រសាត់​​​​ពេញ​ផ្ទៃ​ប្រទេស៖ រឿង​​​​រ៉ាវ​ប្លែកៗ​នៃ​ការ​មក​​​​​​តាំង​ទី​​លំនៅ​នៅ​សហរដ្ឋ​អាមេរិក

ឯ​នាយ​​សមុទ្រ
ជន​ជាតិ​វៀតណាម​កសាង​​ ជីវិត​​ថ្មី​​លើ​ផ្ទៃ​​ទឹក​អាមេរិក

ស្ពាន​ពី​លើ​​ពាម​សមុទ្រ​ក្រុង​​ Bayou La Batre រដ្ឋ​ Alabama កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៥។ (VOA/Arash Arabasadi)

ពួក​ជន​ភៀសខ្លួន​​ពីរ​ជំនាន់​មក​ហើយ​ បាន​កសាង​ជីវិត​របស់​ពួកគេ​នៅ​តាម​បណ្តោយ​ឈូង​សមុទ្រ​ម៉ិកស៊ិក។​ ប៉ុន្តែ​ នៅ​ខណៈ​ពេល​ដែល​ឧស្សាហកម្ម​អាហារ​សមុទ្រ​កំពុងតែ​ធ្លាក់​ចុះ​ ពួក​ជន​ភៀសខ្លួន​នៅ​អាមេរិក​ទាំង​នេះ​ ព្រមទាំង​ប្រជាជន​នៅ​ក្នុង​តំបន់​ទាំងមូល​ កំពុង​មាន​មន្ទិល​អំពី​អនាគត​របស់​ពួកគេ។

ដោយ Victoria Macchi

ក្រុង BAYOU LA BATRE រដ្ឋ ALABAMAព្រះអាទិត្យ​ចុង​ខែ​សីហា​ ចាប់​ផ្តើម​រះ​បាន​មួយ​ម៉ោង​ ក៏​ចោល​ពន្លឺ​ទៅ​លើ​ទូក​មាន​ផ្ទៃ​ពណ៌​ស​ ប្រវែង​២៦ម៉ែត្រ​ ដែល​មាន​ឈ្មោះ​ថា​ Little Andrew។​ នៅ​លើ​ទូក​នោះ​ លោក​ Dung Nguyen និង​កម្មករ​របស់​លោក​ បាន​ត្រៀម​រៀបចំ​ខ្លួន​ចេញ​ទៅ​នេសាទ​បង្គា​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក​មួយ​ជើង​ទៀត​ដែល​មាន​រយៈពេល​មួយ​ខែ។​ នៅ​មុន​នឹង​ចាកចេញ​ពី​ផែ​បាក់បែក​ទៅ​ម្ល៉េះ​ ញើស​បាន​ជ្រាប​​ជោគ​អាវយឺត​របស់​ពួកគេ​ទៅ​ហើយ។

នៅ​ក្នុង​កូន​ក្រុង​ បៃយូ ឡា បាទ្រី​ (Bayou La Batre) ដែល​ស្ថិត​​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ Alabama មាន​ទូក​ជា​ច្រើន​ត្រូវ​បាន​ដាក់​ឈ្មោះ​ទៅ​តាម​ឈ្មោះ​កូន​របស់​ម្ចាស់​ទូក។​ ទូក​ Little Andrew ដែល​យក​ឈ្មោះ​តាម​កូន​ម្ចាស់​ទូក​ដែរ​នោះ​ បាន​ចត​នៅ​ជាប់​នឹង​ទូក​ឈ្មោះ​ Miss Hannah និង​ Miss Ashleigh។​ ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ លោក​ Nguyen និង​កម្មករ​របស់​លោក​ តែងតែ​ចូល​ចត​នៅ​កំពង់ផែ​​នេះ ​ពី​ខែ​ឧសភា​ដល់​ខែ​ធ្នូ​ ដើម្បី​​យក​បង្គា​មក​ផ្ទេរ​ចេញ​រាប់​ពាន់​ផោន (១ ផោន ស្មើ​ប្រហែល ០,៤៥ គីឡូក្រាម)​ ដែល​រក​បាន​ពី​ឈូង​សមុទ្រ​ម៉ិកស៊ិក​ និង​ទិញ​ស្បៀង​និង​ឥវ៉ាន់​ប្រើប្រាស់​​តាម​ហាង​ មុន​នឹង​ដល់​ពេល​ចេញ​ទៅ​រក​បង្គា​មួយ​លើក​ទៀត។​

ដូច​កម្មករ​អ្នក​រក​បង្គា​ផ្សេង​ទៀត​នៅ​កូនក្រុង​ជាប់​ពាម​ Bayou ដែរ បុរស​បួន​នាក់​កើត​ចេញ​ពី​គ្រួសារ​អ្នក​នេសាទ។ ពួក​គេ​និយាយ​ដោយ​មាន​សំនៀង​រដឺន​បែប​អ្នក​រស់​នៅ​ប៉ែក​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ ប្រាប់​យើង​ថា​ វា​គឺ​ជា​ការងារ​តែ​មួយ​ដែល​ឪពុក​និង​ជីតា​របស់​ពួកគេ​បាន​ធ្វើ​ពី​មុនៗ​មក​ដែរ។

ប៉ុន្តែ​​មិន​ដូច​កម្មករ​ផ្សេង​ទៀត​ដែល​នៅ​ពាម​ Bayou ឡើយ ពួក​គេ​ចាប់​ផ្តើម​ជីវិត​នៅ​សហរដ្ឋ​អាមេរិក​​ក្នុង​នាម​ជា​ជន​ភៀសខ្លួន​មក​ពី​ប្រទេស​វៀតណាម។​

ឥឡូវ​នេះ​ ពួក​អ្នក​នេសាទ​លើ​ទូក ​Little Andrew ​ដែល​មាន​វ័យ​ជាង​៥០​និង​ជាង​៦០ឆ្នាំ​អស់​ហើយ​នោះ​ កំពុង​តែ​ថម​ថយ​កម្លាំង​សម្រាប់​ដំណើរ​រយៈពេល​មួយ​ខែ​ជាប់ៗ​គ្នា។​ បុរស​រាង​ចំណាស់​ទាំង​បី​នាក់​ និយាយ​គ្នា​ពី​នេះ​ពីនោះ​ អំពី​ការ​ចូល​និវត្តន៍ ឬ​អំពី​គំនិត​ធ្វើ​ជំនួញ​ផ្សេងៗ។​ ប្រសិន​បើ​ពួកគេ​អាច​ធ្វើ​បាន​ ឬ​ប្រសិន​បើ​រាល់​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ពួក​គេ​បាន​​ប្រថុយ​ប្រថាន​អស់​​រយៈ​ពេល​៤០​ឆ្នាំ​កន្លង​មក​ អាច​ដំណើរការ​ទៅ​មុខ​បាន​នោះ​ ពួកគេ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​អ្នក​ចុង​ក្រោយ​ក្នុង​​ស្រឡាយ​គ្រួសារ​របស់​ពួកគេ​ដែល​រកស៊ី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​លើ​ផ្ទៃ​ទឹក។​

មិន​មែន​មាន​តែ​ពួកគេ​ទេ​ ដែល​រស់​នៅ​ប្រកប​របរ​​រក​បង្គា​ហើយ​ក៏​កំពុងតែ​ប្រឈម​នឹង​​បញ្ហា​នោះ។ នៅ​ទី​កន្លែង​មួយ​ចំនួន​​ទៀត​ដែល​មា​​លក្ខណៈ​ដូច​ បៃយូ ឡា​ បាទ្រី​ ដែរ ប្រជាជន​ក៏​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ដូច្នេះ​ដែរ។

ដំណើរ​ដ៏​សែន​ឆ្ងាយ​​មក​​កាន់​​ដែនដី​ថ្មី

មាន​មូលដ្ឋាន​យោធា​​ស.រ.អា​​បួន​កន្លែង​​ ​រួមទាំង​​មូលដ្ឋាន​ទ័ព​អាកាស ​Eglin បាន​ទទួល​ស្វាគមន៍​ជន​ភៀស​ខ្លួន​​អាស៊ី​អាគ្នេយ៍​ដែល​​ទើប​មក​ដល់​ថ្មី​នៅ​ទសវត្សរ៍​១៩៧០។ រូបថត​ផ្តល់​ដោយ កង​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក (U.S. Air Force)។

ក្រុម​ចលនា​កុម្មុយនីស្ត បាន​ចូល​កាន់កាប់​ទីក្រុង​សៃហ្កន ឬ ព្រៃ​នគរ​ (ក្រុង​ហូជីមិញ​បច្ចុប្បន្ន) នៅ​ឆ្នាំ​១៩៧៥​ ដែល​បណ្តាល​ឲ្យ​មាន​ប្រជាជន​ជាច្រើន​ធ្វើ​ចំណាក​ស្រុក​​ចេញ​ពី​វៀតណាម​ខាង​ត្បូង។​ លោក​ Dung Nguyen ដែល​ពេល​នោះ​មាន​អាយុ​១៥​ឆ្នាំ​ និង​គ្រួសារ​របស់​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​ដែល​គេ​ហៅ​ថា «អ្នក​រត់​គេច​ចេញ​តាម​ទូក»​ ដែល​បាន​ចេញ​ទៅ​តាម​សមុទ្រ​នៅ​ឆ្នាំ​នោះ​ ដើម្បី​ស្វែងរក​ទី​ជម្រក​ថ្មី​ជា​អចិន្ត្រៃយ៍។​ កង​ទាហាន​កប៉ាល់​​អាមេរិកាំង​មួយ​ បាន​រក​ឃើញ​ពួកគេ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ក្រោយ​មក។​ លោក​ Nguyen ​សម្លឹង​មើល​ទៅ​ទូក​នេសាទ​របស់​គ្រួសារ​គាត់​ ដែល​កំពុង​រសាត់​អណ្តែត​ចេញ​ទៅ​​ទទេ​គ្មាន​ផ្ទុក​អ្វី​សោះ។​

