអំឡុងពេលចូលរួមជាមួយពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមនៅក្នុងការវាយប្រយុទ្ធជាមួយនឹងកងកម្លាំងពួក Kurd។ ពេលនោះ គាត់មានអាយុត្រឹមតែ ២៧ ឆ្នាំ ប៉ុណ្ណោះ។
យុវជនកាន់សាសនាឥស្លាមវ័យក្មេងរាប់ពាន់នាក់ដែលត្រូវបានគេបញ្ចុះបញ្ចូលតាមរយៈមនោគមវិជ្ជា និងការឃោសនាប្រជាភិថុតិរបស់ពួកជ្រុលនិយមក្រុមរដ្ឋឥស្លាម បានធ្វើដំណើរពីគ្រប់ទិសទីមកចូលរួមជាមួយពួកភេរវករដើម្បីប្រយុទ្ធដណ្ដើមគ្រប់គ្រងតំបន់ caliphate នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ ដូចគ្នានឹងយុវជន Tugralដែរ យុវជនជាច្រើនបានលះបង់ការរស់នៅបែបខ្ពង់ខ្ពស់ និងសក្ដានុពលរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវរបស់ Tugral មានលក្ខណៈលេចធ្លោជាងគេ ដោយសារតែកំណត់ត្រាសំណេរនិងរូបថត ដែលគាត់បានបន្សល់ទុកជាឯកសាររៀបរាប់ពីការប្រែផ្លាស់ខ្លួនគាត់ផ្ទាល់អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ Tugral បានបន្សល់ទុកនូវរូបថតដែលបង្ហាញពីខ្លួនឯង រូបថតសត្វឆ្មាដែលចូលចិត្តប្រឡែងលេង និងរូបទេសភាពផ្ទៃមេឃ។ Tugral ក៏បានបន្សល់ទុកនូវទស្សនៈជ្រាលជ្រៅអំពីលំហខាងក្រៅដ៏គួរឲ្យទាក់ទាញ ទស្សនៈជ្រាលជ្រៅអំពីសាសនារបស់គាត់ និងពាក្យសម្ដីជះកំហឹងប្រឆាំងនឹងអ្នកដែលមិនជឿលើសាសនាឥស្លាម។ នៅក្នុងសំបុត្រដែលបានសរសេរយ៉ាងលម្អិតមួយច្បាប់ ដែលត្រូវបានចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិតកាលពីឆ្នាំមុន គាត់បានរៀបរាប់ពីបទពិសោធន៍ប្រចាំថ្ងៃជាមួយនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម ដែលរួមមានភាពអផ្សុកមួយរយៈ ការហ្វឹកហាត់ដ៏ខ្លាំងក្លា និងការគេចពីការវាយប្រហារពីលើអាកាស។ គាត់បានប្រកាន់ជំហរការពារយ៉ាងមុតមាំទៅលើអំពើដ៏សាហាវយង់ឃ្នងរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម ដែលក្នុងនោះរួមមានការកាត់ក្បាលមនុស្ស និងការចាប់ស្ត្រីភេទធ្វើជាទាសករផ្លូវភេទ។
ដោយដកស្រង់ខ្លឹមសារនៃពាក្យពេចន៍ hadith ដែលជាភាសាសាសនាឥស្លាមផ្សារភ្ជាប់ទៅនឹងព្យាការី Muhammed ដែលជាអ្នកបង្កើតសាសនាឥស្លាម Tugral បានសរសេរនៅលើទំព័រ Facebook ថា៖ «ជនណាដែលស្លាប់ដោយមិនបានប្រយុទ្ធក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាម ឬមិនបានគិតដល់ Jihad គឺស្លាប់ក្នុងនាមជា munafiq (អ្នកដែលប្រឆាំងនឹងសាសនាឥស្លាម)» ។ ក្រុមបញ្ញវន្តផ្នែកសាសនាឥស្លាមដែលមានឈ្មោះបោះសំឡេង ដូចជា លោក Mohammed Abdelfadel ជាដើម បានអះអាងថា ពួកសកម្មប្រយុទ្ធជ្រុលនិយមបានប្រើប្រាស់ជំនឿលើសាសនាឥស្លាមក្នុងផ្លូវខុស និងបានអះអាងថា តាមពិត សាសនាឥស្លាមបានថ្កោលទោសរាល់អំពើភេរវកម្ម និងការវាយប្រហារទៅលើជនស៊ីវិល ដែលមិនមែនជាអ្នកប្រយុទ្ធទៅវិញទេ។
តើអ្វីដែលបណ្ដាលឲ្យយុវជន Tugral ផុងខ្លួនចូលក្នុងគន្លងភាពជ្រុលនិយមនិងអំពើហិង្សា? ក្រុមអ្នកសារព័ត៌មាន VOA បានព្យាយាមស្វែងរកចម្លើយចំពោះសំណួរនេះ តាមរយៈការពិនិត្យទៅលើសារបង្ហោះនៅលើបណ្ដាញសង្គម និងសំបុត្រមួយច្បាប់ដែលមាន ១៤ ទំព័រ របស់គាត់ ពេលគាត់នៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងៗ ដោយបានប្រែសម្រួលសំបុត្រទាំងនោះពីភាសាតួកគី។ ក្រុមអ្នកសារព័ត៌មាន ក៏បានសម្ភាសមិត្តភ័ក្ដិ និងអ្នកដែលមានទំនាក់ទំនងជាមួយនឹង Tugral រួមទាំងប្រភពដទៃទៀត ដែលក្នុងនោះរួមមានឪពុករបស់គាត់ផ្ទាល់ផងដែរ។
ការប្រយុទ្ធនៅក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាម មិនមែនជាវិថីដែលយុវជនTugral ចាប់ផ្ដើមដំបូងនោះទេ ឬក៏មិនមែនមកពីភាពកំប្លុកកំប្លែងពីធម្មជាតិរបស់គាត់ និងការចង់ដឹងចង់ឮ រួមទាំងភាពវ័យឆ្លាតរបស់គាត់ជាអ្នកកំណត់នោះដែរ។ ជីវិតនិងការស្លាប់របស់គាត់បានផ្ដល់នូវករណីសិក្សាដ៏គួរឲ្យសោកសង្រេងមួយ នៅក្នុងភាពរុងរឿងក្លែងក្លាយនៃមនោគមវិជ្ជារបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម សម្រាប់ជំនាន់សាបសូន្យនៃយុវជនកាន់សាសនាឥស្លាមវ័យក្មេង ដែលត្រូវបានរងការពង្វក់ដោយមនោគមវិជ្ជាមិនត្រឹមត្រូវនេះ។
ធំដឹងក្ដីក្នុងគ្រួសារដែលមានជំនឿសាសនាមុតមាំ
ជាកូនទីពីរក្នុងចំណោមបងប្អូនបីនាក់ យុវជនTugral កើតនៅក្នុងសង្កាត់ Sincan ក្រុង Ankara ប្រទេសតួកគី ក្នុងត្រកូលគ្រួសារ ដែលឲ្យតម្លៃទៅលើការអប់រំ និងសាសនា។ ឪពុករបស់គាត់មានសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកអក្សរសាស្ត្រតួកគី ហើយជាគ្រូបង្រៀននៅវិទ្យាល័យមួយកន្លែង។ បងប្រុសរបស់គាត់គឺជាវិស្វករកម្មវិធីកុំព្យូទ័រ និងថែមទាំងអាចនិពន្ធទំនុកភ្លេងបានទៀតផង។ ប្អូនស្រីរបស់គាត់ធ្លាប់ជានិស្សិតម្នាក់ ហើយឪពុកមាខាងឪពុករបស់គាត់ជាសាស្ត្រាចារ្យគណិតវិទ្យា។
លោក Suleyman Tugral ដែលជាឪពុករបស់យុវជន Tugral បានសរសេរនៅលើប្លុកតាមប្រព័ន្ធអ៊ីនធឺណិត អំពីសាសនាឥស្លាម ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៤ ដោយបានចែករំលែកនូវកំណាព្យ និងទស្សនៈបែបអភិរក្សរបស់លោក។ លោកក៏បានផ្សារភ្ជាប់ «ប្រព័ន្ធគុណតម្លៃក្នុងគម្ពីរ Quran» ជាមួយនឹងនិក្ខេបបទថ្នាក់បណ្ឌិតរបស់លោក ដែលនៅក្នុងនោះ លោកបានគាំទ្រការវាយប្រយុទ្ធនៅក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាម និងបានហៅជនជាតិ Jewishនិងអ្នកកាន់សាសនាគ្រិស្តថាត្រូវជាប់បណ្តាសារដោយសារការមិនជឿលើព្រះអាឡោះ និងព្យាការី។ លោកបានសរសេរថា «ទោសទណ្ឌដ៏ឈឺផ្សាកំពុងរង់ចាំពួកគេ»។