លោក Nguyen បាន​រំឭក​ឲ្យ​ដឹង​ថា៖ «អ្វីៗ​គ្រប់យ៉ាង​នៅ​ក្នុង​ប្រទេស​វៀតណាម​ ជា​របស់​ពួក​វៀតកុង​ទាំងអស់។​ គ្មាន​សេរីភាព​… ​អញ្ចឹង​ហើយ​ទើប​យើង​ត្រូវ​ចាកចេញ​ ដើម្បី​រឿង​តែ​មួយ​គត់​ គឺ​ (ស្វែងរក)​​ សេរីភាព»។​

ពីរបី​ខែ​ក្រោយ​មក​ យន្តហោះ​បាន​ដឹក​លោក​ Nguyen បងប្អូន​ប្រាំបី​នាក់​ និង​ឪពុកម្តាយ​របស់​គាត់​ ពី​កោះ​ Guam ទៅ​មូលដ្ឋាន​ទ័ព​អាកាស​ Eglin នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​ Florida (ផ្លរីដា) សហរដ្ឋ​អាមេរិក​ ​ជា​ទីតាំង​មួយ​ក្នុង​ចំណោម​មូលដ្ឋាន​ទ័ព​ទាំង​បួន​ ដែល​បើក​ទទួល​ក្រុម​អ្នក​ភៀស​ខ្លួន​ដំបូងៗ។​ ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ក្រោយ​មក​នោះ ​មាន​ជនភៀសខ្លួន​ជាង​៧៦០.០០០​នាក់​ បាន​ចូល​មក​ទៀត​ពី​ប្រទេស​កម្ពុជា​ ប្រទេស​ឡាវ​ និង​ប្រទេស​វៀតណាម​ ដើម្បី​​គេច​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ដែល​កំពុង​មាន​សង្គ្រាម។

នៅ​ក្នុង​ឆ្នាំ​១៩៧៥​ បណ្តា​រដ្ឋ​នៅ​តាម​បណ្តោយ​ឆ្នេរ​ឈូង​សមុទ្រ​ម៉ិកស៊ិក បាន​ទទួល​យក​ជន​ភៀសខ្លួន​ពី​​អាស៊ីអាគ្នេយ៍​ចំនួន​១៥​%​​នៃ​ជន​ភៀសខ្លួន​សរុប​១៣០.០០០​នាក់​ឲ្យ​តាំង​ទីជម្រក​ជ្រក​កោន​ឡើងវិញ។​ ពី​រដ្ឋ​ Florida និង​រដ្ឋ​ Alabama​ រហូត​ដល់​រដ្ឋ​ Mississippi រដ្ឋ​ Louisiana និង​រដ្ឋ​ Texas​ មាន​ជនភៀសខ្លួន​ប្រមាណ​ជា​២០.០០០​នាក់​ បាន​តាំង​ទី​លំនៅ​ថ្មី​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​នោះ ដោយ​ជា​ញឹក​ញាប់​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​វិហារ​សាសនា​គ្រិស្ត។​

ក្រុម​គ្រួសារ​លោកNguyen ក៏​ដូច​ជា​ជន​ភៀសខ្លួន​ជា​ច្រើន​ទៀត​ដែរ​ គឺ​នៅ​ពេល​ចាកចេញ​ពី​វៀតណាម​ ពួកគេ​មិន​មាន​ផែនការ​អ្វី​មួយ​ឡើយ​ក្រៅ​តែ​ពី​ចាកចេញ​ទៅ​ឲ្យ​បាន​ដោយ​សុវត្ថិភាព។​ នៅ​ពេល​មក​ដល់​រដ្ឋ​ Florida ភ្លាម ​ពួកគេ​និង​​ក្រុម​គ្រួសារ​វៀតណាម​ផ្សេងៗ​ទៀត​បាន​ផ្លាស់​ទីជម្រក​ពី​ជំរំ ​Eglin ​ទៅ​ទីក្រុង​ Panama City រដ្ឋ Florida ជា​កន្លែង​ដែល​ពួកគេ​មាន​អ្នក​ឧបត្ថម្ភ​ម្នាក់​ជួយ​ឲ្យ​ធ្វើការ​ក្នុងឧស្សាហកម្ម​អាហារ​គ្រឿង​សមុទ្រ​រយៈ​ពេល​ពីរបី​ខែ។​ បន្ទាប់​មក​ឪពុកៗ​ និង​កូន​ប្រុស​បងៗ​ ក៏​រក​ការងារ​បាន​ធ្វើ​ ហើយ​ពួក​គេ​បាន​សន្សំ​លុយ​កាក់​បាន​មួយ​ចំនួន។​

លោក​ Dung Nguyen រំឭក​ថា៖ «ប្រហែល​ជា​មួយ​ឆ្នាំ​ក្រោយ​មក​ ឪពុក​របស់​ខ្ញុំ​បាន​ទិញ​ទូក​រក​បង្គា​មួយ។​ ហើយ​យើង​ក៏​បាន​ចាប់​ផ្តើម​ធ្វើការ​លើ​ទូក​បង្គា​ពី​ពេល​នោះ​មក»។​

«ទីបំផុត​ មនុស្ស​រក​ផ្លូវ​ទៅ​កាន់​កន្លែង​ដែល​ពួកគេ​យល់​ថា ​ងាយស្រួល​បំផុត​ និង​អាច​រក​ការងារ​ធ្វើ​បាន»។

– លោក Daniel Le

លោក​ Daniel Le គឺ​ជា​អ្នក​ចាត់ចែង​របស់​អង្គការ​សហគមន៍​វៀតណាម​ជួយ​ជន​ភៀសខ្លួន​តាម​ទូក​ឈ្មោះ Boat People SOS (BPSOS)​ ប្រចាំ​នៅ​សាខា​ឈូង​សមុទ្រ​ម៉ិកស៊ិក (Gulf Coast)។ ​លោក​បាន​និយាយ​ថា​ រដ្ឋាភិបាល​មិន​មាន​ចេតនា​ដាក់​តម្រូវ​ជន​ភៀសខ្លួន​ឲ្យ​នៅ​តាម​ទីតាំង​ដែល​មាន​សភាព​ស្រដៀង​នឹង​ស្រុក​កំណើត​នៅ​អាស៊ី​អាគ្នេយ៍​របស់​ពួកគេ​នោះ​ទេ។​ វា​ជា​រឿង​ចៃដន្យ​និង​សំណាង​ល្អ​សម្រាប់​អ្នកខ្លះ​ដែល​​​បាន​ទៅ​នៅ​រដ្ឋ​ Florida។​ ខ្លះ​ទៀត​បាន​ផ្លាស់​ទៅ​នៅ​ទីនោះ​ដោយ​ខ្លួន​ឯង។​ ការ​ផ្លាស់ទី​នេះ​វា​ជា​រឿង​ធម្មតា​ទេ។​ ដោយ​ជន​ភៀសខ្លួន​ទាំង​នោះ​ចេះ​ភាសា​អង់គ្លេស​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​ចេះ​​នេសាទ​ស្រាប់​ ការ​ចូល​ធ្វើ​ការ​ខាង​វិស័យ​នេសាទ​សមុទ្រ​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ពួក​គេ​ខ្លះ។​

លោក​ Daniel Le ដែល​ប្រចាំការ​នៅ​កំពង់ផែ​​នៃ​ទីក្រុង​ Biloxi រដ្ឋ Mississippi ​នៅ​ប្រហែល​៨០​គីឡូម៉ែត្រ​ខាង​លិច​បៃយូ ឡា បាទ្រី ​បាន​និយាយ​ថា៖ «ទីបំផុត​ មនុស្ស​រក​ផ្លូវ​ទៅ​កាន់​កន្លែង​ដែល​ពួកគេ​យល់​ថា ​ងាយស្រួល​បំផុត​ និង​អាច​រក​ការងារ​ធ្វើ​បាន»។

ពីរ​បី​ឆ្នាំ​ក្រោយ​ពេល​មក​ដល់​សហរដ្ឋ​អាមេរិក​ ក្រុម​គ្រួសារ​លោក​ Nguyen​ បាន​ទិញ​ទូក​មួយ​ធំ​ជាង​មុន​​ហើយ​បាន​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន​បន្តិច​ម្តងៗ។ ពួក​គេ​ក៏​បាន​ចូល​សញ្ជាតិ​ជា​ពលរដ្ឋ​អាមេរិកាំង​ពេញ​សិទ្ធិ​ ហើយ​បាន​កសាង​ជីវិត​ជា​ជនជាតិ​អាមេរិកាំង​នៅ​ជុំវិញ​ឈូង​សមុទ្រ​ម៉ិកស៊ិក។