លោក Suleyman Tugral និងភរិយារបស់លោក ដែលជាស្ត្រីមេផ្ទះ បានចុះឈ្មោះឲ្យយុវជន Rasid Tugral សិក្សាគម្ពីរសាសនាជាលក្ខណៈឯកជន នៅពេលដែលយុវជនរូបនេះរៀននៅវិទ្យាល័យ ដែលនេះជាទម្លាប់ដែលត្រកូលគ្រួសារអ្នកមានជំនឿសាសនាមុតមាំតែងតែធ្វើ។
ជាបុគ្គល «ឆ្លាតវៃ» តែរឹងរូស
នៅចុងឆ្នាំ ២០០៧ យុវជន Tugral បានចូលរៀនផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យបច្ចេកទេសមជ្ឈិមបូព៌ា (METU) ដែលជាសាកលវិទ្យាល័យដែលគេស្គាល់ជាទូទៅថាជាសាកលវិទ្យាល័យ Harvardរបស់ប្រទេសតួកគី។ Nihat Celik ដែលជាអតីតមិត្តរួមថ្នាក់របស់យុវជន Tugral និងជាមនុស្សម្នាក់នៅក្នុងចំណោមអ្នកជិតស្និទ្ធជាមួយនឹងយុវជន Tugral ដែលបានបញ្ជាក់អះអាងថា សំណេរ និងសារបង្ហោះតាមបណ្ដាញសង្គមរបស់ Tugral គឺពិតជារបស់ Tugral នោះ បាននិយាយថា បរិយាកាសនៅសាកលវិទ្យាល័យដែលមិនពាក់ព័ន្ធនឹងកិច្ចការសាសនាគឺផ្ទុយគ្នាស្រឡះពីស្ថានភាពជីវិតរបស់ Tugralនៅផ្ទះ។
Celik បានបន្ថែមថា៖ «ពេលថ្ងៃ គាត់ទៅសាលារៀនដែលមានបរិយាកាសសេរី ប៉ុន្តែនៅពេលយប់ គាត់នៅផ្ទះជាមួយនឹងក្រុមគ្រួសារអភិរក្សនិយម ដែលប្រកាន់ជំនឿសាសនាមុតមាំរបស់លោក។ វាទៅមិនរួចទេក្នុងការបញ្ចូលបរិស្ថានរស់នៅពីរផ្ទុយគ្នាក្នុងជីវិតតែមួយនោះ»។
នៅសាកលវិទ្យាល័យ METU យុវជនTugral ត្រូវបានគេស្គាល់ដោយសារតែចំណាប់អារម្មណ៍របស់គាត់លើផ្នែកតារាសាស្ត្រ និងការថតរូប ក៏ដូចជាអាកប្បកិរិយាក្រមិចក្រមើមរបស់គាត់ម្ដងម្កាល។ សាស្ត្រាចារ្យមួយរូប ដែលសុំមិនបញ្ចេញឈ្មោះដោយហេតុផលសន្តិសុខផ្ទាល់ខ្លួន បាននិយាយថា៖ «យុវជន Tugral ជាមនុស្សឆ្លាតវៃម្នាក់។ គាត់ធ្លាប់បានសួរសំណួរល្អៗណាស់»។ ប៉ុន្តែ Tugral «មិនមែនជាសិស្សល្អដាច់គេនេះទេ ដោយសារគាត់មិនសូវមានវិន័យ ហើយគាត់អវត្តមានច្រើនលើក»។
យុវជន Tugral បានចុះឈ្មោះចូលក្លឹបផ្នែកតារាសាស្រ្តប្រចាំសាកលវិទ្យាល័យ និងបានធ្វើជាមិត្តភ័ក្ដិជាមួយនឹងប្រធានក្លឹបនោះឈ្មោះ Utku Boratac។ ពួកគេទាំងពីរនាក់បានសិក្សាពីផ្ទៃមេឃនៅពេលរាត្រីនៅពេលធ្វើដំណើរបោះជំរំម្តងៗ។ ពួកគេក៏បានចូលរួមជួយក្នុងកម្មវិធីសង្កេតមើលផ្កាយប្រចាំឆ្នាំសម្រាប់សាធារណជននៅក្នុងមជ្ឈមណ្ឌល TUBITAK National Observatory។ នេះបើយោងតាមការបញ្ជាក់ប្រាប់ VOA របស់យុវជន Boratac។
Tugral បានចាប់ផ្ដើមចែករំលែករូបថតផ្នែកតារាសាស្រ្តរបស់គាត់នៅលើគេហទំព័ររបស់ National Geographic នៅក្នុងឆ្នាំ ២០១០ និងបានចូលរួមក្នុងការប្រកួតរូបថតឆ្នាំ ២០១២ របស់អង្គការ NASA ក្នុងការរចនាកែសម្រួលរូបថតពីឧបករណ៍ពង្រីករូបអវកាស Hubble Space Telescope។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គាត់បានប្រើឈ្មោះក្រៅថា Nukleer Kedi ឬឆ្មានុយក្លេអ៊ែរ ដោយបានទទួលស្គាល់នូវចំណង់ចំណូលចិត្តទៅលើសត្វឆ្មារបស់ខ្លួនឯងផ្ទាល់ ឬរូបថតសត្វឆ្មា។
ជាបុគ្គលផ្គើនដ៏ «ខ្លាំងក្លា»
ជាមួយនឹងភាពរួសរាយ ហើយនៅពេលខ្លះចម្លែកខុសគេ យុវជន Tugral «តែងតែនិយាយកំប្លែងលេង និងលេងសើចជាមួយនឹងអ្វីគ្រប់យ៉ាង» នេះបើយោងតាមមិត្តរួមថ្នាក់របស់គាត់ម្នាក់ ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ ដោយហេតុផលព្រួយបារម្ភថា សាធារណជនទូទៅអាចភ្ជាប់រូបគាត់ជាមួយនឹងយុវជន Tugral។ មិត្តរួមថ្នាក់ម្នាក់នេះបានបន្តថា៖ «មានគ្រាមួយ Tugralមកសាលារៀនដោយស្លៀកសំលៀកបំពាក់រឹបនឹងសាច់»។ ហើយគ្រាមួយទៀត គាត់មករៀនដោយមិនមានពាក់អាវ និងស្លៀកតែខោខ្លីតែប៉ុណ្ណោះ។
ជាមនុស្សចូលចិត្តជិះកង់ ឡើងភ្នំ និងហែលទឹក យុវជន Tugral តែងតែបង្ខំខ្លួនឯងរឿងកាយកីឡា។ មិត្តរួមថ្នាក់របស់គាត់បានរំឭកឡើងថា «មានគ្រាមួយ គាត់ [Tugral] អផ្សុកពេក ហើយបានជិះកង់ពីទីក្រុង Ankara ទៅកាន់ក្រុង Konya» ដែលមានចម្ងាយ ២៦២ គីឡូម៉ែត្រ។
Tugral បានសរសេរនៅលើវិបសាយ Couchsurfing ដែលជាគេហទំព័រភ្ជាប់ទំនាក់ទំនងរវាងអ្នកដំណើរនិងអ្នកផ្ដល់កន្លែងស្នាក់នៅថា «មនុស្សភាគច្រើនដែលខ្ញុំស្គាល់នឹងនិយាយថា ខ្ញុំឆ្កួត ប៉ុន្តែពួកគេក៏ចង់ធ្វើដូចរូបខ្ញុំដែរ ពីព្រោះតែខ្ញុំជារឿយៗតែងធ្វើអ្វីដែលខ្ញុំចូលចិត្តធ្វើ។ ហើយបទពិសោធន៍ជិះកង់របស់ខ្ញុំអាចជាអ្វីមួយដែលខ្ញុំចូលចិត្តធ្វើ»។
Tugral បានសរសេរបន្តថា «ខ្ញុំចូលចិត្តសើច និងធ្វើឲ្យមនុស្សម្នាសើច (បើទោះជាពេលខ្លះ ខ្ញុំយំក៏ដោយ)។ ភាគច្រើន មនុស្សម្នានៅជុំវិញខ្ញុំមិនងាយនឹងអផ្សុកទេ»។
ការរំកិលខ្លួនទៅកាន់ភាពជ្រុលនិយម
នៅសាកលវិទ្យាល័យ METU យុវជន Tugral នៅតែជាអ្នកកាន់សាសនាឥស្លាមខ្ជាប់ខ្ជួន ប៉ុន្តែគាត់តែងតែទាក់ទងជាទូទៅជាមួយនឹងមនុស្សដែលមិនមានចំណង់ចំណូលចិត្តដូចគាត់ ដូចជាចំណង់ចំណូលចិត្តក្នុងការបួងសួង ការតមអាហារ និងការជៀសឆ្ងាយពីគ្រឿងស្រវឹងជាដើម។
មិត្តភ័ក្ដិរបស់ Tugral ម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះដើម្បីកុំឲ្យធ្លាក់ខ្លួនជាទីដៅរបស់ជនជ្រុលនិយមនានា បាននិយាយថា «នៅគ្រាមួយ យើងទាំងអស់គ្នាផឹកគ្រឿងស្រវឹង»។ Tugral «មិនបានផឹកជាមួយយើងនោះទេ ប៉ុន្តែគាត់បានកំប្លែងដាក់ខ្លួនឯងពីការមិនផឹកនោះ»។