ក្រោយ​មក​ នៅ​ពេល​លោក​ Nguyen ​មក​លេង​នៅ​ក្រុង​ Biloxi លោក​បាន​ជួប​នឹង​អនាគត​ភរិយា​របស់​គាត់​ ដែល​ជា​អ្នក​ភៀសខ្លួន​មក​ពី​វៀតណាម​ដូចគ្នា។​ ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​បាន​ចាប់​ផ្តើម​បង្កើត​គ្រួសារ​នៅ​រដ្ឋ​ Florida។​ នៅ​ឆ្នាំ​២០០១​ ពួកគេ​មាន​កូន​ពីរ​នាក់​ និង​ពោរពេញ​ដោយ​សេចក្តី​ប្រាថ្នា។​ នៅ​ឆ្នាំ​នោះ​ដែរ​ លោក​ Nguyen បាន​ទិញ​ទូក​រក​បង្គា​ថ្មី​មួយ​ និង​បាន​ដាក់​ឈ្មោះ​ទូក​នោះ​តាម​កូន​ប្រុស​ពៅ​របស់​ពួកគេ​ហៅ​ថា​ «the Little Andrew»។

លោក Dung Nguyen បាន​ដាក់​ឈ្មោះ​ទូក​នេះ​តាម​ឈ្មោះ​កូន​ប្រុសៗ​របស់​លោក។ លោក​បាន​លក់​ទូក  Captain Christopher ប៉ុន្តែ​នៅ​តែ​​បន្ត​​នេសាទ​បង្គា​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក​​​ជាមួយ​ក្រុម​អ្នក​នេសាទ​របស់​គាត់​ដោយ​​ជិះ​ទូក​ the Little Andrew។ រូប​ថត​នៅ Bayou La Batre រដ្ឋ​Alabama កាល​ទី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៥។ (VOA/Victoria Macchi)

លោក Dung Nguyen បាន​ដាក់​ឈ្មោះ​ទូក​នេះ​តាម​ឈ្មោះ​កូន​ប្រុសៗ​របស់​លោក។ លោក​បាន​លក់​ទូក Captain Christopher ប៉ុន្តែ​នៅ​តែ​​បន្ត​​នេសាទ​បង្គា​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក​​​ជាមួយ​ក្រុម​អ្នក​នេសាទ​របស់​គាត់​ដោយ​​ជិះ​ទូក​ the Little Andrew។ រូប​ថត​នៅ Bayou La Batre រដ្ឋ​Alabama កាល​ទី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៥។ (VOA/Victoria Macchi)

ជីវិត​លើ​ផ្ទៃ​ទឹក​ពាម Bayou

បៃយូ ឡា បាទ្រី (Bayou La Batre)​ ជា​ក្រុង​តូច​មួយ​នៅ​តំបន់​​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ដែល​នៅ​ទី​នោះ​ប្រជាជន​មាន​ភាព​រាក់ទាក់។​ នៅ​ទីនោះ​ ប្រសិន​បើ​យើង​ត្រូវការ​រក​អ្នក​បញ្ជា​ទូក​(កាពីទែន)​ដែល​យើង​ចង់​បាន​ នោះ​គេ​នឹង​ណែនាំ​ប្រាប់​យើង​ថា​ «គ្រាន់តែ​ឡើង​លើ​ទូក​ ហើយ​ស្រែក​សួរ​ឲ្យ​ខ្លាំងៗ​ទៅ»។​

នៅ​ពេល​ទូក ​Little Andrew ចូល​ចត​នៅ​ផែ​នៅ​ពាក់​កណ្តាល​រដូវ​នេសាទ​ដើម្បី​ផ្ទេរ​បង្គា​២៥.០០០​គីឡូ​ ​មិនមែន​មាន​តែ​លោក​ Nguyen និង​ក្រុម​នាវិក​របស់​គាត់​នោះ​ទេ​ ដែល​ជា​ជនជាតិ​អាស៊ី​អាគ្នេយ៍​នោះ។​ នៅ​ក្នុង​ជំរឿន​​ប្រជាជន​ចុង​ក្រោយ​បំផុត​នៅ​ឆ្នាំ​២០១០​ មាន​ប្រជាជន​២.៥៥៨​នាក់​រស់​នៅ​ក្នុង​ក្រុង​បៃយូ ឡា បាទ្រី ដែល​ក្នុង​នោះ​ មាន​​១ភាគ​បួន​​ជា​ជន​ជាតិ​អាស៊ី។​ ប៉ុន្តែ​នៅ​ក្នុង​រដ្ឋ​ Alabama ទាំងមូល​វិញ​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជិត​៤,៨​លាន​នាក់​ មាន​តែ​១,៤%​ប៉ុណ្ណោះ​ដែល​អះអាង​ថា​មាន​អត្តសញ្ញាណ​​ជា​ជន​មក​ពី​អាស៊ី។​

​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ស្រុក​កំណើត​នៅ​​បៃយូ​ដែរ​ ជន​ភៀស​ខ្លួន​ក៏​បាន​ប្រកប​របរ​រកស៊ី​ចិញ្ចឹម​ជីវិត​ពី​គ្រប់​ផ្នែក​ទាំងអស់​នៅ​ក្នុងឧស្សាហកម្ម​អាហារ​គ្រឿង​សមុទ្រ​ ដែល​ជា​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​របស់​ក្រុង​នេះ។​

លោក​ Frye Gaillard បាន​សរសេរ​អំពី​ការ​មក​ដល់​របស់​ជន​ភៀស​ខ្លួន​ នៅ​ក្នុង​​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​ «នៅ​ក្នុង​គន្លង​នៃ​ព្យុះ​សង្ឃរា»។ លោក​បាន​និយាយ​ថា៖ «អ្វី​ដែល​ពួកគេ​មាន​ជា​រួម​នោះ គឺ​​ក្រម​សីលធម៌​ក្នុង​ការងារ​ និង​ការ​ស្រឡាញ់​ការងារ​បែប​នេះ»។​ លោក ​Gaillard បន្ថែម​ថា៖ «សម្រាប់​មនុស្ស​ជាច្រើន​ ការ​មាន​ក្រម​សីលធម៌​និង​ការ​ស្រឡាញ់​ការងារ​​នេះ​គឺ​ជា​វិធី​ក្នុង​ការ​ជម្នះ​នូវ​គម្លាត​នៃ​វប្បធម៌​របស់​ពួក​គេ»។​

នៅ​ពាម​សមុទ្រ​ដែល​នៅ​ស្រុក​នេះ​គេ​ហៅ​ថា​​‍«បៃយូ‍»​ បុរសៗ​ភាគច្រើន​ធ្វើ​ការ​នៅ​លើ​ទឹក​ឬ​នៅ​ជិត​ទឹក​ រក​គ្រឿង​សមុទ្រ​ និង​យក​មក​កាន់​ដីគោក។​ ស្រ្តី​ធ្វើ​ការ​នៅ​កន្លែង​តុ​​ត្រជាក់ៗ​ធ្វើ​ពី​ដែក​ថែប​ក្នុង​រោងចក្រ​ផលិត​អាហារ​សមុទ្រ។​ ពួកគេ​ធ្វើការ​ជា​ក្រុម​ជាមួយ​កម្មករ​ស្បែក​ស​ និង​ស្បែក​ខ្មៅ​ដែល​ជា​អ្នក​កើត​នៅ​បៃយូ។​ មុន​ពេល​ព្រះអាទិត្យ​រះ​ ពួក​គេ​ចាប់​ផ្តើម​បេះ​សាច់​ក្តាម​ បក​សំបក​ងាវ​អ័យស្ទ័រ​ (oyster) និង​លាង​បង្គា។​ ប្រសិនបើ​យើង​សួរ​ពួកគេ​ពី​ថ្ងៃ​ឈប់​សម្រាក​នោះ​ ពួកគេ​នឹង​សើច​ដាក់​យើង។​

ដោយ​សារតែ​មិន​សូវ​មាន​ទ្រព្យ​សម្បត្តិ​ ថែម​ទាំង​មាន​ក្រុម​គ្រួសារ​ដែល​ត្រូវ​ចិញ្ចឹម​ផង​នោះ​ ជនជាតិ​អាស៊ី​អាគ្នេយ៍​បាន​សាង​ខ្លួន​យ៉ាង​លឿន​ឲ្យ​ក្លាយ​ជា​កម្មករ​ធ្វើការ​ឥត​ឈប់​ឈរ​ ដើម្បី​ទទួល​ប្រាក់​នៅ​ក្នុង​ការងារ​មួយ​ដែល​គិត​កម្រៃ​តាម​ចំនួន​​គីឡូ​នៃ​ផល​នេសាទ។​

ទិន្នន័យ​ពី​រដ្ឋាភិបាល​សហព័ន្ធ​បង្ហាញ​ថា អ្នក​នេសាទ​បង្គា​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ (ឬ​២៥​%) ដែល​នេសាទ​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក​​ជា​ជនជាតិ​ក្នុង​សហគមន៍​អាស៊ី​អាគ្នេយ៍។​

យោង​តាម​សម្តី​របស់​លោក​ Dominick Ficarino​ ដែល​ទិញ​បង្គា​ពី​ទូក Little Andrew​ និង​ជួល​ក្រុម​បុគ្គលិក​​ដែល​មាន​ទាំង​អតីត​ជន​ភៀសខ្លួន​ និង​អ្នក​ជំនាន់​ក្រោយ​របស់​ជនជាតិ​អាស៊ី​អាគ្នេយ៍​ផង​ដែរ​នោះ​​ បាន​ឲ្យ​ដឹង​ថា​ ការ​ហូរ​ចូល​នៃ​កម្លាំង​បន្ថែម​ដើម្បី​ធ្វើ​បង្គា​ និង​ធ្វើ​ក្តាម​សម្រាប់​លក់​ដុំ​ គឺ​ជា​រឿង​ល្អ​សម្រាប់​វិស័យ​នេះ។​ វា​ពិតជា​បាន​ផ្តល់​ជា​ជំនួយ​​ដ៏​ល្អ​ឲ្យ​យើង​ ពីព្រោះ​បើ​គ្មាន​ពួកគេ​នៅ​ទីនេះ​ឥឡូវ​នេះ​ទេ​ ខ្ញុំ​មិន​ដឹង​ថា​ អាជីវកម្ម​នេះ​នឹង​ទៅ​ជា​អ្វី​ទេ»។

មិន​មាន​ទិន្នន័យ​ប្រជាសាស្រ្ត​អំពី​អ្នក​បញ្ជាការ​ទូក​ និង​កម្មករ​រក​បង្គា​ទេ ប៉ុន្តែ​ទិន្នន័យ​សហព័ន្ធ​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​អ្នក​រក​បង្គា​៤​នាក់​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក​ មាន​ម្នាក់​ដែល​មាន​ជាប់​ទាក់ទង​នឹង​សហគមន៍​អាស៊ី​អាគ្នេយ៍។​ យ៉ាង​ហោច​ណាស់​បើ​មើល​តាម​​​ឈ្មោះ។​ នៅ​ក្នុង​ការវិភាគ​មួយ​​ដោយ​ការិយាល័យ​រដ្ឋបាល​ជាតិ​ផ្នែក​បរិយាកាស​និង​សមុទ្រ​ ប្រចាំ​តំបន់​ភាគ​អាស៊ី​អាគ្នេយ៍​សហរដ្ឋ​អាមេរិក​ ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ២០០៩​ ទៅ​លើ​ទូក​រក​បង្គា​ស្រប​ច្បាប់​ចំនួន​១.៨៥៣​ បាន​បង្ហាញ​ថា​ ម្ចាស់​ទូក​ប្រមាណ​២៦​ភាគរយ​មាន​នាម​ត្រកូល​ដែល​​ជា​មនុស្ស​មក​ពី​អាស៊ី​អាគ្នេយ៍។

លោក​ John Williams​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​បង្គា​ភាគ​ខាង​ត្បូង​ បាន​ប៉ាន់​ប្រមាណ​ថា​ នៅ​ក្នុង​ចំណោម​សមាជិក​អង្គការ​របស់​លោក​ដែល​មាន​ចន្លោះ​ពី​១.០០០​ ទៅ​៣.០០០​នាក់​ ជា​រៀង​រាល់​ឆ្នាំ​នោះ​ គឺ​មាន​ជនជាតិ​អាស៊ីអាគ្នេយ៍​រហូត​ដល់​ទៅ​៥០​ភាគរយ។

ជន​ចំណូល​ថ្មី​មិន​ត្រូវ​ស្វាគមន៍

ខណៈ​ពេល​ដែល​ជន​ភៀស​ខ្លួន​ចាប់​ផ្តើម​​​កកាន់​កាប់​​ឧស្សាហកម្ម​​អាហារ​គ្រឿង​សមុទ្រ​​នៅ​​សហកមន៍​នានា​​​តាម​​បណ្តោយ​​ឆ្នេរ​​ឈូង​សមុទ្រ​​ម៉ិកស៊ិក (Gulf Coast) ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ ​នៅ​ទសវត្សរ៍​១៩៧០​ និង​១៩៨០ អ្នក​នេសាទ​ដើម​កំណើត​វៀតណាម ជា​រឿយៗ​ជួប​ប្រទះ​នឹង​ការ​រើស​អើង​ពី​អ្នក​នេសាទ​ក្នុង​ស្រុង​ផ្សេង​ទៀត​ដែល​ជា​ពលរដ្ឋ​អាមេរិក​ដែរ។ ទូក​នេសាទ​ជា​ច្រើន​នៅ​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​នៅ​ឡើយ។ រូប​ថត​នៅ Bayou La Batre រដ្ឋ​ Alabama កាល​ពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៥។ (VOA/Victoria Macchi)

ការ​ផ្លាស់​ប្តូរ​មក​ជា​ជីវិត​បែប​អាមេរិកាំង​មិន​មែន​រលូន​នោះ​ទេ។​ អ្នក​ស្រុក​បៃយូ​ ដោយ​មាន​កាន់​ស្រាបៀរ​នៅ​នឹង​ដៃ​ផង​ រៀបរាប់​ប្រាប់​អំពី​រឿង​​ជម្លោះ​ដែល​មាន​ប្រើ​កូន​កាំបិត​ ក្រោយ​ពេល​ពួក​ជន​ភៀសខ្លួន​បាន​មក​ដល់​​ទីនេះ​កាលពី​ដំបូង។​ នៅ​ឆ្នាំ​១៩៨១​ សមាជិក​ក្រុម​គាំទ្រ​ស្បែក​ស​ប្រកាន់​ជាតិ​សាសន៍​ឈ្មោះ​ថា Ku Klux Klan បាន​ដុត​ទូក​របស់​ពួក​អ្នក​នេសាទ​អាមេរិកាំង​ដើម​កំណើត​វៀតណាម​ នៅ​ឆក​សមុទ្រ​ Galveston Bay ក្នុង​រដ្ឋ​ Texas។​ សំណុំ​រឿង​ប្តឹង​ផ្តល់​ដែល​ដាក់​ប្តឹង​ដោយ​មជ្ឈមណ្ឌល​ច្បាប់​ពាក់ព័ន្ធ​នឹង​ភាព​ក្រីក្រ​តំបន់​ភាគ​ខាង​ត្បូង​ ក្នុង​នាម​ជន​ភៀសខ្លួន​ បាន​បញ្ឈប់​យុទ្ធនាការ​ជម្លោះ​នេះ​ដោយ​សាលដីកា​បញ្ជា​របស់​តុលាការ។

លោក​ Le នៃ​អង្គការ​សហគមន៍​វៀតណាម​ជួយ​ជន​ភៀស​ខ្លួន​តាម​ទូក​ (BPSOS)​ បាន​និយាយ​ថា​ នៅ​ប៉ែក​ខាងត្បូង​ដែល​មាន​ការ​ប្រកាន់​ពណ៌​សម្បុរ​ «ភាព​តាន​តឹង​… មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​ការ​ប្រកាន់​ពូជសាសន៍​លើ​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ទេ»។​ ប៉ុន្តែ​ លោក​ Gaillard ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​ រស់​នៅ​ជិត ​បៃយូ ឡា បាទ្រី​ បាន​និយាយ​ថា​ ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក​ «បើ​អ្នក​ចង់​រក​អ្នក​ប្រកាន់​ពូជ​សាសន៍​នៅ​ទីនោះ​ អ្នក​អាច​រក​បាន»។

លោក​ Le បាន​ឲ្យ​ដឹង​ថា៖ «នៅ​មាន​ការ​ប្រកាន់​រើស​អើង​ខ្លះ​ ប៉ុន្តែ​ជា​រួម​ ទីនេះ​បាន​ក្លាយ​ជា​ស្រុក​ជាទី​​​​លំនៅ​របស់​ពួកគេ ​ជា​កន្លែង​ដែល​ពួកគេ​មាន​ជម្រក​និង​សុវត្ថិភាព»។

លោក​ Ficarino ជួល​បុគ្គលិក​ដែល​រួម​បញ្ចូល​ទាំង​អតីត​ជន​ភៀសខ្លួន​ និង​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​ មក​ពី​តំបន់​ផ្សេងៗ​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍។​ លោក​ Ficarino ក៏​ដូច​មនុស្ស​ក្នុង​តំបន់​ផ្សេង​ទៀត​ នឹង​ប្រាប់​អ្នក​ដដែលៗ​ថា​​ ជន​ភៀសខ្លួន​បាន​លើក​កម្ពស់​គុណភាព​ផលិតកម្ម​អាហារ​គ្រឿង​សមុទ្រ​នៅ​ក្នុង​តំបន់​នេះ​ដោយ​​របៀប​ផ្សេងៗ។

លោក​ Ficarino និយាយ​ថា៖​ «Dung និង​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ។ ខ្ញុំ​គ្មាន​នឹក​ឃើញ​ដល់​អ្នក​ណា​ផ្សេង​ក្រៅ​ពី​គាត់​ទេ។ គាត់​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម។ ខ្ញុំ​បាន​ឃើញ​វីធី​ដែល​គាត់​រកស៊ី​មាន​បាន​មក​ដល់​ថ្ងៃ​នេះ»។