ក្នុងឆ្នាំ ២០១៣ Tugral បានចូលរួមបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ហើយបានចាប់ផ្ដើមក្រឡេកមើលលើជំនឿរបស់ខ្លួនដើម្បីស្វែងយល់បន្តទៀត។ យុវជន Boratac ដែលជាមិត្តរួមថ្នាក់តារាសាស្រ្តរបស់គាត់ បាននិយាយថា Tugral បានចាប់ផ្ដើមផ្លាស់ប្ដូរ។
Tugral បានដកខ្លួនបន្តិចម្ដងបន្តិចម្ដងចេញឆ្ងាយពីនិស្សិតមួយភាគធំដែលមិនជាប់ទាក់ទងនឹងសាសនានៅសាកលវិទ្យាល័យ METU។ គាត់បានទុកពុកមាត់វែង និងលែងកាត់សក់ ដោយប្រតិបត្តិតាមទំនៀមទម្លាប់របស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម។ គាត់បានសរសេរនៅលើបណ្ដាញសង្គម Facebook ថា «ពួកកុម្មុយនិស្តនៅសាកលវិទ្យាល័យ METU បានប្រមូលផ្តុំគ្នា និងសើចបញ្ចើចបញ្ចើភ្លាមៗ នៅពេលដែលអ្នកស្វាគមន៍មិត្តភ័ក្ដិរបស់អ្នកដោយយកដៃទៅប៉ះថ្ងាស»។
យុវជន Boratac បាននិយាយថា Tugral បានចំណាយពេលកាន់តែច្រើនឡើងៗជាមួយនឹងសហគមន៍វិហារឥស្លាមនៅក្នុងសាកលវិទ្យាល័យ និងបានចំណាយពេលជាច្រើនម៉ោងពិភាក្សាអំពីគម្ពីរ Quran «ពីជំពូកមួយទៅជំពូកមួយ និងពីពាក្យមួយទៅពាក្យមួយ»។ Boratac បានបន្ថែមថា៖ «នៅគ្រាមួយ គាត់បានសរសេរសារបង្ហោះនៅលើ Facebook អំពីសាសនាឥស្លាម ហើយខ្ញុំបានព្យាយាមឆ្លើយតប... ដើម្បីបង្កើតជាការសន្ទនាមួយ។ ប៉ុន្តែគាត់មិនដែលឆ្លើយតបមកវិញទេ»។
Celik ដែលចូលរួមនៅក្នុងក្លឹបតារាសាស្រ្តជាមួយនឹង Tugral ដែរនោះ បានប្រាប់ VOA ថា ពេលខ្លះ Tugral បានផ្ដោតខ្លួនគាត់លើការសិក្សាអំពីគម្ពីរ Quran អស់រយៈពេលជាច្រើនថ្ងៃ រហូតដល់ពីរបីសប្ដាហ៍ជាប់ៗគ្នាក៏មាន ដោយមិនចាកចេញពីវិហារឥស្លាមនោះទេ។ Celikយល់ឃើញថា ការឈានទៅការមានជំនឿជ្រុលនិយមរបស់ Tugral គឺមួយផ្នែក បណ្ដាលមកពីការចូលរួមរបស់ Tugralជាមួយនឹងក្រុមអ្នកសិក្សាគម្ពីរ Quran ក្នុងវិហារឥស្លាម។ Celik បានបន្ថែមថា មកទល់នឹងពេលរដូវផ្ការីក ឆ្នាំ ២០១៤ «មនុស្សម្នាក់ផ្សេងទៀតនៃក្រុមអ្នកសិក្សាក្នុងវិហារឥស្លាមនោះបានទៅប្រទេសស៊ីរី ឬអ៊ីរ៉ាក់។ យើងមិនបានដឹងថា មានអ្វីកើតឡើងទៅលើរូបគាត់នោះទេ»។ អត្ថបទមួយនៃទស្សនាវដ្ដី Newsweek ចុះផ្សាយក្នុងឆ្នាំ ២០១៥ ស្ដីពីការជ្រើសរើសសមាជិកចូលប្រយុទ្ធក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាម បានសរសេរថា អតីតសមាជិកនៃក្រុមសិក្សាគម្ពីរក្នុងវិហារឥស្លាមនោះ បានចូលរួមជាមួយនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម និងបានចែករំលែកវីដេអូពាក់ព័ន្ធនឹងការប្រយុទ្ធនៅក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាម នៅតាមប្រព័ន្ធអ៊ីនធឺណិតជាមួយនឹង Tugral។
យូរៗម្ដង យុវជនTugral បានដឹកនាំការបួងសួងក្នុងវិហារឥស្លាមក្នុងសាកលវិទ្យាល័យ ដោយសារតែជំនាញផ្នែកវោហារសាស្ត្ររបស់គាត់ នេះបើយោងតាមការបញ្ជាក់ប្រាប់របស់លោក Ufuk Tastan ជំនួយការផ្នែកស្រាវជ្រាវនៅដេប៉ាតឺម៉ង់រូបវិទ្យានៃសាកលវិទ្យាល័យ METU នៅក្នុងសារព័ត៌មាន BirGun Daily របស់ប្រទេសតួកគី។ Ufuk Tastan និង Tugral ធ្លាប់ជាមិត្តភ័ក្ដិរៀនសូត្រជាមួយគ្នា។
មិនយូរប៉ុន្មាន Tugral បានចាប់ផ្ដើមនិយាយជាសាធារណៈពីការគាំទ្ររបស់ខ្លួនលើការប្រយុទ្ធក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាម។ នៅលើបណ្ដាញសង្គម Facebook គាត់បានចូលរួមសំដែងទុក្ខក្រៀមក្រំដល់ជនស៊ីវិលស៊ីរីដែលបានបាត់បង់ជីវិត ដែលយុវជនរូបនេះគិតថា ជនរងគ្រោះទាំងនោះត្រូវបានបាត់បង់ជីវិតដោយសារការវាយប្រហារតាមអាកាសដឹកនាំដោយរដ្ឋាភិបាលរុស្សី ស៊ីរី និងសហរដ្ឋអាមេរិក។ Tugral ក៏បានរិះគន់រដ្ឋាភិបាល និងសង្គមតួកគីផងដែរ។
Celik បាននិយាយថា៖ «ជាញឹកញយ គាត់បានរិះគន់រដ្ឋាភិបាលអំពីអំពើពុករលួយ និងការសូកប៉ាន់។ គាត់ [Tugral] ក៏ជឿថា រដ្ឋាភិបាលរបស់លោក [ប្រធានាធិបតីតួកគី Racep Tayyip] Erdogan បានបកស្រាយសាសនាឥស្លាមក្នុងផ្លូវខុស»។
ការសិក្សានៅប្រទេសហ្វាំងឡង់
យុវជន Tugral បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ METU នៅក្នុងរដូវផ្ការីក ឆ្នាំ២០១៤។ រហូតដល់រដូវស្លឹកឈើជ្រុះឆ្នាំ ២០១៤ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតជំនាញរូបវិទ្យានៅសាកលវិទ្យាល័យ Jyväskylä ក្នុងប្រទេសហ្វាំងឡង់។ នៅទីនោះ គាត់រីករាយនឹងការផ្លាស់ប្ដូរនៃអាកាសធាតុ និងភូមិសាស្ត្រយ៉ាងខ្លាំង ដោយបានសរសេរនៅលើបណ្ដាញសង្គម Facebookថា «ជាការពិត បរិវេណសាកលវិទ្យាល័យរបស់ខ្ញុំនាពេលបច្ចុប្បន្ននេះ គឺប្រសើរជាងបរិវេណសាកលវិទ្យាល័យពីមុនច្រើនណាស់»។
នៅលើបណ្ដាញទំនាក់ទំនងសង្គម Tugral បានបង្ហោះរូបថត និងសំដែងអារម្មណ៍ភ្ញាក់ផ្អើលចំពោះរដូវស្លឹកឈើជ្រុះដ៏ចម្រុះពណ៌នៅប្រទេសហ្វាំងឡង់ ជាមួយនឹងរូបថតសត្វឆ្មា សត្វកំប្រុក និងសត្វផ្សេងៗទៀត។
Tugral មិនសូវផ្ដោតទៅលើការសិក្សាប៉ុន្មាននោះទេ។ គាត់បានចំណាយពេលច្រើនទៅវិហារឥស្លាម An-Nur ក្នុងក្រុង Jyväskylä ។
អ្នកនៅផ្ទះរួមជាមួយគាត់ឈ្មោះ Anbu Posakkannu បានថ្លែងប្រាប់សារព័ត៌មាន BirGun Daily ថា «គាត់មិនបានចូលរៀនច្រើននោះទេ ប៉ុន្តែបានចំណាយពេលមួយភាគធំនៅវិហារឥស្លាម ឬនៅលើប្រព័ន្ធអ៊ីនធឺណិតពេលគាត់នៅផ្ទះ»។
Posakkannu បាននិយាយថា Tugral «តែងតែនិយាយថា គាត់ចង់ចូលរួមជាមួយនឹងពួកជ្រុលនិយមក្រុមរដ្ឋឥស្លាម»។ VOA មិនអាចទាក់ទង Posakkannu សុំយោបល់បានទេ។
Boratac ដែលជាមិត្តភ័ក្ដិរបស់ Tugral រៀនជំនាញតារាសាស្រ្តនៅឯសាកលវិទ្យាល័យ METU បានប្រាប់ VOAថា គាត់ធ្លាប់បានចំអកលេងសើចពីពុកមាត់របស់ Tugral។ Boratac បានលើកឡើងថា «ខ្ញុំធ្លាប់បានសួរគាត់លេងថា៖ «តើពួកគេឲ្យឯងចូលប្រទេសហ្វាំងឡង់ជាមួយនឹងមុតមាត់ដូចនេះបានយ៉ាងដូចម្តេចទៅ? តើពួកគេមិនសួរឯងថា ឯងនឹងចូលរួមប្រយុទ្ធក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាមទេឬ?»។
Tugral បានឆ្លើយតបវិញថា «ពួកគេវិនិច្ឆយលើគោលបំណងរបស់យើង មិនមែនតាមមុខមាត់របស់យើងទេនៅទីនេះ»។ នេះបើយោងតាមការបញ្ជាក់របស់ Boratac។
ប៉ុន្តែគោលបំណងរបស់និស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្ររូបនេះ បាននាំឲ្យមានការមន្ទិលសង្ស័យ ។ នេះបើយោងទៅតាមកាសែត BirGun Daily។ សារព័ត៌មាននេះបានរាយការណ៍ថា ក្រុមមន្ត្រីសន្តិសុខហ្វាំងឡង់បានធ្វើការស៊ើបអង្កេតនៅចុងឆ្នាំ ២០១៤។
ទស្សនាវដ្តី Newsweek ក៏បានរាយការណ៍ថា ប៉ូលិស «បានចាប់អារម្មណ៍ទៅលើសារបង្ហោះនៅលើFacebook របស់គាត់ [Tugral] ហើយបានសួរនាំ Tugral នៅក្រៅបរិវេណសាកលវិទ្យាល័យ។
លោក Khalid Bellamine ដែលជាប្រធានវិហារឥស្លាម បានបញ្ជាក់ប្រាប់ VOA ថា មន្ត្រីសន្តិសុខហ្វាំងឡង់បានទាក់ទងរូបគាត់ស្វែងរកព័ត៌មានពាក់ព័ន្ធនឹងយុវជន Tugral។ ប៉ុន្តែលោក Bellamine បាននិយាយថា គាត់ «មិនធ្លាប់ដែលបានជួប Tugral ផ្ទាល់ទេ ហើយគ្មាននរណាម្នាក់ [ស្គាល់] គាត់នៅសហគមន៍នេះទេ»។
លោក Bellamine បានបន្តថា «តាមដែលយើងសង្កេតឃើញ គាត់បានទៅវិហារអំឡុងពេលថ្មីៗនេះ ហើយគាត់មិនបាននិយាយទៅកាន់នរណាម្នាក់នោះទេ»។ គាត់បានបន្ថែមថា «ប្រសិនបើខ្ញុំសង្ស័យអ្វីមួយពី Tugral ខ្ញុំនឹងរាយការណ៍ឲ្យបានច្បាស់ពីរឿងនោះ»។
មុនពេលចាកចេញពីប្រទេសហ្វាំងឡង់ ក្នុងអំឡុងពេលវិស្សមកាលរដូវធ្លាក់ទឹកកករបស់សាកលវិទ្យាល័យ Tugral បានយកម៉ាស៊ីនថត DSLR របស់ខ្លួនទៅកាន់វិហារគ្រិស្តសាសនានៅទីក្រុង Helsinki និងទៅកាន់ផ្ទះសំណាក់ 7 Fells Hostel នៅតំបន់ Lapland ដោយសារតែម្ចាស់ផ្ទះសំណាក់នោះគឺជា អ្នកថតរូបមានបទពិសោធន៍ដូចរូបគាត់។ នេះបើយោងទៅតាមការសរសេររបស់ Tugral នៅលើ Facebook។
ការវិលត្រឡប់មកផ្ទះមួយរយៈ ក្រោយមកក៏គេចខ្លួនបាត់
យុវជនTugral បានវិលត្រឡប់ទៅផ្ទះរបស់គាត់នៅក្នុងទីក្រុង Ankara វិញ ដោយបានយកផ្ទះរបស់គាត់ជាកន្លែងស្នាក់អាស្រ័យ មុនពេលប្រឡូកកាន់តែជ្រៅទៅក្នុងការប្រយុទ្ធក្នុងសង្គ្រាម Jihad ដើម្បី ការពារសាសនាឥស្លាម។ គាត់បានប្រាប់ឪពុកម្ដាយរបស់គាត់ថា គាត់មានគម្រោងទៅស្នាក់នៅជាមួយនឹងមិត្តភ័ក្ដិនៅសាកលវិទ្យាល័យ METU មួយយប់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥។ ផ្ទុយទៅវិញ គាត់បានរៀបចំសំពៀតតូចមួយ ហើយចេញដំណើរទៅកាន់ប្រទេសស៊ីរី។
នៅគ្រាបន្ទាប់ Tugral បានសរសេរសារមួយថា៖ «មុនពេលចាកចេញទៅ ខ្ញុំសូមថ្វាយជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់»។
គាត់បានសុំអ្នកបើករថយន្តដឹកអ្នកដំណើរតូចមួយគ្រឿងតាមផ្លូវសម្រាប់ការធ្វើដំណើរ។ បន្ទាប់ពីបានលោតឡើងរថយន្តនោះ គាត់បានសរសេរថា៖ «ខ្ញុំទើបតែដឹងថា ខ្ញុំភ្លេចយកម៉ាស៊ីនថតមកជាមួយ»។ គាត់តែងតែកាន់ម៉ាស៊ីនថតនោះទៅគ្រប់ទីកន្លែង ដោយបានថតទុកជាឯកសារនូវរូបផ្ទៃមេឃ បរិស្ថានជុំវិញខ្លួនគាត់ និងការប្រែផ្លាស់របស់ខ្លួនគាត់ផ្ទាល់។ តែចុងក្រោយ Tugral សម្រេចថា ការភ្លេចកាមេរ៉ានោះ «មិនមែនជារឿងធំដុំ» នោះទេ។
ការឆ្លងចូលទៅក្នុងប្រទេសស៊ីរី
ដំណើរផ្សងព្រេងបន្ទាប់ និងអ្វីដែលបានកើតឡើងបន្ទាប់មកទៀត គឺត្រូវបានរៀបរាប់ក្នុងសំបុត្រដ៏វែង ដែលសរសេរជាវគ្គៗមួយច្បាប់របស់យុវជន Tugral នៅពេលដែលគាត់មិនមានលទ្ធភាពអាចប្រើប្រាស់អ៊ីនធឺណិត និងបណ្ដាញផ្សព្វផ្សាយសង្គមបាននៅក្នុងប្រទេសស៊ីរី។ អត្ថបទមួយដែលមានចំណងជើងថា «ការស្វាគមន៍ពីដែនដីរបស់ព្រះចៅកាលិហ្វ» ត្រូវបានគាត់ចែករំលែកជាសាធារណៈតាមរយៈ Facebook កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៥។
ក្នុងទីក្រុង Sanliurfa ជាប់ព្រំដែនភាគអាគ្នេយ៍ប្រទេសតួកគី Tugral បានចូលរួមជាមួយនឹងក្រុមបុរសដទៃទៀតមកពីប្រទេសទុយណេស៊ី លីប៊ី និងអារ៉ាប៊ីសាអ៊ូឌីត ដែលមានឆន្ទៈចូលប្រយុទ្ធឲ្យក្រុមជ្រុលនិយមរដ្ឋឥស្លាម។ ទាំង Tugral ទាំងក្រុមបុរសទាំងនោះ បានឆ្លងចូលប្រទេសស៊ីរីដោយខុសច្បាប់។ Tugral បានសរសេរក្នុងខ្លឹមសារអបអរសាទរខ្លួនឯងថា «យើងត្រូវរត់អស់រយៈពេលយ៉ាងយូរ។ ហើយខ្ញុំគិតថា ខ្ញុំឆ្លាតដែរ ដែលមិនយកវ៉ាលីធ្ងន់មកជាមួយ»។
សមាជិកក្រុមជ្រុលនិយមរដ្ឋឥស្លាមអាហ្វហ្គានីស្ថានដែលមានសក់វែងម្នាក់ បានមកប្រមូលក្រុមបុរសទាំងនោះ រួមទាំង Tugral ផងដែរ ហើយដឹកចេញតាមរថយន្តកាត់ទង់ជ័យពណ៌ខ្មៅធំមួយរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម ដែលស្ថិតនៅតាមផ្លូវទៅកាន់ក្រុង Tal-Abyad ប្រទេសស៊ីរី។ Tugral និងបុរសដទៃទៀតត្រូវបានដឹកទៅកាន់ផ្ទះមួយកន្លែងដែលមានតែភ្លើងទៀនបំភ្លឺប៉ុណ្ណោះ។ លិខិតឆ្លងដែន ឧបករណ៍អេឡិចត្រូនិក និងរបស់របរដទៃទៀតរបស់ពួកគេត្រូវបានរឹបអូសទុក ប៉ុន្តែ Tugral បានសុំយុទ្ធជនជ្រុលនិយមរដ្ឋឥស្លាមម្នាក់ដើម្បីឲ្យខ្លួនប្រើទូរស័ព្ទពីរបីនាទីដើម្បីផ្ញើអ៊ីមែលទៅកាន់ក្រុមគ្រួសាររបស់គាត់។