​អ្នក​​ជំនាន់​ក្រោយ

ស្ពាន​ពី​លើ​ពាម​សមុទ្រ​នៅ​ Bayou La Batre រដ្ឋ Alabama ខែ​សីហា ឆ្នាំ​២០១៥។ វីដេអូ​ដោយ Arash Arabasadi។

ក្មេងៗ​ជំនាន់​ក្រោយ​ប្រហែល​ជា​គ្មាន​ជម្រើស​មួយ​នេះ​ទេ។

អាកាសធាតុ​ដែល​អាច​បង្ក​ការ​បំផ្លិច​បំផ្លាញ​ដូច​ជា​ព្យុះ​ Katrina​ នៅ​ឆ្នាំ​២០០៥​ ការ​លេច​ធ្លាយ​ប្រេង​របស់​ក្រុម​ហ៊ុន​ BP​ នៅ​ឆ្នាំ​២០១០​ និង​ការ​កើន​ឡើង​នៃ​ការ​នាំ​ចូល​បង្គា​ពី​ក្រៅ​ប្រទេស​ រួម​មាន​ប្រទេស​វៀតណាម​ផង​ដែរ​នោះ​​(ដែល​ជា​រឿង​ចៃដន្យ) ធ្វើ​ឲ្យ​មាន​ភាព​​មិន​ប្រាកដប្រជា​នៅ​ក្នុង​ទីក្រុង​ជាច្រើន​ដូច​ជា​ទីក្រុង​ បៃឡា​ បាទ្រី​ ជាដើម។ សហរដ្ឋ​អាមេរិក​បាន​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​លើ​ការ​នាំ​ចូល​អាហារ​សមុទ្រ​ ដែល​នាំ​ឲ្យ​មាន​ឱនភាព​ជំនួញ​អាហារ​សមុទ្រ​ប្រចាំ​ឆ្នាំ​ដល់​ទៅ​ជាង​១០,៤​ពាន់​លាន​ដុល្លារ នេះ​បើ​យោង​ទៅ​តាម​ទិន្នន័យ​របស់​រដ្ឋបាល​ជាតិ​ផ្នែក​បរិយាកាស​និង​មហា​សមុទ្រ។ ការ​នាំ​ចូល​បង្គា​បាន​កើន​ឡើង​រហូត​​ដល់​១២​ភាគ​រយ​ដែល​មាន​ជិត​៥៦៨.០០០​តោន​ គិត​ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ២០១៤​ នេះ​បើ​តាម​ស្ថិតិ​របស់​ទីភ្នាក់ងារ​នោះ។

«យើង​ជ្រើស​រើស​យក​ការងារ​ ដែល​នៅ​ពេល​យើង​ក្រោក​ពី​ដំណេក​ ហើយ​ចាប់​បើក​ទ្វារ​យើង​ឃើញ​ទឹក​តែ​ម្តង។ នេះ​ជា​អ្វី​ដែល​យើង​ចូល​ចិត្ត​ធ្វើ។ យើង​ស្រឡាញ់​ការងារ​នេះ»។

– លោក George Earl Bosarge

ផលិតផល​បង្គា​កាន់​តែ​ច្រើន​ ជាពិសេស​ផលិតផល​បង្គា​ចិញ្ចឹម​ បាន​កាត់​បន្ថយ​ប្រាក់​ចំណូល​សម្រាប់​ពួក​ម្ចាស់​ជំនួញ​អាមេរិកាំង។​ លោក​ John Williams ​នៃ​សម្ព័ន្ធ​បង្គា​ភាគ​ខាង​ត្បូង​និយាយ​ថា​ នៅ​ក្នុង​ពេល​ដែល​ជំនួញ​នេះ​មាន​ភាព​ជោគ​ជ័យ​ខ្លាំង​កាល​ពី​៥០ឆ្នាំ​មុន ​«អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​ទេ​ ប៉ុន្តែ​អ្នក​​គឺ​ជា​ម្ចាស់​នៃ​ជំនួញ​របស់​អ្នក»។ យើង​អាច​យល់​បាន​ថា​ ហេតុ​អ្វី​ឪពុក​ម្តាយ​មិន​ចង់​ឲ្យ​កូនៗ​ក្លាយ​ជា​ចំណែក​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​ដែល​កំពុង​តែ​ជួប​ការ​លំបាក​នេះ​ទេ។​

ទោះ​បី​ជា​មាន​ការ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ក្រុង ​Bayou la Batre ​ផ្អែក​លើ​វិស័យ​ច្រើន​ផ្សេងៗ​គ្នា​ ដូច​ជា​ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ឡើង​វិញ​លើ​ការ​សាងសង់​នាវា​ជា​ដើម​នោះ​ក៏​ដោយ​ សូម្បី​តែ​អភិបាល​ក្រុង​ថ្មី​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​មាន​ទំនុកចិត្ត​អំពី​អនាគត​នៃ​សេដ្ឋកិច្ច​ក្រុង​នេះ​ដែរ​ ។

លោកស្រី​ Annette Johnson​ និយាយ​ថា៖ «ខ្ញុំ​យល់​ស្រប​ថា​ កំពុង​តែ​មាន​ការ​ប្រែប្រួល។ ហើយ​ភាគ​ច្រើន​គឺ​ថា​ ក្មេងៗ​នៅ​ក្នុង​ក្រុង​នេះ​ មិន​ចូល​ចិត្ត​​ធ្វើ​ការ​នៅ​ក្នុង​ផលិតកម្ម​អាហារ​គ្រឿង​សមុទ្រ​ទេ។ ពួក​គេ​ចង់​ធ្វើ​ការងារ​ផ្សេង​ទៀត។ ហេតុ​ដូច្នេះ ពួក​គេ​ចាក​ចេញ​ពី​ក្រុង​របស់​យើង»។

នៅ​តាម​វិថី​ Wintzell របស់​ក្រុង Bayou la Batre (បៃយូ ឡា បាទ្រី) ការិយាល័យ​សារការី​សាធារណៈ​មួយ​កន្លែង មាន​​ដាក់​ផ្លាក​ពាណិជ្ជកម្ម​ជា​ច្រើន​ភាសា​។ នៅ​ម្ខាង​ទៀត​នៃ​វិថី​នេះ​មាន​ហាង​ទំនិញ​អាស៊ី​និង​កន្លែង​លេង​បុក​ប៊ីយ៉ា​របស់​វៀតណាម​ដែល​ត្រូវ​បិទ។ ថត​នៅ​ក្រុង​ Bayou la Batre រដ្ឋ Alabama ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៥។ (VOA/Victoria Macchi)

នៅ​តាម​វិថី​ Wintzell របស់​ក្រុង Bayou la Batre (បៃយូ ឡា បាទ្រី) ការិយាល័យ​សារការី​សាធារណៈ​មួយ​កន្លែង មាន​​ដាក់​ផ្លាក​ពាណិជ្ជកម្ម​ជា​ច្រើន​ភាសា​។ នៅ​ម្ខាង​ទៀត​នៃ​វិថី​នេះ​មាន​ហាង​ទំនិញ​អាស៊ី​និង​កន្លែង​លេង​បុក​ប៊ីយ៉ា​របស់​វៀតណាម​ដែល​ត្រូវ​បិទ។ ថត​នៅ​ក្រុង​ Bayou la Batre រដ្ឋ Alabama ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៥។ (VOA/Victoria Macchi)

មិន​មែន​​ឪពុកម្តាយ​គ្រប់គ្នា​ដែល​ធ្វើ​ការ​នៅ​លើ​ផ្ទៃ​ទឹក​ សុទ្ធ​តែ​ចង់​​ឲ្យ​កូនៗ​របស់​ខ្លួន​មាន​ជីវិត​ផ្សេងៗ​ពី​ពួក​គាត់​នោះ​ទេ។ អ្នក​បើក​បរ​ទូក​នេសាទ​ម្នាក់​បាន​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ធ្វើ​ការ​ជា​ជំនួយ​ការ​ទូក​ក្នុង​ពេល​ឈប់​សម្រាក​នា​រដូវ​ក្តៅ។ អ្នក​ដែល​មាន​ដើម​កំណើត​នៅ​ក្រុង​បៃយូ ម្នាក់​ទៀត​គឺ​លោក​ George Earl Bosarge​ ជា​អ្នក​សាង​សង់​ផែ​ចំណត​សម្រាប់​ជំនួញ​ឯកជន។ លោក​និយាយ​ថា​ លោក​សប្បាយ​ចិត្ត​បើ​សិន​ជា​កូន​ចៅ​គាត់​ដើរ​តាម​គន្លង​របស់​គាត់។

លោក​ Bosarge​ ​សមាជិក​មួយ​រូប​នៃ​គ្រួសារ​ស្ថាបនិក​ក្រុង​បៃយូ ឡា បាទ្រី​ និយាយ​ថា៖​ «វា​ជា​ជីវិត​របស់​យើង​ទៅ​ហើយ ​វា​ជា​អ្វី​ដែល​បាន​កំណត់​អត្តសញ្ញាណ​របស់​យើង​ឲ្យ​ធ្វើ​ការ​នៅ​លើ​ទឹក​ និង​រស់​នៅ​លើ​ទឹក។ យើង​ជ្រើស​រើស​យក​ការងារ​ដែល​នៅ​ពេល​យើង​ក្រោក​ពី​ដំណេក​ ហើយ​ចាប់​បើក​ទ្វារ​យើង​ឃើញ​ទឹក។ នេះ​ជា​អ្វី​ដែល​យើង​ចូល​ចិត្ត​ធ្វើ។ យើង​ស្រឡាញ់​ការងារ​នេះ»។

បុរស​ទាំង​ពីរ​នាក់​នេះ​ កើត​មក​ក្នុង​មុខ​របរ​នេះ។ ឈរ​នៅ​លើ​ផែ​ពី​ក្រោយ​ម៉ាស៊ីន​ធ្វើ​បង្គា​ លោក​ Ficarino​ នឹង​ប្រាប់​អ្នក​ថា​ វា​គឺ​ជា​ការងារ​ដ៏​លំបាក​មួយ​ដែល​ឪពុក​និង​ជីតា​របស់​លោក​បាន​ធ្វើ​ មុន​ពេល​លោក​បាន​ចាប់​ផ្តើម​ការងារ​នេះ។ នៅ​ក្នុង​បទ​សម្ភាស​ដោយ​ឡែក​​ផ្សេង​ទៀត​ រូប​លោក​ផ្ទាល់​និង​លោក​ Nguyen​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ពួក​គេ​​ចុះ​​ទឹក​ឬ​នៅ​ជាប់​ទឹក​អស់​ជា​ច្រើន​ម៉ោង​ ដើម្បី​កុំ​ឲ្យ​កូនៗ​របស់​ពួក​គេ​ចូល​ប្រឡូក​ក្នុង​ការងារ​នេះ។

លោក Ficarino ដែល​ធ្វើ​ដំណើរ​រយៈ​ពេល​មួយ​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ពី​ក្រុង​ Mobile ​ទៅ​កាន់​ក្រុង Bayou​ និយាយ​ថា៖ «Dung ​មាន​អារម្មណ៍​ដូច​ខ្ញុំ​ដែរ​ អំពី​កូនៗ​របស់​គាត់​ដែល​ចូល​មក​ប្រឡូក​ក្នុង​វិស័យ​នេះ»។ លោក​ក៏​ជា​ម្ចាស់​ទូក​នេសាទ​ឈ្មោះ​ Miss Hannah​ និង Miss Ashleigh​ ផង​ដែរ។ លោក​បន្ត​ថា៖ «ខ្ញុំ​ចង់​ឲ្យ​កូនៗ​របស់​ខ្ញុំ​ទៅ​រៀន​ ហើយ​ឃើញ​ឪពុក​ម្តាយ​ក្មេងៗ​ដទៃ​ទៀត​ដែល​ជា​វេជ្ជបណ្ឌិត​ មេធាវី​ និង​មាន​មុខ​របរ​ផ្សេងៗ​ទៀត​ខុស​ប្លែក​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ពេល​ដែល​ខ្ញុំ​ធំ​ដឹង​ក្តី។ ខ្ញុំ​ចង់​ឃើញ​ពួក​គេ​ប្រកប​មុខ​របរ​ផ្សេង​វិញ»។

«ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ទៅ​រៀន…​ ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គេ​នៅ​លើ​ទូក​រក​បង្គា​ដូច​ប៉ា​របស់​ខ្ញុំ​ទេ»។

– លោក Dung Nguyen

លោក​ Andrew Nguyen​ (រូប​ទី​ពីរ​ពី​ខាង​ស្តាំ) និង​ Christopher Nguyen​ (នៅ​ខាង​ស្តាំ​បំផុត)​ ទទួល​បាន​ចំណាត់​ថ្នាក់​ទី​បី​ក្នុង​ការ​ប្រកួត​កីឡា​ស្ទូច​ត្រី​នៅ​រដ្ឋ​ Florida កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ដោយ​លោក​ចាប់​ត្រី​បាន​ទម្ងន់​៣៧,៧៨​ផោន។ រូបថត​ផ្តល់​ដោយ​ Dung Nguyen​ និង​សមាគម​ថ្ម​ប៉ប្រះ​ទឹក​សិប្បនិម្មិត​ឆ្នេរ​ម៉ិកស៊ិក។

លោក​ Andrew Nguyen​ (រូប​ទី​ពីរ​ពី​ខាង​ស្តាំ) និង​ Christopher Nguyen​ (នៅ​ខាង​ស្តាំ​បំផុត)​ ទទួល​បាន​ចំណាត់​ថ្នាក់​ទី​បី​ក្នុង​ការ​ប្រកួត​កីឡា​ស្ទូច​ត្រី​នៅ​រដ្ឋ​ Florida កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ដោយ​លោក​ចាប់​ត្រី​បាន​ទម្ងន់​៣៧,៧៨​ផោន។ រូបថត​ផ្តល់​ដោយ​ Dung Nguyen​ និង​សមាគម​ថ្ម​ប៉ប្រះ​ទឹក​សិប្បនិម្មិត​ឆ្នេរ​ម៉ិកស៊ិក។

កាល​ពី​កូនៗ​របស់ Nguyen ​នៅ​ក្មេង​ លោក​បាន​ឲ្យ​កូន​ប្រុស​របស់​លោក​លេង​នៅ​លើ​ទូក​នេសាទ​ និង​ឲ្យ​ឈរ​​ស្ទូចត្រី​នៅ​ផ្នែក​ខាង​ក្រោយ​ទូក​ ដែល​ដាក់​ឈ្មោះ​​តាម​ពួកគេ​ គឺ​ឈ្មោះ​ Little Andrew និង Captain Christopher។ ប៉ុន្តែ​ លោក​និង​ភរិយា​របស់​លោក​ប្រកាន់​ជំហរ​តឹង​រឹង​លើ​រឿង​ម្យ៉ាង​គឺ​ថា៖ អនាគត​កូនៗ​​របស់​ពួក​គេ​នឹង​មិន​ស្ថិត​នៅ​ឈូង​សមុទ្រ​នេះ​ឡើយ។

Nguyen​ និយាយ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ទៅ​រៀន…​ ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គេ​នៅ​លើ​ទូក​រក​បង្គា​ដូច​ប៉ា​របស់​ខ្ញុំ​ទេ»។

Christopher​ ដែល​មាន​អាយុ​២០​ឆ្នាំ និង​ជា​និស្សិត​​ពាណិជ្ជកម្ម​នៅ​រដ្ឋ​ Floridaនិង​ប្អូន​ប្រុស​របស់​លោក​ឈ្មោះ​ Andrew ដែល​មាន​អាយុ​១៨​ឆ្នាំ​ និង​កំពុង​សិក្សា​ជំនាញ​ជា​វិស្វករ យល់​ច្បាស់​អំពី​រឿង​នេះ។

Christopher និយាយ​ថា៖ «បើ​តាម​ខ្ញុំ​នៅ​ចាំ​ ទាំង​ឪពុក​និង​ម្តាយ​របស់​ខ្ញុំ​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​និង​ប្អូន​ប្រុស​ខ្ញុំ​យ៉ាង​ច្បាស់​ណាស់​ថា ពួក​គាត់​ចង់​ឲ្យ​យើង​ទៅ​រៀន​ និង​ទទួល​បាន​ការ​អប់រំ​ ហើយ​នៅ​ឲ្យ​ឆ្ងាយ​ពី​ជំនួញ​នេសាទ​នេះ»។

«នៅ​រាល់​រដូវ​ក្តៅ​ ខ្ញុំ​បាន​សុំ​​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​គាត់​ គ្រាន់តែ​ដើម្បី​ដឹង​អំពី​ជំនួញ​នេះ។ ប៉ុន្តែ​ មក​ដល់​ពេល​នេះ​ គាត់​នៅ​តែ​មិន​ឲ្យ​​ខ្ញុំ​ឬ​ប្អូន​ខ្ញុំ​ទៅ​ជាមួយ​គាត់​ទេ។ គាត់​មិន​ចង់​ឲ្យ​ពួក​យើង​ទៅ​ជិត​ទេ»។

មិន​ចាក​ចោល​ស្រុក‍

អ្នក​ស្រី Von Larson ដែល​មាន​កំណើត​នៅ​ប្រទេស​ឡាវ ​កំពុង​ចិញ្ចឹម​កូន​ស្រី​ម្នាក់​នៅ​តំបន់​ខាង​ត្បូង​នៃ​រដ្ឋ Alabama ជា​កន្លែង​​​ដែល​​​អ្នកស្រី​បាន​ធំ​ដឹងក្តី​ដែរ។ អ្នក​ស្រី​ពន្យល់​អំពី​​សម្ល​​បង្គា​ជូអែម​បែប​ឈូង​សមុទ្រ​ម៉ិកស៊ិក ឬ Sweet-and-Sour Gulf shrimp នៅ​ក្នុង​ចង្រ្កាន​នៃ​​​ភោជនីយដ្ឋាន​ Von’s Restaurant របស់​លោកស្រី។ ថត​នៅ​ Bayou La Batre រដ្ឋ Alabama ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៥។ (VOA/Victoria Macchi)