ដោយដឹងថាទូរស័ព្ទរបស់គាត់ត្រូវបានរឹបអូសទុកមុនពេលដែលគាត់អាចផ្ញើអ៊ីមែលបាន Tugral បានសរសេរថា «វាពិតជាពិបាកណាស់ក្នុងការភ្ជាប់បណ្ដាញអ៊ីនធឺណិត ដោយសារតែសេវាទូរស័ព្ទខ្សោយ។ តើខ្ញុំកំពុងទៅទីណាទៅ?» ខ្ញុំចាប់ផ្តើមសួរទៅខ្លួនឯង ប៉ុន្តែស្អីក៏ស្អីទៅ»។
ពួកក្រុមជ្រុលនិយមរដ្ឋឥស្លាមបានចាប់ផ្ដើមចោទសួរអ្នកមកដល់ថ្មី ហើយបានឲ្យឈ្មោះក្រៅទៅពួកគេម្នាក់មួយៗ។ Tugral បានសរសេរថា «ឈ្មោះក្រៅរបស់ខ្ញុំនោះគឺ Abu Huraira» ដែលក្នុងភាសាអារ៉ាប់មានន័យថា ឪឆ្មា។
ភាតរភាព និងភាពអផ្សុក
ប៉ុន្មានថ្ងៃក្រោយមក យុវជន Tugral ត្រូវបានគេបញ្ជូនទៅកាន់ផ្ទះមួយខ្នងទៀត ដែលមានជញ្ជាំងសុសដោយស្នាមគ្រាប់កាំភ្លើង ដែលគាត់បានសរសេរថា «ប្រហែលជាកន្លែងរឹបអូសបានពីសង្គ្រាម»។ ផ្ទះនោះបានដាក់មនុស្ស ២០នាក់ ហើយ Tugral បានកត់សម្គាល់ឃើញពីភាពចម្រុះជាតិសាសន៍នៃអ្នករស់នៅក្នុងនោះ ក៏ដូចជា ឆន្ទៈរបស់ពួកគេនៅក្នុងការគាំទ្រក្រុមជ្រុលនិយមរដ្ឋឥស្លាម។ បុរសម្នាក់ក្នុងចំណោមពួកគេធ្លាប់ជាកីឡាករប្រដាល់សេរីអាជីពមួយរូបនៅប្រទេសអាល្លឺម៉ង់ និងម្នាក់ទៀតជាវិស្វករមេកានិចមកពីប្រទេសបង់ក្លាដេស។ មិនតែប៉ុណ្ណោះ មានបុរសម្នាក់ទៀតបានមកចូលរួមដោយផ្ទាល់ បន្ទាប់ពីទើបត្រូវបានដោះលែងចេញពីពន្ធនាគារនៅប្រទេសបារាំង។ ហើយបុរសម្នាក់ទៀតបានចំណាយថវិកាចំនួន ១ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក ដើម្បីធ្វើដំណើរពីប្រទេសចិន។
ពីរបីថ្ងៃក្រោយមកទៀត យុវជន Tugral និងបុរសប្រាំបីនាក់ទៀតដែលត្រូវបានជ្រើសរើសចូលក្នុងក្រុមជ្រុលនិយមរដ្ឋឥស្លាមបានឡើងរថយន្តដឹកអ្នកដំណើរតូចមួយគ្រឿង ធ្វើដំណើរមកក្រុង Raqqa ដែលជាទីក្រុងដែលក្រុមជ្រុលនិយមរដ្ឋឥស្លាមបានប្រកាសថាជារដ្ឋធានីរបស់ខ្លួន។ Tugral បាននិយាយថា គាត់បានប្រាប់អ្នកដែលស្នាក់នៅជាមួយគាត់នៅផ្ទះរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម ដោយនិយាយជូនពរលាគ្នាប្រកបដោយភាពរីករាយនូវពាក្យមួយឃ្លាថា «ជួបគ្នានៅឋានសួគ៌»។
Tugral បានដើរមើលក្រុង Raqqa ក្នុងអំឡុងពេលរង់ចាំទាំងអន្ទះសាដើម្បីទទួលការអប់រំច្បាប់ Sharia ដែលជាច្បាប់ឥស្លាមដ៏តឹងរ៉ឹង និងការហ្វឹកហាត់កាយសម្បទា ដែលក្រុមជ្រុលនិយមរដ្ឋឥស្លាមតម្រូវឲ្យធ្វើ មុនពេលចូលប្រយុទ្ធ។ Tugral បានសរសេរក្នុងសំបុត្ររបស់ខ្លួនថា ទីក្រុងនេះ «ធំ និងមានមនុស្សរស់នៅកកកុញ... មនុស្សម្នាបន្តរស់នៅក្នុងរបៀបធម្មតាមួយដោយមិនមានការកាត់ក្បាលទេ»។ គាត់បានបន្ថែមថា៖ «ចំណុចដ៏ប្រសើរជាងគេបង្អស់របស់ក្រុមជ្រុលនិយមរដ្ឋឥស្លាមនោះគឺ ការដាក់បម្រាមលើការជក់បារីនៅគ្រប់ទីកន្លែង»។ ប៉ុន្តែគាត់ក៏បានត្អូញត្អែរពីផ្សែងដែលចេញពី ចំហេះប្រេងម៉ាស៊ូតរបស់ទោចក្រយានយន្ត និងម៉ាស៊ីនកម្ដៅ ដែលមានគ្រប់ទីកន្លែងផងដែរ។
យុវជន Tugral បានចំណាយពេលពីរសប្តាហ៍នៅក្រុង Raqqa ដោយរស់នៅជាមួយនឹងក្រុមបុរសចូលរួមដទៃទៀតក្នុងផ្ទះដ៏ត្រជាក់មួយខ្នង ដែលខ្វះខាតទឹកប្រើប្រាស់ និងមិនមានអ្វីលើសពីពងទាដើម្បីបរិភោគនោះទេ។ គាត់ចាប់ផ្ដើមឈឺក ប៉ុន្តែនេះជាការត្អូញត្អែរតូចមួយតែប៉ុណ្ណោះ បើប្រៀបជាមួយនឹងការវាយប្រហារតាមអាកាសដ៏គួរឲ្យភ័យខ្លាច ដែលបានធ្វើឲ្យរញ្ជួយទ្វារ និងបង្អួច ដែលវាហាក់ដូចជាមានខ្យល់បក់យ៉ាងខ្លាំង ដោយគ្រប់ពេលទាំងអស់ គឺពួកគេភ័យខ្លាចថា គ្រាប់បែកនឹងធ្លាក់លើពួកគេ។
ការត្រៀមខ្លួនសម្រាប់ប្រយុទ្ធក្នុងសង្គ្រាម
អស់រយៈពេលប៉ុន្មានខែមកនេះ យុវជន Tugral ត្រូវបានគេបញ្ជូនពីផ្ទះមួយទៅផ្ទះមួយ ដែលក្នុងនោះរួមមានផ្ទះនៅក្នុងនិងជាយក្រុង Raqqa បន្ទាប់មកទៅកាន់ផ្ទះនៅក្រុង Homs។ គាត់បានរអ៊ូរទាំពីជីវិតរស់នៅនៅទីនោះ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង មនុស្សរស់នៅប្រជ្រៀតគ្នាកកកុញ និងកន្លែងរស់នៅមានភាពកខ្វក់។ គាត់បានសរសេរក្នុងសំបុត្ររបស់គាត់ថា «យើងមានគ្នាជិត ៣០នាក់ ដែលទាំងអស់គ្នារស់នៅក្នុងបន្ទប់មួយ ហើយមនុស្សជាច្រើនទៀតត្រូវបានគេនាំចូលមកជាបន្តបន្ទាប់»។
ពេលខ្លះ កន្លែងរស់នៅរបស់ Tugral គឺមានស្ថានភាពដូចកន្លែងរស់នៅរបស់ពួកមនុស្សបុរេប្រវត្តិដែរ គឺការរស់នៅក្នុងរូងមួយ បើទោះជាក្រុមជ្រុលនិយមរដ្ឋឥស្លាមបានដាក់ «ពូកអេប៉ុង» ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនភ្លើងក៏ដោយ។ គាត់បានសរសេរថា «មានរបស់របរជាច្រើនដែលត្រូវបានរឹបអូសពីសង្គ្រាម» ដែលក្នុងនោះរួមមានភួយដែលមានស្លាកអង្គការសហប្រជាជាតិលើនោះ ដែលទំនងជាភួយសម្រាប់ចែកចាយឲ្យជនភៀសខ្លួនជាដើម។
ការហ្វឹកហាត់ផ្នែកកាយសម្បទារបស់ Tugral ថ្ងៃទីមួយបានចាប់ផ្ដើមនៅរូងនោះតែម្ដង។ ពួកអ្នកចំណូលថ្មីបានហ្វឹកហាត់ចលនាផ្សេងៗដូចជា ការលោតកង្កែប និងការរំកិលខ្លួនឆ្លងភក់ជាដើម។ Tugral បានសរសេរថា ដោយសារគាត់ពាក់អាវរងា និងខោជើងវែងទិញពីប្រទេសហ្វាំងឡង់ គាត់មិនចង់លូនឆ្លងភក់ជាមួយពួកគេនោះទេ ប៉ុន្តែគាត់ត្រូវតែធ្វើ។ Tugral ក៏បានផ្ដល់ជាយោបល់ទៅដល់ជនចំណូលថ្មីជំនាន់ក្រោយៗឲ្យយកខោអាវបិទបាំងខ្លួនមកជាមួយផង។