មិន​មែន​គ្រប់​ក្មេងៗ​ទាំង​អស់​ចង់​ចាក​ចេញ​ពី​ទី​នេះ​ទេ។

នាង​ Von Larson​ បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​ក្រុង​បៃយូ។​ នាង​កើត​នៅ​ប្រទេស​ឡាវ​ ហើយ​គ្រួសារ​របស់​នាង​បាន​រត់​គេច​ខ្លួន​មក​កាន់​ជំរំ​ជន​ភៀសខ្លួន​មួយ​នៅ​ក្នុង​ប្រទេស​ថៃ។ នៅ​ពេល​នាង​មាន​អាយុ​៣​ឆ្នាំ គ្រួសារ​របស់​នាង​បាន​ទៅ​កាន់​ក្រុង​ Port Arthur​ ក្នុង​រដ្ឋ​ Texas​ ហើយ​ទី​បំផុត​បាន​ទៅ​ដល់​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​ Alabama​ និង​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​អាហារ​គ្រឿង​សមុទ្រ។​ នាង​ Larson​ និយាយ​ថា ​កាល​ពី​ពេល​រៀន​នៅ​វិទ្យាល័យ​ នាង​បាន​ធ្វើការ​ក្នុង​រោង​ម៉ាស៊ីន​ផលិត​អាហារ​សមុទ្រ​នេះ​ នៅ​ចុង​សប្តាហ៍​ និង​នៅ​ពេល​ឈប់​សម្រាក​វិស្សមកាល​រដូវ​ក្តៅ។

នាង​បាន​ចាំ​ថា៖​ «កាល​នោះ​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្ញុំ​អាច​បេះ​សាច់​​ក្តាម​ឲ្យ​បាន​លឿន»។ ប៉ុន្តែ​នាង​ Larson ក៏​បាន​សួរ​សំណួរ​ជាច្រើន​ ហើយ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​វិធី​ដែល​និយោជក​របស់​នាង​រកស៊ី​បើក​ហាង​ ពីព្រោះ​នាង​និយាយ​ថា «ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ចង់​ធ្វើ​ម្ចាស់​ហាង​ដែរ»។

ក្រោយ​ពី​សន្សំ​ប្រាក់​កាស​បាន​មួយ​ចំនួន​ នាង​និង​ដៃគូ​ជំនួញ​របស់​នាង​បាន​ទិញ​ក្រុមហ៊ុន​មួយ​នៅ​ផ្លូវ​ Shell Belt នៅ​ម្ខាង​ផ្លូវ​ពី​ផែ​ចំណត​និង​រោងម៉ាស៊ីន​ផលិត​ ហើយ​ចាប់​ផ្តើម​បើក​លក់​អាហារ​សមុទ្រ។ នៅ​ពេល​ដែល​ព្យុះ​ Katrina បាន​បោក​បក់​កម្ទេច​អគារ​របស់​ក្រុម​ហ៊ុន​នាង​ និង​បាន​កម្ទេច​ហាង​ជំនួញ​ទាំង​អស់​នៅ​ទូទាំង​ក្រុង​បៃយូ​នេះ​ នាង​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជា​អ្នក​បក​ប្រែ​ឲ្យ​ភ្នាក់ងារ​ធានា​រ៉ាប់រង​មួយ​ ដែល​ត្រូវ​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​ជន​អន្តោប្រវេសន៍​នៅ​ក្នុង​តំបន់​នោះ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ នាង​បាន​ប្តូរ​មុខរបរ​ម្តង​ទៀត។

ភោជនីយដ្ឋាន​ដែល​នាង​កំពុង​បើក​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្វាមី​ បងប្រុស​និង​ឪពុក​ម្តាយ​របស់​នាង​ផង​នោះ​ មាន​ភាព​ជោគជ័យ​គ្រប់​គ្រាន់​ដែល​អាច​ឲ្យ​នាង​ពង្រីក​សាខា​មួយ​បន្ថែម​ទៀ​ត​កាល​ពី​ខែ​កញ្ញា​ ដែល​ទីតាំង​ទីពីរ​នេះ​ស្ថិត​នៅ​ជិត​ក្រុង​ Mobile។ ហាង​របស់​នាង​ផ្តល់​ជូន​មុខ​ម្ហូប​តំបន់​រដ្ឋ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ និង​មុខ​ម្ហូប​តំបន់​អាស៊ីអាគ្នេយ៍ តាម​បែប​មួយ​ដែល​មិន​មែន​ចង់​បញ្ចូល​​ម្ហូប​ទាំងពីរ​បែប​នេះ​ជាមួយ​គ្នា​ទេ​ ប៉ុន្តែ​ផ្តល់​ជម្រើស​ដល់​អ្នក​មក​ទទួល​ទាន​នូវ​ជម្រើស​ទាំង​ពីរ​ដាច់​គ្នា​តែ​ម្តង។ នៅ​ភោជនីយដ្ឋាន​របស់​នាង​ Von ​អតិថិជន​ដែល​កំពុងតែ​ឃ្លាន​ អាច​ជ្រើស​យក​ម្ហូប​គុយទាវ​ហ្វ័រ (Pho)​ វៀតណាម​​ក្តៅ​ហុយៗ​មួយ​ចាន​ដែល​មាន​ពោរពេញ​ទៅ​ដោយ​ស៊ុប​ Gumbo​ គ្រឿង​សមុទ្រ​ (ហើយ​អ្នក​ជំនួយ​ការ​នឹង​ប្រាប់​អ្នក​ថា​ វា​ឈ្មោះ Gumbo ​នៅ​​ពេល​អ្នក​ហៅ​អាហារ​នោះ​ថា​«ស៊ុប»)។​

Larson និយាយ​​ដោយ​ប្រើ​ភាសា​រដឺន​បង្អូសៗ​តាម​បែប​មនុស្ស​ដែល​ធំដឹង​ក្តី​នៅ​ភាគ​ខាង​ត្បូង​ថា៖ «សុបិន​អាមេរិក​អាច​សម្រេច​បាន។ យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ជោគជ័យ»។

«ជោគជ័យ​នឹង​មិន​រត់​មក​រក​អ្នក​ទេ អ្ន​ក​ត្រូវ​តែ​រៀប​ចំ​យុទ្ធសាស្ត្រ​ ហើយ​គិត​ថា​ «រឿង​នេះ​អាច​ធ្វើ​បាន​ ហើយ​រឿង​នេះ​មិន​អាច​ដំណើរ​ការ​បាន​ទេ។ បរាជ័យ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នេះ»។

ប្រសិន​បើ​អ្នក​សួរ​រក​មុខ​ម្ហូប​ដែល​មិន​មាន​នៅ​ក្នុង​បញ្ជី​មុខ​ម្ហូប នាង​ Von ​នឹង​ឆារ​បង្គា​សមុទ្រ​ដាក់​ពី​លើ​បាយ​មួយ​ចាន​មាន​រសជាតិ​ជូរ​អែម​ដែល​នាង​ហៅ​ថា​ គឺ​ជា​មរតក​អាស៊ី​និង​ជីវិត​អាមេរិក​លាយ​បញ្ចូល​គ្នា។

«Alabama​ ពិត​ជា​ទី​កន្លែង​ដែល​ខ្ញុំ​ចង់​រស់​នៅ»៕

រឿង​រ៉ាវ​ផ្សេង​ទៀត​​នៅ​ Bayou La Batre

អ្នកស្រី Von Wesson បាន​ភៀស​ខ្លួន​ពី​ប្រទេស​ឡាវ​​នៅ​ក្រោយ​សង្គ្រាម​ឥណ្ឌូចិន​​​ដែល​បាន​ឆាប​ឆេះ​អាស៊ីអាគ្នេយ៍​នៅ​ទសវត្សរ៍​១៩៦០​និង​១៩៧០។ អ្នក​ស្រី​​បាន​រស់​នៅ​ជំរំ​​ជន​ភៀស​ខ្លួន​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ នៅ​មុន​ពេល​មក​​តាំង​ទី​លំនៅ​នៅ​ភាគ​ខាង​ត្បូង​នៃ​​រដ្ឋ​អាឡាបាម៉ា (Alabama) សហរដ្ឋ​អាមេរិក​។ អ្នកស្រី Von បាន​ចាប់​ផ្តើម​អាជីព​ជា​​កម្មករ​នៅ​រោងចក្រ​​បង្គា​ ប៉ុន្តែ​ក្រោយ​ពី​បាន​សន្សំ​ប្រាក់​កាស​​​មួយ​ចំនួន​មក អ្នក​ស្រី​បាន​បើក​​រោងចក្រ​បង្គា​ខ្លួន​ឯង​មួយ។ រោងចក្រ​នេះ​ត្រូវ​បាន​មហា​ខ្យល់​ព្យុះ Katrina បំផ្លាញ​នៅ​ឆ្នាំ​២០០៥ ហើយ​សព្វ​ថ្ងៃ​នេះ អ្នកស្រី Von ជា​ម្ចាស់​នៃ​ភោជនីយដ្ឋាន​​​ចំនួន​ពីរ​កន្លែង​និងរថយន្ត​​​លក់​អាហារ (food truck) ដែល​អនុញ្ញា​ត​ឲ្យ​អ្នកស្រី​នាំ​​ម្ហូប​អាហារ​បែប​ថៃ​ទៅ​កាន់​ដែនដី​ភាគ​អាគ្នេយ៍​នៃ​សហរដ្ឋ​អាមេរិក។