ក្រុមបុរសដែលរួមស្នាក់អាស្រ័យជាមួយ Tugral នៅក្នុងរូងនោះ មានទាំងវិស្វករសំណង់ស៊ីវិលជនជាតិអង់គ្លេសម្នាក់ និងកូនប្រុសរបស់វិស្វករនោះផងដែរ។ Tugral បានសរសេរថា «ពួកគេមានចំណេះដឹងខ្លះៗអំពីតារានិករ ហើយដោយមិនឲ្យពួកគេរង់ចាំសួរនោះ ខ្ញុំបានចាប់ផ្ដើមពន្យល់អំពីតារានិករទៅពួកគេ។ ទោះជាយ៉ាងណាក៏ដោយ រូងនោះមានអគ្គិសនីប្រើប្រាស់ ខណៈពេលដែលមួយផ្នែកធំនៃទីក្រុងមិនមានអគ្គិសនីប្រើប្រាស់នោះទេ។ គ្មានការបំពុលដោយភ្លើងពណ៌ណាមួយអាចរារាំងពន្លឺផ្កាយបានទេ។
«ខ្ញុំអាចនិយាយបានថា ផ្ទៃមេឃគឺស្រស់ថ្លាសឹងគ្រប់ទីកន្លែងនៅក្នុងតំបន់របស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម»។
ការភ័យខ្លាចពី «អាកាស»
សឹងតែគ្រប់ទីកន្លែង ក្រុមបុរសចំណូលថ្មីត្រូវបានតាមឃ្លាំប្រមាញ់ដោយការវាយប្រហារតាមអាកាស។ យន្តហោះនៃរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad «ហោះពីលើយើងជារៀងរាល់ថ្ងៃ... ធ្លាប់មានគ្រាប់បែកពីអាកាសម្ដងដែរធ្លាក់មកយ៉ាងកៀកនឹងពួកយើង។ សំឡេងផ្ទុះរបស់គ្រាប់បែកនោះបានធ្វើឲ្យពួកយើងហឹងត្រចៀក ហើយការធ្លាក់របស់គ្រាប់បែកនោះបានធ្វើឲ្យមានរណ្ដៅធំមួយនៅជិតពួកយើង»។
យុវជន Tugral ហត់នឿយនឹងជីវិតរស់នៅដូចមនុស្សក្នុងរូងភ្នំ។ ហើយគាត់បានទទួលស្គាល់ថា ពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមមានបញ្ហាជាច្រើនដូចជា កង្វះអនាម័យ កង្វះការរៀបចំ ហើយនៅមិនទាន់មានការជំរុញទឹកចិត្តច្បាស់លាស់នៅឡើយក្នុងចំណោមសមាជិកថ្មីដែលបានចូលរួម។ សមាជិកថ្មីមួយរូបមកពីសាធារណរដ្ឋម៉ុលដាវី ដែលពីមុនមកធ្លាប់រួមរស់ជាមួយនឹងរណសិរ្ស al-Nusra Front ដែលមានទំនាក់ទំនងជាមួយនឹងក្រុមអាល់កៃដា បានប្រាប់ Tugral ថា «យុទ្ធជន mujahedeen ដែលជាអ្នកប្រយុទ្ធក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាមមួយចំនួន បានមកទីនេះដើម្បីផលប្រយោជន៍ដ៏ធំធេង ពីព្រោះពួកគេទទួលបានប្រាក់ច្រើន និងកន្លែងស្នាក់អាស្រ័យដែលផ្ដល់ដោយក្រុមជ្រុលនិយមរដ្ឋឥស្លាម»។
Tugral នៅតែស្រមៃចង់ឃើញអនាគតដ៏ឥតខ្ចោះមួយ។
គាត់បានសរសេរថា «រដ្ឋឥស្លាមមិនមែនជារដ្ឋមួយដែលល្អឥតខ្ចោះនោះទេ។ ពិតណាស់ វាជារដ្ឋឥស្លាមមួយ ហើយកំហុសរបស់ប្រជាជនមិនមែនជាកំហុសរបស់រដ្ឋនោះទេ»។ គាត់បានបន្តថា «...អ្វីៗនៅទីនេះមិនបានដំណើរការទៅមុខដោយល្អឥតខ្ចោះនោះទេ គឺមិនទាន់មានការយកចិត្តទុកដាក់លើអនាម័យឲ្យបានស្អាត ហើយគ្មានការអនុវត្តច្បាប់ចរាចរណ៍នៅទីនេះទេ។ ប៉ុន្តែយើងនឹងព្យាយាមកែទម្រង់អ្វីៗគ្រប់បែបយ៉ាងជាបណ្ដើរៗជាមួយនឹងជំនួយពីជនអន្តោប្រវេសន៍» ដែលជាពាក្យប្រើដោយក្រុមជ្រុលនិយមរដ្ឋឥស្លាមដើម្បីសំដៅទៅលើយុទ្ធជនបរទេសដែលមកចូលរួមប្រយុទ្ធ។
ការឈានចូលក្នុងសមរភូមិប្រយុទ្ធ
បន្ទាប់ពីបានរស់នៅក្នុងរូងអស់រយៈពេលយ៉ាងហោចណាស់បានមួយខែមក យុវជន Tugral និងសមាជិកយុទ្ធជនប្រាំនាក់ផ្សេងទៀតត្រូវបានជ្រើសរើសជាក្រុមកុម្ម៉ង់ដូ និងត្រូវបានអញ្ជើញឲ្យចូលរួមជាមួយនឹងយុទ្ធជនជ្រុលនិយមរដ្ឋឥស្លាមអាជីព។
Tugral បានកត់ត្រាថា ភា្លមៗនោះលក្ខខណ្ឌរស់នៅមានភាពប្រសើរឡើង។ ក្រុមកុម្ម៉ង់ដូបានទៅនៅផ្ទះមួយនៅខាងក្រៅក្រុង Homs។ សមាជិកម្នាក់ៗទទួលបានភួយថ្មីមួយ។ ហើយមានចុងភៅជនជាតិតាហ្ស៊ីគីស្ថាន «បានធ្វើម្ហូបស្រដៀងនឹងម្ហូបតាមវប្បធម៌របស់ពួកយើង» ដោយបានសម្លាប់ចៀមរៀងរាល់សប្ដាហ៍ដើម្បីយកសាច់មកធ្វើម្ហូប។ Tugral បានបន្តថា «មានចេក និងក្រូចសម្រាប់បរិភោគសឹងតែរាល់ថ្ងៃ។ យើងក៏ទទួលបានដុំ Snicker [ស្ករសូកូឡា] បីទៅបួនដុំក្នុងមួយថ្ងៃផងដែរ»។
សម្រាប់សមរភូមិប្រយុទ្ធដំបូងរបស់ខ្លួន Tugral ត្រូវបានចាត់ឲ្យទទួលបន្ទុកផ្នែកសុខាភិបាល ដោយសារតែគាត់ធ្លាប់ហ្វឹកហាត់ផ្នែកផ្ដល់ការសង្គ្រោះបឋមពេលគាត់រៀននៅសាកលវិទ្យាល័យ METU ។ គាត់បានសរសេរថា «ខ្ញុំគឺជា«គ្រូពេទ្យ»។ ចំណេះដឹងតិចតួចផ្នែកសុខាភិបាលដែលនរណាម្នាក់ចេះគឺអាចមានប្រយោជន៍នៅទីនេះ»។
Tugral បានរំឭកថា «នេះជាលើកដំបូងហើយ ដែលខ្ញុំបានឮសំឡេងគ្រាប់កាំភ្លើងយ៉ាងជិតបង្កើយ គឺឮសូរ ផូងៗ»។ គាត់ និងយុទ្ធជនដទៃទៀត «ចាប់ផ្ដើមលាក់ខ្លួននៅក្រោយជើងភ្នំ ស្របពេលដែលពួកគេឮសំឡេងរថក្រោះ និងសំឡេងកាំភ្លើងធំ»។ បន្ទាប់ពីស្ថិតនៅហាលខ្យល់ និងភ្លៀងដ៏ត្រជាក់យ៉ាងខ្លាំងជាច្រើនម៉ោងមក Tugral បានទទួលបញ្ជាឲ្យដកថយ។ គាត់បានសរសេរថា តង់ដែលត្រូវបានប្រើជាមន្ទីរពេទ្យកណ្ដាលវាល មានផ្ទុកសាកសពមនុស្ស ២ នាក់ និងអ្នករងរបួស ៦ នាក់ ហើយ «ក្លិនឈាមមានពាសពេញទីកន្លែង» ទាំងអស់។
ការការពារភាពសាហាវយង់ឃ្នង
នៅយប់បន្ទាប់នៃការប្រយុទ្ធគ្នា Tugral បានសរសេរក្នុងសំបុត្រថា គាត់ និងអ្នកប្រយុទ្ធក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាមដទៃទៀត បានវិលត្រឡប់មកមូលដ្ឋានវិញ «ក្នុងជ័យជម្នះ» ដោយរថក្រោះពីរគ្រឿង និងរថយន្តដឹកទំនិញធុនស្រាលមួយគ្រឿង រួមទាំងកាំភ្លើងធំបាញ់គ្រាប់រ៉ុកកែតមួយចំនួនតូចត្រូវបានកម្ទេច និង «ក្បាលមនុស្ស ៣ នាក់ ត្រូវបានកាប់ចិញ្ច្រាំ»។
បន្ទាប់មក Tugral បានការពារអំពើកាត់ក្បាលមនុស្សរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងការឆ្លើយឆ្លងយោបល់បន្តិចបន្តួចលើ Facebookជាមួយនិងមិត្តរួមថ្នាក់តារាសាស្ត្ររបស់គាត់ឈ្មោះ Boratac។ Boratac បានសួរទៅ Tugral ថា ហេតុអ្វីបានជាគាត់ពាក់ព័ន្ធជាមួយនឹង «ក្រុមជនសម្លាប់មនុស្សស្លូតត្រង់ និងក្រុមជនកាត់ក្បាលមនុស្សបែបនេះ? នេះជាអំពើវិកលចរិតមួយ»។
Tugral បានអះអាងមកវិញថា ការធ្វើដូចនេះគឺគ្រាន់តែជាការដាក់ទោសទៅលើពួកគាំទ្ររដ្ឋាភិបាលស៊ីរី «ដែលបានសម្លាប់ជនស៊ីវិលស្លូតត្រង់ជាច្រើននាក់» និងជាការដាក់ទោសលើ «ក្រុមរារាំង» នឹងរដ្ឋអំណាចរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម «ដែលក្រុមរារាំងនោះបានក្លាយជាទាសកររបស់សហរដ្ឋអាមេរិក»។ ដូចគ្នានេះដែរ គាត់ក៏បានការពារអ្នកប្រយុទ្ធក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាម ដែលបានចាប់ស្ត្រីភេទ ជាពិសេសស្ត្រីជនជាតិភាគតិចកាន់សាសនា Yazidi មកធ្វើជាទាសករផ្លូវភេទផងដែរ។
Tugral បានប្រាប់ទៅ Boratac ថា ការកាត់ក្បាលគឺសម្រាប់ហេតុផលយុទ្ធសាស្ត្រ ដោយនិយាយថា «ការកាត់ក្បាលគឺសម្រាប់បង្ហាញតាមកញ្ចក់ទូរទស្សន៍ដើម្បីបន្លាចសត្រូវ។ នៅពេលដែលពួកសត្រូវឃើញដូចនេះ ពួកវានឹងខ្លាចយើង ហើយរត់ចេញ»។
កូនក្រមុំក្រុម Jihad
នៅអំឡុងពេលពីរសប្ដាហ៍ដំបូងនៃខែមេសា ឆ្នាំ ២០១៥ Tugral បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយនឹងយុទ្ធជនអំបូរ Kurd ក្នុងក្រុង Tal Abyad។ គាត់បានទៅក្រុង Raqqa ដើម្បីសម្រាកព្យាបាលមុខរបួសដែលមិនបានបញ្ជាក់ច្បាស់ថារបួសនៅត្រង់ណានោះទេ។
នៅខែឧសភា ឆ្នាំ ២០១៥ Tugral បានរៀបការជាមួយស្ត្រីម្នាក់ឈ្មោះ Aisha Zevra Et-Turki ដែលជាអ្នកគាំទ្រក្រុមជ្រុលនិយមរដ្ឋឥស្លាមមួយរូបមកពីប្រទេសតួកគីដូចរូបគាត់ដែរ។
ក្នុងសារបង្ហោះតាមបណ្ដាញសង្គម Facebookកាលពីលើកមុនៗ គាត់បានសរសេរថា អ្នកប្រយុទ្ធក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាមនៅលីវម្នាក់ទទួលបានប្រាក់ខែ ១០០ ដុល្លារអាមេរិក និងរស់នៅក្នុងផ្ទះរួមគ្នាជាមួយនឹងយុទ្ធជន ៦ នាក់ផ្សេងទៀត។ យុទ្ធជនបរទេស «មានពេលបួនខែដើម្បីរកដៃគូរៀបការ។ ក្រុមជ្រុលនិយមរដ្ឋឥស្លាមនឹងផ្ដល់ផ្ទះមួយខ្នង បន្ថែមពីលើប្រាក់ជំនួយឧបត្ថម្ភសម្រាប់ប្រពន្ធ និងកូនទៀតផង»។
បន្ទាប់ពីរៀបការរួច Tugral មិនសូវបង្ហោះសារឬបង្ហាញមុខតាមបណ្ដាញសង្គមនោះទេ។ Boratac បានទាក់ទងទៅគាត់តាម Facebook ដោយបានសួរថា ហេតុអ្វីបានជាគាត់ស្ងប់ស្ងាត់ម្ល៉េះ និងសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលឲ្យគាត់វិលត្រឡប់មកតួកគីវិញ។
Boratac បានប្រាប់ VOAថា «គាត់ [Tugral] បាននិយាយថា គាត់បានរៀបការ ហើយប្រពន្ធគាត់ច្រណែនពេលឃើញគាត់ចំណាយពេលច្រើននៅលើបណ្ដាញសង្គម។ ខ្ញុំមិនអាចបញ្ជាក់ថា គាត់កំប្លែងលេង ឬនិយាយមែនទែននោះទេ»។
ការបង្ហោះនៅលើបណ្ដាញសង្គម Facebook និង Twitter របស់យុវជន Tugral នៅតែបន្តមានជាបន្តបន្ទាប់ ទោះបីជាមិនសូវញឹកញាប់ដូចមុនក្ដី។ ការបង្ហោះរបស់គាត់ គឺបង្ហាញពីបំណងរបស់គាត់ដែលមានកាន់តែខ្លាំងសម្រាប់ក្រុម Jihad ជ្រុលនិយម និងការគោរពសាសនាយ៉ាងមុតមាំ។ គាត់បានតវ៉ាប្រឆាំងនឹងការវាយប្រហារតាមយន្តហោះ របស់រដ្ឋាភិបាលស៊ីរី រុស្ស៊ី និងក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក និងបានតវ៉ាប្រឆាំងនឹងការស្លាប់របស់ជនស៊ីវិល។ គាត់ក៏បានប្ដេជ្ញានឹងធ្វើអ្វីគ្រប់យ៉ាងស្របទៅតាមច្បាប់ឥស្លាម Sharia ដ៏តឹងរ៉ឹង ដោយនិយាយថា «នឹងស្របតាមទាំងអស់តាំងពីការទទួលទានអាហាររហូតដល់ការទៅបន្ទោបង់»។
យុវជន Tugral បានរិះគន់ជនជាតិអារ៉ាប់នៅក្នុងប្រទេសស៊ីរី ដែលគាត់បានអះអាងនៅលើ Facebook ថា មិនអាចរំឭកធម៌បានត្រឹមត្រូវតាមគម្ពីរ Quran ឬសូម្បីតែហាស្ដីឃ្លាស្វាគមន៍ក្នុងសាសនាឥស្លាម ដែលឃ្លានោះគឺ «នៅពេលដែលខ្ញុំនិយាយថា «សន្តិភាព ចូរមានទៅលើអ្នក» ទៅកាន់មនុស្សទូទៅនៅក្រុង Raqqa ពួកគេឆ្លើយតបមកវិញថា «សួស្តី! សួស្តី!» ខ្ញុំពិតជា ធុញទ្រាន់នឹងវាណាស់»។
អ្នកដែលមិនជឿលើសាសនាឥស្លាម នឹងចុះនរក
អត្តចរិត Tugral ពីមុន ដែលគាត់ជាមនុស្សម្នាក់ពោរពេញដោយក្ដីស្រឡាញ់លើវិទ្យាសាស្ត្រ មិនបានបាត់បង់ទាំងអស់នោះទេ។ ជារឿយៗ គាត់បានបង្ហោះឡើងវិញនូវរូបថតផ្នែកតារាសាស្ត្រ ដែលគាត់បានរក្សាទុកជាឯកសារ។ គាត់ក៏បានសរសេរសារឆ្លើយតបតាមប្រព័ន្ធអ៊ីនធឺណិតលើប្រធានបទភូគព្ភសាស្ត្រ ក្រុមហ៊ុនឱសថ និងរបៀបដែលកុំព្យូទ័រអាចរក្សាទិន្នន័យឥតដែនកំណត់ដូចជាហ្វូងតារានៅលើមេឃ។
នៅលើបណ្ដាញសង្គម Twitter យុវជន Tugral បានសរសើរស្នាដៃរបស់អ្នកវិទ្យាសាស្ត្រនានាដូចជា អតីតអ្នកវិទ្យាសាស្ត្រទ្រឹស្ដីរូបវិទ្យាជនជាតិអាមេរិកាំងលោក Richard Feyman ជាដើម ទោះបីជាគាត់បានដាស់តឿនក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះ «ឲ្យប្ដូរមកគោរពសាសនាឥស្លាម មុនពេលសេចក្ដីស្លាប់ឈានចូលមកដល់»។ Tugral ធ្លាប់បានជួប និងថតរូបជាមួយនឹងអ្នកវិទ្យាសាស្ត្រផ្នែករូបវិទ្យាជនជាតិអាមេរិកាំងដែលទទួលបានពានរង្វាន់ណូបែលលោក Walter Kohn។ ប៉ុន្តែបន្ទាប់ពីលោក Kohn បានទទួលមរណភាពក្នុងឆ្នាំ ២០១៥ Tugral បានសរសេរលើប្រព័ន្ធ Twitterថា «ក្នុងនាមជាអ្នកដែលមិនកាន់សាសនាឥស្លាម ជាអកុសល អ្នកនឹងទៅកាន់ឋាននរក»។
យុវជន Tugral បានស្លាប់នៅដើមខែសីហា ឆ្នាំ ២០១៥ ក្នុងការប៉ះទង្គិចគ្នាមួយជាមួយនឹងពួក Kurdនៅភាគខាងជើងក្រុង Raqqa។ នេះបើយោងតាមបណ្ដាញសង្គមរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម។ គាត់បានប្រយុទ្ធនៅទីនោះ ពេលដែលក្រុមជ្រុលនិយមរដ្ឋឥស្លាមបានបាត់បង់ទីតាំងក្នុងសមរភូមិរបស់ខ្លួន។