ពួក​​​​ខ្មែរ​ក្រហម​បាន​ឡើង​កាន់កាប់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្តាល​​ទសវត្សរ៍​១៩៧០។ ពួក​គេ​​​​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​តាម​​បញ្ជា​នៃ​របប​កុម្មុយនិស្ត​របស់​ប៉ុល ពត។ ទាហាន​សម័យ​មុន​ដូច​ជា​លោក ឈុន ប៊ុនហ៊ាង​ ជា​ដើម ពេល​នោះ​មាន​ជម្រើស​តែ​គត់ គឺ​រត់​គេច​ខ្លួន ឬ​​ត្រូវ​គេ​សម្លាប់។ ដោយ​សារ​​គ្រួសារ​របស់​លោក​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់ លោក ឈុន ប៊ុនហ៊ាង​ ព្យាយាម​​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​​​ទៅ​កសាង​ជីវិត​ថ្មី​នៅ​ដែនដី​អាមេរិក។ ត​ទៅ​នេះ​ជា​រឿង​រ៉ាវ​របស់​គាត់។

ពួក​គេ​បាន​រត់ភៀស​ខ្លួន​ពី​មាតុ​ប្រទេស​ដើម្បី​ស្វែង​រក​ជីវិត​ល្អ​ប្រសើរ​ជាង​​មុន​ ​នៅ​សហរដ្ឋ​អាមេរិក។ ខណៈ​ដែល​ជនជាតិ​អាស៊ី​អាគ្នេយ៍​​ជា​ច្រើន​ក្រុម​បាន​ឡើង​ទូក​​​ដែល​​បើក​សំដៅ​ទៅ​រក​ដែនដី​អាមេរិកក្តី​ ពួក​គេ​ជា​ច្រើន​មិន​ដឹង​ថា​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​​កាន់​ទី​ណា​នោះ​ទេ។ ប៉ុន្តែ​ពួក​គេ​ដឹង​ថា​ ពួក​គេ​​បាន​​គេច​រួច​ពី​សង្គ្រាម​ឆាប​ឆេះ​នៅ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ។ បច្ចុប្បន្ន​នេះ អតីត​ជន​ភៀសខ្លួន​ទាំង​នេះ​កំពុង​រស់​នៅ​កន្លែង​ដែល​​សក្តិ​សម​និង​មិន​សក្តិ​សម​សម្រាប់​​ជន​​ភៀស​ខ្លួន​ដែល​មក​តាំង​ទី​លំនៅ​នៅ​សហរដ្ឋ​អាមេរិក។ តទៅ​នេះ​ជា​សេចក្តី​រាយការណ៍​ពី​ទី​ក្រុង Bayou La Batre រដ្ឋ Alabama។

អំពី​កម្រង​ព័ត៌មាន​នេះ​

«រសាត់​ពេញ​ផ្ទៃ​​​ប្រទេស» ​ជា​​កម្រង​​​ពហុព័ត៌មាន​អត្ថាធិប្បាយ​​ដែល​ផលិត​ដោយ​ការិយាល័យ​ព័ត៌មាន​​នៃ VOA ដែល​ពិនិត្យ​មើល​រឿង​រ៉ាវ​នានា​​ដែល​គេ​មិន​សូវ​​ធ្លាប់​បាន​ឮ​ពី​​ជន​អន្តោប្រវេសន៍​និង​សហគមន៍​ជន​អន្តោប្រវេសន៍​នៅ​ជុំវិញ​សហរដ្ឋ​អាមេរិក។

ទាក់​ទង​មក​ក្រុម​ព័ត៌មាន​នេះ​តាម​អ៊ីមែល៖  voamap@voanews.com

ដើម្បី​ទទួល​បាន​​រូបថត​និង​រឿងរ៉ាវ​អំពី​​ដំណើរការ​ថត​រឿង​នេះ សូម​​ចូល​ទៅ​បណ្តាញ​សង្គម​របស់​​កម្រង​ព័ត៌មាន​​នេះ​តាម​​គណនី​ខាង​ក្រោម៖

Facebook: www.facebook.com/voamap
Twitter: www.twitter.com/voamap
Instagram: @voamap

អំពី​អ្នក​យក​ព័ត៌មាន

អ្នកស្រី Victoria Macchi ជា​អ្នក​យក​ព័ត៌មាន​​នៃ​​ការិយាល័យ​ព័ត៌មាន​កណ្តាល​ (Central News) នៃ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ មុន​ចូល​បម្រើ​ការងារ​នៅ​ VOA ក្នុង​ឆ្នាំ​២០១៤ ​​អ្នក​ស្រី Victoria ​​បាន​​​បម្រើ​ការងារ​ជា​អ្នក​យក​ព័ត៌មាន​នៅ​តំបន់​មជ្ឈិមបូព៌ា ទ្វីប​អាមេរិក​ខាង​ត្បូង និងនៅ​​ក្នុង​រដ្ឋ​ Florida ដែល​ជា​រដ្ឋ​កំណើត​​របស់​​អ្នក​ស្រី ហើយ​ដែល​នៅ​ទី​នោះ​អ្នក​ស្រី​​បាន​យក​ព័ត៌មាន​ទាក់ទង​នឹង​​រឿង​អន្តោប្រវេសន៍។ អ្នក​ស្រី​​ធ្លាប់​ជា​អ្នក​ស្រាវជ្រាវ​គោចរ​ចំនួន​ពីរ​លើក​​នៅ​​​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​អ្នក​កាសែត (International Center for Journalists) ដោយ​អ្នក​នាង​ស្រី​អាច​និយាយ​ភាសា​អេស្ប៉ាញ​និង​ភាសា​បារាំង​បាន​យ៉ាង​ស្ទាត់​ជំនាញ។ អ្នកស្រី​​​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​ពី​សាកលវិទ្យាល័យ Columbia សហរដ្ឋ​អាមេរិក។ ប្រិយមិត្ត​អាច​​ទទួល​ព័ត៌មាន​​រាយការណ៍​ដោយ​​អ្នកស្រី Victoria Macchi ​​​ដោយ​ចូល​ទៅ Follow នៅ​ក្នុង​បណ្តាញ Twitter គឺ @VMMacchi

លោក Arash Arabasadi ជា​អ្នក​យក​ព័ត៌មាន​​​ពហុព័ត៌មាន​ (multimedia) ដែល​​ទទួល​បាន​ពាន​រង្វាន់​មួយ​រូប ហើយ​​​​មាន​បទ​ពិសោធន៍​ជា​ច្រើន​ទសវត្ស​ខាង​ការ​ថត​​ ការ​ផលិត ការ​សរសេរ និង​ការ​កែសម្រួល​ព័ត៌មាន។ លោក Arash ធ្លាប់​រាយការណ៍​ព័ត៌មាន​ពី​តំបន់​មាន​ជម្លោះ​នៅ​ប្រទេស​អ៊ីរ៉ាក់ អេហ្ស៊ីប ឈូង​សមុទ្រ​ពែរស៍ និង អ៊ុយក្រែន ក៏​ដូច​ជា​ធ្លាប់​ធ្វើ​សេចក្តី​រាយការណ៍​​ក្នុង​ស្រុក​ពីក្រុង Ferguson រដ្ឋ​ Missouri និង​ក្រុង​ Baltimore រដ្ឋ Maryland សហរដ្ឋ​អាមេរិក​ជា​ដើម។ លោក​ក៏​ធ្លាប់​​ធ្វើ​ជា​សាស្ត្រាចារ្យ​​រយៈ​ពេល​ខ្លី​នៅ​សាកលវិទ្យាល័យ Howard សាកលវិទ្យាល័យ Hampton និង​សាកវិទ្យាល័យ​ដែល​លោក​បាន​សិក្សា​ផ្ទាល់​ គឺ​សាកលវិទ្យាល័យ​រដ្ឋ​ North Carolina នៅ​ក្រុង Chapel Hill។ បច្ចុប្បន្ន​លោក​រស់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយ​ភរិយា​ឈ្មោះ Ashley និង​សុនខ​ពី​ក្បាល។ ប្រិយមិត្ត​អាច​​ទទួល​ព័ត៌មាន​​រាយការណ៍​ដោយ​លោក ​Arash Arabasadi ​​​ដោយ​ចូល​ទៅ Follow លោក​នៅ​ក្នុង​បណ្តាញ Twitter គឺ @ArashArabasadi

​រៀបរៀង​ដោយ៖

អត្ថបទ​និង​រូបថត​ដោយ Victoria Macchi
វីដេអូ​ដោយ Arash Arabasadi
រចនា​គេហទំព័រ​​​​ដោយ​ Stephen Mekosh និង​ Dino Beslagic
រៀប​រៀង​និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​​ដោយ៖ សឹង សុផាត, ពិន ស៊ីសុវណ្ណ, ប៉ូច រាសី, សើ សាយ្យាណា និង នៀម ឆេង

មតិ