នៅក្នុងបទសម្ភាសខ្លីមួយ លោក Suleyman Tugral ដែលជាឪពុករបស់ Tugral បានប្រាប់ទៅអ្នកសារព័ត៌មាន VOA ម្នាក់ថា ប្រពន្ធរបស់ Tugral បានបញ្ជាក់ពីការស្លាប់របស់គាត់តាមទូរស័ព្ទ។ នាងបាននិយាយថា សព Tugral នឹងត្រូវកប់នៅប្រទេសស៊ីរី។
លោក Suleyman Tugral បានប្រាប់ទៅអ្នកសារព័ត៌មាន VOA ដែលបានទៅផ្ទះគាត់នៅក្រុង Ankara កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ ២០១៥ ថា គាត់បានព្យាយាមយកសពរបស់ Tugral មកស្រុកកំណើតវិញ ហើយគាត់បានស្នើឲ្យអាជ្ញាធរតួកគីធ្វើការស៊ើបអង្កេតលើរឿងនេះ។
គាត់មានប្រសាសន៍ថា៖ «យើងមិនដឹងថា គាត់ស្លាប់ដូចម្ដេចទេ។ យើងបានយកករណីនៃការស្លាប់របស់ Tugral ទៅកាន់ការិយាល័យរដ្ឋអាជ្ញាក្រុង Ankara ហើយយើងកំពុងរង់ចាំការឆ្លើយតប»។
លោក Suleyman Tugral បដិសេធមិននិយាយបន្ថែមអំពីកូនប្រុសរបស់គាត់ ហើយសាច់ញ្ញាតិដទៃទៀតក៏បានបដិសេធសំណើសុំសម្ភាសផងដែរ។
«សង្ឃឹមនឹងជួបអ្នកនៅជាតិក្រោយ»
សារនៅលើ Facebook ចុងក្រោយរបស់ Tugral លេចឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៥ ក្នុងរយៈពេលជិតមួយខែ បន្ទាប់ពីគាត់ស្លាប់៖
«ប្រសិនបើខ្ញុំមិនបានសរសេរអ្វីនៅទីនេះអស់រយៈកាលយូរណាមួយ សូមអ្នកដឹងថា ពេលវេលារបស់ខ្ញុំនៅក្នុងពិភពលោកនេះបានចប់ហើយ ហើយខ្ញុំបានឆ្លងទៅជាតិក្រោយហើយ។ សូមបួងសួងឲ្យខ្ញុំផង ឲ្យព្រះអាឡោះទទួលយកខ្ញុំជាអ្នកដែលត្រូវគេសម្លាប់ដោយសារសាសនា។ សារនេះត្រូវបានកំណត់ឲ្យបង្ហោះឡើងដោយស្វ័យប្រវត្តិ។ សង្ឃឹមថា នឹងជួបអ្នកនៅជាតិក្រោយ»។
ទំព័រ Facebook របស់គាត់នៅដំណើរការនៅឡើយ ប៉ុន្តែគណនី Twitter របស់គាត់នាពេលថ្មីៗនេះត្រូវបានគេបិទ។ ក្នុងលិខិតឆ្លើយតបមក VOA បណ្ដាញសង្គម Twitter បានបញ្ជាក់ថា Twitter បាន «បិទគណនីជាង ៣ សែន ៦ ម៉ឺន គណនី ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៥ មកម្ល៉េះ ដោយសារហេតុផលគំរាមកំហែង ឬហេតុផលដែលជំរុញឲ្យមានសកម្មភាពភេរវកម្ម ជាពិសេសពាក់ព័ន្ធនឹង» ក្រុមជ្រុលនិយមរដ្ឋឥស្លាម។
លោក Salih Dogan អ្នកស្រាវជ្រាវជនជាតិតួកគី ផ្នែកនយោបាយ ទំនាក់ទំនងអន្តរជាតិ និងសន្តិសុខនៅសាកលវិទ្យាល័យ Keele University របស់ចក្រភពអង់គ្លេស បានប៉ានប្រមាណថា «មនុស្សរាប់ពាន់នាក់មកពីប្រទេសតួកគី» បានចូលរួមជាមួយក្រុមជ្រុលនិយមរដ្ឋឥស្លាម។ លោកបានប្រាប់ VOA ថា ទោះបីជា «អ្នកទាំងអស់នោះប្រហែលជារងឥទ្ធិពលពីភាពព្រៃផ្សៃនៅតំបន់ក្រុង Damascus ក្នុងប្រទេសស៊ីរីក្ដី កត្តាជំរុញទឹកចិត្តឲ្យពួកគេចូលរួមសកម្មភាពនោះ គឺមានលក្ខណៈខុសៗគ្នា។ មនុស្សមួយចំនួនប្រហែលត្រូវបានចាប់អារម្មណ៍ចូលប្រយុទ្ធក្នុងសង្គ្រាម Jihad ដើម្បីការពារសាសនាឥស្លាម ដោយសារការកើតក្នុងត្រកូលគ្រួសារអភិរក្សនិយម ដោយសារមានអារម្មណ៍ថាខ្លួនត្រូវទទួលរងអ្វីមួយយ៉ាងអយុត្តិធម៌ ដោយសារការងើបបះបោរប្រឆាំងនឹងឋានៈសង្គមទាបរបស់ខ្លួន ឬដោយសាររំពឹងថា នឹងទទួលបានប្រាក់ច្រើន។
លោក Dogan បាននិយាយថា «វាពិតជារឿងអាក្រក់មួយនៅពេលឃើញថា មនុស្សទាំងនោះដើរតាមគន្លងនោះ។ ខ្ញុំគិតថា អ្វីដែលសំខាន់គឺ យើងត្រូវបំពេញចន្លោះប្រហោងផ្នែកអារម្មណ៍ក្នុងចិត្តមនុស្សនិងមនោសញ្ចេតនារបស់មនុស្សលោក»។
ការចោទសួរផ្សេងៗអំពី Tugral នៅតែវិលវល់នៅក្នុងអារម្មណ៍របស់មិត្តរួមថ្នាក់តារាសាស្រ្តរបស់គាត់គឺលោក Boratac។
កាលពីមុន ពួកគេធ្លាប់មើលទៅលើមេឃនៅពេលរាត្រី ហើយឃើញនូវពន្លឺភ្លើងចាំងមួយដែលមិនអាចបកស្រាយបាន ពេលនោះ Boratac បានទាយថា អាចជា ថាសហោះ (UFO)។ Tugral ស្តាប់ដោយស្ងៀមស្ងាត់ ហើយបន្ទាប់មកបានធ្វើការស្រាវជ្រាវអំពីពន្លឺនោះ។
«គាត់បានប្រាប់ខ្ញុំថា «ទេ! អាល្ងើ... វាជាផ្កាយរណប»។ បន្ទាប់មក គាត់បានបង្រៀនខ្ញុំកុំឲ្យចេះតែសន្និដ្ឋាន ដោយមិនបានធ្វើការស្រាវជ្រាវ»។
Boratac បានងឿយឆ្ងល់ថា តើ Tugral អាចត្រូវគេពង្វក់ដោយប្រជាភិថុតិ និងភាពឃោរឃៅរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាមបានយ៉ាងដូចម្តេច?
«ការណ៍នេះធ្វើឲ្យខ្ញុំចោទជាសំណួរថា តើគាត់ក្លាយខ្លួនទៅជាបែបហ្នឹងដោយរបៀបណា? គាត់ធ្លាប់តែជាបុរសលេងសើចម្នាក់ ដែលមិនងាយនឹងប្រកាន់យកអ្វីមួយឲ្យស៊ីជម្រៅនោះទេ។ ហើយបុរសដដែលនេះចុងក្រោយបែរទៅជាគិតថា ការកាត់ក្បាលមនុស្សជារឿងត្រឹមត្រូវទៅវិញ»។
Celik ដែលជាមិត្តរួមថ្នាក់ជាមួយ Tugral នៅសាកលវិទ្យាល័យ METU គិតថា Tugral មិនអាចស្វែងរកស្ពានចម្លងមួយរវាងពិភពពីរផ្សេងគ្នាបានទេ។ «ខ្ញុំជឿថា គាត់ពិតជាច្របូកច្របល់ណាស់ក្នុងអារម្មណ៍របស់គាត់ ដោយសារម្ខាងគឺសាសនា ហើយម្ខាងទៀតគឺវិទ្យាសាស្ត្រ»។
Celik បន្តថា៖ «ខ្ញុំគិតថា អារម្មណ៍ក្នុងចិត្តគាត់ពិតជាងងឹតងងល់ណាស់។ ខ្ញុំមានអារម្មណ៍បែបហ្នឹងចំពោះគាត់ គឺនៅមុនពេលគាត់ចូលរួមជាមួយក្រុមជ្រុលនិយមរដ្ឋឥស្លាមទៅទៀត»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា
លោក Uzay Bulut លោក Kasim Cindemir និងលោក Rikar Hussein ផ្តល់សេចក្តីរាយការណ៍ក្នុងអត្ថបទនេះពីផ្នែក Extremism Watch Desk នៃ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក Yildiz Yazicioglu បានរួមចំណែកក្នុងសេចក្តីរាយការណ៍ពីក្រុងអង់ការ៉ា ប្រទេសតួកគី។ លោក Carol Guensburg ជាអ្នកសរសេរអត្ថបទព័ត៌មាននេះ។ ដរាបណាមានការបញ្ជាក់ឲ្យកែសម្រួល រូបថតទាំងអស់ខាងលើគឺទទួលបានពីគណនីហ្វេសប៊ុក និងទ្វីធឺរបស់ Rashid Tugral។